jump to navigation

អំពើ​អាក្រក់​ឆក់​ចិត្ត​ឲ្យ​ងាយ​ធ្វើ ខែ សីហា 25, 2009

Posted by សុភ័ក្ត្រ in កំណាព្យ.
2 comments

អំពើ​អាក្រក់​ឆក់​ចិត្ត​ឲ្យ​ងាយ​ធ្វើ

                         សុករានិ អសាធូនិ            អត្តនោ អហិតានិ ច
                         យំវេ ហិតញ្ច សាធុញ្ចា       តំ វេ បរម​ទុក្ករំ។

អសាធុកម្ម គឺ​អំពើ​របស់​អសប្បុរស​ទាំង​ឡាយ ជា​អំពើ​ឥត​ផល​ប្រយោជន៍​ដល់​ខ្លួន គេ​ងាយ​ធ្វើ​ទេ, ឯ​អំពើ​ណា​ជា​សាធុកម្ម​របស់​សប្បុរស​ដែល​ជា​អំពើ​ផ្ដល់​ផល​ប្រយោជន៍ (ដល់​ខ្លួន) អំពើ​នោះ​ឯង​គេ​ពិបាក​ធ្វើ​ណាស់ គឺ​មិន​ងាយ​នឹង​ធ្វើ​កើត​ទេ។

ពាក្យ​កាព្យ​ងាយ​ចាំ
ពាក្យ​៩

                    កម្ម​អាក្រក់           តែង​ទាញ​ឆក់           ចិត្ត​ជន​ផង,
                    ឲ្យ​កន្លង               ផុត​ប្រយោជន៍          របស់​ខ្លួន,
                    គេ​ពុំ​ខ្លាច              គេ​អាច​ហ៊ាន            ធ្វើ​ផ្ទួន​ៗ,
                    ទោះ​បី​ខ្លួន            បាន​វិនាស               ក៏​ពុំ​រាង។
                    រី​កម្ម​ណា              ជា​សាធុ                  ល្អ​ប្រពៃ,
                    មាន​កម្រៃ             អាច​នាំ​ខ្លួន              ឲ្យ​ចៀសវាង,
                    ផុត​ចាក​ទោស       ឥត​រឱស                ក៏​អ្នក​នាង,
                    ខ្លះ​ច្រើន​ឃ្វាង        កម្រ​បាន                ធ្វើ​កម្ម​នោះ​៕៚

ព្រះ​បរម​ពុទ្ធោវាទ​មួយ​យ៉ាង​ថា

                       សុករំ សាធុនា សាធុ         សាធុ បាបេន ទុក្ករំ
                       បាបំ បាបេន សុករំ            បាប​មរិយេហិ ទុក្ករំ។

សាធុកម្ម គឺ​ជា​អំពើ​កុសល ជន​ជា​សប្បុរស​ងាយ​ធ្វើ​កើត​សាធុកម្ម ជន​ចិត្ត​បាប​ពិបាក​ធ្វើ​ណាស់ គឺ​មិន​ងាយ​នឹង​ធ្វើ​កើត​ទេ អំពើ​បាប ជន​ចិត្ត​បាប​ងាយ​ធ្វើ​កើត អំពើ​បាប អរិយជន គឺ​ជន​អ្នក​ប្រសើរ​ដោយ​សីលធម៌ ពិបាក​ធ្វើ​ណាស់ គឺ​មិន​ងាយ​នឹង​ហ៊ាន​ប្រថុយ​ធ្វើ​ឡើយ។

ពាក្យ​កាព្យ​ឲ្យ​ងាយ​ចាំ
ពាក្យ​៩

                    សាធុ​ជន               ស្រឡាញ់​បុណ្យ          ងាយ​ធ្វើ​បុណ្យ,
                    ឯ​​ទុជ៌ន                 ចិត្ត​ទំរន់                     ធ្វើ​ពុំ​កើត,
                    បើ​បាប​វិញ            គេ​ងាយ​ធ្វើ                 ពុំ​ញញើត,
                    អ្នក​ប្រាជ្ញ​ឆើត         ធ្វើ​ពុំ​កើត                   ព្រោះ​ខ្ពើម​បាប​៕៚

វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ, ថ្ងៃ​ពុធ ទី​២៤ កក្កដា ២៥១២
១៩៦៨

សម្ដេច​ព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ
ប.អ.ស. – អ.ម.រ.

ស្រង់​ពី​​សៀវភៅ​ស្នា​ព្រះហស្ត​ក្រោយ​បង្អស់​នៃ​សម្ដេច​ព្រះមហាសុមេធាធិបតី ជួន ណាត

គារវ​បុគ្គល​១០​ចំពូក ខែ មីនា 12, 2009

Posted by សុភ័ក្ត្រ in កំណាព្យ.
add a comment

 គារវ​បុគ្គល​១០​ចំពូក

               ពុទ្ធោ បច្ចេក​ពុទ្ធោ ច              អរហា អគ្គ​សាវកោ
               មាតា បិតា គរុ សត្ថា              ទាយកោ ធម្ម​ទេសកោ
               បណ្ឌិតេហិ ឥមេ ទស            ន ទុព្ភន្តីតិ ជានិយា។

ពាក្យ​កាព្យ​ឲ្យ​ស្មើ​នឹង​គាថា៖

 បទ​ព្រហ្មគីតិ​

                    ព្រះ​ពុទ្ធ​ព្រះ​បច្ចេក                         និង​ឯក​អគ្គារ​ហា
                    អគ្គ​សាវកា                                   និង​មាតា​បិតា​ផង។
                    គ្រូ​និង​សាស្ត្រាចារ្យ                       និង​នាយក​ឥត​មោះ​ហ្មង
                    និង​អ្នក​ទេស្នា​ផង                          កុំ​យង់​ឃ្នង​ឆ្គង​ប្រមាថ។
                    បុគ្គល​ទាំង​ដប់​នេះ                        ប្រាជ្ញ​គួរ​រិះ​រេ​សម្អាត
                    ត្រូវ​កុំ​បី​ប្រមាថ                             គូរ​ឱហាត​ឲ្យ​ចង​ចាំ។
                    ថា​មិន​ត្រូវ​ប្រទូស្ត                          ឬ​រឹង​រូស​ធ្វើ​ឲ្យ​ឆ្គាំ
                    ឆ្គង​ខុស​ក្រែង​នឹង​នាំ                      ឲ្យ​បាន​ទុក្ខ​ឃើញ​ទាន់​ភ្នែក។
                    ខ្ញុំ​តែង​ពាក្យ​កាព្យ​នេះ                   ដោយ​រិះរេ​មិន​រា​រែក
                    មិន​តែង​ចេញ​ឲ្យ​ប្លែក                    ពី​គាថា​បាលី​ឡើយ។
                    អ្នក​ណា​បាន​គោរព                       បុគ្គល​ដប់​ពុំ​តោះ​តើយ
                    តាម​បែប​ខាង​លើ​ហើយ                 អ្នក​នោះ​រែង​ជួប​ក្ដី​សុខ។
                    មាន​រឿង​តំណាល​ថា                   ពួក​ទេព្ដា​និរ​ទុក្ខ
                    ព្រះ​ឥន្ទ្រ​ជា​ប្រមុខ                         តែង​សំពះ​ទិស​ទាំង​ដប់។
                    គឺ​ទិស​ទាំង​ប្រាំបី                           ទិស​ក្រោម​លើ​ដោយ​គ្រប់​សព្វ
                    លើក​អម្រាម​ទាំង​ដប់                   ប្រណម្យ​​ឆ្ពោះ​ជន​នានា។
                    ដែល​គេ​បាន​ប្រព្រឹត្ត                    សុចរិត​ឥត​សង្កា
                    ទោះ​នៅ​ត្រង់​ទី​ណា                     ក៏​ដោយ​ចុះ​ឥត​រើស​មុខ។
                    ថា​សូម​ឲ្យ​ជន​នោះ                       បាន​រវាត​ឃ្លាត​ចាក​ទុក្ខ
                    តាំង​ពី​នេះ​ទៅ​មុខ                         សូម​បាន​សុខ​អាយុ​វែង។
                    ព្រោះ​ហេតុ​នោះ​បាន​ជា              ព្រះ​សាស្ដា​ទ្រង់​សម្ដែង
                    ថា​ជន​ទាំង​នោះ​ឯង                     ទោះ​ទេព្ដា​ក៏​រាប់​អាន។
                    ទេព្ដា​ទាំង​តូច​ធំ                             តែង​បង្គំ​មក​រាល់​ប្រាណ
                    ឆ្ពោះ​ជន​ទាំង​ប៉ុន្មាន                     ដែល​បាន​កាន់​សីល​និង​ធម៌។
                    ហេតុ​នេះ​សាធុជន                       កុំ​ទំរន់​គួរ​ត្រេក​អរ
                    ឆ្ពោះ​ធម៌​ដ៏​បវរ                               ដែល​ព្រះ​ពុទ្ធ​ទ្រង់​សរសើរ៕៚

វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ, ថ្ងៃ​សុក្រ ទី​១៩ កក្កដា
ព.ស.​២៥១២ គ.ស.​១៩៦៨

សម្ដេច​ព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ
ប.អ.ស. – អ.ម.រ.

ស្រង់​ពី​​សៀវភៅ​ស្នា​ព្រះហស្ត​ក្រោយ​បង្អស់​នៃ​សម្ដេច​ព្រះមហាសុមេធាធិបតី ជួន ណាត

ប្រមាទ និង​មិន​ប្រមាទ ខែ តុលា 17, 2008

Posted by សុភ័ក្ត្រ in កំណាព្យ.
add a comment

 ប្រមាទ និង​ មិន​ប្រមាទ

                    អប្បមា ទោ អមតំ បទំ             បមាទោ មច្ចុនោ បទំ
                    អប្បមត្តា ន មីយន្តិ                  យេ បមត្តា យថាមតា។

សេចក្ដី​មិន​ប្រមាទ គឺ​ការ​មិន​ធ្វេស​ស្មារតី ជា​ផ្លូវ​នៃ​អមតនិព្វាន, សេចក្ដី​ប្រមាទ គឺ​ការ​ធ្វេស​ស្មារតី ជា​ផ្លូវ​នៃ​មច្ចុ គឺ​ការ​ស្លាប់​កើត – កើត​ស្លាប់ ជន​ទាំង​ឡាយ​ណា​មិន​ប្រមាទ ជន​ទាំង​នោះ​ឈ្មោះ​ថា​មិន​ស្លាប់ ជន​ទាំង​ឡាយ​ណា​ប្រមាទ ជន​ទាំង​នោះ​ឈ្មោះ​ថា​ដូច​ជា​ស្លាប់​ស្រេច​ទៅ​ហើយ។

ពាក្យ​កាព្យ​ឲ្យ​ងាយ​ចាំ
បទ​កាកគតិ

                    រី​ក្ដី​ប្រយ័ត្ន              មិន​ឲ្យ​ភ្លាំងភ្លាត់               វិបត្តិ​ស្មារតី
                    ជា​ផ្លូវ​អម្រឹត            វិសិដ្ឋ​ឥត​ភ័យ                ឥត​ទុក្ខ​សោក​អ្វី
                                                កើត​មាន​ទៀត​ឡើយ។
                    រី​ក្ដី​ប្រហែស           ស្មារតី​ភ្លេច​ធ្វេស             គំនិត​តោះតើយ
                    ជា​ផ្លូវ​មច្ចុ               ស្លាប់​កើត​ឥត​ស្បើយ       ឥត​កោះ​ឥត​ត្រើយ
                                                វិល​កើត​វិល​ស្លាប់។
                    នរូ​អ្នក​ណា            មាន​ចិត្ត​ក្លៀវក្លា               ប្រញឹក​ប្រញាប់
                    ខំ​ប្រឹង​ប្រព្រឹត្ត        ពិត​តាម​ធម៌​ច្បាប់             អ្នក​នោះ​ទោះ​ស្លាប់
                                               ហើយ​ដូច​នៅ​រស់។
                    នរូ​អ្នក​ណា            អាប់​ឥត​ប្រាជ្ញា                ប្រមាទ​ស្រស់​ៗ
                    ភ្លេច​ភ្លាត់​ស្មារតី      រាល់​ថ្ងៃ​ទាំង​អស់             អ្នក​នោះ​នៅ​រស់
                                               ដោយ​ដក​ដង្ហើម។
                    ព្រះពុទ្ធ​ទ្រង់​ប្រាប់   ថា​ដូច​ជា​ស្លាប់                ស្រេច​ហើយ​គួរ​ខ្ពើម
                    ទោះ​បី​នៅ​រស់        ដោយ​សារ​ដង្ហើម           អ្នក​ប្រាជ្ញ​លោក​ឆ្អើម
                                               ស្ទើរ​ក្អួត​ចង្អោរ។
                    ជន​ផង​គួរ​គិត        គួរ​ផ្ចង់​គំនិត                   គួរ​កាត់​គួរ​កោរ
                    គួរ​គេច​ចៀសវាង   គួរ​រាង​គួរ​ស្ងោរ                រំងាស់​ចិត្ត​ចោរ
                                               លួច​ប្លន់​កុសល។
                    យើង​ជា​សាមញ្ញ     នៅ​មាន​ក្ដី​ក្នាញ់             គ្នាន់​ខឹង​រចល់
                    ក៏​ពិត​មែន​ហើយ     ប៉ុន្តែ​កុំ​ខ្វល់                   គួរ​ប្រឹង​តម្កល់
                                                ចិត្ត​កុំ​ប្រមាទ។
                    គួរ​ប្រុង​ប្រយ័ត្ន        ស្មារតី​កុំ​ភ្លាត់                កុំ​ភ្លេច​ឱវាទ
                    អ្នក​ប្រាជ្ញ​ទាំង​ឡាយ មាន​ព្រះ​ជា​អាទិ៍           កុំ​ឲ្យ​ឃ្លៀងឃ្លាត
                                                ចាក​ធម៌​សុចរិត៕៚

វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ, ថ្ងៃ​អង្គារ ទី​២៣ កក្កដា ២៥១២
១៩៦៨

សម្ដេច​ព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ
ប.អ.ស. – អ.ម.រ.

ស្រង់​ពី​​សៀវភៅ​ស្នា​ព្រះហស្ត​ក្រោយ​បង្អស់​នៃ​សម្ដេច​ព្រះមហាសុមេធាធិបតី ជួន ណាត

កំណាព្យ​មួយ​ឃ្លា​ពី​សម្ដេច​ព្រះ​សង្ឃរាជ ខែ ឧសភា 5, 2008

Posted by សុភ័ក្ត្រ in កំណាព្យ.
1 comment so far

សម្ដេច​ព្រះមហា​សុមេធាធិបតី
ជោតញ្ញាណោ
សង្ឃនាយក គណៈមហានិកាយ
ជ. ណាត

ស្រង់​ចេញ​ពី​សៀវភៅ​ប្រវត្តិ​ពុទ្ធិក​សិក្សា