សាលាក្រុងភ្នំពេញប្រារព្ធពិធីសម្ពោធកន្លែងបូជនីយដ្ឋានសម្ដេចព្រះសង្ឃរាជ ជួន ណាត និងព្រះភិរម្យភាសាអ៊ូ ហៅង៉ុយ ខែកុម្ភៈ 22, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.1 comment so far
លោកអភិបាលក្រុងថតរូបអនុស្សាវរីយ៍ជាមួយមន្ត្រីនៅមុខរូបសំណាក ព្រះភិរម្យភាសាអ៊ូ ហៅង៉ុយ
រាជធានីភ្នំពេញ៖ បូជនីយដ្ឋានរូបសំណាកសម្ដេចព្រះសង្ឃរាជ ជួន ណាត និងអ្នកព្រះភិរម្យភាសាអ៊ូ ហៅង៉ុយ ដែលសាលាក្រុងភ្នំពេញក្រោមគំនិតផ្ដួចផ្ដើមរបស់លោក កែប ជុតិមា ជាអភិបាលក្រុង បានកសាងតាំងពីថ្ងៃទី២៨ កញ្ញា ២០០៦ ត្រូវបានស្ថាបនារួចរាល់នៅថ្ងៃទី១៥ កុម្ភៈ ២០០៨ និងសម្ពោធគោរពបូជាជាផ្លូវការក្នុងពេលនេះ។ ពិធីក្រុងពាលីតាមប្រពៃណីព្រះពុទ្ធសាសនា ត្រូវបានប្រារព្ធធ្វើកាលពីល្ងាចថ្ងៃទី២០ កុម្ភៈ ២០០៨ និងកាត់ខ្សែបូសម្ពោធដាក់ឲ្យគោរពបូជាជាផ្លូវការនាព្រឹកថ្ងៃទី២១ កុម្ភៈ ក្រោមអធិបតីភាពលោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ តំណាងសម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការយាងចូលរួមពីសម្ដេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រះសង្ឃចំនួន១១៧អង្គ លោកឧកញ៉ា លោកជំទាវ មន្ត្រីរាជការ ក្រោមឱវាទសាលាក្រុង ដូនជី តាជី និងប្រជាពលរដ្ឋប្រមាណ៣ពាន់នាក់។
រូបសំណាកសម្ដេចព្រះសង្ឃរាជ ជួន ណាត ជាកន្លែងបូជនីយដ្ឋាន (រូបថត សុភ័ក្ត្រ)
លោកមុំ សុទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញបានឲ្យដឹងថា ផ្ដើមចេញពីគំនិតផ្ដួចផ្ដើមរបស់លោក កែប ជុតិមា អភិបាលរាជធានីភ្នំពេញ និងបានការអនុញ្ញាតពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃនេះសាលាក្រុងភ្នំពេញមានមោទនភាព និងកិត្តិយសដ៏ឧត្ដុងឧត្ដមបំផុត ដោយបានប្រារព្ធពិធីសម្ពោធនូវរូបសំណាកបូជនីយដ្ឋានសម្ដេចព្រះសង្ឃរាជ ជួន ណាត និងបូជនីយដ្ឋានអ្នកព្រះភិរម្យភាសាអ៊ូ ហៅង៉ុយ ដើម្បីទុកជានិមិត្តរូបក្នុងការគោរពបូជា និងដឹងគុណនូវវីរភាព និងគុណូបការៈរបស់លោកទាំងពីរ ដែលជាបុព្វបុរសអ្នកប្រាជ្ញកវីបណ្ឌិតតែងនិពន្ធអក្សរសាស្ត្រអក្សរសិល្ប៍ នៃប្រជាជាតិខ្មែរយើងនាសម័យកាលទសវត្សទី១៨ និង១៩ កន្លងទៅនេះ។
ចំពោះជីវប្រវត្តិសង្ខេបរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ត្រូវបានលោកមុំ សុទ្ធ លើកឡើងដែលយើងសូមធ្វើការសង្ខេបត្រួសៗថា សម្ដេចព្រះសង្ឃរាជ ជួន ណាត ទ្រង់ប្រសូតនៅថ្ងៃអង្គារ ១១រោច ខែផល្គុន ឆ្នាំវក ត្រូវនឹងថ្ងៃទី១១ មីនា ១៨៨៣ នៅភូមិកំរៀង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងគ្រួសារកសិករ។ បិតានាមព្រហ្ម ជួន មាតានាមយក់ មានបុត្រតែពីរនាក់សុទ្ធតែប្រុស ដែលកូនច្បងគឺសម្ដេចព្រះសង្ឃរាជ ជួន ណាត ឯកូនប្អូនគឺលោកអ្នកឧកញ៉ា ជួន នុត។ ព្រះអង្គបានបួសរៀនជាសាមណេរនៅវត្តពោធិព្រឹក្ស ហៅវត្តពោធិល្យំ លុះបួសរៀនបានពីរវស្សាដោយព្រះអង្គមានប្រាជ្ញាឆ្លាតវាងវៃរៀនសូត្រអក្សរលេខនព្វន្តចេះចងចាំពូកែលើសសិស្សផងទាំងពួង ព្រះគ្រូរបស់ព្រះអង្គក៏បានបញ្ជូនសម្ដេចទៅសិក្សារៀនសូត្រព្រះបរិយត្តិធម៌ពីសំណាក់ព្រះគ្រូទេព សោ គង់នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ។ បន្ទាប់ពីបំពេញជាភិក្ខុ សម្ដេចបាននិមន្តទៅបំពេញវិជ្ជាខាងភាសាសំស្ក្រឹត និងអក្សរសិលាចារឹកនៅសាលាបារាំងសែសចុងបូព៌ា នាទីក្រុងហាណូយ ប្រទេសវៀតណាម ហើយនៅឆ្នាំ១៩៦៣ សម្ដេចព្រះនរោត្ដម សីហនុ ប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រោសប្រទានប្រគេនឋានៈជាសម្ដេចព្រះសង្ឃរាជថ្នាក់ទី១។ សម្ដេចទ្រង់ចេះអក្សរ និងភាសាសៀម លាវ បារាំង អង់គ្លេស វៀតណាម និងភាសាផ្សេងៗមួយចំនួនទៀត។ ស្នាព្រះហស្តរបស់ព្រះអង្គមានស្ថាបនា និងចងក្រងសៀវភៅវចនានុក្រមខ្មែរភាគ១ និងភាគ២ កច្ចាយនូបត្ថម្ភ (វេយ្យាករណ៍បាលី) កាព្យធម៌ សុភមង្គលកថា បថ្យាវត្តជាភាសាបាលី និងប្រែសម្រាប់សូត្រថ្វាយសុភមង្គលសួស្ដីចំពោះព្រះមហាក្សត្រ និងអត្ថបទផ្សេងៗក្នុងទស្សនាវដ្ដីកម្ពុជសុរិយារបស់ពុទ្ធសាសនបណ្ឌិត្យ។ នៅថ្ងៃទី២៥ កញ្ញា ១៩៦៩ វេលាម៉ោង៨ និង២០នាទីយប់ ព្រះអង្គបានសោយទិវង្គតក្នុងព្រះជន្ម៨៦ឆ្នាំ។
ដោយឡែកជីវប្រវត្តិរបស់អ្នកព្រះភិរម្យភាសាអ៊ូ ហៅង៉ុយ តាមលោកមុំ សុទ្ធ បានឲ្យដឹងថា អ្នកព្រះភិរម្យភាសាអ៊ូ មានឈ្មោះពេញថា អ៊ុក អ៊ូ ហៅង៉ុយ កើតនៅភូមិព្រៃអណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ ខេត្តកណ្ដាល បិតាឈ្មោះអ៊ុក ធ្វើមេឃុំកំបូល មានគោរមងារជា “ចៅពញាធម្មធារា”។ លោកជាអ្នកមានវោហារលែបខាយ ប្រាជ្ញាវាងវៃ ចេះចាំរឿងរ៉ាវពីបុរាណទាំងគតិលោក និងគតិធម៌ ចេះច្រៀង ចេះភ្លេង និងជាអ្នកចម្រៀងខ្សែដៀវយ៉ាងចំណាន ធ្វើឲ្យកសិករឯទៀតនៅក្នុងភូមិស្រឡាញ់ ហើយគេនិយមហៅលោកថា “ភិរម្យង៉ុយ” ឬក្រមង៉ុយ រហូតមក។
នៅក្នុងឱកាសនោះ លោក កែប ជុតិមា អភិបាលក្រុងភ្នំពេញ បានថ្លែងថា ដើម្បីផ្សារភ្ជាប់នឹងចលនារបស់ប្រជាពលរដ្ឋក្នុងការចូលរួមអភិវឌ្ឍន៍ទីក្រុងភ្នំពេញឲ្យកាន់តែរីកចម្រើន ដែលកំពុងមានសកម្មភាពយ៉ាងរស់រវើក ថ្ងៃនេះរាជធានីភ្នំពេញបានប្រារព្ធពិធីអភិសេកបូជនីយដ្ឋាន សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ព្រះសង្ឃរាជថ្នាក់ទី១ គណៈមហានិកាយក្នុងឧទ្យានកណ្ដាលទីក្រុងដែលពុំធ្លាប់មានពីមុនមក។ ដើម្បីជាការតបស្នងសងគុណចំពោះព្រះអង្គជាអគ្គមហាបណ្ឌិត ដែលក្នុងមួយជីវិតរបស់ព្រះអង្គ បានចំណាយព្រះកាយពល និងព្រះបញ្ញាញាណបម្រើជាតិ សាសនា ព្រះមហាក្សត្រ និងបានបំពេញកិច្ចការជាស្នាព្រះហស្តខាងអក្សរសាស្ត្រ ជាពិសេសស្នាព្រះហស្តដែលរំឮកឃើញរាល់ថ្ងៃ គឺព្រះរាជនិពន្ធបទនគររាជ សម្រាប់ភ្លេងជាតិខ្មែរ ព្រះអង្គបានបំពេញភារកិច្ចយ៉ាងឧត្តុង្គឧត្តមក្នុងវិស័យព្រះពុទ្ធសាសនា ទាំងនៅក្នុង និងក្រៅប្រទេស។
លោក កែប ជុតិមា បានបន្ថែមថា ចំពោះការស្ថាបនាបូជនីយដ្ឋានអ្នកព្រះភិរម្យភាសាអ៊ូ ហៅង៉ុយ ក៏ដើម្បីតបស្នងសងគុណដល់លោក ដែលជាអ្នកមានវោហារលែបខាយប្រាជ្ញាវាងវៃ មានស្នាដៃយ៉ាងធំធេងសម្រាប់ប្រទេសជាតិមាតុភូមិផងដែរ៕
ស្រង់ចេញពីកោះសន្តិភាព
មនុស្ស៣ពាន់នាក់នឹងចូលរួមអភិសេករូបសំណាកសម្ដេចសង្ឃជួន ណាត និងអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ ខែកុម្ភៈ 8, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.7 comments
● សម្ដែងល្ខោនចាប៉ីដងវែងទល់ភ្លឺជូនប្រជាជនទស្សនាយប់ថ្ងៃទី២០កុម្ភៈ
ភ្នំពេញ៖ សាលាក្រុងភ្នំពេញបានគ្រោងរៀបចំពិធីអភិសេករូបសំណាកសម្ដេចព្រះមហាសុមេធាធិបតីជួន ណាត ព្រះសង្ឃរាជថ្នាក់ទី១គណៈមហានិកាយ និងរូបសំណាក និងបូជនីយដ្ឋានអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ រយៈពេលពីរថ្ងៃ ពីថ្ងៃទី២០ និង២១ ខែកុម្ភៈខាងមុខនេះ ក្រោមអធិបតីភាពលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ និងលោកស្រីតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ហើយមានការចូលរួមអបអរសាទរពីប្រជាជន ពុទ្ធបរិស័ទ សិស្សានុសិស្ស និស្សិត មន្ត្រីរាជការប្រមាណជាង៣.០០០នាក់ផងដែរ។
មន្ត្រីសាលាក្រុងភ្នំពេញបានប្រាប់រស្មីកម្ពុជាកាលពីថ្ងៃទី៧ ខែកុម្ភៈថាសាលាក្រុងភ្នំពេញនឹងប្រារព្ធពិធីអភិសេកខាងលើឲ្យធំសម្រាប់ឆ្នាំ២០០៨នេះ ហើយបើយោងតាមគម្រោងសាលាក្រុងគ្រោងនេះនៅរសៀលថ្ងៃទី២០ ខែកុម្ភៈ នឹងមានធ្វើពិធីសូត្រមន្តក្រុងពាលីរូបសំណាកសម្ដេចព្រះមហាសុមេធាធិបតីជួន ណាត និងអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ។ នៅយប់ថ្ងៃដដែលមានសម្ដែងល្ខោនបាសាក់រឿងព្រះវេស្សន្ដរ និងចាប៉ីដងវែងរហូតទល់ភ្នឺឲ្យប្រជាជនទស្សនាកម្សាន្តសប្បាយនៅទីលានជាប់សួនច្បារសម្ដេចតេជោហ៊ុន សែន មាត់ទន្លេបាសាក់ទៀតផង។
នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ សាលាក្រុងរៀបចំពិធីអភិសេក និងសម្ពោធរូបសំណាកសម្ដេចព្រះមហាសុមេធាធិបតីជួន ណាត និងរូបសំណាកអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ ជាផ្លូវការ ដោយមានការចូលរួមពីមហាជន ប្រជាជនជាង៣.០០០នាក់ ព្រះសង្ឃ១០៧អង្គ ព្រមទាំងមានពិធីរាប់បាត្របួងសួងសុំសេចក្ដីសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អសម្រាប់រាជធានីភ្នំពេញផងដែរ។
រូបសំណាក និងបូជនីយដ្ឋានសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត មិនទាន់បើកស្បៃចេញ (រូបថត៖ រ៉ាម៉ន)
សាលាក្រុងភ្នំពេញបានបញ្ជាក់ថា បូជនីយដ្ឋានទាំងពីរខាងលើដែលដឹកនាំដោយលោកកែប ជុតិមា បានធ្វើការសាងសង់ឡើងក្រោមការណែនាំផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០០៦ ហើយគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០០៨ខាងមុខ។ ប៉ុន្តែដោយលោកកែប ជុតិមា ជំរុញក្រុមអ្នកឯកទេសវិស្វករការស្ថាបនាបានរួចរាល់មុនគម្រោងដែលគ្រោងទុក។
មន្ត្រីរូបនេះបានបញ្ជាក់ទៀតថា ការកសាងរូបសំណាក និងបូជនីយដ្ឋានទាំងពីរនាពេលនេះជាការផ្ដើមគំនិតដោយលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បន្ទាប់ពីមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដើម្បីទុកឲ្យកូនចៅខ្មែរជំនាន់នេះ និងជំនាន់ក្រោយបានស្គាល់ បានឃើញរូបសំណាករបស់អ្នកប្រាជ្ញ កវីនិពន្ធខ្មែរដ៏ល្បីល្បាញមានកេរ្ដិ៍ឈ្មោះពេញពិភពលោកក្នុងសតវត្សរ៍ទី២០។
អ្នកជំនាញបានបញ្ជាក់ថា រូបសំណាកអ្នកប្រាជ្ញខ្មែរទាំងពីរធ្វើអំពីស្ពាន់។ រូបសំណាក និងបូជនីយដ្ឋានសម្ដេចព្រះមហាសុមេធាធិបតីជួន ណាត មានទំហំ១៥,២៤ម៉ែត្រ៤ជ្រុង មានកម្ពស់ពីដីដល់ឆត្ររួតលើព្រះកេសកម្ពស់១០,៧៦ម៉ែត្រ ហើយមានខឿន២ តូចមួយ ធំមួយ ខឿនតូចខាងលើសម្រាប់តម្កល់រូបសំណាកសម្ដេចព្រះមហាសុមេធាធិបតីធ្វើអំពីស្ពាន់សម្ដេចគង់លើបល្ល័ង្កស្ពាន់ដ៏ស្រស់ស្អាតមួយ ហើយបរិវេណខាងក្រោមក្រាលថ្មបាយក្រៀមធ្វើផ្លូវដើរ៤ទិស និងក្រាលថ្មហាមខាងក្នុង ហើយជុំវិញបូជនីយដ្ឋានដាំស្មៅ ដាំផ្កា ដាក់ភ្លើងបំភ្លឺ។
រូបសំណាក និងបូជនីយដ្ឋានសម្ដេចព្រះមហាសុមេធាធិបតីជួន ណាត តាំងនៅលើរង្វង់សួនច្បារសម្ដេចតេជោ ហ៊ុន សែន ហើយមកដល់ពេលនេះកសាងសម្ដេចបានជិត១០០ភាគរយហើយ រង់ចាំថ្ងៃអភិសេកតែប៉ុណ្ណោះ។ រូបសំណាកខាងលើស្ថិតក្នុងខណ្ឌចម្ការមន។
ដោយឡែករូបសំណាក និងបូជនីយដ្ឋានអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ បានកសាងនៅសួនច្បារមួយខាងមុខសណ្ឋាគារកាំបូឌីយ៉ាណា ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ហើយបានកសាងជិតរួច១០០ភាគរយផងដែរហើយ។
រូបសំណាក និងបូជនីយដ្ឋានអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ (មិនទាន់បើកស្បៃ) (រូបថត៖ រ៉ាម៉ន)
រូបសំណាកអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ សង់ជារូបអង្គុយកេះចាប៉ីដងវែង ហើយរូបសំណាកធ្វើអំពីស្ពាន់ដូចគ្នា។ ការកសាងរូបសំណាក និងបូជនីយដ្ឋានអ្នកប្រាជ្ញ និងវីរជនខ្មែរល្បីនេះ ដើម្បីទាក់ទាញសមានចិត្តភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាភ្នំពេញឲ្យបានច្រើន មានកន្លែងទស្សនាផង អភិវឌ្ឍន៍ទីក្រុងផងដែរ៕ រ៉ាម៉ន
ស្រង់ចេញពីសារព័ត៌មានរស្មីកម្ពុជា លេខ៤៥១០ ឆ្នាំទី១៦ ថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០០៨
អានអត្ថបទទាក់ទង៖
សាលាក្រុងភ្នំពេញសាងបូជនីយដ្ឋានសម្ដេចព្រះសង្ឃរាជ ជួន ណាត
ព្រះរាជជីវប្រវត្តិនៃសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (លេខទី៣) ខែកុម្ភៈ 2, 2008
Posted by សុភ័ក្ត្រ in ព្រះរាជជីវប្រវត្តិ.3 comments
(តពីលេខមុន) លេខទី២
៧. ឋានន្តរបរិច្ឆេទ (កំណត់អំពីឋានន្តរ)
-
ព.ស.២៤៨៦ គ.ស.១៩៤២ សម្ដេចទ្រង់បានទទួលឋានន្តរ ជាចាងហ្វាងនៃ សាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ ដែលសព្វថ្ងៃកែប្រែឈ្មោះជាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
-
ព.ស.២៤៨៨ គ.ស.១៩៤៤ សម្ដេចទ្រង់បានទទួលតំណែងជាចៅអធិការវត្តឧណ្ណាលោម។
-
ព.ស.២៤៨៩ គ.ស.១៩៤៥ សម្ដេចទ្រង់បានទទួលនាទីជាអធិបតីនៃថេរសភា គឺក្រុមជំនុំជាន់ខ្ពស់របស់សង្ឃ។
-
ព.ស.២៤៩១ គ.ស.១៩៤៧ សម្ដេចទ្រង់បានទទួលនាទីជាអនុប្រធានគណៈកម្មការវប្បធម៌ផ្នែកអក្សរ ក នៃ គណៈកម្មការជាតិខាងការសិក្សា។
-
ព.ស.២៤៩២ គ.ស.១៩៤៨ សម្ដេចទ្រង់បានទទួលនាទីជាប្រធានគណៈកម្មការធម្មវិន័យពិនិត្យការផ្សាយសៀវភៅសម្រាប់សាលាធម្មវិន័យក្នុងព្រះរាជាណាចក្រ។
-
គ.ស.១៩៦១ រហូតមក សម្ដេចទ្រង់ប្រោសមេត្តាទទួលនិមន្តរបស់សមាគមអ្នកនិពន្ធខ្មែរធ្វើជាព្រះប្រធាននៃ ការសម្ភាសអក្សរសាស្ត្រ ផ្សាយតាមវិទ្យុជាតិរៀងរាល់ថ្ងៃសុក្រ។
-
គ.ស.១៩៦៨ ទ្រង់ទទួលឋានៈជាប្រធានគណៈកម្មការពិនិត្យអត្ថបទផ្សាយជារឿងខាងប្រវត្តិសាស្ត្រខ្មែរ។
-
គ.ស.១៩៦៩ ព្រះអង្គទ្រង់ទទួលការតែងតាំងជាប្រធានគណៈកម្មការពិនិត្យ និងកំណត់អំពីន័យរបស់ទង់ជាតិខ្មែរ។
ព្រះកិច្ចការដែលសម្ដេចទ្រង់បានបំពេញក្នុងព្រះពុទ្ធសាសនានៅបរទេស
-
នៅព.ស.២៤៧៥ គ.ស.១៩៣១ សម្ដេចទ្រង់បានដឹកនាំគណៈប្រតិភួនៃមន្ត្រីសង្ឃ ទៅកាន់ក្រុងវៀងច័ន្ទន៍ និងក្រុងហ្លួងព្រះបាង ប្រទេសលាវ ដើម្បីរួបរួមក្នុងពិធីសម្ពោធពុទ្ធសាសនបណ្ឌិត្យប្រទេសលាវផង ដើម្បីជំនុំពិភាក្សាអំពីការសិក្សាសម្រាប់សាលាបាលីរងនៅប្រទេសលាវផង។
-
ព.ស.២៤៧៧ គ.ស.១៩៣៣ សម្ដេចទ្រង់បានដឹកនាំ គណៈប្រតិភូព្រះសង្ឃខ្មែរទៅធ្វើទស្សនាចរណ៍ចំពោះវត្តខ្មែរទាំងឡាយក្នុងដែនកូសាំងស៊ីន កម្ពុជាក្រោម។
-
នៅព.ស.២៤៨៣ គ.ស.១៩៣៩ សម្ដេចទ្រង់បានដឹកនាំគណៈប្រតិភូមួយទៅកាន់ប្រទេសលាវម្ដងទៀត ដើម្បីប្រជុំប្រឹក្សាកិច្ចការ នៃពុទ្ធសាសនបណ្ឌិត្យប្រទេសលាវ និងការសិក្សាសម្រាប់សាលាបាលីនៅប្រទេសលាវផង ដើម្បីជួយរំលឹកដាស់តឿនប្រជាជាតិលាវឲ្យមានការសិក្សាព្រះបរិយត្តធម៌ និងការប្រតិបត្តិព្រះពុទ្ធសាសនា ឲ្យស្របគ្នាតាមរបៀបការសិក្សា និងការប្រតិបត្តិព្រះពុទ្ធសាសនានៃប្រទេសកម្ពុជា ទាំងប្រជាជាតិនៅក្នុងទីប្រជុំជន និងក្នុងខេត្តនានា នៃព្រះរាជាណាចក្រលាវ ខំប្រឹងយកចិត្តទុកដាក់ក្នុងការសិក្សា និងការប្រតិបត្តិឲ្យបានត្រឹមត្រង់គន្លងព្រះពុទ្ធសាសនាផង។
-
ព.ស.២៤៨៧ គ.ស.១៩៤៣ សម្ដេចទ្រង់បានទទួលនាទីជាសមាជិកឆ្លើយឆ្លងនៃសាលាបារាំងសែសនៅចុងបូព៌ាប្រទេស ហើយនៅព.ស.២៤៩២ គ.ស.១៩៤៨ សម្ដេចបានទ្រង់ទទួលនាទីជាសមាជិកកិត្តិយសនៃសាលានេះដរាបមក។
-
ព.ស.២៤៩៤ គ.ស.១៩៥០ សម្ដេចបានទ្រង់ដឹកនាំគណៈប្រតិភូខ្មែរនៅប្រជុំសន្និសីទដើម្បីបង្កើតពុទ្ធិកសមាគមពិភពលោកនៅក្រុងកោលម្បូ ប្រទេសស្រីលង្កាទ្វីប។
-
នៅព.ស.២៤៩៧ គ.ស.១៩៥៣ សម្ដេចបានទ្រង់ដឹកនាំគណៈប្រតិភូខ្មែរទៅបំពេញបេសកកម្មសុឆន្ទៈប្រឹក្សាសម្រេចរឿងឆដ្ឋសង្គាយនា នៅក្រុងរង្គូន សហភាពភូមា។
-
ក្នុងឆ្នាំជាបន្ទាប់នៅព.ស.២៤៩៨ គ.ស.១៩៥៤ សម្ដេចបានទ្រង់ដឹកនាំគណៈប្រតិភូខ្មែរនិមន្តនៅកាន់ក្រុងរង្គូន ប្រទេសភូមាម្ដងទៀត ដើម្បីរួបរួមក្នុងការប្រជុំធ្វើឆដ្ឋសង្គាយនាសម័យប្រជុំដំបូង។
-
កន្លងមួយឆ្នាំក្រោយមក ព.ស.២៤៩៩ គ.ស.១៩៥៥ សម្ដេចទ្រង់បានដឹកនាំគណៈប្រតិភូខ្មែរទៅកាន់ទីឆដ្ឋសង្គាយ នៅក្រុងរង្គូន ប្រទេសភូមា ជាលើកទីបីដើម្បីប្រជុំ ហើយបិទសម័យប្រជុំប្រចាំឆ្នាំ។
-
នៅព.ស.២៥០៣ គ.ស.១៩៥៩ សម្ដេចទ្រង់បានដឹកនាំគណៈប្រតិភូខ្មែរទៅកាន់ក្រុងជកត៌ា និងក្រុងសឹម៉ារ៉ាំង កោះជ្វា ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមក្នុងពិធីបុណ្យវិសាខបូជា។
-
ព.ស.២៥០៣ ចូលរួមពិធីបញ្ចុះខណ្ឌសីមា និងពិធីសន្មតរោងឧបោសថ ព្រមទាំងជាព្រះឧបជ្ឈាយ៍បំបួសកុលបុត្រ អ្នកប្រទេសនោះចំនួនបីរូបផង។
៨. សមណសក្ដិបរិច្ឆេទ (កំណត់អំពីសមណស័ក្តិ)
ដោយព្រះមហាវិរិយភាពរបស់សម្ដេច ដែលទ្រង់បានបំពេញទាំងផ្លូវព្រះពុទ្ធសាសនា ទាំងផ្លូវលោកដែលយើងបានឃើញជាភស្តុតាង សម្ដេចក៏បានឡើងសមណស័ក្តិជាលំដាប់លំដោយ ដូចតទៅនេះគឺ៖
-
ព.ស.២៤៥៤ គ.ស.១៩១០ សម្ដេចបានទទួលការតែងតាំងក្នុងសមណស័ក្តិ ជាព្រះបាឡាត់សាក្យបុត្តិយ៍ (បាឡាត់របស់ព្រះសក្យវង្ស នុត វត្តឧណ្ណាលោម)។
-
ព.ស.២៤៥៦ គ.ស.១៩១២ សម្ដេចបានទទួលសមណស័ក្តិជាព្រះគ្រូសង្ឃសត្ថា (ទីឋានានុក្រម សម្រាប់ថ្នាក់ឯករបស់សម្ដេចព្រះសង្ឃរាជព្រះនាម និល ទៀង)។
-
ព.ស.២៤៧៥ គ.ស.១៩៣១ សម្ដេចបានឡើងសមណស័ក្តិជាព្រះសាសនសោភ័ណ (រាជាគណៈកិត្តិយស)។
-
ព.ស.២៤៨៤ គ.ស.១៩៤០ សម្ដេចបានឡើងសមណស័ក្តិជាព្រះពុទ្ធឃោសាចារ្យ (រាជាគណៈថ្នាក់ទី២)។
-
ព.ស.២៤៨៨ គ.ស.១៩៤៤ សម្ដេចបានឡើងជាសមណស័ក្តិជាព្រះពោធិវ័ង្ស (រាជាគណៈថ្នាក់ទី១)។
-
ព.ស.២៤៩២ គ.ស.១៩៤៨ សម្ដេចបានឡើងសមណស័ក្តិខ្ពស់បំផុតជាព្រះមហាសុមេធាធិបតី សង្ឃនាយក គណៈមហានិកាយ។
-
ព.ស.២៤៩៤ គ.ស.១៩៥០ ព្រះករុណាជាអម្ចាស់ជីវិតទ្រង់បានប្រោសប្រទានប្រគេនព្រះឋានៈជាសម្ដេចព្រះមហាសុមេធាធិបតី សង្ឃនាយកគណៈមហានិកាយ។
-
លុះដល់មកព.ស.២៤៩៨ គ.ស.១៩៥៤ រដ្ឋាភិបាលសហភាពភូមាបានប្រគេនព្រះឋានៈសម្ដេចជា ព្រះអគ្គមហាបណ្ឌិតសហភាពភូមា។
-
ស្រាប់តែដល់មកព.ស.២៥០១ គ.ស.១៩៥៧ រដ្ឋាភិបាលសហភាពភូមា បានសូមតម្លើងព្រះឋានៈសម្ដេចជា ព្រះអភិធជៈមហារដ្ឋគរុ នៃសហភាពភូមាទៀត ដែលជាសមណស័ក្តិដ៏ខ្ពស់បំផុតមានតែមួយអង្គក្នុងសហភាពភូមា។
-
ខែកុម្ភៈ គ.ស.១៩៦៤ អ្នកនិពន្ធខ្មែរទាំងអស់បានថ្វាយព្រះឋានៈព្រះអង្គជា ព្រះអគ្គនិពន្ធអក្សរសាស្ត្រខ្មែរ និងជាសមាជិកកិត្តិយសនៃសមាគមអ្នកនិពន្ធខ្មែរផង។
-
ព.ស.២៥០៧ គ.ស.១៩៦៣ សម្ដេចព្រះ នរោត្ដម សីហនុ ព្រះប្រមុខរដ្ឋនៃប្រទេសកម្ពុជា ទ្រង់បានប្រោសប្រទានព្រះឋានៈសម្ដេចជា សម្ដេចព្រះសង្ឃរាជថ្នាក់ទី១។
-
ថ្ងៃទី២៨ ឧសភា ១៩៦៧ ទ្រង់បានទទួលសញ្ញាប័ត្របណ្ឌិតអក្សរសាស្ត្រ ពេញលក្ខណៈអំពីសម្ដេចព្រះប្រមុខរដ្ឋក្នុងនាមមហាវិទ្យាល័យអក្សរសាស្ត្រ និងមនុសាស្ត្រ នៃភូមិន្ទសកលវិទ្យាល័យ។
៩. ឥស្សរិយបរិច្ឆេទ (កំណត់អំពីឥស្សរិយយស)
គ្រឿងឥស្សរិយយសដែលសម្ដេចបានទទួលមានដូចតទៅនេះ គឺ៖
-
– មេដាយអស្សឫទ្ធិមុនីសារភរណ៍ នៅព.ស.២៤៦១ គ.ស.១៩១៧។
-
– មេដាយអស្សឫទ្ធិព្រះរាជាណាចក្រកម្ពុជា នៅព.ស.២៤៦៧ គ.ស.១៩៣២។
-
– មេដាយអស្សឫទ្ធិដំរីមួយលាន និងស្វេតច្ឆត្រ ប្រទេសលាវ នៅព.ស.២៤៧៦ គ.ស.១៩៣២។
-
– មេដាយសេនានៃបណ្ឌិតសភា សាធារណរដ្ឋបារាំង នៅព.ស.២៤៨១ គ.ស.១៩៣៧។
-
– មេដាយអស្សឫទ្ធិដឹឡាឡេស្យុងដូណ្ណើរ នៃសាធារណរដ្ឋបារាំង នៅព.ស.២៤៨៦ គ.ស.១៩៤២។
-
– មេដាយសេនា នៃព្រះរាជាណាចក្រកម្ពុជា នៅព.ស.២៤៨៨ គ.ស.១៩៤៤។
-
– មេដាយសេនាដឹឡាឡេស្យុងដូណ្ណើរ នៃសាធារណរដ្ឋបារាំង នៅព.ស.២៤៩២ គ.ស.១៩៤៨។
-
– មេដាយមហាសិរីវឌ្ឍន៍ ព្រះរាជាណាចក្រកម្ពុជា នៅព.ស.២៥០៥ គ.ស.១៩៦២។
-
– មេដាយមហាសិរីវឌ្ឍសុវត្ថារា នៅព.ស.២៥០៦ គ.ស.១៩៦៣។
-
– មេដាយជាតូបការ ដែលជាគ្រឿងឥស្សរិយយសធំបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា នៅព.ស.២៥១៣ គ.ស.១៩៦៩។