jump to navigation

មនុស្ស​៣​ពាន់​នាក់​នឹង​ចូលរួម​អភិសេក​រូប​សំណាក​សម្ដេច​សង្ឃ​ជួន ណាត និង​អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ ខែ​កុម្ភៈ 8, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback

សម្ដែង​ល្ខោន​ចាប៉ី​ដង​វែង​ទល់​ភ្លឺ​ជូន​ប្រជាជន​ទស្សនា​យប់​ថ្ងៃ​ទី​២០​កុម្ភៈ

ភ្នំពេញ៖ សាលា​ក្រុង​ភ្នំពេញ​បាន​គ្រោង​រៀបចំ​ពិធី​អភិសេក​រូប​សំណាក​សម្ដេច​ព្រះ​មហា​សុមេធាធិបតី​ជួន ណាត ព្រះសង្ឃរាជ​ថ្នាក់​ទី​១​គណៈ​មហានិកាយ និង​រូប​សំណាក និង​បូជនីយដ្ឋាន​អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ រយៈ​ពេល​ពីរ​ថ្ងៃ ពី​ថ្ងៃ​ទី​២០ និង​២១ ខែ​កុម្ភៈ​ខាង​មុខ​នេះ ក្រោម​អធិបតីភាព​លោក​កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ស្រី​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ជំទាវ ហើយ​មាន​ការ​ចូលរួមអបអរ​សាទរ​ពី​ប្រជាជន ពុទ្ធ​បរិស័ទ សិស្សានុសិស្ស និស្សិត មន្ត្រី​រាជការ​ប្រមាណ​ជាង​៣.០០០​នាក់​ផង​ដែរ។

មន្ត្រី​សាលា​ក្រុង​ភ្នំពេញ​បាន​ប្រាប់​រស្មី​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ​ថា​សាលា​ក្រុង​ភ្នំពេញ​នឹង​ប្រារព្ធ​ពិធី​អភិសេក​ខាង​លើ​ឲ្យ​ធំ​សម្រាប់​ឆ្នាំ​២០០៨​នេះ ហើយ​បើ​យោង​តាម​គម្រោង​សាលា​ក្រុង​គ្រោង​នេះ​នៅ​រសៀល​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ នឹង​មាន​ធ្វើ​ពិធី​សូត្រ​មន្ត​ក្រុង​ពាលី​រូប​សំណាក​សម្ដេច​ព្រះ​មហាសុមេធាធិបតី​ជួន ណាត និង​អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ។ នៅ​យប់​ថ្ងៃ​ដដែល​មាន​សម្ដែង​ល្ខោន​បាសាក់​រឿង​ព្រះ​វេស្សន្ដរ និង​ចាប៉ី​ដង​វែង​រហូត​ទល់​ភ្នឺ​ឲ្យ​ប្រជាជន​ទស្សនា​កម្សាន្ត​សប្បាយ​នៅ​ទី​លាន​ជាប់​សួន​ច្បារ​សម្ដេច​តេជោ​ហ៊ុន សែន មាត់​ទន្លេ​បាសាក់​ទៀត​ផង។

នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ សាលា​ក្រុង​រៀប​ចំ​ពិធី​អភិសេក និង​សម្ពោធ​រូប​សំណាក​សម្ដេច​ព្រះ​មហាសុមេធាធិបតី​ជួន ណាត និង​រូប​សំណាក​អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ ជា​ផ្លូវ​ការ ដោយ​មាន​ការ​ចូលរួម​ពី​មហាជន ប្រជាជន​ជាង​៣.០០០​នាក់ ព្រះសង្ឃ​១០៧​អង្គ ព្រម​ទាំង​មាន​ពិធី​រាប់​បាត្រ​បួងសួង​សុំ​សេចក្ដី​សុខ សុវត្ថិភាព សណ្ដាប់​ធ្នាប់​ល្អ​សម្រាប់​រាជធានី​ភ្នំពេញ​ផង​ដែរ។


រូប​សំណាក និង​បូជនីយដ្ឋាន​សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត មិន​ទាន់​បើក​ស្បៃ​ចេញ (រូប​ថត៖ រ៉ាម៉ន)

សាលា​ក្រុង​ភ្នំពេញ​បាន​បញ្ជាក់​ថា បូជនីយដ្ឋាន​ទាំង​ពីរ​ខាង​លើ​ដែល​ដឹក​នាំ​ដោយ​លោក​កែប ជុតិមា បាន​ធ្វើ​ការ​សាងសង់​ឡើង​ក្រោម​ការ​ណែនាំ​ផ្ទាល់​ពី​សម្ដេច​តេជោ ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០០៦ ហើយ​គ្រោង​បញ្ចប់​នៅ​ខែ​មីនា ឆ្នាំ​២០០៨​ខាង​មុខ។ ប៉ុន្តែ​ដោយ​លោក​កែប ជុតិមា ជំរុញ​ក្រុម​អ្នក​ឯកទេស​វិស្វករ​ការ​ស្ថាបនា​បាន​រួចរាល់​មុន​គម្រោង​ដែល​គ្រោង​ទុក។

មន្ត្រី​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា ការ​កសាង​រូប​សំណាក និង​បូជនីយដ្ឋាន​ទាំង​ពីរ​នា​ពេល​នេះ​ជា​ការ​ផ្ដើម​គំនិត​ដោយ​លោក​កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ បន្ទាប់​ពី​មាន​ការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​អគ្គ​មហាសេនាបតី​តេជោ​ហ៊ុន សែន ដើម្បី​ទុក​ឲ្យ​កូន​ចៅ​ខ្មែរ​ជំនាន់​នេះ និង​ជំនាន់​ក្រោយ​បាន​ស្គាល់ បាន​ឃើញ​រូប​សំណាក​របស់​អ្នក​ប្រាជ្ញ កវី​និពន្ធ​ខ្មែរ​ដ៏​ល្បីល្បាញ​មាន​កេរ្ដិ៍​ឈ្មោះ​ពេញ​ពិភព​លោក​ក្នុង​សតវត្សរ៍​ទី​២០។

អ្នក​ជំនាញ​បាន​បញ្ជាក់​ថា រូប​សំណាក​អ្នក​ប្រាជ្ញ​ខ្មែរ​ទាំង​ពីរ​ធ្វើ​អំពី​ស្ពាន់។ រូប​សំណាក និង​បូជនីយដ្ឋាន​សម្ដេច​ព្រះ​មហា​សុមេធាធិបតី​ជួន ណាត មាន​ទំហំ​១៥,២៤​ម៉ែត្រ​៤​ជ្រុង មាន​កម្ពស់​ពី​ដី​ដល់​ឆត្រ​រួត​លើ​ព្រះ​កេស​កម្ពស់​១០,៧៦​ម៉ែត្រ ហើយ​មាន​ខឿន​២ តូច​មួយ ធំ​មួយ ខឿន​តូច​ខាង​លើ​សម្រាប់​តម្កល់​រូប​សំណាក​សម្ដេច​ព្រះ​មហា​សុមេធាធិបតី​ធ្វើ​អំពី​ស្ពាន់​សម្ដេច​គង់​លើ​បល្ល័ង្ក​ស្ពាន់​ដ៏​ស្រស់​ស្អាត​មួយ ហើយ​បរិវេណ​ខាង​ក្រោម​ក្រាល​ថ្ម​បាយ​ក្រៀម​ធ្វើ​ផ្លូវ​ដើរ​៤​ទិស និង​ក្រាល​ថ្ម​ហាម​ខាង​ក្នុង ហើយ​ជុំ​វិញ​បូជនីយដ្ឋាន​ដាំ​ស្មៅ ដាំ​ផ្កា ដាក់​ភ្លើង​បំភ្លឺ។

រូប​សំណាក និង​បូជនីយដ្ឋាន​សម្ដេច​ព្រះ​មហា​សុមេធាធិបតី​ជួន ណាត តាំង​នៅ​លើ​រង្វង់​សួន​ច្បារ​សម្ដេច​តេជោ ហ៊ុន សែន ហើយ​មក​ដល់​ពេល​នេះ​កសាង​សម្ដេច​បាន​ជិត​១០០​ភាគ​រយ​ហើយ រង់​ចាំ​ថ្ងៃ​អភិសេក​តែ​ប៉ុណ្ណោះ។ រូប​សំណាក​ខាង​លើ​ស្ថិត​ក្នុង​ខណ្ឌ​ចម្ការ​មន។

ដោយ​ឡែក​រូប​សំណាក និង​បូជនីយដ្ឋាន​អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ បាន​កសាង​នៅ​សួន​ច្បារ​មួយ​ខាង​មុខ​សណ្ឋាគារ​កាំបូឌីយ៉ាណា ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​ដូនពេញ ហើយ​បាន​កសាង​ជិត​រួច​១០០​ភាគ​រយ​ផង​ដែរ​ហើយ។


រូប​សំណាក និង​បូជនីយដ្ឋាន​អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ (មិន​ទាន់​បើក​ស្បៃ) (រូប​ថត៖ រ៉ាម៉ន)

រូប​សំណាក​អ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ សង់​ជា​រូប​អង្គុយ​កេះ​ចាប៉ី​ដង​វែង ហើយ​រូប​សំណាក​ធ្វើ​អំពី​ស្ពាន់​ដូច​គ្នា។ ការ​កសាង​រូប​សំណាក និង​បូជនីយដ្ឋាន​អ្នក​ប្រាជ្ញ និង​វីរជន​ខ្មែរ​ល្បី​នេះ ដើម្បី​ទាក់ទាញ​សមាន​ចិត្ត​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​ភ្នំពេញ​ឲ្យ​បាន​ច្រើន មាន​កន្លែង​ទស្សនា​ផង អភិវឌ្ឍន៍​ទីក្រុង​ផង​ដែរ៕ រ៉ាម៉ន

ស្រង់​ចេញ​ពី​សារព័ត៌មាន​រស្មី​កម្ពុជា លេខ​៤៥១០ ឆ្នាំ​ទី​១៦ ថ្ងៃ​សុក្រ ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០០៨

អាន​អត្ថបទ​ទាក់ទង៖

សាលា​ក្រុង​ភ្នំពេញ​សាង​បូជនីយដ្ឋាន​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត

មតិ»

1. សាលា​ក្រុង​ភ្នំពេញ​សាង​បូជនីយដ្ឋាន​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត « សម្ដេច​ព្រះសង្ឃរាជ ជួន - ខែ​កុម្ភៈ 8, 2008

[…] មនុស្ស​៣​ពាន់​នាក់​នឹង​ចូលរួម​អភិ… […]

2. ទឹម បឿន - ខែ​កុម្ភៈ 8, 2008

ពិត​ជា​ព័ត៌មាន​ល្អ​ណាស់។

3. ពិធី​អភិសេក​រូប​សំណាក​សម្ដេច​សង្ឃ​ជួន ណាត និង​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ « សម្រាប់​ខ្មែរ - ខែ​កុម្ភៈ 8, 2008

[…] ពិធី​អភិសេក​រូប​សំណាក​សម្ដេច​សង្ឃ​ជួន ណាត និង​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ កុម្ភៈ 8, 2008 Posted by ទឹម បឿន in សារព័ត៌មាន. trackback មនុស្ស​៣.០០០​នាក់​នឹង​ចូលរួម​ក្នុង​ពិធី​អភិសេក​រូប​សំណាក​សម្ដេច​សង្ឃ​ជួន ណាត និង​រូប​សំណាក​របស់​ភិរម្យ​ភាសា​អ៊ុក អ៊ូ ហៅ​ង៉ុយ​នៅ​ថ្ងៃ​ទី ២០ កុម្ភៈ ២០០៨។ សូម​អាន​ពត៌មាន​នេះ​​នៅ​ប្លក់​ជួន ណាត។ […]

4. សុផាត​ sophat.wp - ខែ​កុម្ភៈ 8, 2008

អរគុណ​សុភ័ក្ត្រ​ដែល​បាន​ចែក​រំលែក​ព័ត៌មាន​និង​រូបភាព​នេះ។ ខ្ញុំ​តែង​ចង់​ដឹង​ថា​តើ​សំណង់​ទាំង​ពីរ​ដល់​ដំណាក់​កាល​ណា​ហើយ​តាំង​ពី​ចាក​ចេញ​មក តែ​មិន​ដែល​បាន​ឃើញ​ព័ត៌មាន​សោះ។

5. kooms - ខែ​កុម្ភៈ 11, 2008

ពិត​ជាពត៌មាន​ល្អណាស់​សំរាប់បង្អូនជនរូមជាតិយើង!

6. រចនា - ខែ​កុម្ភៈ 11, 2008

សង្ឃឹម​ថា​ខ្ញុំ​នឹង​បាន​ទៅ​ចូល​រួម​ពិធី​នោះ!!!

7. សុភ័ក្ត្រ - ខែ​កុម្ភៈ 11, 2008

ខ្ញុំ​ចង់​ទៅ​ចូល​រួម​ណាស់ ចំ​ថ្ងៃ​មាឃបូជា​ផង។ តែ​មិន​អាច ព្រោះ​ត្រូវ​ជាប់​ទៅ​ព្រៃ​នគរ។ សោក​ស្ដាយ​មែន​ទែន។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: