អបាយមុខ ខែធ្នូ 16, 2010
Posted by សុភ័ក្ត្រ in កំណាព្យ.trackback
អបាយមុខ
ពាក្យថា អបាយមុខ នេះជាភាសាសំស្ក្រឹត និងបាលី, បើរើសើឲ្យឃើញរូបសព្ទមាន៣ផ្នែក គឺ អប (អៈប៉ៈ) “ប្រាស, ទាស, ចេញ, ឃ្លាតចេញ”, អាយ (អាយ៉ៈ) “សេចក្ដីចម្រើន”, មុខ (មុខៈ) “ប្រមុខ, ប្រធាន, ប្រភព” រួមគ្នាភ្ជាប់ជា អបាយមុខ ប្រែថា “ហេតុជាប្រមុខនៃការប្រាសចាក សេចក្ដីចម្រើន គឺហេតុជាប្រធាននៃសេចក្ដីវិនាស”។ ព្រះពុទ្ធសាសនាបានប្រាប់ថា អបាយមុខ, ដោយសង្ខេប,អបាយមុខមាន៤យ៉ាងគឺ៖
១. ឥត្ថីធុត្ត ការលេងស្រី;
២. សុរាធុត្ត ការលេងស្រា;
៣. អក្ខធុត្ត ការលេងល្បែងភ្នាល់ ឬល្បែងស៊ីសង;
៤. បាបមិត្ត មានជនប្រព្រឹត្តអាក្រក់ជាមិត្រ។
ទាំង៤យ៉ាងនេះ ជាប្រមុខនៃការហិនហោច ឬសេចក្ដិវិនាស។ បណ្ដាអបាយមុខទាំង៤ យ៉ាងនេះ, បុគ្គលណាញៀនជាប់ទោះត្រង់អបាយមុខណាក៏ដោយ, បុគ្គលនោះរមែងតែងដល់នូវការហិនហោច ឬវិនាសទ្រព្យធន បើមិនច្រើនក៏តិច ពុំដែលខានឡើយ។
ពាក្យកាព្យបញ្ជាក់ឲ្យងាយចាំ
ពាក្យ៧
អបាយមុខជង្រុកហិន សង្កិនឲ្យក្ដៅដួងហឫទ័យ
ច្រើននាំអ្នកលេងឲ្យសន្ធៃ យប់ថ្ងៃដេកព្រួយនឹកស្ដាយក្រោយ។
កំពុងប្រព្រឹត្តងងឹតឈឹង លុះដល់រំពឹងឃើញញឹកញយ
ទើបបានយល់ច្បាស់ថាខ្លួនធ្លោយ ជួនក៏បណ្ដោយដេញជើងទៀត។
ដេញជើងត្រាតែឃើញលិចលង់ រឹតតែល្ងង់ទ្រូងចង្អៀត
អ្នកខ្លះម្ល៉ឹងហើយនៅតែឆ្លៀត អង្រៀតនឹងស្លាប់ទើបថយក្រោយ។
ទំរាំភ្ញាក់ខ្លួនជួនអស់ទ្រព្យ ជួនកាលធ្លាក់ជាប់ដល់រូបខ្សោយ
កើតរោគឈឺចាប់ស្លាប់បណ្ដោយ គួរឲ្យព្រឺខ្លាចអបាយមុខ។
ហេតុនោះយុវជនយុវតី នាងអ្នកប្រុសស្រីគួរខ្លាចទុក
ឲ្យហើយពីក្មេងទាន់មានសុខ ត្រូវខំសម្រុកប្រឹងរៀនសូត្រ។
នាងអ្នកចូររៀនកុំធុញទ្រាន់ ទាន់វ័យនៅក្មេងត្រូវខំស្រូត
ស្រូតរៀនឲ្យទាល់តែរហូត បានដល់កោះត្រើយសឹមសម្រាក។
វិទ្យាជាទ្រព្យដ៏ចម្បង កន្លងលើសលែងឥតទ្រព្យសាក
ជាទ្រព្យស្រាលផងមិនលំបាក វេចជាបង្វេចស្ពាយពុនរែក។
ទៅមកយកជាប់ទៅជាមួយ វិទ្យាអាចជួយឃើញទាន់ភ្នែក
ចង់បានអ្វីៗវិទ្យាស្រែក ហៅទ្រព្យប្លែកៗឲ្យមូលមក៕៚
វត្តឧណ្ណាលោម ក្រុងភ្នំពេញ, ថ្ងៃចន្ទ្រ ទី២២ កក្កដា ២៥១២
១៩៦៨
សម្ដេចព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ
ប.អ.ស. – អ.ម.រ.
X
X X
ស្រង់ពីសៀវភៅស្នាព្រះហស្តក្រោយបង្អស់នៃសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត

មតិ»
No comments yet — be the first.