jump to navigation

ព្រះរាជ​ជីវ​ប្រវត្តិ​នៃ​សម្ដេច​ព្រះមហា​សុមេធាធិបតី ជួន ណាត (លេខ​ទី​៨ ចប់) ខែកញ្ញា 2, 2008

Posted by សុភ័ក្ត្រ in ព្រះរាជជីវប្រវត្តិ.
trackback

ត​ពី​លេខ​៧

រយៈ​កាល​មុន​អំពី​កាល​ដែល​សម្ដេច​ទ្រង់​សោយ​ព្រះ​ទិវង្គត

សម្ដេច​ព្រះសង្ឃរាជ មាន​ព្រះ​អាពាធ​ជា​ដំបូង​ក្នុង​ថ្ងៃ​អង្គារ ១២​កើត ខែ​ភទ្របទ ឆ្នាំ​រកា ឯកស័ក ត្រូវ​នឹង​ថ្ងៃ​២៣ ខែ​កញ្ញា ឆ្នាំ​១៩៦៩។ ដំណឹង​ព្រះ​អាពាធ​នៃ​សម្ដេច​ព្រះសង្ឃរាជ​នេះ បាន​ថ្វាយ​ចំពោះ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ​រួច​ហើយ។ ឯកឧត្ដម អ៊ឹង ហុងសាធ តាម​ព្រះរាជ​បញ្ជា​នៃ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ បាន​ចាត់​ឲ្យ​អស់​លោក​វេជ្ជបណ្ឌិត​ខ្មែរ បារាំង​ដ៏​ជំនាញ​ៗ​ទាំង​ឡាយ មក​ជួយ​ខ្វល់ខ្វាយ​ព្យាបាល​រោគ​ព្រះអង្គ​យ៉ាង​ពេញ​សមត្ថភាព ប៉ុន្តែ​ធ្វើ​ម្ដេច​ឡើយ​នឹង​អាច​យក​ជ័យ​ជម្នះ​លើ​មច្ចុសង្គ្រាម​បាន។

សម្ដេច​ព្រះសង្ឃរាជ​ជា​អម្ចាស់​ទ្រង់​បាន​ជ្រាប​ព្រះអង្គ​ជា​មុន ចាប់​តាំង​ពី​ថ្ងៃ​ប្រឈួន ទ្រង់​មាន​ព្រះ​ឱង្ការ​ប្រាប់​ព្រះសង្ឃ និង​អស់​លោក​ដែល​មក​ថ្វាយ​បង្គំ​សាកសួរ​ព្រះសុខភាព​ថា “អាត្មា​មាន​ជំងឺ​ម្ដង​នេះ ដូច​ជា​គ្មាន​សង្ឃឹម​ទេ” ព្រះរាជ​ឱង្ការ​នេះ ធ្វើ​ឲ្យ​យើង​រាល់​គ្នា​មាន​ការ​ព្រួយ​បារម្ភ​ណាស់ ប៉ុន្តែ​យើង​រាល់​គ្នា​ជឿ​ទុក​ថា ព្រះអង្គ​មុខ​ជា​នឹង​គង់​ព្រះជន្មាយុ​ត​ទៅ​ទៀត​បាន ពីព្រោះ​សង្កេត​ទៅ​ព្រះសរីរាង្គកាយ​ព្រះអង្គ​ ពុំ​ឃើញ​មាន​ប្រែ​ប្រួល​ប្លែក​ប៉ុន្មាន​ទេ ម្យ៉ាង​ទៀត ទ្រង់​នៅ​ចាំ​ព្រះ​ស្មារតី​ល្អ​ណាស់ អាច​មាន​ព្រះ​ឱង្ការ​មាំមួន សំណេះសំណាល​នឹង​អស់​លោក ទាំង​ព្រះសង្ឃ គ្រហស្ថ ដែល​មក​ក្រាប​បង្គំ​គាល់​នោះ បាន​ស្រួល​នៅ​ឡើយ ជា​ពិសេស​កាល​ពី​ព្រឹក​នៃ​ថ្ងៃ​សោយ​ព្រះទិវង្គត​នេះ​ឯកឧត្ដម​នាយក​រដ្ឋមន្ត្រី នឹង​អ្នក​អង្គ​ម្ចាស់​ឧបនាយករដ្ឋមន្ត្រី​ទី​១ បាន​ចូល​បង្គំ​គាល់​ព្រះអង្គ​ដើម្បី​សាកសួរ​ព្រះរោគ​ព្រះអង្គ​ផង ដើម្បី​ក្រាប​បង្គំ​លា​ព្រះអង្គ​ទៅ​កាន់​បរទេស​តាម​ការ​អញ្ជើញ​នៃ​សាធារណរដ្ឋ​ចិន​ប្រជាមានិត និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​អាល្លឺម៉ង់​ផង។

គ្រា​នោះ​ព្រះអង្គ​បាន​ទទួល​រាក់ទាក់ ហើយ​បាន​ប្រសិទ្ធពរ​ជូន​ចំពោះ ឯកឧត្ដម​នាយករដ្ឋមន្ត្រី និង​ថ្វាយ​ចំពោះ​អ្នក​អង្គ​ម្ចាស់ ឧបនាយករដ្ឋមន្ត្រី​ទី​១ សូម​ទៅ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ក្រៅ​បាន​ជោគជ័យ។ ក្រោយ​មក​ទៀត​សម្ដេច​ក៏​ព្រះរាជទាន​សន្ទនា​ជាមួយ​លោក ឌី ទូច រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​លោក ទ្រិញ វ៉ាញ ប្រធាន​សមាគម​អ្នក​និពន្ធ​ខ្មែរ​អំពី​ការ​ធ្វើ​ចេតិយ។ ព្រះអង្គ​ទ្រង់​មាន​ព្រះរាជ​បន្ទូល​ហូរហែ ហើយ​ទ្រង់​និទាន​អំពី​ចេតិយ​ឈ្មោះ សិង្គុត្តរៈ នៅ​សហភាព​ភូមា​ថែម​ទៀត​ផង។ រួច​ព្រះអង្គ​ត្រាស់​រំលឹក​អំពី​ការ​បោះពុម្ព​វចនានុក្រម​ខ្មែរ​ដែល​ទ្រង់​បាន​ខិតខំ​កែ​សម្រួល​បន្ថែម​ពាក្យ​ជា​ច្រើន​ទៀត ទោះ​បី​ជរា​និង​ព្យាធិ​ចេះ​តែ​បៀតបៀន​ព្រះអង្គ​ក៏​ដោយ។ សភាព​ទាំង​នេះ​ស​ឲ្យ​ឃើញ​ថា ព្រះអង្គ​នៅ​រឹងប៉ឹង​ណាស់ មិន​គួរ​ឡើយ​នឹង​ប្រែប្រួល​ដោយ​ឆាប់​រហ័ស​ដូច្នេះ​សោះ នាំ​ឲ្យ​យើង​ក្រៀមក្រំ​ស្រងាក​ចិត្ត​ដូច​ជា​យើង​ធ្លាក់​បេះដូង។ នេះ​ហើយ​សម​ដូច​ព្រះ​ថេរដីកា​របស់​ព្រះអង្គ ដែល​ទ្រង់​ត្រាស់​ជា​រឿយ​ៗ​ថា៖ ជួន​កាល​ពេល​ព្រឹក​មនុស្ស​សត្វ​ជួប​គ្នា​រញង់ លុះ​ពេល​ល្ងាច​ក៏​ស្រាប់​តែ​បែក​គ្នា​ភ្លាម​ៗ។ សភាព​នេះ​ត្រូវ​ដូច​ព្រះ​តម្រាស់​នោះ​ណាស់ ព្រះអង្គ​យាង​ទៅ​ចោល​ពុទ្ធ​បរិស័ទ​រាល់​គ្នា ឥត​មាន​ប្រទាន​ដំណឹង​ជា​មុន​ឲ្យ​ច្បាស់​ដល់​យើង ដើម្បី​នឹង​ព្យាបាល​ព្រះអាការ​រោគ​ឲ្យ​បាន​យូរ​ថ្ងៃ​សោះ គួរ​ឲ្យ​យើង​ខ្ញុំ​ស្ដាយ​ក្រៃ​ពេក​ណាស់​នឹង​រក​ពាក្យ​ណា​មួយ​ថ្លែង​រៀបរាប់​ពុំ​បាន​ឡើយ។ ព្រះអង្គ​សោយ​ទិវង្គត​នេះ ធ្វើ​ឲ្យ​រញ្ជួយ​សកល​កម្ពុជា ព្រោះ​ព្រះអង្គ​មាន​ព្រះគុណ​ធម៌​ច្រើន​ណាស់​លើ​ពុទ្ធ​បរិស័ទ ទាំង​បព្វជិត ទាំង​គ្រហស្ថ។ សម្ដេច​ទ្រង់​សោយ​ព្រះទិវង្គត បាត់​ព្រះ​រូប​ពិត​មែន ប៉ុន្តែ​ព្រះ​កិត្តិនាម​ឋិត​នៅ​ដដែល។

អស់​លោក​អ្នក​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ! ព្រះ​បរម​សព​នៃ​សម្ដេច​ព្រះ​សង្ឃរាជ​នេះ ជា​ព្រះ​សព​ត្រូវ​តម្កល់​ទុក​តាម​ផ្លូវ​ការ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ធ្វើ​ទក្ខិណា​នុប្បទាន​រៀង​រាល់​ថ្ងៃ​ត​ទៅ ទម្រាំ​គណៈ​កម្មការ​បុណ្យ​ជំនុំ​គ្នា​ដោះស្រាយ រៀបចំ​ព្រះរាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​កំណត់​យក​ថ្ងៃ​ណា ខែ​ណា ត​ទៅ​ជា​ក្រោយ។ ឥឡូវ​នេះ គណៈ​កម្មការ​បុណ្យ​បណ្ដោះ​អសន្ន បាន​ព្រម​ព្រៀង​យក​ថ្ងៃ​១​រោច ខែ​ភទ្របទ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​១៩៦៩ ជា​កិច្ច​ធ្វើ​ទក្ខិណានុប្បទាន មាន​ទេសនា និង​វេរភត្ត រៀង​រាល់​យប់​ថ្ងៃ​ត​រៀង​ទៅ ចំនួន​៦​ខែ គិត​ពី​ខែ​នេះ​ទៅ ក្រោម​ព្រះរាជ​ធិបតីភាព​នៃ​សម្ដេច​ព្រះ​មហាក្សត្រីយានី និង​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ៕

មតិ»

1. ព្រះរាជ​ជីវ​ប្រវត្តិ​នៃ​សម្ដេច​ព្រះមហា​សុមេធាធិបតី ជួន ណាត (លេខ​ទី​៧) « សម្ដេច​ព្រះសង្ឃរ - ខែកញ្ញា 2, 2008

[…] ត​ទៅ​លេខ​៨ […]

2. happylkt - ខែកញ្ញា 5, 2008

hello! my name happylkt i’m owner of website khmer calls http://www.4kunkhmer.wordpress.com, i think your topic is very good so i would request to download it and keep to PDF. hope u know and agree with this ok

3. happylkt - ខែកញ្ញា 7, 2008

សូម​ចូល​រួម​ជជែក​ពិភាក្សា​លើ​ប្រធាន​បទ ស្តី​អំពី​ផល​ប៉ះ​ពាល់​ដែល​បណ្តាល​មក​ពី​ភាព​រីក​ចម្រើន​នៃ​វិស័យ Games Online នៅ​ប្រទេស​កម្ពុជា​យើង​សព្វ​ថ្ងៃ ឲ្យ​បាន​ច្រើន?

4. សុទ្ធិពង្ស - ខែកញ្ញា 17, 2008

ប្លក់នេះមានប្រយោជន៍ណាស់

5. សេង - ខែសីហា 8, 2009

ខ្ញុំសូមអរគុណដែលម្ចាស់ប្លក់នេះបានស្រាវជ្រាវរាវរកពត៍មានរបស់សម្តេចសង្ឃ​ ជួន ណាត ។ខ្ញុំក៏សំនូមពរឲ្យconvert to file PDF ដែរ ។ ព្រោះខ្ញុំពិបាកយកមរក្សាទុកណាស់ ។ ខ្ញុំត្រូវចម្លងម្តងមួយផ្ទាំងៗ វាធ្វើឲ្យខាតពេលច្រើនពេក ។ សូមអរគុណទុកជាមុន ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: