jump to navigation

សាលា​ក្រុង​ភ្នំពេញ​ប្រារព្ធ​ពិធី​សម្ពោធ​កន្លែង​បូជនីយដ្ឋាន​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត និង​ព្រះ​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ ខែ​កុម្ភៈ 22, 2008

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback

 
លោក​អភិបាល​ក្រុង​ថត​រូប​អនុស្សាវរីយ៍​ជាមួយ​មន្ត្រី​នៅ​មុខ​រូប​សំណាក ព្រះភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ

រាជ​ធានី​ភ្នំពេញ៖ បូជនីយដ្ឋាន​រូប​សំណាក​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត និង​អ្នក​ព្រះភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ ដែល​សាលា​ក្រុង​ភ្នំពេញ​ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​លោក កែប ជុតិមា ជា​អភិបាល​ក្រុង បាន​កសាង​តាំង​ពី​ថ្ងៃ​ទី​២៨ កញ្ញា ២០០៦ ត្រូវ​បាន​ស្ថាបនា​រួចរាល់​នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ២០០៨ និង​សម្ពោធ​គោរព​បូជា​ជា​ផ្លូវ​ការ​ក្នុង​ពេល​នេះ។ ពិធី​ក្រុង​ពាលី​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា ត្រូវ​បាន​ប្រារព្ធ​ធ្វើ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២០ កុម្ភៈ ២០០៨ និង​កាត់​ខ្សែ​បូ​សម្ពោធ​ដាក់​ឲ្យ​គោរព​បូជា​ជា​ផ្លូវ​ការ​នា​ព្រឹក​ថ្ងៃ​ទី​២១ កុម្ភៈ ក្រោម​អធិបតីភាព​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ តំណាង​សម្ដេច​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​ការ​យាង​ចូលរួម​ពី​សម្ដេច​ព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ព្រះសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះសង្ឃ​ចំនួន​១១៧​អង្គ លោក​ឧកញ៉ា លោក​ជំទាវ មន្ត្រី​រាជការ ក្រោម​ឱវាទ​សាលា​ក្រុង ដូនជី តាជី និង​ប្រជា​ពលរដ្ឋ​ប្រមាណ​៣ពាន់​នាក់។


រូប​សំណាក​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ជា​កន្លែង​បូជនីយដ្ឋាន (រូបថត សុភ័ក្ត្រ)

លោក​មុំ សុទ្ធ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ផ្ដើម​ចេញ​ពី​គំនិត​ផ្ដួចផ្ដើម​របស់​លោក កែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ និង​បាន​ការ​អនុញ្ញាត​ពី​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្ងៃ​នេះ​សាលា​ក្រុង​ភ្នំពេញ​មាន​មោទនភាព និង​កិត្តិយស​ដ៏​ឧត្ដុង​ឧត្ដម​បំផុត ដោយ​បាន​ប្រារព្ធ​ពិធី​សម្ពោធ​នូវ​រូប​សំណាក​បូជនីយដ្ឋាន​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត និង​បូជនីយដ្ឋាន​អ្នក​ព្រះ​ភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ ដើម្បី​ទុក​ជា​និមិត្ត​រូប​ក្នុង​ការ​គោរព​បូជា និង​ដឹង​គុណ​នូវ​វីរភាព និង​គុណូបការៈ​របស់​លោក​ទាំង​ពីរ ដែល​ជា​បុព្វ​បុរស​អ្នក​ប្រាជ្ញ​កវី​បណ្ឌិត​តែង​និពន្ធ​អក្សរសាស្ត្រ​អក្សរសិល្ប៍ នៃ​ប្រជាជាតិ​ខ្មែរ​យើង​នា​សម័យ​កាល​ទសវត្ស​ទី​១៨ និង​១៩ កន្លង​ទៅ​នេះ។

ចំពោះ​ជីវប្រវត្តិ​សង្ខេប​របស់​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ត្រូវ​បាន​លោក​មុំ សុទ្ធ លើក​ឡើង​ដែល​យើង​សូម​ធ្វើ​ការ​សង្ខេប​ត្រួស​ៗ​ថា សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ទ្រង់​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១​រោច ខែ​ផល្គុន ឆ្នាំ​វក ត្រូវ​នឹង​ថ្ងៃ​ទី​១១ មីនា ១៨៨៣ នៅ​ភូមិ​កំរៀង ឃុំ​រកាកោះ ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ ក្នុង​គ្រួសារ​កសិករ។ បិតា​នាម​ព្រហ្ម ជួន មាតា​នាម​យក់ មាន​បុត្រ​តែ​ពីរ​នាក់​សុទ្ធ​តែ​ប្រុស ដែល​កូន​ច្បង​គឺ​សម្ដេច​ព្រះសង្ឃ​រាជ ជួន ណាត ឯ​កូន​ប្អូន​គឺ​លោក​អ្នក​ឧកញ៉ា ជួន នុត។ ព្រះអង្គ​បាន​បួស​រៀន​ជា​សាមណេរ​នៅ​វត្ត​ពោធិព្រឹក្ស ហៅ​វត្ត​ពោធិល្យំ លុះ​បួស​រៀន​បាន​ពីរ​វស្សា​ដោយ​ព្រះអង្គ​មាន​ប្រាជ្ញា​ឆ្លាត​វាងវៃ​រៀន​សូត្រ​អក្សរ​លេខ​នព្វន្ត​ចេះ​ចង​ចាំ​ពូកែ​លើស​សិស្ស​ផង​ទាំង​ពួង ព្រះ​គ្រូ​របស់​ព្រះអង្គ​ក៏​បាន​បញ្ជូន​សម្ដេច​ទៅ​សិក្សា​រៀន​សូត្រ​ព្រះ​បរិយត្តិធម៌​ពី​សំណាក់​ព្រះ​គ្រូ​ទេព សោ គង់​នៅ​វត្ត​ឧណ្ណាលោម រាជធានី​ភ្នំពេញ។ បន្ទាប់​ពី​បំពេញ​ជា​ភិក្ខុ សម្ដេច​បាន​និមន្ត​ទៅ​បំពេញ​វិជ្ជា​ខាង​ភាសា​សំស្ក្រឹត និង​អក្សរ​សិលាចារឹក​នៅ​សាលា​បារាំង​សែស​ចុង​បូព៌ា នា​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ហើយ​នៅ​ឆ្នាំ​១៩៦៣ សម្ដេច​ព្រះ​នរោត្ដម សីហនុ ប្រមុខ​រដ្ឋ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ប្រោស​ប្រទាន​ប្រគេន​ឋានៈ​ជា​សម្ដេច​ព្រះសង្ឃរាជ​ថ្នាក់​ទី​១។ សម្ដេច​ទ្រង់​ចេះ​អក្សរ និង​ភាសា​សៀម លាវ បារាំង អង់គ្លេស វៀតណាម និង​ភាសា​ផ្សេង​ៗ​មួយ​ចំនួន​ទៀត។ ស្នា​ព្រះហស្ត​របស់​ព្រះអង្គ​មាន​ស្ថាបនា និង​ចង​ក្រង​សៀវភៅ​វចនានុក្រម​ខ្មែរ​ភាគ​១ និង​ភាគ​២ កច្ចាយនូបត្ថម្ភ (វេយ្យាករណ៍​បាលី) កាព្យ​ធម៌ សុភមង្គល​កថា បថ្យាវត្ត​ជា​ភាសា​បាលី និង​ប្រែ​សម្រាប់​សូត្រ​ថ្វាយ​សុភមង្គល​សួស្ដី​ចំពោះ​ព្រះមហាក្សត្រ និង​អត្ថបទ​ផ្សេង​ៗ​ក្នុង​ទស្សនាវដ្ដី​កម្ពុជ​សុរិយា​របស់​ពុទ្ធ​សាសនបណ្ឌិត្យ។ នៅ​ថ្ងៃ​ទី​២៥ កញ្ញា ១៩៦៩ វេលា​ម៉ោង​៨ និង​២០​នាទី​យប់ ព្រះអង្គ​បាន​សោយ​ទិវង្គត​ក្នុង​ព្រះជន្ម​៨៦​ឆ្នាំ។

ដោយ​ឡែក​ជីវប្រវត្តិ​របស់​អ្នក​ព្រះភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ តាម​លោក​មុំ សុទ្ធ បាន​ឲ្យ​ដឹង​ថា អ្នក​ព្រះភិរម្យ​ភាសា​អ៊ូ មាន​ឈ្មោះ​ពេញ​ថា អ៊ុក អ៊ូ ហៅ​ង៉ុយ កើត​នៅ​ភូមិ​ព្រៃ​អណ្ដូង​ស្វាយ ឃុំ​កំបូល​ ស្រុក​ភ្នំពេញ ខេត្ត​កណ្ដាល បិតា​ឈ្មោះ​អ៊ុក ធ្វើ​មេឃុំ​កំបូល មាន​គោរមងារ​ជា “ចៅ​ពញា​ធម្មធារា”។ លោក​ជា​អ្នក​មាន​វោហារ​លែបខាយ ប្រាជ្ញា​វាងវៃ ចេះ​ចាំ​រឿងរ៉ាវ​ពី​បុរាណ​ទាំង​គតិលោក និង​គតិធម៌ ចេះ​ច្រៀង ចេះ​ភ្លេង និង​ជា​អ្នក​ចម្រៀង​ខ្សែ​ដៀវ​យ៉ាង​ចំណាន ធ្វើ​ឲ្យ​កសិករ​ឯ​ទៀត​នៅ​ក្នុង​ភូមិ​ស្រឡាញ់ ហើយ​គេ​និយម​ហៅ​លោក​ថា “ភិរម្យ​ង៉ុយ” ឬ​ក្រម​ង៉ុយ រហូត​មក។

នៅ​ក្នុង​ឱកាស​នោះ លោក កែប ជុតិមា អភិបាល​ក្រុង​ភ្នំពេញ បាន​ថ្លែង​ថា ដើម្បី​ផ្សារភ្ជាប់​នឹង​ចលនា​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​ទីក្រុង​ភ្នំពេញ​ឲ្យ​កាន់​តែ​រីក​ចម្រើន ដែល​កំពុង​មាន​សកម្មភាព​យ៉ាង​រស់​រវើក ថ្ងៃ​នេះ​រាជធានី​ភ្នំពេញ​បាន​ប្រារព្ធ​ពិធី​អភិសេក​បូជនីយដ្ឋាន សម្ដេច​ព្រះមហាសុមេធាធិបតី ជួន ណាត ព្រះសង្ឃរាជ​ថ្នាក់​ទី​១ គណៈ​មហានិកាយ​ក្នុង​ឧទ្យាន​កណ្ដាល​ទីក្រុង​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក។ ដើម្បី​ជា​ការ​តប​ស្នង​សង​គុណ​ចំពោះ​ព្រះអង្គ​ជា​អគ្គ​មហា​បណ្ឌិត ដែល​ក្នុង​មួយ​ជីវិត​របស់​ព្រះអង្គ បាន​ចំណាយ​ព្រះកាយ​ពល និង​ព្រះ​បញ្ញាញាណ​បម្រើ​ជាតិ សាសនា ព្រះមហាក្សត្រ និង​បាន​បំពេញ​កិច្ចការ​ជា​ស្នា​ព្រះហស្ត​ខាង​អក្សរសាស្ត្រ ជា​ពិសេស​ស្នា​ព្រះហស្ត​ដែល​រំឮក​ឃើញ​រាល់​ថ្ងៃ គឺ​ព្រះរាជនិពន្ធ​បទ​នគររាជ សម្រាប់​ភ្លេង​ជាតិ​ខ្មែរ ព្រះអង្គ​បាន​បំពេញ​ភារកិច្ច​យ៉ាង​ឧត្តុង្គឧត្តម​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា ទាំង​នៅ​ក្នុង និង​ក្រៅ​ប្រទេស។

លោក កែប ជុតិមា បាន​បន្ថែម​ថា ចំពោះ​ការ​ស្ថាបនា​បូជនីយដ្ឋាន​អ្នក​ព្រះភិរម្យ​ភាសា​អ៊ូ ហៅ​ង៉ុយ ក៏​ដើម្បី​តប​ស្នង​សង​គុណ​ដល់​លោក ដែល​ជា​អ្នក​មាន​វោហារ​លែបខាយ​ប្រាជ្ញា​វាងវៃ មាន​ស្នាដៃ​យ៉ាង​ធំធេង​សម្រាប់​ប្រទេស​ជាតិ​មាតុភូមិ​ផង​ដែរ៕

ស្រង់​ចេញ​ពី​កោះសន្តិភាព

មតិ»

1. Sophat - ខែ​កុម្ភៈ 23, 2008

ប្រសើរ​ណាស់!


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: