jump to navigation

បទ​សម្ភាស​អក្សរសាស្ត្រ​របស់​សម្ដេច​ព្រះសង្ឃរាជ​ជួន ណាត (ភាគ​ទី​១) ខែមករា 18, 2008

Posted by សុភ័ក្ត្រ in បទ​សម្ភាស.
trackback

ទសវត្សរ៍​១៩៦០ សម្ដេច​ព្រះសង្ឃ​រាជ ជួន ណាត ថ្វី​បើ​ព្រះជន្ម​ទ្រង់​កាន់​តែ​ចាស់ និង​ជរា តែ​ព្រះអង្គ​នៅ​ព្យាយាម​ធ្វើ​ជា​អធិបតី​ក្នុង​នាទី​សម្ភាសន៍​អក្សរសាស្ត្រ ដែល​ចាត់​ដោយ​វិទ្យុ​ជាតិ នា​ពេល​នោះ។ បទ​សម្ភាស​ជា​ខ្សែ​អាត់​ព្រះសូរ​សៀង​ដ៏​ពិរោះ និង​ប្រកប​ដោយ​គតិបណ្ឌិត​របស់​ទ្រង់​បាន​ញ៉ាំង​ឲ្យ​ខ្ញុំ​រឹងរឹត​តែ​ស្រឡាញ់​ព្រះអង្គ​ខ្លាំង​ឡើង​ៗ គឺ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ឮ​សំឡេង​របស់​ទ្រង់​ជា​លើក​ដំបូង ដែល​វិទ្យុ​៩៨ មេហ្កាហឺត​បាន​ចាក់​ផ្សាយ។ ខ្ញុំ​បាន​ថត​ចម្លង​ជា​កាស្សែត​ទុក​ស្ដាប់។ ស្ដាប់​ដោយ​មិន​ណាយ មិន​ធុញ មួយ​លើក​ណា​ឡើយ។ ដើម្បី​ចែក​រំលែក​មិត្រ​ៗ​នៅ​ទី​នេះ ខ្ញុំ​បាន​ព្យាយាម​វាយ​កម្រង​បទ​សម្ភាស​នេះ ពី​សៀវភៅ​របស់​វិទ្យាស្ថាន​ភាសា​ខ្មែរ រួច​ស្ដាប់​កែ​សម្រួល​ពាក្យ​ពេចន៍​មួយ​ចំនួន និង​ដាក់​ជូន​ប្រិយមិត្រ​ស្ដាប់​បាន​ជា​ប្រយោជន៍​នៅ​ទី​នេះ ដូច​ត​ទៅ៖

ចុច​ខាង​ក្រោម​ដើម្បី​ស្ដាប់

លោក​អ៊ុង ផាន់ សួរ​អំពី​ពាក្យ​ថា សារព័ត៌មាន (សារៈ ព័ត៌មាន)។ ពាក្យ​នេះ គេ​ច្រើន​សរសេរ​នៅ​ក្នុង​កាសែត​ទាំង​ឡាយ​ ហើយ​គេ​មើល​ថា សាព័ត៌មាន (សា ព័ត៌មាន) ទូល​បង្គំ​ជា​ខ្ញុំ​ឆ្ងល់​ថា​ អក្សរ “ព” ៗហើយ​នឹង “ត” ពី​មុខ​ មាន “៌” លើ​ “ត” នេះ​តើ​ប្រកប​ដូចម្ដេច? បាន​ជា​គេ​មើល​ថា “ព័ណ៌ដ៏មាន” ៗ បើ​គេ សរសេរ សារៈព័ត៌មាន… បើ​តាម​ទូល​បង្គំ​ជា​ខ្ញុំ​យល់​​វិញ​គួរ​​សរសេរ​យ៉ាង​នេះ សារៈព័ណ៌ដ៏មាន គឺ​សរសេរ ព សំយោគសញ្ញា (័) ណ រ ពី​លើ ណ ហើយ ដ ដោយ​ខ្លួន ដាក់​លេខប្រាំបី (៏) លើ​ ថា ព័ណ៌ដ៏មាន (ព រ៉ាន់ ដ មាន) ឬ​សារប្រវត្តិ (សារៈ ប្ររ័ត)។ បាន​​សេចក្ដីថា ដំណឹង​ពិត​ប្រាកដ។

លោក​យល់​ហ្នឹង​ដោយ​យោបល់​​លោក​ក៏​ម្យ៉ាង​ហើយ។ លោក​អ៊ុង ផាន់ យល់​ហ្នឹង ក៏​ប៉ុន្តែ​តាម​ពិត​ហ្នឹង​វា​អីចេះ​ទេ។ សូម​ជ្រាប​ថា ពាក្យ​នេះ​បើ​យើង​ចង់​ហៅ​ជា​បាលី​ក៏​បាន ជា​សំស្ក្រឹត​ក៏​បាន ឥឡូវ​​យើង​ត្រូវ​ថា​សំស្ក្រឹត​មុន​ចុះ។ កុំ​អាល​និយាយ​ពី សារៈ និយាយ​តែ​ពី ព័ណ៌ដ៏មាន។ សំស្ក្រឹត​គេ​ហៅ វត៌ម៉ាន។ វត៌ គឺ​អក្សរ វ ហើយ ត នៅ​​ពី​ខាង​ ជាប់ វ បាន រ នៅ​ពី​លើ ត ដែល​យើង​ហៅ​ថា​ជើងរ (្រ) នោះ​គឺ រ ថា ៌ ឯសំស្ក្រឹត​គេ​ហៅ​ថា រេថៈ។ រេថៈ ហ្នឹង​គឺ រ ដែល​សម្រាប់​ឆក់​សំឡេង​ទៅ​នៅ​ពី​លើ​តួ​បន្ទាប់ នៀក! ហ្នឹង​ៗ គេ​សរសេរ វ ត រ ពី​លើ​ ត ហើយ​ ម មា នឹង ន អាន​ថា វត៌មាន (វ៉ រ៉ាត តៈ ម៉ាន)។ វត៌មាន ហ្នឹង​បើ​ជា​បាលី​វិញ​ថា វត្តមាន (វ៉ាត់ តៈ ម៉ាន)។ វត្តមាន វ ត តម្រួត​ពីរ ម មា និង ន។ គឺ​ពាក្យដែល​ថា វត៌មាន នេះ​ហើយ​ដែល​បុរាណ​ខ្មែរ​យើង យក វ ធ្វើ​ជា ព គេ​មិន​អាច​ទាញ​ស្រៈអា (ា) យារ​មក​ទៀត​ទេ គេ​នៅ​ជា ព អីចឹង វ ព មក​ពី វ គឺ​ថា ពត៌ គេ​អាន ព រ៉ាត តៈ សំស្ក្រឹត​ថា វត៌ (វ៉ រ៉ាត តៈ)។ រួច​ មានះ នោះៗ​វា​ជា​តួ suffixe តួ​បច្ច័យ​គឺ មានៈ បច្ច័យ​ផ្សំ​នឹង វត៌ ហ្នឹង​ទៅ ទៅ​ជា វត៌ម៉ាន។ ខ្មែរ​យើង​យក វ ជា ព យក​មក​ប្រើ​ថា ព័ត៌មាន (ព័ ដ មាន)។ អា​នេះ​ព័ត៌មាន​ហ្នឹង ជា​ពាក្យ​សម្រួល​តាម​ចាស់​​ទុំ​មក ដូច​ជា​បិតា ហៅ​បីដា មាតា អក្សរ​ ត តា គេ​អាន​ថា​ ដា។ អធិបតិ អាន​ទៅ​ជា​ អធិបតី។ សេនាបតិ ជា សេនាបតី អីចឹង។ ពី​ព្រោះ​សម្ដី​ហ្នឹង​ខ្មែរ​យើង ពេញ​ចិត្ត​នឹងទៅ ត ទៅ​ជា ដ ព្រោះ​ហេតុ​នោះ​ឯង​ទាំង​បាលី​ហ្នឹង​ក៏​ដោយ គេ​ឲ្យ​ផ្លាស់​អក្សរ​ពីរ​ហ្នឹងបាន គេ​ហៅ​យក នែក! ទន្តជៈ ជា​មុទ្ធជៈ ឬ​យក​មុទ្ធជៈ ជាទន្តជៈ។ ឯទន្តជៈ​នោះ​គឺអក្សរ ត ចុះ​មុទ្ធជៈ​នោះ គឺ​អក្សរ ដ។ ព្រោះ​ហេតុ​នោះ​ឯង ចង់​ផ្លាស់ ដ ​ជា​ ត ក៏​បាន ត ​ជា ដ ក៏​បាន​តាម​ការ​ស្រួល។

បើ​និយាយ​ពី​បាលី​វិញ ឧបមា​ថា​ដូចជា ទុក្កតំ (ទុក កៈ តាំង) ទុក្កតំ ប្រែ​ទៅ​ថា​អ្វី​ដែល​គេ​ពិបាក​ធ្វើ។ ដែល​ធ្វើ​បាន​ដោយ​ក្រ ដោយ​ពិបាក អាហ្នឹង​គេ​​ថា ទុក្កតំ។ ដូច​គេ​និយាយ​ថា ទុក្កតំកម្មំ (ទុក កៈ តាំង កាំ ម៉ាំង)។ ការ​ហ្នឹង​វា​ពិបាក​ធ្វើ​ណាស់ ប៉ុន្តែ​គេ​ចង់​ឲ្យ​សំឡេង​ហ្នឹង​វា​ខុស​គ្នា មិន​ដឹង​ជា​ពីកាលណា​មក​ទេ ហ្នឹង​​គេ​ឲ្យ​យក ត ជា ដ ទៅ​ជា ទុក្កតំ (ទុក កៈ ដាំង) ប៉ុន្តែ​ដល់​អាន​វា​ឮ​តែ តំ តាំង​ៗ ដូច​គ្នា។ ប៉ុន្តែ តំ (តាំង) មួយ​សំឡេង​ចេញ​មក​ពី​បន្ទល់​ធ្មេញ អាហ្នឹង​គឺ ត ថ ទ ធ ន នោះ​។ តាំង​មួយ​អក្សរ ដ នោះ​យើង​ខ្មែរ អាន​ថា ដ ជាតិ​ដទៃ​គេ​អាន​ថា ត ដែរ ប៉ុន្តែ ត ហ្នឹង​សំឡេង​ថា តៈ បើ​ថា​ជា​បាលី​ថា តៈ ចុះ​មួយ​ ត ថ នោះ​គេ​អាន​ថា តថ អត្មា​អស់​ធ្មេញ​ទៅ គ្រាន់​តែ​ពន្យល់​​ទេ ឲ្យ​ចេញ​ពី​ធ្មេញ​ឲ្យ​ឮ​មក​ក្នុង​ធ្មេញ ត ថ អា​មួយ​ថា តត់ ហ្នឹង​ខ្មែរ​ទៅ​មិន​សូវ​រួច​ទេ ព្រោះ​ហេតុ​នោះ​ បាន​ជា​គេ​រាប់​ទៅ​ជា ដ។ ឯ​តាម​ពិត​នោះ សំឡេង​នោះ​វា​ជិត​គ្នា​ទេ ប៉ុន្តែ​ខ្មែរ​យើងវា​ទៅ​ជា ដ ដូច​ជា​ព័ត៌មាន។ ដល់​ឥឡូវ​បង្កើត​ពាក្យ​ឈ្មោះ​កាសែត​ដែល​ហៅ សារៈព័ត៌មាន បាន​ ព័ត៌មាន ហ្នឹង​សឹម​ប្រែ​ឲ្យ​លោកសិន លោក​សួរ​ថាប្រែថា​​ម៉េច ព័ត៌មាន ហ្នឹង​ វត៌មាន ហ្នឹង វត្តមាន ហ្នឹង​ប្រែ​ថា អ្វី​ដែល​កំពុង​តែ។ បើ​ប្រែ​ឲ្យ​ច្បាស់​មក​ថា បច្ចុប្បន្ន។ បើ​និយាយ​ពី​រឿង ថា​រឿង​បច្ចុប្បន្ន រឿង​អ្វី​ដែល​កំពុង​តែ ឥឡូវ​ណេះ​ហ្នឹង​អានឹងហៅ​ថា វត៌មាន គឺ ព័ត៌មាន ហ្នឹង ដំណឹង​ដែល​ថ្មីៗ​នេះ ដំណឹង​ដែល​ទើប​នឹងកើត​មាន​នឹង​ហៅថា ព័ត៌មាន។ ប្រហែល​ជា​លោក​ផាន់ យល់​ហើយ​ក៏​មិន​ដឹង។ អាត្មា​ប្រែ​ម្ដង​ទៀត​ថា វត៌មាន សំស្ក្រឹត បាលី វត្តមាន បើ​តាម​ហ្នឹង​ដែល​ក្លាយ​មក​ជា ព័ត៌មាន នេះ គួរ​អាន ព រ៉ាត តៈ ម៉ាន ដ្បិត ត វា​នៅ​ពី​លើ ម ជិត​គ្នា ម ជា​អក្សរ​ចុះ​ក្នុង​វង់​សម្លាប់ នេះ​និយាយ​តាម​ខ្មែរ​ត្រូវ ម ហ្នឹង​ទៅ​ជា មា មៀ ទៅ​ជា​ម៉ា ហេតុ​អី​ក៏​ ម៉ា? ពី​ព្រោះ តៈ វា​នៅ​ពី​លើ​ហើយ​វា​ភ្ជាប់​ទៅ​ជា​រូប​សព្ទ​មួយ​​ហើយ គេ​អាន​ថា វាត់ តៈ ម៉ាន វត្ត​មាន ព រ៉ាត់ តៈ ម៉ាន ព័ត៌មាន ប៉ុន្តែ​ឥឡូវ​យើង​ថា​មិន​កើត ពី​ព្រោះ​ចាស់​​ទុំ​យើង​ហៅ ព័ត៌មាន (ព ដៈ មាន) ទៅ​ហើយ។ និយាយ​ថា​ ព័ត៌មាន (ព តៈ ម៉ាន) វិញ​​វា​ប្លែក​ត្រចៀក​គេ​ណាស់ កែ​មិន​រួច​ទេ! នេះ​ហើយ​ដែល​អាត្មា​តាម​ចំណាំ​ជម្រាប​មក​ថា ពាក្យ​ណា​មួយ សម្ដី​ដែល​យើង​និយាយ​ថា​វា​ជ្រុល​ហួស​ហើយ វា​ខុស​ហើយ។ ហ្នឹង​គឺ​យូរ​ឆ្នាំ​ទៅ​យើង​កែ​វិញ​មិន​បាន​ទេ។ ដូច​ពាក្យ​ថា បត្តិញាណ (ប៉ាត់ តិ ញៀន)។ បត្តិញាណ មេ​ឃុំ លក់​គោ លក់​ក្របី រហូត​ដល់​មក បត្តិញាណ អនុញ្ញាត​ឲ្យ​កុល​បុត្រ​បួស​ក្នុង​សាសនា ហ្នឹង​ក៏​ហៅ បត្តិញាណ មេ​ឃុំ​ដែរ។ បើ​និយាយ​តាម​ពាក្យ​ហ្នឹង វា​មិន​មែន បត្តិញាណ ទេ សម្ដី​ខ្មែរ គេ​អាន​ថា បត្តិញាណ (ប៉ាត់ តិ ញ៉ាន) ពី​ព្រោះ​អក្សរ តិ វា​នៅ​ពី​លើ​អក្សរ ដិ វា​នៅ​ពី​លើ ត ម វា ត្ម ត្មា (ត ម៉ា) ដូច​ជា វត៌មាន (វ៉ តៈ ម៉ាន) អីចឹង (ត ម) វា ត្ម វា​មិន​មែន ត្ម ត្មា (ត មៀ) ទេ។ ប៉ុន្តែ​ឥឡូវ ទើប​បុរាណ​ថា ព័ត៌មាន (ព ដៈ មាន) បើ​ឯង​អាន​ទៅ​ជា ព័ត៌មាន (ព័រ តៈ ម៉ាន)​ វិញ គេ​ថា​យើង​ព្រើល​ទៅ​ហើយ។ ដែល​និយាយ​នេះ​ឲ្យ​លោក​អ៊ុង ផាន់ សួរ​ហ្នឹង គឺ​គ្រាន់​តែ​ពន្យល់​ទេ មិន​ឲ្យ​ថា ពត៌មាន (ព រ៉ាត តៈ ម៉ាន) នោះ​ទេ តិច​លោ​ទៅ​ថា​អីចឹង។ បើ​បាលី​ដែល​គេ​រៀន​សព្វ​ថ្ងៃ​ហ្នឹង​គេ​អាន (វាត់​ តៈ ម៉ាន)។ វត្តមាន​ នេះ​ជា​ឈ្មោះ ឈ្មោះ​វិភត្តិ​អាខ្យាត ចំណែក​ខាង​ការ​បំបែក​កិរិយាសព្ទ ដែល​បារាំង​ហៅ​ថា verbe ជា​ពួក​ឈ្មោះ​ម៉ូតៗ​របស់ verbe នោះ​ផង គឺ​បច្ចុប្បន្ន verbe ណា បច្ចុប្បន្ន ដូច​ថា ខ្ញុំ​ទៅ… ខ្ញុំ​ធ្វើ… ខ្ញុំ​ឲ្យ… អាហ្នឹង​គឺ​ជា​បច្ចុប្បន្ន​គេ​ហៅ វត្តមាន។ វត្តមាន គឺ​ដូច​ព័ត៌មាន (ព រ៉ាត តៈ មាន) អីចឹង។ ឥឡូវ សារៈព័ត៌មាន ចុះ​ហេតុ​អី​គេ​យក សារៈ នឹង​មក​ថី! គឺ​លោក​អ្នក​បង្កើត​ពាក្យ លោក​ថា​ ព័ត៌មាន​ដែល​មាន​ខ្លឹមសារ ដែល​មាន​ប្រយោជន៍ intéressant បារាំង​​ថា intéressant ហើយ​អានឹង ​ដំណឹង​អី​មួយ​ដែល​គួរ​យក​មក​នាំ​ថ្លែង យក​មក​ឲ្យ​អស់​លោក​អ្នក​ទាំង​អស់​ឮ​រាល់​គ្នា​ហ្នឹង បាន​ជា​បង្កើត បញ្ចូល​ពាក្យ​ សារៈ នេះ​មួយ​មក ប៉ុន្តែ​ដល់​អ្នក​អាន លោក​អាន សាព័ត៌មាន ហ្នឹង​មិន​កើត​ទេ អាន​ហ្នឹង​ខូច​ហើយ ខូច​សម្ដី​មួយ​ហើយ។ នេះ​អាត្មា​បាន​សរសេរ​ពន្យល់​មក លោក​ចាង​ហ្វាង​វិទ្យុ​ហ្នឹង ច្រើន​ដង​ណាស់ ប៉ុន្តែ​គឺ​អ្នក​អាន​នេះ​ឯង គេ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ ខ្លះ​ក៏​ថា សារៈព័ត៌មាន​ទៅ ខ្លះ​ថា​សាព័ត៌មាន ទៅ ថា​សាព័ត៌មាន វា​បាត់ រ ទៅ វាទៅ​ជា​ព័ត៌មាន ដែល​រើសាជាថ្មី​វិញ ពីព្រោះ​សាចុះសា​ឡើង ដូច​យើង​និយាយ​ថា គេសា​ឡើង​ជា​ថ្មី ទៅ​មួយ​សា​ពីរ​សា។ សា​ ហ្នឹង​គ្មាន រ​ ទេ។ ដូច​ជា​សា​ស្រូវ សា​អី ដែល​វា​រើ​ឡើង​ទៀត ហ្នឹង​ដែល​គេ​ហៅ​ថា សា វា​ដែល​គេ​ច្រូត​អីចឹង​ទៅ នៅ​ជញ្ជ្រាំង វា ហើយ​មាន​ទឹក មាន​ដី​សើម ជញ្ជ្រាំង​វា​នៅស្រស់ វា​ដុះ​ពី​ជញ្ជ្រាំង​ហ្នឹង​ឡើង​ទៀត ដុះ​ភ្លាម ចេញ​ឱន​ទៅ ទុំ​ភ្លាម​មិន​យូរ​ទេ អា​ហ្នឹង គ្រាប់​ល្អិតៗ រួច​ស្រូវ​នេះ​បាយ​ឆ្ងាញ់​​ផង ប៉ុន្តែ​វា​ពិបាក​ច្រូត​ណាស់ អា​ហ្នឹង​គេ​ហៅ​ថា ស្រូវ​សា គេ​ហៅ​ សា​ស្រូវ​ក៏​បាន គេ​សួរ​ថា “ចុះ​អង្ករ​ហ្នឹង​អី​ល្អិត​ឆ្មិញ​អីចេះ! ថា​ទេ! អង្ករ​សា​ស្រូវ​សា​ទេ។ តា​ឡេងៗ គ្រាប់​ស្រូវ​ហ្នឹង​ល្អ​​ណាស់។ អា​ហ្នឹង​គេ​ហៅ​ថា សា។ សា ហ្នឹង​អត់ រ ទេ។ រួច​បើ​យើង​អាន សាព័ត៌មាន វា​ដូច​ជា​សា​ហ្នឹង​អីចឹង​ដែរ ថា​ព័ត៌មាន​ហ្នឹង​គេ​រើសើ​ឡើង​វិញ​ជា​ថ្មី​ទៀត។ មិន​មែន​ជា​ព័ត៌មាន មាន​ខ្លឹម មាន​ប្រយោជន៍​នោះ​ទេ។

នេះ​ហើយ​បាន​អាត្មា​ចេះ​តែ​រំឮក ថា​កុំ​ឲ្យ​អាន​ខុស​អីចឹង។ រួច​ចេះ​តែ​កញ្ឆក់ ហើយ​និង​ប្រញឹក ចុះ​ប្រញាប់​នឹង​ទៅ​ណា គ្រាន់​តែ រៈ។ រៈ ហ្នឹង​ឮ​តែ​បន្តិច ចុង​មាត់​ប៉ុណ្ណឹង​តើ! សារព័ត៌មានៗ។ កុំ​ចាំ (សា រៈ ព ដ មាន) សារព័ត៌មាន​នោះ វា​វែង​ណាស់។ កុំ​ឲ្យ​តែ សាព័ត៌មាន។ សារព័ត៌មាន សារទូរលេខ សារទូរស័ព្ទ សារប្រយោជន៍។ រួច​ឥឡូវ សាប្រយោជន៍ សាទូរលេខ សាទូរស័ព្ទ។ ទូរលេខ (ទូ រៈ លេ ខៈ) មក​ពី៖ ទូរៈ ប្រែ​ថា​ពី​ចម្ងាយ។ លេខៈ ថា​សរសេរ​កាល​នោះ គឺ​ថា​ប្រែ​ឲ្យ​ត្រូវ​នឹង​ពាក្យ​ថា តេឡេក្រាម ថា​សរសេរ​មក​ពី​ចម្ងាយ។ តេឡេហ្វូន និយាយ ឬ​កត់​មក​ពី​ចម្ងាយ។ ចុះ​រួច​បើ​ថា​ ទូ​លេខ ទូ​សព្ទ​ ហើយ​វា​ទៅ​ជា​ទូ​ដាក់​លេខ ទូ​ដាក់ នែក! កុម្ពី អី​ទៅ​ហើយ?​ វា​ខុស​គ្នា​អី​ចឹង! បាន​ជា​តោង​កុំ​អាល​ចោល កុំ​អាល​នឹង​ទៅ! ប្រញឹក​ទៅ​ណា អក្សរ​គេ​មាន​ដូច​ជា​និយាយ​ទៅ​វា​បែក​ទៅ​ទៀត។ អាត្មា​ចំណាំ​ទូល​ថ្វាយ​ថា ព្រះរាជឱង្ការ​នូវ​ព្រះ​បន្ទូល​សូរ​សីហនាទ ព្រះបាទ​សម្ដេច​ អង្គអីៗ គេ​ចេញ​ព្រះនាម​ទៅ មិន​ថា​នែក! សូរ​សីហនាទ​ទេ សូ​សីនាទ (សូ សី នាត)។

សូរៈ ប្រែ​ថា…

អាន​ និង​ស្ដាប់​ភាគ​ទី​ពីរ

Advertisements

មតិ»

1. “សារព័ត៌មាន” សម្ភាសន៍​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត « -:- កំណត់ហេតុសុភ័ក្ត្រ -:- - ខែមករា 18, 2008

[…] សូម​អញ្ជើញ​ស្ដាប់​និង​ស្វែង​យល់​ពី​ពាក្យ “សារព័ត៌មាន” និង​ពាក្យ​មួយ​ចំនួន​ទៀត​ដែល​ជា​ព្រះសូរ​សៀង​ដើម​ផ្ទាល់​របស់​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ក្នុង​នាទី​សម្ភាសន៍​អក្សរសាស្ត្រ​ខ្មែរ កាល​ពី​ទសវត្សរ៍​ឆ្នាំ​១៩៦០ ដូច​ត​ទៅ ពី​វេបប្លក់ http://www.chuonnat.wordpress.com ឬ​ចុច​នៅ​ទី​នេះ៕ […]

2. Boeun - ខែមករា 18, 2008

សរសេរ​បាន​ល្អ​ណាស់​សុភ័ក្ត្រ។

3. Rachna_Rainna - ខែមករា 19, 2008

ទី​បំផុត​បាន​ស្ដាប់​ហើយ! អរគុណ​បង! បង​ត្រូវ​ការ copy មក​ដាក់បែប​នេះ​មែន​ទេ? បើ​បែប​នេះ ប្អូន​មិន​បាច់ save ខ្សែ​អាត់​ទី​ពីរ​ជា pdf ទេ​មែន​ទេ?

4. សុភ័ក្ត្រ - ខែមករា 19, 2008

ផ្ញើ​ឲ្យ​បង​តាម​អ៊ីមែល​មក ចាំ​ទំនេរ​បង​កែ​សម្រួល​និង​ដាក់​នៅ​ទី​នេះ

5. ប៊ុន​ថុងយ៉ន - ខែមករា 19, 2008

ខ្ញុំសប្បាយរីករាយណាស់ដោយបានស្គាល់បង។
តើអ្នកសុខសប្បាយដែររឺទេ?
ខ្ញុំឈ្មោះយ៉ន។

6. Seima - ខែមករា 20, 2008

Pith Jeamen Athath Projouch Klaing nas Somrab Sangkum Khmer.

7. យន្ដ សុធា - ខែ​មេសា 29, 2008

សួស្ដីមិត្ត ខ្ញុំមានសេចក្ដីរីករាយណាស់ដែលបានអាចជីវប្រវត្តិមហាវីរបុរសខ្មែរ
មិត្តសរសេរបានល្អណាស់។ ខ្មុំចង់បានជីវប្រវត្តិមហាវីវបុរស ព្រះសង្ឃមួយចំនួនទៀតដូចជាស.ហួត​​​ តាត អ៊ុំ ស៊ុម ឃោសនន្ទ ។ល។
ព្រោះខ្មុំនៅក្រៅប្រទេសពិបាននឹងស្វែងរកណាស់។
សួមអរគុណទុកជាមុន។

8. ទឹម បឿន - ខែវិច្ឆិកា 25, 2008

អង្កាល​បាន​សរសេរ​ថែម​ទៀត​លោកភាក់? 😉

9. សុភ័ក្ត្រ - ខែវិច្ឆិកា 25, 2008

ចង់​ត​ណាស់​តែ​អត់​ពេល​សោះ ដូច​បឿន​ដឹង​ស្រាប់ អត់​មាន​នរណា​ជួយ! លោក​បឿន​ជួយ​ទេ? កិកិកិ!!!

10. រដ្ឋ - ខែវិច្ឆិកា 27, 2008

គ្រា​មួយ​​នោះ ឃើញ​នៅ​បណ្ណាគារ​មាន​លក់​សៀវភៅ​ស្ដី​ពី​កិច្ច​សម្ភាសន៍​នេះ​ដែរ​តើ … ខ្ញុំ​អត់​បាន​ទិញ​ព្រោះ​អត់​ទាន់​ចង់​អាន ឃើញ​វា​ក្រាស់​ពេក ។

11. បទ​សម្ភាស​អក្សរសាស្ត្រ​របស់​សម្ដេច​ព្រះសង្ឃរាជ​ជួន ណាត (ភាគ​ទី​២) « សម្ដេច​ព្រះសង្ឃរាជ ជ - ខែ​មីនា 7, 2009

[…] ជួន ណាត ភាគ​ទី​មួយ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: