jump to navigation

ព្រះរាជ​ជីវ​ប្រវត្តិ​នៃ​សម្ដេច​ព្រះមហា​សុមេធាធិបតី ជួន ណាត (លេខ​ទី​២) ខែមករា 25, 2008

Posted by សុភ័ក្ត្រ in ព្រះរាជជីវប្រវត្តិ.
3 comments

(ត​ពី​លេខ​មុន) លេខ​ទី​១

អធិប្បាយ​ចំពោះ​បរិច្ឆេទ​មួយ​ៗ

១. ជាតិ​បរិច្ឆេទ (កំណត់​អំពី​ជាតិ)

សម្ដេច​ព្រះសង្ឃរាជ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១​រោច ខែ​ផល្គុន ឆ្នាំ​វក ឆ​ស័ក ព.ស.​២៤២៧ គឺ​ថ្ងៃ​ទី​១១ ខែ មីនា គ.ស.​១៨៨៣ នៅ​ភូមិ​កំរៀង សង្កាត់​រកា​កោះ ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ។ សម្ដេច​មាន​ព្រះជាតិ​ក្នុង​ត្រកូល​កសិករ ព្រះ​មាតា​នៃ​សម្ដេច​នាម យក់ ព្រះ​បិតា​នាម ព្រហ្ម ជួន។ គ្រួសារ​នេះ​មាន​បុត្រ​តែ​ពីរ​នាក់​គឺ អង្គ​សម្ដេច​ព្រះសង្ឃរាជ និង​លោក​ឧកញ៉ា​សោភណ្ឌ​មន្ត្រី ជួន នុត ជា​ព្រះ​អនុជ​នៃ សម្ដេច​ព្រះសង្ឃ​រាជ។

២. កុមារ​បរិច្ឆេទ (កំណត់​អំពី​ភាព​នៃ​កុមារ)

សម្ដេច​កាល​ឋិត​នៅ​ក្នុង​កុមារ​ភាព មាន​ព្រះជន្មាយុ​រវាង​១២​ឆ្នាំ ព្រះ​មាតា​បិតា​បាន​នាំ​យក​ទៅ​ផ្ទុកផ្ដាក់​ឲ្យ​រៀន​សូត្រ​អក្សរ​សាស្ត្រ​របស់​ជាតិ​ក្នុង​សំណាក់​លោក​គ្រូ​សូត្រ​ស្ដាំ​នាម កែ​ ម៉ម វត្ត​ពោធិ​ព្រឹក្ស ហៅ​វត្ត​ពោល្យំ សង្កាត់​រលាំងកែន ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល។

៣. បព្វជ្ជា​បរិច្ឆេទ (កំណត់​អំពី​បព្វជ្ជា)

លុះ​សម្ដេច​មាន​ព្រះជន្មាយុ​១៤​ឆ្នាំ បាន​បួស​ជា​សាមណេរ ក្នុង​ថ្ងៃ​១៥​កើត ខែ​ពិសាខ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស.​២៤៤១ គ.ស.​១៨៩៧ នៅ​បំពេញ​កិច្ច​សិក្សា​នា​វត្ត​ពោធិ​ព្រឹក្ស អស់​រយៈ​កាល​ពីរ​ឆ្នាំ ទើប​ចេញ​អំពី​វត្ត​ពោធិ​ព្រឹក្ស​ទៅ​រៀន​សូត្រ​ព្រះ​បរិយត្តិ​ធម៌ ឯ​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ ក្នុង​សំណាក់​ព្រះ​ពុទ្ធ​គ្រូ ទេព សោ នា​កុដិ​ថែវ​ប្រប​កំពែង​ខាង​ជើង​ក្នុង​កាល​ព.ស.​២៤៤៣ គ.ស.​១៨៩៩។

៤. ឧប្បសម្បទា​បរិច្ឆេទ (កំណត់​អំពី​ឧបសម្បទា)

សម្ដេច លុះ​បាន​ព្រះជន្មាយុ​គម្រប់​២១​ព្រះវ​ស្សា​បាន​ទ្រង់​និមន្ត​ត្រឡប់​ទៅ​សូម​ឧបម្បទា​ជា​ភិក្ខុ ក្នុង​វត្ត​ពោធិ​ព្រឹក្ស​ដែល​ជា​វត្ត​ដើម​វិញ ដោយ​មាន​ព្រះ​តេជ​ព្រះ​គុណ ព្រះ​ពុទ្ធ​ឃោសាចារ្យ ម៉ា កេត សុវណ្ណប្បញ្ញោ​ជា​ព្រះ​ឧបជ្ឈាយ៍ កាល​លោក​នៅ​ជា​​ចៅ​អធិការ​វត្ត​ពោធិ​ព្រឹក្ស​មាន​ព្រះតេជ​ព្រះគុណ កែ ម៉ម មិស្សនាគោ ជា​គ្រូ​សូត្រ​ស្ដាំ និង​ព្រះតេជ​ព្រះគុណ អ៊ឹម ខឹម តិក្ខប្បញ្ញោ ជា​គ្រូ​សូត្រ​ឆ្វេង សូត្រ​បំពេញ​កិច្ច​ឧបសម្បទា​នៅ​ថ្ងៃ​១៤​កើត ខែ​ជេស្ឋ ឆ្នាំ​រោង ឆស័ក ព.ស.​២៤៤៨ គ.ស.​១៩០៤។ សម្ដេច​​ទ្រង់​ទទួល​ព្រះនាម​ប្បញ្ញត្តិ​ថា ជោតញ្ញាណោ លុះ​ទ្រង់​បំពេញ​ឧបសម្បទា​ជា​ភិក្ខុភាព​រួច​ហើយ ទ្រង់​ក៏​និមន្ត​ត្រឡប់​មក​គង់​នៅ​វត្ត​ឧណ្ណាលោម ទទួល​ការ​សិក្សា​គន្ថធុរៈ​វិញ​ទៀត។

៥. បរិយត្តិ​បរិច្ឆេទ (កំណត់​អំពី​ការ​សិក្សា)

សម្ដេច​ព្រះសង្ឃ​រាជ មាន​សេចក្ដី​ព្យាយាម​ប្រកប​ដោយ​ថាមពល​ដ៏​ក្លៀវក្លា​ក្នុង​ការ​សិក្សា ទាំង​ផ្នែក​ភាសា​បាលី ទាំង​ផ្នែក​ភាសា​ឯ​ទៀត​ៗ មាន​ភាសា​បារាំង​ជាដើម។ ការ​សិក្សា​របស់​សម្ដេច​ព្រះសង្ឃរាជ មាន​ជោគ​ជ័យ​ប្រសើរ​ណាស់ ឃើញ​មាន​តែ​សម្ដេច​សង្ឃរាជ​ដែល​រៀន​ចម្រើន​លូតលាស់ មាន​ល្បឿន​ឈ្នះ​លោក​ឯ​ទៀត​ៗ។ សម្ដេច​ចាប់​រៀន​ដំបូង​មេសូត្រ ប្រែ​មូលកច្ចាយនៈ និង​គម្ពីរ​ធម្មបទ​អំពី​ព្រះពុទ្ធ​ឃោសាចារ្យ​ព្រះនាម ម៉ា កេត ដែល​ជា​ព្រះ​ឧបជ្ឈាយ៍ នៃ​សម្ដេច​ព្រះសង្ឃរាជ។

សម្ដេច​ព្រះសង្ឃរាជ ដែល​ទ្រង់​ចាប់​រៀន​វិជ្ជា​ណា​មួយ មាន​វិជ្ជា​បាលី​ជា​ដើម គឺ​រៀន​ដោយ​យក​ព្រះទ័យ​ទុក​ដាក់ ខិតខំ​ប្រឹង​ប្រែង ឥត​មាន​បន្ធូរ​បន្ថយ​ក្នុង​ការ​សិក្សា​នោះ​ឡើយ។

សម្ដេច​ទ្រង់​ទទួល​ការ​សិក្សា​នោះ​គឺ សិក្សា​ដោយ​ឆន្ទៈ​ដ៏​មាន​កម្លាំង​មែណ​ទែន ពុំ​មែន​សិក្សា​វិជ្ជា​ណា​មួយ​ដោយ​លេង​ៗ ទេ។ វិជ្ជា​ខាង​ភាសា​បាលី ភាសា​សំស្ក្រឹត និង​ភាសា​បារាំង សុទ្ធ​តែ​វិជ្ជា​ដែល​ប្រដាប់​ដោយ​វេយ្យាករណ៍​ហ្មត់ចត់ ជ្រាលជ្រៅ​លំបាក​រៀន លំបាក​យល់​ជាទី​បំផុត ប៉ុន្តែ​សម្ដេច​អាច​រៀន អាច​យល់​ច្បាស់លាស់ ដោយ​ឆាប់​រហ័ស​គួរ​ឲ្យ​កោត​សរសើរ​ពន់​ពេក​ណាស់។

សម្ដេច​ទ្រង់​ចេះ​ដឹង​យល់​ធ្លុះធ្លាយ​ចំពោះ​វេយ្យាករណ៍​គ្រប់​ភាសា ដែល​សម្ដេច​បាន​រៀន មាន​វេយ្យាករណ៍​បាលី​សំស្ក្រឹត​ជាដើម ទាំង​អក្សរសាស្ត្រ​របស់​ជាតិ និង​ពាក្យ​ពេចន៍​ក្នុង​ផ្នែក​វប្បធម៌​បុរាណ​ក៏​សម្ដេច​ចេះ​ចាំ​យល់​ហេតុ​ផល​ជា​ច្រើន​ណាស់។ ភាសា​សៀម ភាសា​លាវ និង​ភាសា​បារាំង ដែល​សម្ដេច​បាន​រៀន អាច​និយាយ​ប្រាស្រ័យ​ទាក់ទង​នឹង​ជនជាតិ​សៀម ជាតិ​លាវ និង​ជាតិ​បារាំង​បាន។ សម្ដេច​ឈ្លាសវៃ​ប្រសព្វ​យក​តម្រាប់​តាម​សំឡេង​ភាសា​ជាតិ​ដទៃ​ៗ​ឲ្យ​ស្រដៀង ឬ​ដូច​ភាសា​ជាតិ​ដទៃ​បាន។ ភាសា​អង់គ្លេស និង​ភាសា​វៀតណាម ក៏​សម្ដេច​បាន​រៀន អាច​មើល សរសេរ​និយាយ ប្រាស្រ័យ​បាន​ច្រើន​ដែរ។

ក្នុង​សម័យ​ដែល​សម្ដេច​កំពុង​សិក្សា​វិជ្ជា​ខាង​បាលី​ក្នុង​រវាង​គ.ស.​១៩១០ ឃើញ​ថា​សម្ដេច​មាន​ព្រះ​កិត្តិស័ព្ទ​ល្បី​ថា​ ជា​ព្រះថេរៈ ស្ទាត់​ជំនាញ​ពូកែ​ខាង​ភាសា​បាលី អាច​និយាយ​ភាសា​បាលី​បាន​ជាង​ភិក្ខុ សាមណេរ​ឯ​ទៀត ដែល​រៀន​ជាមួយ​គ្នា​ក្នុង​សម័យ​នោះ។

នៅ​ព.ស.​២៤៥៧ គ.ស.​១៩១៣ សម្ដេច​ទ្រង់​បាន​ចូល​ប្រឡង​ដេញ​ប្រយោគ​ក្នុង​ព្រះ​ឧបោសថ​រតនារាម វិហារ​ព្រះ​កែវ​មរកត ចំពោះ​ព្រះភ័ក្ត្រ​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ​បាន​៤​ប្រយោគ ដែល​ជា​ប្រយោគ​ជាន់​ខ្ពស់​បំផុត​ក្នុង​សម័យ​នោះ។

ព.ស.​២៤៥៩ គ.ស.​១៩១៥ សម្ដេច​ទ្រង់​បាន​ប្រឡង​ជាប់​លេខ​២ បាន​ទទួល​ការ​តែង​តាំង​ជា​សាស្ត្រាចារ្យ​នៅ​សាលា​បាលី​ជាន់​ខ្ពស់ ដែល​សព្វ​ថ្ងៃ​មាន​ឈ្មោះ​ជា​ពុទ្ធិក​វិទ្យាល័យ​សុរាម្រឹត។

ក្រៅ​ពី​ភាសា​ខ្មែរ ដែល​សម្ដេច​ទ្រង់​បាន​ស្រាវជ្រាវ​យល់​ឫស​គល់​ពិត​ប្រាកដ សម្ដេច​បាន​សិក្សា​ភាសា​បាលី អាច​អាន ឬ​សន្ទនា​តាម​សំនៀង​ជាតិ​បរទេស​បាន​ទាំង​អស់ គឺ​សំនៀង​លង្កា ភូមា មន សៀម និង​លាវ ឥត​មាន​ទើស​ទាក់់​ភ្លាំង​ភ្លាត់​ឡើយ។

ព.ស.​២៤៦៦ និង​២៤៦៧ គ.ស.​១៩២២ និង​១៩២៣ សម្ដេច​កាល​នៅ​ជា​ព្រះ​គ្រូ​សង្ឃសត្ថា (ជាមួយ​នឹង​សម្ដេច​ព្រះពោធិវ័ង្ស ហួត តាត វជិរប្បញ្ញោ កាល​នៅ​ជា​ព្រះ​គ្រូ​សង្ឃ​វិជ្ជា) បាន​ធ្វើ​ជា​សមណៈ​សិស្ស និមន្ត​ទៅ​បំពេញ​វិជ្ជា​ខាង​ភាសា​សំស្ក្រឹត និង​អក្សរ​សិលា​ចារឹក​ជាដើម នៅ​សាលា​បារាំង​សែស​ចុង​បូព៌ា​ប្រទេស នា​ក្រុង​ហាណូយ (វៀតណាម​ខាង​ជើង) ក្នុង​សំណាក់​លោក ល្វី ហ្វឺណូត៍ (L. Finot) ជាតិ​បារាំង​សេស ជា​ចាងហ្វាង​សាលា​នេះ។

៦. បេសកកម្ម​បរិច្ឆេទ (កំណត់​អំពី​ការ​ទទួល​បម្រើ​កិច្ចការ)

ព.ស.​២៤៦៣ គ.ស.​១៩១៩ សម្ដេច​ទ្រង់​បាន​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​តែង​វចនានុក្រម​ខ្មែរ ដែល​ទ្រង់​ជា​លេខាធិការ កាន់​កិច្ចការ​ផ្ទាល់ លុះ​ត្រា​បាន​ចប់​ចុង​ចប់​ដើម។

ព.ស.​២៤៦៩ គ.ស.​១៩២៥ សម្ដេច​បាន​ធ្វើ​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ពិនិត្យ​អក្ខរាវិរុទ្ធ​នៃ​សៀវភៅ​នានា ដែល​សាលា​បាលី​ជាន់​ខ្ពស់ បោះពុម្ព​ផ្សាយ។

ព.ស.​២៤៧០ គ.ស.​១៩២៦ ត​មក​ជា​ច្រើន​ឆ្នាំ សម្ដេច​បាន​ទទួល​ការ​តែងតាំង​ជា​មេ​ប្រយោគ ក្នុង​ការ​ប្រឡង​យក​វិញ្ញាបនប័ត្រ​បឋម​សិក្សា​ខ្មែរ និង​ការ​ប្រឡង​យក​សញ្ញាប័ត្រ​បឋម​សិក្សា​ជាន់​ខ្ពស់ បារាំង-ខ្មែរ​ នៅ​ក្រុង​ភ្នំពេញ។

ព.ស.​២៤៧១ គ.ស.​១៩២៧ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែង​តាំង​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ផ្ទៀង​សម្រេច​ខាង​វចនានុក្រម​ខ្មែរ ហើយ​សម្ដេច​ទ្រង់​បាន​ទទួល​ភារៈ​ធ្វើ​វចនានុក្រម តែ​មួយ​ព្រះអង្គ​ឯង ដរាប​ដល់​បាន​ចប់​សព្វ​គ្រប់ បាន​បោះពុម្ព​ផ្សាយ​ទាំង​ភាគ១​ភាគ​២ បាន​៥​គ្រា​ហើយ។

ក្នុង​ឆ្នាំ​ដដែល​នេះ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា សមាជិក​នៃ​ក្រុម​អភិបាល​ជំនុំ​ផ្ដាច់​ឆ្នាំ សម្រាប់​បណ្ណាល័យ​កម្ពុជា ដែល​សព្វ​ថ្ងៃ​ហៅ​ថា វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ។

ព.ស.​២៤៧៤ គ.ស.​១៩៣០ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ ក្នុង​មុខងារ​ជា​ចាងហ្វាង​រង នៃ​សាលា​បាលី​ជាន់​ខ្ពស់​ក្រុង​ភ្នំពេញ។

ក្នុង​ឆ្នាំ​ដដែល​នោះ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា សមាជិក​ជំនួយ​នៃ ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ ក្រុង​ភ្នំពេញ។

ព.ស.​២៤៧៦ គ.ស.​១៩៣២ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ខាង​ការ​ស្រាវជ្រាវ​ជ្រើសរើស​រក​ពាក្យ​ពេចន៍​ក្នុង​ផ្ទៃ នៃ​កវី​និពន្ធ​ខ្មែរ​បុរាណ ដើម្បី​ប្រមូល​បញ្ចូល​ពាក្យ​ទាំង​នេះ ទៅ​ក្នុង​វចនានុក្រម​ខ្មែរ។

ព.ស.​២៤៧៧ គ.ស.​១៩៣៣ សម្ដេច​ទ្រង់​បាន​ទទួល ការ​តែងតាំង​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ពិនិត្យ​សៀវភៅ​ដែល​ក្រសួង​សិក្សា​ធិការ​ជាតិ​បោះពុម្ព​ផ្សាយ។

ព.ស.​២៤៧៨ គ.ស.​១៩៣៤ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ជ្រើសរើស​ពាក្យ​ខ្មែរ​ប្រៀបធៀប​នឹង​ពាក្យ​បារាំង​សម្រាប់​ប្រើ​ក្នុង​កិច្ចការ​រាជការ។

ព.ស.​២៤៧៩ គ.ស.​១៩៣៥ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សាស្ត្រាចារ្យ​បង្រៀន​ភាសា​បាលី សំស្ក្រឹត ខ្មែរ និង​លាវ ប្រចាំ​ថ្នាក់​ទី​បំផុត​នៃ​មធ្យម​សិក្សា​ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្រុង​ភ្នំពេញ។

(នៅ​មាន​ត)

លេខ​ទី​៣

បទ​សម្ភាស​អក្សរសាស្ត្រ​របស់​សម្ដេច​ព្រះសង្ឃរាជ​ជួន ណាត (ភាគ​ទី​១) ខែមករា 18, 2008

Posted by សុភ័ក្ត្រ in បទ​សម្ភាស.
11 comments

ទសវត្សរ៍​១៩៦០ សម្ដេច​ព្រះសង្ឃ​រាជ ជួន ណាត ថ្វី​បើ​ព្រះជន្ម​ទ្រង់​កាន់​តែ​ចាស់ និង​ជរា តែ​ព្រះអង្គ​នៅ​ព្យាយាម​ធ្វើ​ជា​អធិបតី​ក្នុង​នាទី​សម្ភាសន៍​អក្សរសាស្ត្រ ដែល​ចាត់​ដោយ​វិទ្យុ​ជាតិ នា​ពេល​នោះ។ បទ​សម្ភាស​ជា​ខ្សែ​អាត់​ព្រះសូរ​សៀង​ដ៏​ពិរោះ និង​ប្រកប​ដោយ​គតិបណ្ឌិត​របស់​ទ្រង់​បាន​ញ៉ាំង​ឲ្យ​ខ្ញុំ​រឹងរឹត​តែ​ស្រឡាញ់​ព្រះអង្គ​ខ្លាំង​ឡើង​ៗ គឺ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ឮ​សំឡេង​របស់​ទ្រង់​ជា​លើក​ដំបូង ដែល​វិទ្យុ​៩៨ មេហ្កាហឺត​បាន​ចាក់​ផ្សាយ។ ខ្ញុំ​បាន​ថត​ចម្លង​ជា​កាស្សែត​ទុក​ស្ដាប់។ ស្ដាប់​ដោយ​មិន​ណាយ មិន​ធុញ មួយ​លើក​ណា​ឡើយ។ ដើម្បី​ចែក​រំលែក​មិត្រ​ៗ​នៅ​ទី​នេះ ខ្ញុំ​បាន​ព្យាយាម​វាយ​កម្រង​បទ​សម្ភាស​នេះ ពី​សៀវភៅ​របស់​វិទ្យាស្ថាន​ភាសា​ខ្មែរ រួច​ស្ដាប់​កែ​សម្រួល​ពាក្យ​ពេចន៍​មួយ​ចំនួន និង​ដាក់​ជូន​ប្រិយមិត្រ​ស្ដាប់​បាន​ជា​ប្រយោជន៍​នៅ​ទី​នេះ ដូច​ត​ទៅ៖

ចុច​ខាង​ក្រោម​ដើម្បី​ស្ដាប់

លោក​អ៊ុង ផាន់ សួរ​អំពី​ពាក្យ​ថា សារព័ត៌មាន (សារៈ ព័ត៌មាន)។ ពាក្យ​នេះ គេ​ច្រើន​សរសេរ​នៅ​ក្នុង​កាសែត​ទាំង​ឡាយ​ ហើយ​គេ​មើល​ថា សាព័ត៌មាន (សា ព័ត៌មាន) ទូល​បង្គំ​ជា​ខ្ញុំ​ឆ្ងល់​ថា​ អក្សរ “ព” ៗហើយ​នឹង “ត” ពី​មុខ​ មាន “៌” លើ​ “ត” នេះ​តើ​ប្រកប​ដូចម្ដេច? បាន​ជា​គេ​មើល​ថា “ព័ណ៌ដ៏មាន” ៗ បើ​គេ សរសេរ សារៈព័ត៌មាន… បើ​តាម​ទូល​បង្គំ​ជា​ខ្ញុំ​យល់​​វិញ​គួរ​​សរសេរ​យ៉ាង​នេះ សារៈព័ណ៌ដ៏មាន គឺ​សរសេរ ព សំយោគសញ្ញា (័) ណ រ ពី​លើ ណ ហើយ ដ ដោយ​ខ្លួន ដាក់​លេខប្រាំបី (៏) លើ​ ថា ព័ណ៌ដ៏មាន (ព រ៉ាន់ ដ មាន) ឬ​សារប្រវត្តិ (សារៈ ប្ររ័ត)។ បាន​​សេចក្ដីថា ដំណឹង​ពិត​ប្រាកដ។

លោក​យល់​ហ្នឹង​ដោយ​យោបល់​​លោក​ក៏​ម្យ៉ាង​ហើយ។ លោក​អ៊ុង ផាន់ យល់​ហ្នឹង ក៏​ប៉ុន្តែ​តាម​ពិត​ហ្នឹង​វា​អីចេះ​ទេ។ សូម​ជ្រាប​ថា ពាក្យ​នេះ​បើ​យើង​ចង់​ហៅ​ជា​បាលី​ក៏​បាន ជា​សំស្ក្រឹត​ក៏​បាន ឥឡូវ​​យើង​ត្រូវ​ថា​សំស្ក្រឹត​មុន​ចុះ។ កុំ​អាល​និយាយ​ពី សារៈ និយាយ​តែ​ពី ព័ណ៌ដ៏មាន។ សំស្ក្រឹត​គេ​ហៅ វត៌ម៉ាន។ វត៌ គឺ​អក្សរ វ ហើយ ត នៅ​​ពី​ខាង​ ជាប់ វ បាន រ នៅ​ពី​លើ ត ដែល​យើង​ហៅ​ថា​ជើងរ (្រ) នោះ​គឺ រ ថា ៌ ឯសំស្ក្រឹត​គេ​ហៅ​ថា រេថៈ។ រេថៈ ហ្នឹង​គឺ រ ដែល​សម្រាប់​ឆក់​សំឡេង​ទៅ​នៅ​ពី​លើ​តួ​បន្ទាប់ នៀក! ហ្នឹង​ៗ គេ​សរសេរ វ ត រ ពី​លើ​ ត ហើយ​ ម មា នឹង ន អាន​ថា វត៌មាន (វ៉ រ៉ាត តៈ ម៉ាន)។ វត៌មាន ហ្នឹង​បើ​ជា​បាលី​វិញ​ថា វត្តមាន (វ៉ាត់ តៈ ម៉ាន)។ វត្តមាន វ ត តម្រួត​ពីរ ម មា និង ន។ គឺ​ពាក្យដែល​ថា វត៌មាន នេះ​ហើយ​ដែល​បុរាណ​ខ្មែរ​យើង យក វ ធ្វើ​ជា ព គេ​មិន​អាច​ទាញ​ស្រៈអា (ា) យារ​មក​ទៀត​ទេ គេ​នៅ​ជា ព អីចឹង វ ព មក​ពី វ គឺ​ថា ពត៌ គេ​អាន ព រ៉ាត តៈ សំស្ក្រឹត​ថា វត៌ (វ៉ រ៉ាត តៈ)។ រួច​ មានះ នោះៗ​វា​ជា​តួ suffixe តួ​បច្ច័យ​គឺ មានៈ បច្ច័យ​ផ្សំ​នឹង វត៌ ហ្នឹង​ទៅ ទៅ​ជា វត៌ម៉ាន។ ខ្មែរ​យើង​យក វ ជា ព យក​មក​ប្រើ​ថា ព័ត៌មាន (ព័ ដ មាន)។ អា​នេះ​ព័ត៌មាន​ហ្នឹង ជា​ពាក្យ​សម្រួល​តាម​ចាស់​​ទុំ​មក ដូច​ជា​បិតា ហៅ​បីដា មាតា អក្សរ​ ត តា គេ​អាន​ថា​ ដា។ អធិបតិ អាន​ទៅ​ជា​ អធិបតី។ សេនាបតិ ជា សេនាបតី អីចឹង។ ពី​ព្រោះ​សម្ដី​ហ្នឹង​ខ្មែរ​យើង ពេញ​ចិត្ត​នឹងទៅ ត ទៅ​ជា ដ ព្រោះ​ហេតុ​នោះ​ឯង​ទាំង​បាលី​ហ្នឹង​ក៏​ដោយ គេ​ឲ្យ​ផ្លាស់​អក្សរ​ពីរ​ហ្នឹងបាន គេ​ហៅ​យក នែក! ទន្តជៈ ជា​មុទ្ធជៈ ឬ​យក​មុទ្ធជៈ ជាទន្តជៈ។ ឯទន្តជៈ​នោះ​គឺអក្សរ ត ចុះ​មុទ្ធជៈ​នោះ គឺ​អក្សរ ដ។ ព្រោះ​ហេតុ​នោះ​ឯង ចង់​ផ្លាស់ ដ ​ជា​ ត ក៏​បាន ត ​ជា ដ ក៏​បាន​តាម​ការ​ស្រួល។

បើ​និយាយ​ពី​បាលី​វិញ ឧបមា​ថា​ដូចជា ទុក្កតំ (ទុក កៈ តាំង) ទុក្កតំ ប្រែ​ទៅ​ថា​អ្វី​ដែល​គេ​ពិបាក​ធ្វើ។ ដែល​ធ្វើ​បាន​ដោយ​ក្រ ដោយ​ពិបាក អាហ្នឹង​គេ​​ថា ទុក្កតំ។ ដូច​គេ​និយាយ​ថា ទុក្កតំកម្មំ (ទុក កៈ តាំង កាំ ម៉ាំង)។ ការ​ហ្នឹង​វា​ពិបាក​ធ្វើ​ណាស់ ប៉ុន្តែ​គេ​ចង់​ឲ្យ​សំឡេង​ហ្នឹង​វា​ខុស​គ្នា មិន​ដឹង​ជា​ពីកាលណា​មក​ទេ ហ្នឹង​​គេ​ឲ្យ​យក ត ជា ដ ទៅ​ជា ទុក្កតំ (ទុក កៈ ដាំង) ប៉ុន្តែ​ដល់​អាន​វា​ឮ​តែ តំ តាំង​ៗ ដូច​គ្នា។ ប៉ុន្តែ តំ (តាំង) មួយ​សំឡេង​ចេញ​មក​ពី​បន្ទល់​ធ្មេញ អាហ្នឹង​គឺ ត ថ ទ ធ ន នោះ​។ តាំង​មួយ​អក្សរ ដ នោះ​យើង​ខ្មែរ អាន​ថា ដ ជាតិ​ដទៃ​គេ​អាន​ថា ត ដែរ ប៉ុន្តែ ត ហ្នឹង​សំឡេង​ថា តៈ បើ​ថា​ជា​បាលី​ថា តៈ ចុះ​មួយ​ ត ថ នោះ​គេ​អាន​ថា តថ អត្មា​អស់​ធ្មេញ​ទៅ គ្រាន់​តែ​ពន្យល់​​ទេ ឲ្យ​ចេញ​ពី​ធ្មេញ​ឲ្យ​ឮ​មក​ក្នុង​ធ្មេញ ត ថ អា​មួយ​ថា តត់ ហ្នឹង​ខ្មែរ​ទៅ​មិន​សូវ​រួច​ទេ ព្រោះ​ហេតុ​នោះ​ បាន​ជា​គេ​រាប់​ទៅ​ជា ដ។ ឯ​តាម​ពិត​នោះ សំឡេង​នោះ​វា​ជិត​គ្នា​ទេ ប៉ុន្តែ​ខ្មែរ​យើងវា​ទៅ​ជា ដ ដូច​ជា​ព័ត៌មាន។ ដល់​ឥឡូវ​បង្កើត​ពាក្យ​ឈ្មោះ​កាសែត​ដែល​ហៅ សារៈព័ត៌មាន បាន​ ព័ត៌មាន ហ្នឹង​សឹម​ប្រែ​ឲ្យ​លោកសិន លោក​សួរ​ថាប្រែថា​​ម៉េច ព័ត៌មាន ហ្នឹង​ វត៌មាន ហ្នឹង វត្តមាន ហ្នឹង​ប្រែ​ថា អ្វី​ដែល​កំពុង​តែ។ បើ​ប្រែ​ឲ្យ​ច្បាស់​មក​ថា បច្ចុប្បន្ន។ បើ​និយាយ​ពី​រឿង ថា​រឿង​បច្ចុប្បន្ន រឿង​អ្វី​ដែល​កំពុង​តែ ឥឡូវ​ណេះ​ហ្នឹង​អានឹងហៅ​ថា វត៌មាន គឺ ព័ត៌មាន ហ្នឹង ដំណឹង​ដែល​ថ្មីៗ​នេះ ដំណឹង​ដែល​ទើប​នឹងកើត​មាន​នឹង​ហៅថា ព័ត៌មាន។ ប្រហែល​ជា​លោក​ផាន់ យល់​ហើយ​ក៏​មិន​ដឹង។ អាត្មា​ប្រែ​ម្ដង​ទៀត​ថា វត៌មាន សំស្ក្រឹត បាលី វត្តមាន បើ​តាម​ហ្នឹង​ដែល​ក្លាយ​មក​ជា ព័ត៌មាន នេះ គួរ​អាន ព រ៉ាត តៈ ម៉ាន ដ្បិត ត វា​នៅ​ពី​លើ ម ជិត​គ្នា ម ជា​អក្សរ​ចុះ​ក្នុង​វង់​សម្លាប់ នេះ​និយាយ​តាម​ខ្មែរ​ត្រូវ ម ហ្នឹង​ទៅ​ជា មា មៀ ទៅ​ជា​ម៉ា ហេតុ​អី​ក៏​ ម៉ា? ពី​ព្រោះ តៈ វា​នៅ​ពី​លើ​ហើយ​វា​ភ្ជាប់​ទៅ​ជា​រូប​សព្ទ​មួយ​​ហើយ គេ​អាន​ថា វាត់ តៈ ម៉ាន វត្ត​មាន ព រ៉ាត់ តៈ ម៉ាន ព័ត៌មាន ប៉ុន្តែ​ឥឡូវ​យើង​ថា​មិន​កើត ពី​ព្រោះ​ចាស់​​ទុំ​យើង​ហៅ ព័ត៌មាន (ព ដៈ មាន) ទៅ​ហើយ។ និយាយ​ថា​ ព័ត៌មាន (ព តៈ ម៉ាន) វិញ​​វា​ប្លែក​ត្រចៀក​គេ​ណាស់ កែ​មិន​រួច​ទេ! នេះ​ហើយ​ដែល​អាត្មា​តាម​ចំណាំ​ជម្រាប​មក​ថា ពាក្យ​ណា​មួយ សម្ដី​ដែល​យើង​និយាយ​ថា​វា​ជ្រុល​ហួស​ហើយ វា​ខុស​ហើយ។ ហ្នឹង​គឺ​យូរ​ឆ្នាំ​ទៅ​យើង​កែ​វិញ​មិន​បាន​ទេ។ ដូច​ពាក្យ​ថា បត្តិញាណ (ប៉ាត់ តិ ញៀន)។ បត្តិញាណ មេ​ឃុំ លក់​គោ លក់​ក្របី រហូត​ដល់​មក បត្តិញាណ អនុញ្ញាត​ឲ្យ​កុល​បុត្រ​បួស​ក្នុង​សាសនា ហ្នឹង​ក៏​ហៅ បត្តិញាណ មេ​ឃុំ​ដែរ។ បើ​និយាយ​តាម​ពាក្យ​ហ្នឹង វា​មិន​មែន បត្តិញាណ ទេ សម្ដី​ខ្មែរ គេ​អាន​ថា បត្តិញាណ (ប៉ាត់ តិ ញ៉ាន) ពី​ព្រោះ​អក្សរ តិ វា​នៅ​ពី​លើ​អក្សរ ដិ វា​នៅ​ពី​លើ ត ម វា ត្ម ត្មា (ត ម៉ា) ដូច​ជា វត៌មាន (វ៉ តៈ ម៉ាន) អីចឹង (ត ម) វា ត្ម វា​មិន​មែន ត្ម ត្មា (ត មៀ) ទេ។ ប៉ុន្តែ​ឥឡូវ ទើប​បុរាណ​ថា ព័ត៌មាន (ព ដៈ មាន) បើ​ឯង​អាន​ទៅ​ជា ព័ត៌មាន (ព័រ តៈ ម៉ាន)​ វិញ គេ​ថា​យើង​ព្រើល​ទៅ​ហើយ។ ដែល​និយាយ​នេះ​ឲ្យ​លោក​អ៊ុង ផាន់ សួរ​ហ្នឹង គឺ​គ្រាន់​តែ​ពន្យល់​ទេ មិន​ឲ្យ​ថា ពត៌មាន (ព រ៉ាត តៈ ម៉ាន) នោះ​ទេ តិច​លោ​ទៅ​ថា​អីចឹង។ បើ​បាលី​ដែល​គេ​រៀន​សព្វ​ថ្ងៃ​ហ្នឹង​គេ​អាន (វាត់​ តៈ ម៉ាន)។ វត្តមាន​ នេះ​ជា​ឈ្មោះ ឈ្មោះ​វិភត្តិ​អាខ្យាត ចំណែក​ខាង​ការ​បំបែក​កិរិយាសព្ទ ដែល​បារាំង​ហៅ​ថា verbe ជា​ពួក​ឈ្មោះ​ម៉ូតៗ​របស់ verbe នោះ​ផង គឺ​បច្ចុប្បន្ន verbe ណា បច្ចុប្បន្ន ដូច​ថា ខ្ញុំ​ទៅ… ខ្ញុំ​ធ្វើ… ខ្ញុំ​ឲ្យ… អាហ្នឹង​គឺ​ជា​បច្ចុប្បន្ន​គេ​ហៅ វត្តមាន។ វត្តមាន គឺ​ដូច​ព័ត៌មាន (ព រ៉ាត តៈ មាន) អីចឹង។ ឥឡូវ សារៈព័ត៌មាន ចុះ​ហេតុ​អី​គេ​យក សារៈ នឹង​មក​ថី! គឺ​លោក​អ្នក​បង្កើត​ពាក្យ លោក​ថា​ ព័ត៌មាន​ដែល​មាន​ខ្លឹមសារ ដែល​មាន​ប្រយោជន៍ intéressant បារាំង​​ថា intéressant ហើយ​អានឹង ​ដំណឹង​អី​មួយ​ដែល​គួរ​យក​មក​នាំ​ថ្លែង យក​មក​ឲ្យ​អស់​លោក​អ្នក​ទាំង​អស់​ឮ​រាល់​គ្នា​ហ្នឹង បាន​ជា​បង្កើត បញ្ចូល​ពាក្យ​ សារៈ នេះ​មួយ​មក ប៉ុន្តែ​ដល់​អ្នក​អាន លោក​អាន សាព័ត៌មាន ហ្នឹង​មិន​កើត​ទេ អាន​ហ្នឹង​ខូច​ហើយ ខូច​សម្ដី​មួយ​ហើយ។ នេះ​អាត្មា​បាន​សរសេរ​ពន្យល់​មក លោក​ចាង​ហ្វាង​វិទ្យុ​ហ្នឹង ច្រើន​ដង​ណាស់ ប៉ុន្តែ​គឺ​អ្នក​អាន​នេះ​ឯង គេ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ ខ្លះ​ក៏​ថា សារៈព័ត៌មាន​ទៅ ខ្លះ​ថា​សាព័ត៌មាន ទៅ ថា​សាព័ត៌មាន វា​បាត់ រ ទៅ វាទៅ​ជា​ព័ត៌មាន ដែល​រើសាជាថ្មី​វិញ ពីព្រោះ​សាចុះសា​ឡើង ដូច​យើង​និយាយ​ថា គេសា​ឡើង​ជា​ថ្មី ទៅ​មួយ​សា​ពីរ​សា។ សា​ ហ្នឹង​គ្មាន រ​ ទេ។ ដូច​ជា​សា​ស្រូវ សា​អី ដែល​វា​រើ​ឡើង​ទៀត ហ្នឹង​ដែល​គេ​ហៅ​ថា សា វា​ដែល​គេ​ច្រូត​អីចឹង​ទៅ នៅ​ជញ្ជ្រាំង វា ហើយ​មាន​ទឹក មាន​ដី​សើម ជញ្ជ្រាំង​វា​នៅស្រស់ វា​ដុះ​ពី​ជញ្ជ្រាំង​ហ្នឹង​ឡើង​ទៀត ដុះ​ភ្លាម ចេញ​ឱន​ទៅ ទុំ​ភ្លាម​មិន​យូរ​ទេ អា​ហ្នឹង គ្រាប់​ល្អិតៗ រួច​ស្រូវ​នេះ​បាយ​ឆ្ងាញ់​​ផង ប៉ុន្តែ​វា​ពិបាក​ច្រូត​ណាស់ អា​ហ្នឹង​គេ​ហៅ​ថា ស្រូវ​សា គេ​ហៅ​ សា​ស្រូវ​ក៏​បាន គេ​សួរ​ថា “ចុះ​អង្ករ​ហ្នឹង​អី​ល្អិត​ឆ្មិញ​អីចេះ! ថា​ទេ! អង្ករ​សា​ស្រូវ​សា​ទេ។ តា​ឡេងៗ គ្រាប់​ស្រូវ​ហ្នឹង​ល្អ​​ណាស់។ អា​ហ្នឹង​គេ​ហៅ​ថា សា។ សា ហ្នឹង​អត់ រ ទេ។ រួច​បើ​យើង​អាន សាព័ត៌មាន វា​ដូច​ជា​សា​ហ្នឹង​អីចឹង​ដែរ ថា​ព័ត៌មាន​ហ្នឹង​គេ​រើសើ​ឡើង​វិញ​ជា​ថ្មី​ទៀត។ មិន​មែន​ជា​ព័ត៌មាន មាន​ខ្លឹម មាន​ប្រយោជន៍​នោះ​ទេ។

នេះ​ហើយ​បាន​អាត្មា​ចេះ​តែ​រំឮក ថា​កុំ​ឲ្យ​អាន​ខុស​អីចឹង។ រួច​ចេះ​តែ​កញ្ឆក់ ហើយ​និង​ប្រញឹក ចុះ​ប្រញាប់​នឹង​ទៅ​ណា គ្រាន់​តែ រៈ។ រៈ ហ្នឹង​ឮ​តែ​បន្តិច ចុង​មាត់​ប៉ុណ្ណឹង​តើ! សារព័ត៌មានៗ។ កុំ​ចាំ (សា រៈ ព ដ មាន) សារព័ត៌មាន​នោះ វា​វែង​ណាស់។ កុំ​ឲ្យ​តែ សាព័ត៌មាន។ សារព័ត៌មាន សារទូរលេខ សារទូរស័ព្ទ សារប្រយោជន៍។ រួច​ឥឡូវ សាប្រយោជន៍ សាទូរលេខ សាទូរស័ព្ទ។ ទូរលេខ (ទូ រៈ លេ ខៈ) មក​ពី៖ ទូរៈ ប្រែ​ថា​ពី​ចម្ងាយ។ លេខៈ ថា​សរសេរ​កាល​នោះ គឺ​ថា​ប្រែ​ឲ្យ​ត្រូវ​នឹង​ពាក្យ​ថា តេឡេក្រាម ថា​សរសេរ​មក​ពី​ចម្ងាយ។ តេឡេហ្វូន និយាយ ឬ​កត់​មក​ពី​ចម្ងាយ។ ចុះ​រួច​បើ​ថា​ ទូ​លេខ ទូ​សព្ទ​ ហើយ​វា​ទៅ​ជា​ទូ​ដាក់​លេខ ទូ​ដាក់ នែក! កុម្ពី អី​ទៅ​ហើយ?​ វា​ខុស​គ្នា​អី​ចឹង! បាន​ជា​តោង​កុំ​អាល​ចោល កុំ​អាល​នឹង​ទៅ! ប្រញឹក​ទៅ​ណា អក្សរ​គេ​មាន​ដូច​ជា​និយាយ​ទៅ​វា​បែក​ទៅ​ទៀត។ អាត្មា​ចំណាំ​ទូល​ថ្វាយ​ថា ព្រះរាជឱង្ការ​នូវ​ព្រះ​បន្ទូល​សូរ​សីហនាទ ព្រះបាទ​សម្ដេច​ អង្គអីៗ គេ​ចេញ​ព្រះនាម​ទៅ មិន​ថា​នែក! សូរ​សីហនាទ​ទេ សូ​សីនាទ (សូ សី នាត)។

សូរៈ ប្រែ​ថា…

អាន​ និង​ស្ដាប់​ភាគ​ទី​ពីរ

រូប​គំនូរ​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត ខែមករា 16, 2008

Posted by សុភ័ក្ត្រ in រូបភាព.
1 comment so far

 

រូប​នេះ​ថត​ចេញ​ពី​គំនូរ​នៅ​ក្នុង​វិហារ​មួយ​នៃ​វត្ត​ព្រែក​ប្រាំង។ (រូប​ថត សុភ័ក្ត្រ)

ព្រះរាជ​ជីវ​ប្រវត្តិ​នៃ​សម្ដេច​ព្រះមហា​សុមេធាធិបតី ជួន ណាត ខែមករា 12, 2008

Posted by សុភ័ក្ត្រ in ព្រះរាជជីវប្រវត្តិ.
2 comments

ព្រះរាជ​ជីវ​ប្រវត្តិ​នៃ​សម្ដេច​ព្រះមហា
សុមេធាធិបតី ជួន ណាត
ព្រះសង្ឃ​រាជ​ថ្នាក់​ទី​១ នៃ​គណៈ​មហានិកាយ

រៀបរៀង​ដោយ​ព្រះ​មុនីកោសល សូរ ហាយ តាម​ឯកសារ​ខ្លះ​របស់​ព្រះឃោសធម្ម ប៉ុណ្យ សុម្ភោជ និង​លោក​ទ្រិញ វ៉ាញ ១៩៧០ (ចម្លង​ចេញ​ពី​ទស្សនាវដ្ដី អក្សរសាស្ត្រ មនុស្សសាស្ត្រ របស់​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ) លេខ​ពិសេស ខែ​ធ្នូ ឆ្នាំ​១៩៩៨ និង​លេខ​ពិសេស ខែ​មករា កុម្ភៈ មីនា ឆ្នាំ​១៩៩៩។

ខ្ញុំ​ព្រះ​ករុណា​អាត្មា​ភាព ជា​សមាជិក​នៃ គណៈកម្មការ​ឃោសនា ដោយ​មាន​លោក​ទ្រិញ​ វ៉ាញ ជា​ប្រធាន​នៃ​គណៈកម្មការ អស់​លោក​ជា​សមាជិក​គណៈកម្មការ​ទាំង​អស់​មាន​លោក លាង ហាប់អាន ជា​ដើម បាន​ផ្ទុក​ផ្ដាក់​នូវ​ការ​ស្រាវជ្រាវ​រៀបរៀង​ព្រះរាជ​ជីវ​ប្រវត្តិ នៃ​សម្ដេច​ព្រះសង្ឃ​រាជ​មក​លើ​ខ្ញុំ​ព្រះករុណា​អាត្មាភាព ដូច​មាន​លិខិត​លេខ ៨៤៤ ព.ប ចុះ​ថ្ងៃ ទី​៧ ខែ​តុលា ឆ្នាំ​១៩៦៩ ជា​លិខិត​លោក លាង ហាប់​អាន​ នាយក​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ដែល​តម្រូវ​មក​លើ​ខ្លួន​ខ្ញុំ​ព្រះករុណា​អត្មាភាពឲ្យ​ស្រាវជ្រាវ រៀបរៀង​ព្រះរាជ​ជីវ​ប្រវត្តិ​នៃ​សម្ដេច​ព្រះសង្ឃរាជ​ជា​អម្ចាស់។

ខ្ញុំ​ព្រះករុណា​អត្មាភាព សូម​ទទួល​ការ​នេះ​ដោយ​គោរព តាម​សមាន​ឆន្ទៈ​នៃ​គណៈកម្មការ។ ព្រះរាជ​ជីវប្រវត្តិ​នៃ​សម្ដេច​ព្រះសង្ឃរាជ​នេះ ខ្ញុំ​ព្រះករុណា​អត្មាភាព​សូម​ចែក​ជា​បរិច្ឆេទ​១២ ដើម្បី​ឲ្យ​ងាយ​មើល​ចំណាំ​ក្នុង​បរិច្ឆេទ​មួយ​ៗ តាម​រយៈ​កាល​នៃ​ព្រះ​ជីវភាព​ ព្រះ​វីរយភាព និង​ព្រះ​ករណីយ​កិច្ច​នៃ សម្ដេច​ព្រះ​សង្ឃ​រាជ ព្រម​ទាំង​ឲ្យ​ងាយ​ស្រួល​ក្នុង​ការ​រៀបរៀង​វែកញែក​សេចក្ដី ដូច​ត​ទៅ​នេះ៖

បរិច្ឆេទ​១២​យ៉ាង

១. ជាតិ​បរិច្ឆេទ៖ កំណត់​អំពី​ជាតិ
២. កុមារ​បរិច្ឆេទ៖ កំណត់​អំពី​ភាព​នៅ​ជា​កុមារ
៣. បព្វជ្ជា​បរិច្ឆេទ៖ កំណត់​អំពី​បព្វជ្ជា
៤. ឧបសម្បទាន​បរិច្ឆេទ៖ កំណត់​អំពី​ឧបសម្បទា
៥. បរិយត្តិ​បរិច្ឆេទ៖ កំណត់​អំពី​ការ​សិក្សា
៦. បេសកកម្ម​បរិច្ឆេទ៖ កំណត់​អំពី​ការ​ទទួល​បម្រើ​កិច្ចការ
៧. ឋានន្តរ​បរិច្ឆេទ៖ កំណត់​អំពី​ឋានន្តរ
៨. សមណ​សក្តិ​បរិច្ឆេទ៖ កំណត់​អំពី​សមណ​សក្តិ
៩. ឥស្សរិយ​បរិច្ឆេទ៖ កំណត់​អំពី​ឥស្សរិយយស
១០. ពុទ្ធ​វុឌ្ឍិ​បរិច្ឆេទ៖ កំណត់​អំពី​ការ​ធ្វើ​សេចក្ដី​ចម្រើន​ក្នុង​ផ្លូវ​លោក និង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា
១១. ចរិត​លក្ខណៈ​បរិច្ឆេទ៖ កំណត់​អំពី​លក្ខណៈ​នៃ ជីវិត​ប្រក្រតី
១២. ជីវិតា​វសាន​បរិច្ឆេទ៖ កំណត់​អំពី​ទី​បំផុត​នៃ ព្រះជន្មាយុ

(នៅ​មាន​ត)

ត​ទៅ​លេខ​ទី​២