មនុស្ស៣ពាន់នាក់នឹងចូលរួមអភិសេករូបសំណាកសម្ដេចសង្ឃជួន ណាត និងអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ ខែកុម្ភៈ 8, 2008
Posted by សុភ័ក្ត្រ in ព័ត៌មាន.7 comments
● សម្ដែងល្ខោនចាប៉ីដងវែងទល់ភ្លឺជូនប្រជាជនទស្សនាយប់ថ្ងៃទី២០កុម្ភៈ
ភ្នំពេញ៖ សាលាក្រុងភ្នំពេញបានគ្រោងរៀបចំពិធីអភិសេករូបសំណាកសម្ដេចព្រះមហាសុមេធាធិបតីជួន ណាត ព្រះសង្ឃរាជថ្នាក់ទី១គណៈមហានិកាយ និងរូបសំណាក និងបូជនីយដ្ឋានអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ រយៈពេលពីរថ្ងៃ ពីថ្ងៃទី២០ និង២១ ខែកុម្ភៈខាងមុខនេះ ក្រោមអធិបតីភាពលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ និងលោកស្រីតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ហើយមានការចូលរួមអបអរសាទរពីប្រជាជន ពុទ្ធបរិស័ទ សិស្សានុសិស្ស និស្សិត មន្ត្រីរាជការប្រមាណជាង៣.០០០នាក់ផងដែរ។
មន្ត្រីសាលាក្រុងភ្នំពេញបានប្រាប់រស្មីកម្ពុជាកាលពីថ្ងៃទី៧ ខែកុម្ភៈថាសាលាក្រុងភ្នំពេញនឹងប្រារព្ធពិធីអភិសេកខាងលើឲ្យធំសម្រាប់ឆ្នាំ២០០៨នេះ ហើយបើយោងតាមគម្រោងសាលាក្រុងគ្រោងនេះនៅរសៀលថ្ងៃទី២០ ខែកុម្ភៈ នឹងមានធ្វើពិធីសូត្រមន្តក្រុងពាលីរូបសំណាកសម្ដេចព្រះមហាសុមេធាធិបតីជួន ណាត និងអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ។ នៅយប់ថ្ងៃដដែលមានសម្ដែងល្ខោនបាសាក់រឿងព្រះវេស្សន្ដរ និងចាប៉ីដងវែងរហូតទល់ភ្នឺឲ្យប្រជាជនទស្សនាកម្សាន្តសប្បាយនៅទីលានជាប់សួនច្បារសម្ដេចតេជោហ៊ុន សែន មាត់ទន្លេបាសាក់ទៀតផង។
នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ សាលាក្រុងរៀបចំពិធីអភិសេក និងសម្ពោធរូបសំណាកសម្ដេចព្រះមហាសុមេធាធិបតីជួន ណាត និងរូបសំណាកអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ ជាផ្លូវការ ដោយមានការចូលរួមពីមហាជន ប្រជាជនជាង៣.០០០នាក់ ព្រះសង្ឃ១០៧អង្គ ព្រមទាំងមានពិធីរាប់បាត្របួងសួងសុំសេចក្ដីសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អសម្រាប់រាជធានីភ្នំពេញផងដែរ។
រូបសំណាក និងបូជនីយដ្ឋានសម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត មិនទាន់បើកស្បៃចេញ (រូបថត៖ រ៉ាម៉ន)
សាលាក្រុងភ្នំពេញបានបញ្ជាក់ថា បូជនីយដ្ឋានទាំងពីរខាងលើដែលដឹកនាំដោយលោកកែប ជុតិមា បានធ្វើការសាងសង់ឡើងក្រោមការណែនាំផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០០៦ ហើយគ្រោងបញ្ចប់នៅខែមីនា ឆ្នាំ២០០៨ខាងមុខ។ ប៉ុន្តែដោយលោកកែប ជុតិមា ជំរុញក្រុមអ្នកឯកទេសវិស្វករការស្ថាបនាបានរួចរាល់មុនគម្រោងដែលគ្រោងទុក។
មន្ត្រីរូបនេះបានបញ្ជាក់ទៀតថា ការកសាងរូបសំណាក និងបូជនីយដ្ឋានទាំងពីរនាពេលនេះជាការផ្ដើមគំនិតដោយលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ បន្ទាប់ពីមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដើម្បីទុកឲ្យកូនចៅខ្មែរជំនាន់នេះ និងជំនាន់ក្រោយបានស្គាល់ បានឃើញរូបសំណាករបស់អ្នកប្រាជ្ញ កវីនិពន្ធខ្មែរដ៏ល្បីល្បាញមានកេរ្ដិ៍ឈ្មោះពេញពិភពលោកក្នុងសតវត្សរ៍ទី២០។
អ្នកជំនាញបានបញ្ជាក់ថា រូបសំណាកអ្នកប្រាជ្ញខ្មែរទាំងពីរធ្វើអំពីស្ពាន់។ រូបសំណាក និងបូជនីយដ្ឋានសម្ដេចព្រះមហាសុមេធាធិបតីជួន ណាត មានទំហំ១៥,២៤ម៉ែត្រ៤ជ្រុង មានកម្ពស់ពីដីដល់ឆត្ររួតលើព្រះកេសកម្ពស់១០,៧៦ម៉ែត្រ ហើយមានខឿន២ តូចមួយ ធំមួយ ខឿនតូចខាងលើសម្រាប់តម្កល់រូបសំណាកសម្ដេចព្រះមហាសុមេធាធិបតីធ្វើអំពីស្ពាន់សម្ដេចគង់លើបល្ល័ង្កស្ពាន់ដ៏ស្រស់ស្អាតមួយ ហើយបរិវេណខាងក្រោមក្រាលថ្មបាយក្រៀមធ្វើផ្លូវដើរ៤ទិស និងក្រាលថ្មហាមខាងក្នុង ហើយជុំវិញបូជនីយដ្ឋានដាំស្មៅ ដាំផ្កា ដាក់ភ្លើងបំភ្លឺ។
រូបសំណាក និងបូជនីយដ្ឋានសម្ដេចព្រះមហាសុមេធាធិបតីជួន ណាត តាំងនៅលើរង្វង់សួនច្បារសម្ដេចតេជោ ហ៊ុន សែន ហើយមកដល់ពេលនេះកសាងសម្ដេចបានជិត១០០ភាគរយហើយ រង់ចាំថ្ងៃអភិសេកតែប៉ុណ្ណោះ។ រូបសំណាកខាងលើស្ថិតក្នុងខណ្ឌចម្ការមន។
ដោយឡែករូបសំណាក និងបូជនីយដ្ឋានអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ បានកសាងនៅសួនច្បារមួយខាងមុខសណ្ឋាគារកាំបូឌីយ៉ាណា ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ហើយបានកសាងជិតរួច១០០ភាគរយផងដែរហើយ។
រូបសំណាក និងបូជនីយដ្ឋានអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ (មិនទាន់បើកស្បៃ) (រូបថត៖ រ៉ាម៉ន)
រូបសំណាកអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ សង់ជារូបអង្គុយកេះចាប៉ីដងវែង ហើយរូបសំណាកធ្វើអំពីស្ពាន់ដូចគ្នា។ ការកសាងរូបសំណាក និងបូជនីយដ្ឋានអ្នកប្រាជ្ញ និងវីរជនខ្មែរល្បីនេះ ដើម្បីទាក់ទាញសមានចិត្តភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាភ្នំពេញឲ្យបានច្រើន មានកន្លែងទស្សនាផង អភិវឌ្ឍន៍ទីក្រុងផងដែរ៕ រ៉ាម៉ន
ស្រង់ចេញពីសារព័ត៌មានរស្មីកម្ពុជា លេខ៤៥១០ ឆ្នាំទី១៦ ថ្ងៃសុក្រ ទី០៨ ខែកុម្ភៈ ឆ្នាំ២០០៨
អានអត្ថបទទាក់ទង៖
សាលាក្រុងភ្នំពេញសាងបូជនីយដ្ឋានសម្ដេចព្រះសង្ឃរាជ ជួន ណាត