jump to navigation

ព្រះរាជ​ជីវ​ប្រវត្តិ​នៃ​សម្ដេច​ព្រះមហា​សុមេធាធិបតី ជួន ណាត (លេខ​ទី​៥) ខែ​មេសា 3, 2008

Posted by សុភ័ក្ត្រ in ព្រះរាជជីវប្រវត្តិ.
trackback

ត​ពី​លេខ​មុន (លេខ​ទី​៤) 

ព្រះគុណ​សម្បត្តិ​នៃ​សម្ដេច​ព្រះសង្ឃរាជ

ព្រះគុណ​សម្បត្តិ​នៃ​សម្ដេច​ជា​អម្ចាស់​មាន​ច្រើន​យ៉ាង​ណាស់ ប៉ុន្តែ​យើង​ខ្ញុំ​បាន​ពិចារណា​ដោយ​ហ្មត់ចត់ ហើយ​សរសេរ​រួបរួម​ប្រមូល​យក​ចំពោះ​តែ​គោល​ធំ​ៗ ដោយ​សង្ខេប​មាន​ប្រាំ​យ៉ាង ដូច​សេចក្ដី​រៀបរៀង​វែកញែក​តទៅ​នេះ៖

១. វីរិយភាព​ក្នុង​ការ​សិក្សា
២. បដិភាណប្បញ្ញា “ប្រាជ្ញា​វាងវៃ”
៣. វេសារជ្ជប្បញ្ញា “បញ្ញា​ក្លៀវក្លា​អង់អាច”
៤. ធម្មទេសនា​កោសល្យ “ភាព​ឈ្លាសវៃ​ក្នុង​ធម្មទេសនា”
៥. បណីត​សកម្មភាព​ “សកម្មភាព​ដ៏​ប្រសើរ”

អធិប្បាយ​ពង្រីក​សេចក្ដី​ចំពោះ​គុណ​សម្បត្តិ​នីមួយ​ៗ

១. វីរិយភាព នៃ​សម្ដេច​ជា​អម្ចាស់ ដែល​មនុស្ស​ចាស់​ទុំ​ធ្លាប់​បាន​សង្កេត​តាំង​ពី​សម្ដេច​មាន​ព្រះជន្ម​នៅ​ក្មេង គឺ​តាំង​ពី​នៅ​ជា​សាមណេរ​ដរាប​មក​រហូត​ដល់​សម្ដេច​មាន​ព្រះជន្ម​ជ្រុល​ចូល​មក​បច្ឆិមវ័យ​ហើយ ក៏​នៅ​តែ​ព្យាយាម​ឥត​មាន​បន្ធូរបន្ថយ​បញ្ឈប់​សេចក្ដី​ព្យាយាម​នោះ​ឡើយ សូម្បី​ព្រះអង្គ​មាន​សមណៈ​ស័ក្តិ​ដ៏​ខ្ពស់​បំផុត​ទី​ជា​សម្ដេច​ព្រះសង្ឃរាជ​ហើយ​ក៏​ដោយ។ វីរិយភាព នេះ​ប្រែ​ថា សេចក្ដី​ព្យាយាម​ ឬ​ថា​ប្រឹង​ប្រែង រាប់​ថា​ជា​បារមី​មួយ​របស់​ព្រះពោធិសត្វ​ដែល​យើង​ធ្លាប់​ចេះ​ដឹង​មក​ហើយ ហៅ​ថា វីរយៈ​បារមី។

បណ្ដា​កិច្ចការ​គ្រប់​យ៉ាង រមែង​ប្រកប​ដោយ​ឧបសគ្គ គឺ​ធម៌​ជា​គរឿង​រារាំង​បើមិន​ច្រើន​ក៏​តិច​ តែ​ថា​បើ​សេចក្ដី​ព្យាយាម មាន​កម្លាំង​ក្លៀវក្លា ក៏​អាច​ពុះពារ​ចំពោះ​ឧបសគ្គ​នោះ​បាន​ដោយ​ពិត​សម្ដេច​ព្រះសង្ឃរាជ​ទ្រង់​មាន​វីរយៈធម៌​ដ៏​រឹង​ប៉ឹង​ជា​ទី​បំផុត បាន​ជា​ព្រះអង្គ​ចេះ​តែ​មាន​ជ័យ​ជម្នះ​សង្កត់​ទៅ​លើ​ឧបសគ្គ​គ្រប់​យ៉ាង​បាន​ជា​ដរាប ទោះ​បី​ព្រះ​អង្គ​ហត់​នឿយ​ណាស់ ប៉ុន្តែ​ព្រះអង្គ​មិន​សូវ​ចេះ​ត្អូញត្អែរ​ឡើយ។ ករណីកិច្ច​ណា​មួយដែល​គេ​ត្រូវ​ធ្វើ​ដោយ​កាយ​ក្ដី ដោយ​វាចា​ក្ដី ដោយ​ចិត្ត​ក្ដី អាច​សម្រេច​ទៅ​បាន​ដោយ​កម្លាំង នៃ​សេចក្ដី​ព្យាយាម​ទាំង​អស់។ ឥរិយាបទ​ទាំង​៤ គឺ​ការ​ដើរ ឈរ អង្គុយ ដេក ដែល​នាំ​ឲ្យ​សម្រេច​ប្រយោជន៍​ទៅ​បាន ដ៏​ដោយ​គុណានុភាព​នៃ​សេចក្ដី​ព្យាយាម​ដែរ។

សម្ដេច​ព្រះសង្ឃរាជ ព្រះអង្គ​មាន​វីរិយបារមី​ដ៏​បរិបូណ៌​ណាស់ សូម្បី​សម្ដេច​ដែល​មាន​ព្រះ​ជន្ម​៨៦​ឆ្នាំ​ហើយ ក៏​នៅ​បំពេញ​កិច្ចការ​របស់​ព្រះអង្គ​ឥត​មាន​បន្ធូរបន្ថយ​ព្រះកាយពល​ឡើយ។ ដូច​យ៉ាង​ព្រះអង្គ​ចាប់​ធ្វើ​វចនានុក្រម​ខ្មែរ ទ្រង់​ឥត​មាន​សំចៃ​កម្លាំង និង​ពេល​វេលា​ទេ។ សម្ដេច​យក​ពេល​យប់​ធ្វើ​ជា​ថ្ងៃ យក​ពេល​ថ្ងៃ​ធ្វើ​ជា​យប់ ខំ​ប្រឹង​សរសេរ​រៀបរៀង តាំង​ពី​ព្រលប់​រហូត​ដល់​ភ្លឺ​ក៏​មាន លុះ​ទ្រង់​សោយ​យាគូ​រួច ចាប់​សរសេរ​ត​ទៅ​ទៀត ទាល់​តែ​ដល់​ពេល​ម៉ោង​១១​ក៏​មាន។ ក្នុង​រយៈ​វេលា​យប់​មួយ សម្ដេច​ទ្រង់​បាន​ផ្ទុំ​ក្នុង​រវាង​៤ ឬ​៥​ម៉ោង​ប៉ុណ្ណោះ។ ការ​ប្រព្រឹត្ត​ដោយ​សេចក្ដី​ព្យាយាម នៃ​សម្ដេច​ព្រះសង្ឃរាជ​នេះ​ជា​ការ​កម្រ​មនុស្ស​ធ្វើ​បាន​ណាស់។

២. បដិភាណប្បញ្ញា “បញ្ញា​វាងវៃ” ប្រាជ្ញា​សំដៅ​យក​ការ​ចេះ​ដឹង​យល់​ទូទៅ ឬ​ការ​យល់​ច្បាស់លាស់​ចំពោះ​ហេតុការណ៍​ផ្សេង​ៗ​តាម​ធម្មតា។ ដែល​លោក​ហៅ​ថា “បដិភាណប្បញ្ញា” នោះ សំដៅ​យក​ប្រាជ្ញា​ដែល​កើត​ឡើង​ភ្លាម​ៗ ហើយ​អាច​ឆ្លើយ​តប​វិញ​បាន​ភ្លាម មិន​បាច់​គិតគូរ​អស់​វេលា​យូរ​ទេ។ ប្រាជ្ញា​របស់​សម្ដេច​កើត​ឡើង​រហ័ស​ក្នុង​ពេល​ដែល​គេ​ចោទ​សួរ ឬ​និយាយ​ឲ្យ​ឮ​ភ្លាម​ក៏​អាច​ដឹង​ទាន់​ចាប់​ភ្លឹក​នឹក​ឃើញ ឆ្លើយ​វិញ​បាន​ភ្លាម ហាក់​ដូច​ជា​បាន​គូស​ដៅ​ទុក​យូរ​ហើយ។ ប្រាជ្ញា​ស្មារតី​រហ័ស​វាងវៃ ប្រកប​ដោយ​សមត្ថភាព ឆាប់​យល់​ហេតុការណ៍​គ្រប់​យ៉ាង ដែល​អាច​ដឹង​ទាន់​ភ្លាម​ៗ ដូច​អធិប្បាយ​ដោយ​សង្ខេប​មក​នេះ ហៅ​ថា “បដិភាណប្បញ្ញា”។

សម្ដេច​ព្រះសង្ឃរាជ មាន​បដិភាណប្បញ្ញា​នេះ​បរិបូណ៌​ណាស់ ដូច​យ៉ាង សម្ដេច​ដែល​បាន​ទ្រង់​យាង​ទៅ​កាន់​ទី​ប្រជុំ​ណា​មួយ ដែល​មាន​សមាជិក​ជាន់​ខ្ពស់ ហើយ​គេ​ត្រូវ​សាកសួរ​និយាយ​ពិភាក្សា​ការណ៍​ជា​ចាំបាច់ ដែល​ទាក់ទង​មក​លើ​សម្ដេច​ភ្លាម ទ្រង់​ក៏​អាច​ឆ្លើយ​ដោះស្រាយ​ទាន់​បាន​ភ្លាម​វិញ​ដែរ។

៣. វេសារជ្ជប្បញ្ញា “បញ្ញា​អង់អាច ក្លៀវក្លា” ភាព​នៃ​ប្រាជ្ញា​អង់អាច​ក្លៀវក្លា​នេះ ជា​គុណ​សម្បត្តិ​មួយ​ដ៏​ប្រសើរ​របស់​មនុស្ស។ ប្រាជ្ញា​របស់​សម្ដេច​ព្រះសង្ឃរាជ​ជា​អម្ចាស់​របស់​យើង រាប់​ថា​ជា​ប្រាជ្ញា​មួយ​ដ៏​ខ្ពង់ខ្ពស់ អាច​ពោល​បាន​ថា សម្ដេច​មាន​វេសារជ្ជប្បញ្ញា​គ្រប់គ្រាន់ ព្រោះ​ព្រះអង្គ​បាន​ទទួល​ព្រះកិត្តិនាម​ដ៏​ខ្ចរខ្ចាយ​ទៅ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។ ដូច​យ៉ាង​សម្ដេច​ទ្រង់​យ៉ាង​ទៅ​កាន់​ទី​ប្រជុំ​ធំ​ៗ​ក្នុង​ប្រទេស​ដទៃ​ព្រះអង្គ​តែង​បន្លឺ​សីហនាទ ប្រកប​ដោយ​ប្រាជ្ញា​ដ៏​ក្លៀវក្លា អង់អាច​ឥត​ញាប់ញ័រ​តក់ស្លុត​ចំពោះ​ទី​ប្រជុំ​នោះ​ឡើយ។

ប្រាជ្ញា​ដែល​ក្លៀវក្លា​អង់អាច ដូច​អធិប្បាយ​ដោយ​សង្ខេប​មក​នេះ​ហៅ​ថា “វេសារជ្ជប្បញ្ញា”។

៤. ធម្មទេសនាកោសល្យ “ក្លារ​ឈ្លាសវៃ​ក្នុង​ធម្មទេសនា”

ភាព​នៃ​ការ​ឈ្លាសវៃ​មាន​ច្រើន​យ៉ាង គឺ​ឈ្លាសវៃ​ក្នុង​អំពើ​បាប​ក៏​មាន ក្នុង​អំពើ​បុណ្យ​ក៏​មាន​ឈ្លាសវៃ​ក្នុង​អំពើ​ឥត​ប្រយោជន៍​ក៏​មាន ក្នុង​អំពើ​មាន​ប្រយោជន៍​ក៏​មាន។ ការ​ឈ្លាសវៃ​ក្នុង​ទី​នេះ​សំដៅ​យក​ហេតុការណ៍​ដែល​មាន​ប្រយោជន៍​ចំពោះ​មនុស្ស​ក្នុង​បច្ចុប្បន្ន និង​ក្នុង​អនាគត។ ដែល​ហៅ​ថា “ធម្មទេសនាកោសល្យ” សំដៅ​យក​ការ​ឈ្លាសវៃ​ក្នុង​ធម្មទេសនា។ សម្ដេច​ព្រះសង្ឃរាជ​ទ្រង់​មាន​ភាព​ឈ្លាសវៃ​ក្នុង​ធម្មទេសនា​ដោយ​គ្រប់គ្រាន់។

ធម្មទេសនា​នៃ​សម្ដេច​ប្រកប​ដោយ​ប្រយោជន៍​ទាំង​ផ្លូវ​លោក ទាំង​ផ្លូវ​ធម៌ អាច​បំភ្លឺ​ពុទ្ធបរិស័ទ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ផ្លូវ​ខុស ផ្លូវ​ត្រូវ ឲ្យ​ជឿជាក់​ចំពោះ​ជាតិ សាសនា និង​ព្រះ​រាជ​បល្ល័ង្ក។ ព្រះធម្មទេសនា នៃ​សម្ដេច​ព្រះសង្ឃរាជ​ចាត់​ទុក​ថា​ជា​មូលដ្ឋាន​មួយ​ដ៏​ស្ដុកស្ដម្ភ​អាច​បំភ្លឺ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ព្យាយាម មាន​ជំហរ​រឹងប៉ឹង ឲ្យ​ប្រឹងប្រែង​ប្រកប​ការងារ​កុំ​ឲ្យ​ខ្ជិលច្រអូស ឲ្យ​មាន​ធម៌សាមគ្គី មូលមិត្ត​ជា​ឯកភាព​ក្នុង​រវាង​ជាតិ សាសនា និង​ព្រះរាជ​បល្ល័ង្ក​របស់​យើង ដើម្បី​ឲ្យ​ខ្ពង់ខ្ពស់​ថ្កើង​រុងរឿង​ត​ទៅ​អនាគត។ ធម្មទេសនា​នៃ​សម្ដេច ឈ្មោះ​ថា​ជា​ធម្មទេសនា​ទ្រោល​បំភ្លឺ​ពុទ្ធ​បរិស័ទ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ប្រយោជន៍​គ្រប់​យ៉ាង បំភ្លឺ​ទាំង​ខាង​គុណសម្បត្តិ ទាំង​គុណ​វិបត្តិ ជា​ធម្មទេសនា​ប្រកប​ដោយ​មធ្យោបាយដ៏​ប្រសើរ​វិសេស អាច​ដឹក​នាំ​ចង្អុល​បង្ហាញ​ប្រយោជន៍​បច្ចុប្បន្ន និង​ប្រយោជន៍​អនាគត ហៅ​ថា​ជា​ព្រះ​ធម្មួទេសនា​ដាស់​ពុទ្ធ​បរិស័ទ​ឲ្យ​ភ្ញាក់​ខ្លួន​ក្រោក​ឡើង ប្រកប​ការងារ​ដើម្បី​ឲ្យ​មាន​ជីវភាព​ខ្ពង់ខ្ពស់​ឲ្យ​សមគួរ​ដល់​កិត្តិយស​របស់​យើង​រាល់​គ្នា ជា​ប្រជាពលរដ្ឋ​របស់​ប្រទេស​ឯករាជ្យ​ ឲ្យ​ចេះ​ឈឺឆ្អាល​ស្រឡាញ់​ជាតិ សាសនា និង​ព្រះរាជ​បល្ល័ង្ក​របស់​យើង។

សម្ដេច​ព្រះសង្ឃរាជ មាន​ធម្មទេសនា​កោសល្យ​ដ៏​បរិបូណ៌។ ធម្មទេសនា​របស់​សម្ដេច​គួរ​រាប់​ថា​ជា​ធម្មទេសនា​យឺតយោង ស្រោចស្រង់​ប្រជាពលរដ្ឋ​ឲ្យ​មាន​សតិសម្បជញ្ញៈ​រឹងប៉ឹង បរិបូណ៌​ឡើង​ទាំង​ផ្លូវ​ពុទ្ធចក្រ និង​ផ្លូវ​អាណាចក្រ ដើម្បី​ឲ្យ​ចក្រ​ទាំង​ពីរ​វិល​លឿន​ទៅ​ស្មើ​គ្នា។ ធម្មទេសនា​របស់​សម្ដេច​គួរ​លើក​ថា ជា​ធម្មទេសនា​បើក​លោក គឺ​ប្រទេស​កម្ពុជា​ទាំង​មូល​ឲ្យ​មាន​ប្រាជ្ញា​ស្មារតី​ភ្លឺ​ស្វាង រុង​រឿង​ឡើង​ដោយ​ពិត ដែល​អាច​ផ្ដល់​មធ្យោបាយ​ដ៏​ប្រសើរ ឲ្យ​ប្រជាពលរដ្ឋ​ភ្ញាក់​ខ្លួន​ប្រាណ​ចេះ​ជួយ​ខ្លួន​ដោយ​ខ្លួន​ឯង។

សម្ដេច​ព្រះសង្ឃរាជ ជា​ព្រះធម្មកថិក​មួយ​ព្រះអង្គ​យ៉ាង​ឯក ពុំ​មាន​ព្រះធម្មកថិក​ណា​មួយ​ប្រៀប​ស្មើ​បាយ​ឡើយ។ ធម្មទេសនា​ដែល​ពីរោះ​ក្បោះក្បាយ​ប្រកប​ដោយ​ពាក្យ​ពេចន៍ ប្រយោគ​មាន​ប្រធាន​មាន​របៀប​រៀបរយ មាន​កម្រង​នៃ​ពាក្យ​សម្ដី​ដ៏​ត្រឹមត្រូវ​ឥត​ឃ្លៀងឃ្លាត ភ្លាំងភ្លាត់​ទាំង​ប្រកប​ដោយ​ឧត្ដមគតិ ដៅ​ចំពោះ​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន និង​អនាគត​ដូច​សេចក្ដី​អធិប្បាយ​មក​នេះ​ហៅ​ថា “ធម្មទេសនាកោសល្យ”។

៥. បណីត​សកម្មភាព “សកម្មភាព​ដ៏​ប្រសើរ”

ការងារ​របស់​សម្ដេច​ព្រអសង្ឃរាជ សុទ្ធ​តែ​ជា​ការងារ​មាន​ប្រយោជន៍​ដ៏​ឧត្ដុងឧត្ដម ចំពោះ​ពុទ្ធ​បរិស័ទ ពុំ​មាន​ការងារ​ណា​មួយ ដែល​ឥត​ប្រយោជន៍​នោះ​ទេ។

សម្ដេច​បាន​ធ្វើ​បុណ្យ​ផ្សេង​ៗ​ជា​ច្រើន​ដង​ណាស់ មាន​កឋិន​ទាន​ជា​ដើម ក្នុង​ឆ្នាំ​នីមួយ​ៗ​បាន​ធ្វើ​កឋិន​២ ឬ​៣​វត្ត រៀង​រាល់​ឆ្នាំ ឥត​ដែល​ខាន​ឡើយ។

កិច្ចការ​របស់​សម្ដេច​សុទ្ធ​តែ​មាន​គោលដៅ​ឆ្ពោះ​ទៅ​រក​សេចក្ដី​សុខ សេចក្ដី​ចម្រើន ទាំង​លោក​នេះ ទាំង​លោក​ខាង​មុខ​ដោយ​ពិត​ប្រាកដ សឹង​មាន​ភ័ស្តុតាង​យ៉ាង​ជាក់លាក់​ក្នុង​ព្រះរាជ​ជីវ​ប្រវត្តិ​នេះ។ ចូរ​មើល​បរិច្ឆេទ​នៃ​ព្រះរាជ​ជីវ​ប្រវត្តិ​ត្រង់​បរិច្ឆេទ​ទី​៥ ទី​៦ និង​ទី​១០។

សម្ដេច​មាន​ព្រហ្មវិហារ​ដ៏​ទូលាយ សង្គ្រោះ​ដល់​សាធារណជន​មិន​ត្បិតត្បៀត​ពេក​ឡើយ កិច្ចការ​ដែល​ចេះ​តែ​មាន ចេះ​តែ​ដើរ​ទៅ​ស្រួល មិន​ចេះ​ឈប់ មិន​ចេះ​គាំង នៅ​ថែម​ទាំង​មាន​ប្រយោជន៍​ដ៏​ខ្ពង់ខ្ពស់ ហៅ​ថា “បណីត​សកម្មភាព”។

សកម្មភាព​របស់​សម្ដេច​ព្រះសង្ឃរាជ ប្រកប​ដោយ​ហេតុ​ផល​ល្អ​ណាស់ អាច​បង្ហាញ​ជា​ឧទាហរណ៍​មួយ ដើម្បី​បញ្ជាក់​វរជន បញ្ញវន្ត​ទាំង​សម័យ​ចាស់ សម័យ​ថ្មី​ដែល​គួរ​ជា​ទិដ្ឋានុគតិ (ការ​យក​តម្រាប់​តាម) បាន​ដោយ​ពិត ដោយ​ហេតុ​ដែល​ឃើញ​រូបរាង កិច្ចការ​ជា​ភ័ស្តុតាង​ផង ទ្រឹស្ដី​ការងារ​ដ៏​ប្រសើរ​យ៉ាង​នេះ​ផង​ទើប​ហៅ​ថា “បណីត​សកម្មភាព”។

១១. ចរិត​លក្ខណៈ​បរិច្ឆេទ (កំណត់​អំពី​លក្ខណៈ​នៃ​ចរិត​ប្រក្រតី)

ការ​ប្រព្រឹត្ត​ជាប់​ដោយ​កាយ វាចា ចិត្ត​គ្រប់​ពេល​វេលា​យូរ​ៗ​ទៅ អាច​ជាប់​ទៅ​ជា​ទម្លាប់ ហៅ​ថា “ចរិត​ប្រក្រតី”។ ដូច​យ៉ាង​សម្ដី​គ្រោតគ្រាត ដែល​ធ្លាប់​និយាយ​ជាប់​ជា​ទំនៀម ហៅ​ថា ចរិត​គ្រោតគ្រាត។ ការ​និយាយ​កុហក​លេង​ចំពោះ​មិត្ត​សំឡាញ់ យូរ​ៗ​ទៅ​ក៏​អាច​ធ្លាប់​មាត់​ជា​ទំនៀម នេះ​ហៅ​ថា ចរិត​កុហក។

ការ​ជក់​បារី ដើម​ដំបូង​ឃើញ​គេ​ជក់ ក៏​ជក់​លេង​តាម​គេ យូរ​ៗ​ទៅ​ក៏​អាច​ជាប់​ជា​ទំនៀម​ជក់​បារី។

ការ​ដេក​ថ្ងៃ ដើម​ដំបូង​ឃើញ​គេ​ដេក​ថ្ងៃ ក៏​ដេក​តាម​គេ លុះ​ដេក​ថ្ងៃ​យូរ​ៗ​ទៅ​ក៏​អាច​ក្លាយ​ជា​ទំនៀម នេះ​ហៅ​ថា ចរិត​ដេក​ថ្ងៃ។

ការ​ប្រព្រឹត្តិ​ទាល់​តែ​ជាប់​ប្រយោគ ដែល​អាច​លះ​ចេញ​បាន​ដោយ​កម្រ ដូច្នេះ​ហៅ​ថា “ចរិត​ប្រក្រតី” សម្ដេច​ព្រះ​សង្ឃ​រាជ ព្រះ​អង្គ​ក៏​មាន​ចរិត​ប្រក្រតី​ដែរ ប៉ុន្តែ​ចរិត​របស់​សម្ដេច​ជា​ចរិត​ធូរ​ស្រាល ពុំ​មែន​នាំ​ឲ្យ​ខូចខាត​ពេល​វេលា ខូចខាត​ប្រយោជន៍​នោះ​ឡើយ។

មនុស្ស​ខ្លះ​មាន​ចរិត​ប្រក្រតី​ជាប់ជោក​ធ្ងន់​ណាស់ ដូច​យ៉ាង​ចរិតប្រក្រតី​ផឹក​ស្រា​ទាល់​តែ​កឹកជាប់ ដែល​អាច​លះបង់​ចេញ​មិន​បាន។ ចរិត​ប្រក្រតី​បែប​នេះ ឈ្មោះ​ថា​ជា​ចរិត​នាំ​ឲ្យ​ខូចខាត​ទាំង​ជីវិត​ខ្លួន​ឯង ទាំង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន។

ការ​ជក់​អាភៀន ក៏​អាច​នាំ​ឲ្យ​ជាប់​ញៀន លះ​ចេញ​បាន​ដោយ​កម្រ​ណាស់។ ការ​ញៀន​អាភៀន​នេះ ហៅ​ថា ចរិត​ប្រក្រតី​ជក់​អាភៀន។ មនុស្ស​អ្នក​មាន​ចរិត​បែប​នេះ នាំ​ឲ្យ​ខូចខាត​ទាំង​ជីវិត ទាំង​ទ្រព្យ​សម្បត្តិ ជាង​ចរិត​អ្នក​ផឹក​សុរា​ច្រើន​ណាស់​ទៅ​ទៀត។

(ត​ទៅ​លេខ​ទី​៦)

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: