គារវបុគ្គល១០ចំពូក ខែ មីនា 12, 2009
Posted by សុភ័ក្ត្រ in កំណាព្យ.trackback
គារវបុគ្គល១០ចំពូក
ពុទ្ធោ បច្ចេកពុទ្ធោ ច អរហា អគ្គសាវកោ
មាតា បិតា គរុ សត្ថា ទាយកោ ធម្មទេសកោ
បណ្ឌិតេហិ ឥមេ ទស ន ទុព្ភន្តីតិ ជានិយា។
ពាក្យកាព្យឲ្យស្មើនឹងគាថា៖
បទព្រហ្មគីតិ
ព្រះពុទ្ធព្រះបច្ចេក និងឯកអគ្គារហា
អគ្គសាវកា និងមាតាបិតាផង។
គ្រូនិងសាស្ត្រាចារ្យ និងនាយកឥតមោះហ្មង
និងអ្នកទេស្នាផង កុំយង់ឃ្នងឆ្គងប្រមាថ។
បុគ្គលទាំងដប់នេះ ប្រាជ្ញគួររិះរេសម្អាត
ត្រូវកុំបីប្រមាថ គូរឱហាតឲ្យចងចាំ។
ថាមិនត្រូវប្រទូស្ត ឬរឹងរូសធ្វើឲ្យឆ្គាំ
ឆ្គងខុសក្រែងនឹងនាំ ឲ្យបានទុក្ខឃើញទាន់ភ្នែក។
ខ្ញុំតែងពាក្យកាព្យនេះ ដោយរិះរេមិនរារែក
មិនតែងចេញឲ្យប្លែក ពីគាថាបាលីឡើយ។
អ្នកណាបានគោរព បុគ្គលដប់ពុំតោះតើយ
តាមបែបខាងលើហើយ អ្នកនោះរែងជួបក្ដីសុខ។
មានរឿងតំណាលថា ពួកទេព្ដានិរទុក្ខ
ព្រះឥន្ទ្រជាប្រមុខ តែងសំពះទិសទាំងដប់។
គឺទិសទាំងប្រាំបី ទិសក្រោមលើដោយគ្រប់សព្វ
លើកអម្រាមទាំងដប់ ប្រណម្យឆ្ពោះជននានា។
ដែលគេបានប្រព្រឹត្ត សុចរិតឥតសង្កា
ទោះនៅត្រង់ទីណា ក៏ដោយចុះឥតរើសមុខ។
ថាសូមឲ្យជននោះ បានរវាតឃ្លាតចាកទុក្ខ
តាំងពីនេះទៅមុខ សូមបានសុខអាយុវែង។
ព្រោះហេតុនោះបានជា ព្រះសាស្ដាទ្រង់សម្ដែង
ថាជនទាំងនោះឯង ទោះទេព្ដាក៏រាប់អាន។
ទេព្ដាទាំងតូចធំ តែងបង្គំមករាល់ប្រាណ
ឆ្ពោះជនទាំងប៉ុន្មាន ដែលបានកាន់សីលនិងធម៌។
ហេតុនេះសាធុជន កុំទំរន់គួរត្រេកអរ
ឆ្ពោះធម៌ដ៏បវរ ដែលព្រះពុទ្ធទ្រង់សរសើរ៕៚
វត្តឧណ្ណាលោម ក្រុងភ្នំពេញ, ថ្ងៃសុក្រ ទី១៩ កក្កដា
ព.ស.២៥១២ គ.ស.១៩៦៨
សម្ដេចព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ
ប.អ.ស. – អ.ម.រ.
ស្រង់ពីសៀវភៅស្នាព្រះហស្តក្រោយបង្អស់នៃសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត

វិចារ»
No comments yet — be the first.