jump to navigation

ព្រះរាជ​ជីវ​ប្រវត្តិ​នៃ​សម្ដេច​ព្រះមហា​សុមេធាធិបតី ជួន ណាត (លេខ​ទី​៧) ខែសីហា 16, 2008

Posted by សុភ័ក្ត្រ in ព្រះរាជជីវប្រវត្តិ.
trackback

ត​មក​ពី​លេខ​ទី​៦

១២. ជីវិតាវសាន​បរិច្ឆេទ (កំណត់​អំពី​ទី​បំផុត​នៃ​ព្រះ​ជីវិត)

រាប់​តាំង​ពី​ថ្ងៃ​១៣​រោច ខែ​ស្រាពណ៍ ជា​ថ្ងៃ​ដែល​ទ្រង់​ឃើញ​សុបិន​និម្មិត្ត រហូត​មក​ដល់​ថ្ងៃ​១២​កើត ខែ​ភទ្របទ គឺ​ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែ​កញ្ញា មក​ដល់​ថ្ងៃ​ទី​២៣ កញ្ញា ត្រូវ​ជា​១៤​ថ្ងៃ គឺ​សម្ដេច​ចាប់​មាន​អាពាធ ក្នុង​ថ្ងៃ​១២​កើត ខែ​ភទ្របទ ឆ្នាំ​រកា ឯក​ស័ក ព.ស.​២៥១៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​១៩៦៩ វេលា​ម៉ោង​១៥ និង​៤៥​នាទី។

ព្រះសង្ឃ​ដែល​ធ្លាប់​ចូល​គាល់​បម្រើ​ព្រះអង្គ នាំ​គ្នា​អង្គុយ​នៅ​ក្រៅ​បន្ទប់​ក្រឡា​ព្រះ​បន្ទំ ស្រាប់​តែ​ឮ​សូរ​កណ្ដឹង​រោទ៍​ប្លែក​ពី​ធម្មតា ក៏​នាំ​គ្នា​ស្ទុះ​ចូល​ទៅ​ក្នុង​ក្រឡា​ព្រះ​បន្ទំ​ភ្លាម។ គ្រា​នោះ​សម្ដេច​មាន​ព្រះ​ឱង្ការ​ថា “អាត្មា​ចុក​ទ្រូង​ណាស់!”។ ក្នុង​ពេល​នោះ ព្រះសង្ឃ​ដែល​នៅ​កំដរ​នោះ ក៏​ជំនុំ​ពិគ្រោះ​គ្នា​ឲ្យ​ព្រះ​សិរិវិសុទ្ធ ម៉ី យ៉ាំ និយាយ​ទូរស័ព្ទ​ទៅ​លោក​វេជ្ជបណ្ឌិត ថោ ប៉េងថុង ទៅ​ក្រសួង​ធម្មការ។ គ្រូ​ពេទ្យ​ជា​ច្រើន​នាក់ គឺ​លោក វេជ្ជបណ្ឌិត ថោ ប៉េងថុង, មី សាម៉ឺឌី, យូ គឹមយាន, ព្រំ ភួន, រស សារី, និង​លោក​វេជ្ជបណ្ឌិត ម៉ា ហ្សូ ជាតិ​បារាំង ក៏​បាន​មក​ជា​បន្ទាប់​គ្នា ពិនិត្យ​ឃើញ​ថា​អាការ​រោគ​នៃ​សម្ដេច​មិន​ទាន់​ធ្ងន់ធ្ងរ​ប៉ុន្មានទេ ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា ក្រសួង​សុខាភិបាល​ក៏​បាន​ចាត់​លោក​គ្រូ​ពេទ្យ យូ គឹមយាន និង​លី គឹមសាន ឲ្យ​មក​នៅ​រក្សា​ព្រះរោគ​ប្រចាំ​ការ ប្រកប​ឱសថ​ថ្វាយ​ជា​ដរាប​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ ១៤​កើត ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​២៥ កញ្ញា ១៩៦៩ វេលា​ម៉ោង​២០​និង​២០​នាទី ស្រាប់​តែ​ព្រះ​អស្សាសៈ បស្សាសៈ នៃ​ព្រះ​អង្គ​រលត់​ស្ងប់​ឈឹង អំពី​ព្រះ​កាយ​ទ្រង់​សោយ​ទិវង្គត ក្នុង​គម្រប់​ព្រះជន្ម​៨៦​ព្រះ​វស្សា នៅ​លើ​ព្រះ​ទែន​សយនា ដោយ​ស្ងប់ស្ងៀម​នា​ល្វែង​ធំ នៅ​ក្នុង​ព្រះ​រាជ​ដំណាក់​ព្រះអង្គ កណ្ដាល​ពួក​ថេរានុត្ថេរៈ មាន​ព្រះ​សិរិវិសុទ្ធ ម៉ីយ៉ាំ និង​ព្រះ​ឥន្ទមុនី ឆាយ ថន ជា​ដើម នា​វត្ត​ឧណ្ណាលោម។ ក្នុង​ពេល​ដែល​សម្ដេច​ព្រះសង្ឃរាជ​សោយ​ទិវង្គត​ភ្លាម​នោះ ព្រះសង្ឃ​ច្រើន​អង្គ មាន​ព្រះ​សិរិវិសុទ្ធ ម៉ី​យ៉ាំ និង​ព្រះ​ឥន្ទមុនី ឆាយ ថន ជា​ដើម ព្រម​ទាំង​លោក ម៉ា អុក គិលានុបដ្ឋាក ក៏​នៅ​កំដរ​ជាមួយ​ដែរ មាន​ចិត្ត​រំជួល ញាប់ញ័រ ស្រឡាំងកាំង ស្ទើរ​ភាន់​ភាំង​ស្មារតី បាន​ចាត់​ការ​ផ្សាយ​ដំណឹង​ទិវង្គត ដល់​ព្រះ​សង្ឃ​ក្នុង​វត្ត​ភ្លាម អង្គ​ខ្លះ​ក៏​រត់​ទៅ​ប្រគេន​ដំណឹង​នេះ​ដល់ សម្ដេច​ព្រះ​ពោធិវ័ង្ស។ ព្រះ​សិរិវិសុទ្ធ ម៉ីយ៉ាំ ក៏​ទូរស័ព្ទ​ទៅ​លោក​វេជ្ជបណ្ឌិត ថោ ប៉េងថុង ទៅ​ព្រះរាជ​ដំណាក់​ចម្ការមន ទៅ​ក្រសួង​ធម្មការ ទៅ​សាលា​ក្រុង ទៅ​ស្នងការដ្ឋាន​ប៉ូលីស​ភ្លាម លោក​អង្គ​ខ្លះ​ក៏​យក​ដំណឹង​ទៅ​វត្ត​ឯ​ទៀត​ៗ​ក្នុង​ក្រុង​ភ្នំពេញ។

បន្ទាប់​ពី​បាន​ដំណឹង​នៃ​ការ​សោយ​ព្រះទិវង្គត​នៃ​សម្ដេច​ព្រះសង្ឃរាជ​ជា​អម្ចាស់​ភ្លាម ក្នុង​រាត្រី​នោះ សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​ទ្រង់​បាន​ស្ដេច​យាង​រលះរលាំង​មក​កាន់​មហា​កុដិ​វត្ត​ឧណ្ណាលោម​ភ្លាម ដើម្បី​ក្រាប​ថ្វាយ​បង្គំ​ព្រះ​បរម​សព។ សម្ដេច​ព្រះ​ពោធិវ័ង្ស ក៏​និមន្ត​មក​គង់​នៅ​ជិត​ព្រះ​បរម​សព តាំង​ពី​ពេល​មុន​សម្ដែង​ព្រះ​សមាន​ទុក្ខ​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​បរម​សព។

ដំណាល​គ្នា​នេះ សម្ដេច​ព្រះ​មហាក្សត្រីយានី ជា​អម្ចាស់​ជីវិត ក៏​ទ្រង់​ចាត់​អ្នក​អង្គ​ម្ចាស់​នាយក​ក្រសួង​នានា ក្នុង​ព្រះ​បរម​រាជ​វាំង ជា​ព្រះរាជ​តំណាង​មក​ថ្វាយ​បង្គំ​ព្រះ​បរម​សព​ដែរ ហើយ​ពេល​ជាមួយ​គ្នា​នោះ ឯកឧត្ដម ឧត្ដម​សេនីយ៍​ឯក លន់ ណុល នាយករដ្ឋមន្ត្រី, អង្គ​ម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ ឧបនាយក​រដ្ឋមន្ត្រី​ទី​១ ព្រម​ទាំង​សមាជិក​រដ្ឋមន្ត្រី ឧកញ៉ា​មហា​មន្ត្រី កែ មាស ចាងហ្វាង​ពិធីការ​ព្រះបរមរាជវាំង និង​មន្ត្រី​នានា​ក្នុង​ព្រះ​បរម​រាជ​វាំង ឧត្ដម​សេនីយ៍​ឯក ង៉ោ ហ៊ូ ទី​ប្រឹក្សា​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ លោក ឌី ទូច រដ្ឋលេខាធិការ​ក្រសួង​ធម្មការ លោក​អ៊ី ទុយ អភិបាល ក្រុង​ភ្នំពេញ ឯកឧត្ដម ទិម ដុង ប្រតិភូ​រាជរដ្ឋាភិបាល​ប្រចាំ​ខេត្ត​កណ្ដាល ព្រម​ទាំង​នាយ​ទាហាន​ជាន់​ខ្ពស់​ទាំង​ឡាយ សហជីវិន លាង ហ័បអាន នាយក​វិជ្ជាឋាន​ពុទ្ធសាសនបណ្ឌិត្យ ក្រុម​អភិបាល​ពុទ្ធិក​សមាគម​ទាំង​បី មាន​លោក​ ទា ប៊ុនឡុង ជាដើម។

អស់​លោក​អ្នក​ឥស្សរជន​ធំ​តូច ដែល​អញ្ជើញ​មក​កាន់​វត្ត​ឧណ្ណាលោម ក្នុង​វេលា​រាត្រី​១៤​កើត ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែ​កញ្ញា​នោះ សុទ្ធ​តែ​មាន​មុខ​ស្រពោន ក្រៀមក្រំ​គ្រប់​ៗ​គ្នា ដោយ​សេចក្ដី​សោក​ស្ដាយ​ចំពោះ​សម្ដេច​ដ៏​ក្រៃលែង បាន​ចូល​មក​សម្ដែង​មរណ​ទុក្ខ សោកស្ដាយ ក្រៀមក្រំ រំជួល​ចំពោះ​ព្រះ​បរម​សព ដោយ​គ្រប់​គ្នា​ទាំង​អស់។

បន្ទាប់​ពី​ពេល​នោះ​មក ព្រះសង្ឃ​ជា​ច្រើន​អង្គ​មាន​ព្រះ​ពុទ្ធឃោសាចារ្យ រាជ កឹង មេ​គណ​ក្រុង​ភ្នំពេញ និង​ព្រះ​មុនីកោសល្យ សូរ ហាយ ចៅ​អធិការ​វត្ត​និរោធរង្សី ជា​ដើម ព្រម​ទាំង​ព្រះ​រាជា​គណៈ និង​ឋានានុក្រម ជា​ច្រើន​រយ​អង្គ​និមន្ត​មក​ព្រោងព្រាត សុទ្ធ​តែ​មាន​មុខ​ក្រៀមក្រំ ស្រងូតស្រងាត់​គ្រប់​ៗ​អង្គ ដោយ​សេចក្ដី​ស្ដាយ​ស្រណោះ​អាឡោះ​អាល័យ ចំពោះ​សម្ដេច​ជា​អង្គ​ម្ចាស់។

លំដាប់​ត​មក​ទៀត ក្នុង​ពេល​រាត្រី​នោះ​រវាង​ម៉ោង​២២-២៣ ចេះ​តែ​មាន​ពុទ្ធ​បរិស័ទ​ ទាំង​បព្វជិត ទាំង​គ្រហស្ថ និមន្ត​អញ្ជើញ​មក​កាន់​វត្ត​ឧណ្ណាលោម​រជយ​ៗ នាំ​គ្នា​ឈរ​ត្រៀបត្រា ពាស​ពេញ​ដី​បរិវេណ​ព្រះរាជ​ដំណាក់ ទាំង​អស់​លោក​អ្នក​រាជការ​ក្នុង​ក្រុង​ភ្នំពេញ មាន​លោក​អ្នក​ក្រសួង​ធម្មការ​ជា​ដើម បាន​នាំ​គ្នា​មក​ជា​លំដាប់​លំដោយ ចូល​ក្រាប​ថ្វាយ​បង្គំ​គាល់​ព្រះ​បរម​សព សុទ្ធ​តែ​មាន​ទឹក​មុខ​ជ្រប់​ស្រពោន​ស្ទើរ​តែ​គ្រប់​ៗ​គ្នា ខ្លះ​មាន​ជល​នេត្រ​ស្រក់​សស្រាក់​រក​ហា​និយាយ​ស្ដី​ពុំ​កើត ពេល​ជា​លំដាប់​មក​ទៀត ចេះ​តែ​មាន​ពុទ្ធ​បរិស័ទ ទាំង​គ្រហស្ថ បព្វជិត ធ្វើ​ដំណើរ​មក​កាន់​វត្ត​ឧណ្ណាលោម យ៉ាង​ណែនណាន់​តាន់តាប់​រហូត​ទាល់​តែ​ភ្លឺ។ លោក​អ្នក​ខ្លះ​មាន​ទឹក​ភ្នែក​ហូរ​រហាម ហើយ​បន្លឺ​វាចារ​ថ្ងូរ​ថា ឱ! សម្ដេច​ព្រះសង្ឃរាជ ចូល​ទិវង្គត​ហើយ​តើ! សូម្បី​ព្រះ​អង្គ មាន​ព្រះ​ជន្ម​៨៦​ពិត​មែន ប៉ុន្តែ​យើង​ខ្ញុំ​ព្រះ​អង្គ​នៅ​តែ​ស្ដាយ​ស្រណោះ ចង់​ឲ្យ​សម្ដេច​គង់​នៅ​ជាង​រយ​ព្រះ​វស្សា​ដោយ​យើង​ខ្ញុំ​ព្រះ​អង្គ​ធ្លាប់​ស្ដាប់​ព្រះ​រាជ​ឱវាទ ធ្លាប់​ឃើញ​ធ្លាប់​គោរព​សម្ដេច​ជា​អង្គ​ម្ចាស់ ឥឡូវ​នេះ​ស្រាប់​តែ​សម្ដេច​ជា​អង្គ​ម្ចាស់​ចូល​ទិវង្គត ទៅ​កាន់​បរលោក​នាយ​ចោល​យើង​ខ្ញុំ​ទៅ​ហើយ។ ការ​ចូល​ទិវង្គត​នៃ​សម្ដេច​ព្រះសង្ឃរាជ​នេះ នាំ​ឲ្យ​ទូល​ព្រះ​បង្គំ​គ្រប់​រូប​រហេងរហាង ត្រមង់ត្រមោច​ក្នុង​ចិត្ត​អស់​សេចក្ដី​សង្ឃឹម​កក់​ក្ដៅ​ចំពោះ​សម្ដេច​ទៅ​ហើយ។

សម្ដេច​ព្រះសង្ឃរាជ ដែល​ព្រះ​អង្គ​បាន​យាង​មក​សោយ ព្រះ​ជាតិ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ ព្រះ​អង្គ​បាន​ធ្វើ​ប្រយោជន៍ ទាំង​ផ្លូវ​ព្រះពុទ្ធ​សាសនា ទាំង​ផ្លូវ​លោក ទុក​ឲ្យ​ពុទ្ធ​បរិស័ទ​ជា​ច្រើន​ណាស់ ឈ្មោះ​ថា​ព្រះ​អង្គ​បាន​លើក​ព្រះ​ពុទ្ធ​សាសនា លើក​ប្រទេស​ជាតិ​ឲ្យ​បាន​ថ្កុំថ្កើន​រុង​រឿង រួម​ជាមួយ​នឹង​សម្ដេច​ព្រះ​ឧបយុវរាជ​ព្រះ​ប្រមុខ​រដ្ឋ​ដែល​យឹតយោង​ប្រជា​ពលរដ្ឋ ដោយ​ព្រះ​មធ្យោបាយ​ដ៏​ខ្ពង់ខ្ពស់​បំផុត ឲ្យ​ប្រទេស​ជាតិ​មាន​ឯកភាព សាមគ្គីភាព សន្តិភាព បាន​ឯករាជ្យ​ដ៏​បរិបូរណ៍ ដូច​សេចក្ដី​ប្រាថ្នា ហើយ​យ៉ាង​ណា​សម្ដេច​ព្រះសង្ឃរាជ មាន​ព្រះរាជ​ជីវ​ប្រវត្តិ​ល្អ​ណាស់ មាន​ព្រះ​បំណង​សម្រេច​ក៏​យ៉ាង​នោះ​ដែរ។

ព្រឹក​ឡើង ថ្ងៃ​១៥​កើត ខែ​ភទ្របទ (២៦ កញ្ញា) អស់​លោក​ឥស្សរជន បាន​ប្រជុំ​តាំង​គណៈ​កម្មការ​មួយ​បណ្ដោះ​អាសន្ន​សម្រាប់​ចាត់​ការ​បុណ្យ​ព្រះ​បរម​សព​ត​ទៅ។

ត​ទៅ​លេខ​៨

មតិ»

1. ព្រះរាជ​ជីវ​ប្រវត្តិ​នៃ​សម្ដេច​ព្រះមហា​សុមេធាធិបតី ជួន ណាត (លេខ​ទី​៦) « សម្ដេច​ព្រះសង្ឃរ - ខែសីហា 16, 2008

[…] ត​ទៅ​លេខ​៧ […]

2. Chanroeun Pa - ខែសីហា 18, 2008

Hi Dear,

It is a nice collection. But don’t forget to put a link of the Electronic Choun Nath Khmer Dictionary on your blog.

Cheers,

Chanroeun

3. Phary - ខែសីហា 29, 2008

Please give me link to downlaod the dictionary of Samdech Choun Nath.

4. ព្រះរាជ​ជីវ​ប្រវត្តិ​នៃ​សម្ដេច​ព្រះមហា​សុមេធាធិបតី ជួន ណាត (លេខ​ទី​៨ ចប់) « សម្ដេច​ព្រះសង - ខែកញ្ញា 2, 2008

[…] ព្រះរាជ​ជីវ​ប្រវត្តិ​នៃ​សម្ដេច​ព្រះមហា​សុមេធាធិបតី ជួន ណាត (លេខ​ទី​៨ ចប់) ខែ កញ្ញា 2, 2008 Posted by សុភ័ក្ត្រ in ព្រះរាជជីវប្រវត្តិ. trackback ត​ពី​លេខ​៧ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: