jump to navigation

ព្រះរាជ​ជីវ​ប្រវត្តិ​នៃ​សម្ដេច​ព្រះមហា​សុមេធាធិបតី ជួន ណាត (លេខ​ទី​៦) ខែ​ឧសភា 10, 2008

Posted by សុភ័ក្ត្រ in ព្រះរាជជីវប្រវត្តិ.
trackback

ត​មក​ពី​លេខ​ទី​៥

ចរិត​ប្រក្រតី​នៃ​សម្ដេច​ព្រះសង្ឃរាជ

១. ព្រះអង្គ​សោយ​ស្លា​ម្លូ ជា​ញឹក​ញយ​ណាស់​ក្នុង​ថ្ងៃ​នីមួយ​ៗ មិន​សោយ​បារី។ ប៉ុន្តែ​លោក​អ្នក​ធ្លាប់​ដឹង​ឃើញ​និយាយ​ថា សម្ដេច​ព្រះសង្ឃរាជ កាល​ពី​ព្រះជន្ម​រវាង​២០​ឆ្នាំ រហូត​ដល់​ព្រះជន្ម​ជាង​៣០​ឆ្នាំ ឃើញ​សម្ដេច​សោយ​បារី​ដែរ ប៉ុន្តែ​សោយ​រង្វើល​ៗ​មិន​ញឹកញាប់​ទេ លុះ​ដល់​មក​ព្រះជន្ម​រវាង​៤០​ឆ្នាំ ទើប​សម្ដេច​សោយ​ស្លា​ម្លូ​កាន់​តែ​ញឹកញាយ​ឡើង​ដរាប​មក។

២. សម្ដេច កាល​បើ​មាន​រោគ​ផ្ដាសាយ ដែល​នាំ​ឲ្យ​តឹង​ច្រមុះ និង​ក្អក​ដោយ​រោគ​ផ្ដាសាយ​នោះ ច្រើន​តែ​ឃើញ​សម្ដេច​សោយ​ថ្នាំ​ចិន​ញាត់​ខ្សៀ ហើយ​សម្ដេច​មាន​បន្ទូល​ថា រោគ​ផ្ដាសាយ​នេះ​បាន​តែ​ជក់​ថ្នាំ​ចិន ទើប​ឆាប់​ជា​សះ​ស្បើយ ថ្នាំ​ចិន​នេះ​នាំ​ឲ្យ​ជា​ឫស​ដូង​ច្រមុះ​ថែម​ទៀត។

៣. សម្ដេច​មាន​ចរិត​ប្រក្រតី ក្នុង​ការ​សោយ​ក្រយាហារ ច្រើន​តែ​សព្វ​ព្រះទ័យ​នឹង​សម្ល​ស្រឡក់ ប្រហើរ និង​កកូរ ពុំ​សូវ​សោយ​សាច់​ឈាម​ទេ។ ម្ហូប​៣​មុខ​ខាង​លើ​នេះ ច្រើន​តែ​ឲ្យ​គេ​ស្ល​នឹង​ត្រី​ឆ្អើរ បើ​ពុំ​មាន​ម្ហូប​នេះ​ទេ ច្រើន​សព្វ​ព្រះទ័យ​ម្ហូប​ក្រៀមក្រោះ មាន​បុក​ត្រី​ឆ្អើរ ម្ជូរ​ក្រសាំង ឬ​ផ្លែ​ម្កាក់​ជា​ដើម។ សម្ដេច ពុំ​សូវ​សោយ​បង្អែម​ច្រើន​ទេ សោយ​តែ​បន្ដិចបន្តួច មិន​សូវ​សោយ​កាហ្វេ ទឹក​ក្រូច ទឹក​ម៉ាណាត់​ញឹកញាយ​ទេ សោយ​តែ​ទឹក​តែ និង​ស្ករ​ស។

៤. សម្ដេច​សព្វ​ព្រះរាជ​ហ្ឬទ័យ​នឹង​កូន​ឈើ​ផ្សេង​ៗ ដែល​មាន​មែក​ច្រើន ដូច​យ៉ាង​ដើម​ច្រកែង ទួយ រទាំង​ជា​ដើម យក​មក​ដាំ​ដាក់​ក្នុង​ផើង​ជា​ច្រើន ចំនួន​ជាង​១០០​ផើង។

៥. ដើម​ឈើ​ឯ​ទៀត​ៗ ជា​ឈើ​ដំណាំ​ស្រុក​ក្ដី ឈើ​ក្នុង​ព្រៃ​ក្ដី សម្ដេច​សព្វ​ព្រះរាជ​ហ្ឬទ័យ​ដាំ​ច្រើន​ណាស់ ដូច​ឈើ​ក្នុង​របង​ឈាបនដ្ឋាន​វត្ត​ឧណ្ណាលោម និង​ឈើ​វត្ត​ពោធិព្រឹក្ស។

កម្មវិធី​ប្រចាំ​ថ្ងៃ​របស់​សម្ដេច

កម្មវិធី​របស់​សម្ដេច​ទៀងទាត់​ចំពោះ​ត្រង់​តែ​សោយ​ក្រយាហារ​ពេល​ថ្ងៃ​ត្រង់ ហើយ​នឹង​ពេល​ដែល​ធ្វើ​ការ ដូច​យ៉ាង​សម្ដេច​សរសេរ​ដក​ស្រង់​ធម៌​អាថ៌​រៀបចំ​ធ្វើ​សៀវភៅ​ផ្សេង​ៗ មាន​វចនានុក្រម​ខ្មែរ​ជា​ដើម​នេះ ទៀងទាត់​រៀងរាល់​យប់​ទាល់​ៗ​ភ្លឺ រវាង​ម៉ោង​៦​កន្លះ ឬ​ម៉ោង​៧ ទើប​សោយ​យាគូ ជួន​កាល​ពេល​ព្រឹក មិន​ទាំង​សោយ​យាគូ​ថែម​ទៀត ឃើញ​ថា​ពេល​យាគូ​ពុំ​សូវ​ទៀងទាត់​ទេ។

ពេល​ដែល​សម្ដេច​កំពុង​ជាប់​ព្រះហស្ថ​សរសេរ ហើយ​មាន​ភ្ញៀវ​ចូល​មក​ថ្វាយ​បង្គំ​គាល់ សម្ដេច​ក៏​ចូល​មក​គាល់​ធ្វើ​បដិសណ្ឋារៈ​ភ្លាម​ៗ ហើយ​មិន​ឲ្យ​នៅ​យូរ​ទេ ព្រោះ​មាន​កិច្ចការ​ច្រើន​ណាស់ បើ​ថ្ងៃ​ណា​មួយ​ដែល​សម្ដេច​ទំនេរ​មិន​មាន​កិច្ចការ ហើយ​មាន​ភ្ញៀវ បព្វជិត ឬ​គ្រហស្ថ​ចូល​មក​ថ្វាយ​បង្គំ​គាល់​នោះ សម្ដេច​សព្វ​ព្រះរាជ​ហ្ឬទ័យ​ប្រាស្រ័យ​ទាក់ទង ដោយ​ព្រះរាជ​ឱង្ការ​សាកសួរ​ពី​នេះ ពី​នោះ ហើយ​ទ្រង់​ដឹក​នាំ​បំភ្លឺ​អំពី​ផ្លូវ​លោក ផ្លូវ​សាសនា​យ៉ាង​ពិស្ដារ វែង​ឆ្ងាយ​ណាស់​អស់​៤-៥​ម៉ោង​ក៏​មាន ទាល់​តែ​ភ្លឺ​ក៏​មាន មិន​ចេះ​ត្អូញ​ថា​ងងុយ​សឹង ថា​ចុក​រួយស្រពន់​ទេ ឲ្យ​តែ​ភ្ញៀវ​នោះ​ទ្រាំ​អង្គុយ​ចូល​ចិត្ត​ស្ដាប់​ចុះ។ ការណ៍​នេះ ចំពោះ​តែ​ពេល​ណា​មួយ​ដែល​សម្ដេច​មាន​ព្រះ​សុខភាព​រាង​កាយ​ស្រួល​ល្អ។

ក្នុង​ថ្ងៃ​យប់​នីមួយ​ៗ សម្ដេច​ព្រះសង្ឃរាជ ចេះ​តែ​មាន​កម្មវិធី​ជានិច្ចកាល ដូច​យ៉ាង​កាល​សម្ដេច​នៅ​ក្នុង​រវាង​ព្រះជន្ម​៣០​ឆ្នាំ រហូត​ដល់​មក​ព្រះជន្ម​ជាង​៦០​ឆ្នាំ ក៏​នៅ​តែ​ខំ​ប្រឹង​បង្រៀន​ភិក្ខុ សាមណេរ​ចំនួន​២០ ឬ​៣០​អង្គ​ក្នុង​ពេល​យប់​ៗ ចំពោះ​ភិក្ខុ សាមណេរ នៅ​ក្នុង​កុដិ​របស់​ព្រះ​អង្គ​ខ្លះ មក​ពី​កុដិ​ដទៃ​ខ្លះ។ សម្ដេច​មាន​កម្មវិធី​ចំពោះ​ពេល​បង្រៀន​នោះ​ទៀងទាត់​ណាស់ កម្មវិធី​ដែល​ត្រូវ​បង្រៀន​ក្នុង​សាលា​បាលី​ជាន់​ខ្ពស់ ដែល​ឥឡូវ​នេះ​ហៅ​ថា​ពុទ្ធិក​វិទ្យាល័យ​សុរាម្រឹត​ផង កម្មវិធី​បង្រៀន​ក្នុង​ពេល​យប់​ឯ​កុដិ​នោះ​ផង។

អព្ភូត​ហេតុ​មុន​ពេល​ដែល​ព្រះសង្ឃរាជ​ព្រះអាពាធ

នៅ​ថ្ងៃ​ពុធ ១៣​រោច ខែ​ស្រាពណ៍ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​១៩៦៩ សម្ដេច​ព្រះសង្ឃរាជ​មាន​ព្រះ​ឱង្ការ​ថា​ “ខ្ញុំ​ពី​យប់​មិញ​សុបិន​និមិត្ត​មួយ​ចំឡែក​ណាស់ គឺ​ឃើញ​ចេតិយ​ពីរ​លើ​អាកាស មក​អំពី​ទិស​ឦសាន​តម្រង់​មក​រក​ខ្ញុំ​ដែល​កំពុង​អង្គុយ​នៅ​យ៉​កុដិ​ខាង​មុន​ចេតិយ​នោះ មាន​ពណ៌​ដូច​មាស លុះ​អណ្ដែត​ចូល​មក​ជិត ឃើញ​ចេតិយ​នោះ​កាន់​តែ​តូច ហើយ​បាត់​មួយ នៅ​តែ​មួយ​អណ្ដែត​មក​ជិត​អាត្មា អាត្មា​ក៏​លូក​ដៃ​ទៅ​ទ្រ​ចេតិយ​នោះ រួច​ក៏​ភ្ញាក់​ខ្លួន​ព្រឺត​ឡើង ក្នុង​ពេល​ជិត​ភ្លឺ​រវាង​ម៉ោង​៤។ ព្រះ​ឱង្ការ សម្ដេច​ព្រះសង្ឃរាជ​នេះ ក្នុង​ពេល​ប្រជុំ​សង្ឃ ដើម្បី​តាំង​គណៈ​កម្មការ​ធម្មវិន័យ ក្នុង​ថ្ងៃ​២​កើត ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែ​កញ្ញា​ឆ្នាំ​១៩៦៩។ បន្ទាប់​មក​ទៀត​សម្ដេច​មាន​ព្រះ​ឱង្ការ​ថា អង្គការ​ធម្មវិន័យ​របស់​យើង​នៅ​ខ្វះ​សៀវភៅ​ធម៌​ជា​ច្រើន​មុខ ព្រោះ​ហេតុ​នោះ​យើង​ត្រូវ​តាំង​គណៈ​កម្មការ​ជា​ថ្មី​ទៀត ដើម្បី​ប្រជុំ​គ្នា​រៀប​ចំ​ធ្វើ​សៀវភៅ​ធម៌ ត្រូវ​ដក​ស្រង់​ធម៌វិន័យ អំពី​បាលី និង​អដ្ឋកថា មក​រៀបរៀង​អត្ថាធិប្បាយ តម្រូវ​តាម​ថ្នាក់​ត្រី ទោ ឯក។

“ត្រង់​ដែល​អាត្មា​យល់​សប្ដិ​ឃើញ​ចេតិយ​នោះ ប្រហែល​ជា​និម្មិត្ត​មួយ​ប្រផ្នូល​ឲ្យ​យើង​ដឹង​ថា​គណៈ​កម្មការ​ធម្មវិន័យ​របស់​យើង នឹង​បាន​សម្រេច​ដោយ​ល្អ”។ ព្រះ​សុបិន​និមិត្ត នៃ​សម្ដេច​ដែល​ឃើញ​ចេតិយ​មួយ​គូ​នេះ ទុក​ជា​អព្ភូត​ហេតុ​មួយ​ដ៏​អស្ចារ្យ​ចម្លែក​ណាស់។

អព្ភូត​ហេតុ​មួយ​ទៀត នៅ​ថ្ងៃ​១៣​កើត និង​១៤​កើត ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ និង​២៥ ខែ​កញ្ញា ឆ្នាំ​១៩៦៩ នៅ​វេលា​យប់​ពី​ម៉ោង​២០​ទៅ​ម៉ោង​២២ ឃើញ​ព្រះ​ច័ន្ទ​មាន​រស្មី​លឿង ខៀវ ក្រហម មាន​រង្វង់​មូល​ព័ទ្ធ​ជុំវិញ​ព្រះ​ច័ន្ទ ដែល​យើង​ធ្លាប់​ហៅ​ថា​ព្រះ​ច័ន្ទ​បាំង​ឆ័ត្រ។

ត​ទៅ​លេខ​៧

មតិ»

1. សុវណ្ណគិរី - ខែមិថុនា 8, 2008

ក្នុង​នាម​ខ្ញុំ​ជា​កូន​ខ្មែរ​ខ្មុំ​សូម​ថ្វាយ​ព្រះ​នាម​ព្រះ​អង្គ​ថា សម្តេច​​ព្រះ​មហា​វីរ​សង្ឃ​រាជ និង សម្តេច​ព្រះ​មហា​វីរ​បុរស​រដ្ឌ​ខ្មែរ​ ហើយ​បួង​សួង​សួម​អោយ​ព្រះ​អង្គ​ជួយ​គ្រប​គ្រង​រក្សា​និង​ជួយ​បំផុស​សតិ​បញ្ញា​របស់​កូន​ខ្មែរ​អោយ​ចេះ​សាមគ្គី​គ្នា​ចេះ​ស្រឡា្ញញ់​ជាតិ​មាតុភូមិ​របស់​ខ្លួន​ ដូច​ដែល​ព្រះ​អង្គ​ស្រឡាញ់​ជាតិ​ខ្មែរ​អញ្ចឹង​ដែរ

2. ព្រះរាជ​ជីវ​ប្រវត្តិ​នៃ​សម្ដេច​ព្រះមហា​សុមេធាធិបតី ជួន ណាត (លេខ​ទី​៧) « សម្ដេច​ព្រះសង្ឃរ - ខែសីហា 16, 2008

[…] ព្រះរាជ​ជីវ​ប្រវត្តិ​នៃ​សម្ដេច​ព្រះមហា​សុមេធាធិបតី ជួន ណាត (លេខ​ទី​៧) ខែ សីហា 16, 2008 Posted by សុភ័ក្ត្រ in ព្រះរាជជីវប្រវត្តិ. trackback ត​មក​ពី​លេខ​ទី​៦ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: