jump to navigation

ព្រះ​សង្ឃរាជ ជួន​ ណាត ជា​​អ្នក​ប្រាជ្ញ​កើត​ពី​សង្គម​ខ្មែរ​បរិសុទ្ធ ខែ​កុម្ភៈ 9, 2009

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback

អ្នក​ប្រាជ្ញ​នីមួយ​ៗ តែង​ដុះ​ចំណេះ​ប្រាជ្ញា​ភ្លឺ​ប្រុះ​សុស​សព្វ​ក្នុង​វិជ្ជា​ណា​មួយ​របស់​ខ្លួន។​ ការ​ដុះ​ចំណេះ​ប្រាជ្ញា​នេះ ជួន​កើត​មក​ពី​សិក្សា​សន្សែ​សន្សំ​ដោយ​ខ្លួន​ឯង ជួន​ចេះ​ដោយ​ការ​សិក្សា​ពី​គ្រូ​បាធ្យាយ​ដែល​លោក​ចេះ​ស្រាប់​ៗ នាំ​ចំណេះ​មក​ហុច​ឲ្យ​តែ​ម្ដង។

ក្នុង​បណ្ដា​អ្នក​ប្រាជ្ញ​ទាំង​ពីរ​សណ្ឋាន​នេះ យើង​ឃើញ​ថា​សម្ដេច​សង្ឃរាជ ជួន ណាត​ឋិត​នៅ​ក្នុង​សណ្ឋាន​ទី​មួយ គឺ​ថា​លោក​បាន​សន្សែ​សន្សំ​ចំណេះ​ប្រាជ្ញា​ដោយ​ខ្លួន​ឯង។ ហេតុ​បាន​ជា​យើង​ហ៊ាន​ពោល​ដូច្នេះ ព្រោះ​សម័យ​ដែល​លោក មាន​វ័យ​នៅ​ក្មេង​នោះ ស្រុក​យើង​ពុំ​ទាន់​មាន​សាលារៀន​ត្រក់​ត្រកាល​ដូច​សព្វ​ថ្ងៃ​នេះ​ទេ ទោះ​សាលា​បឋម​សិក្សា ផ្លូវ​លោក​ក្ដី ផ្លូវ​សាសនា​ក្ដី។ ម្យ៉ាង​ទៀត សម​បើ​សម្ដេច​លោក​កើត​នៅ​ស្រុក​ស្រែ (សង្កាត់​កំរៀង ស្រុក​គង​ពិសី កំពង់ស្ពឺ) ដែល​ជា​ស្រុក​កំណើត​មួយ​នៅ​កៀន​កោះ​ថែម​ទៀត​នោះ​ ក៏​រឹត​តែ​លង់​នៅ​ក្នុង​ភព​ជ្រៅ​ណាស់​ទៅ​ទៀត។ បើ​លោក​អ្នក ធ្លាប់​ទៅ​លេង​ដល់​ភូមិ​រកា​កោះ​ជា​ស្រុក​ភូមិ​កំណើត​ព្រះ​អង្គ ក៏​រឹត​តែ​កើត​អនិច្ចា​ខ្លាំង​ណាស់​ទៅ​ទៀត រហូត​ដល់​ឈរ​ភាំង​រំពឹង​គិត​ជញ្ជឹង​គិត​ម្នាក់​ឯង​ថា សម្ដេច​ព្រះ​សង្ឃរាជ​លោក​កើត​នៅ​ភូមិ​នេះ​សោះ ម្ដេច​ឡើយ​ក៏​ទៅ​កើត​ជា​អ្នក​ប្រាជ្ញ​ហ្ន៎!

សព្វ​ថ្ងៃ​មាន​ផ្ទះ​តូច​ៗ រកេតរកូត ផ្លូវ​ចូល​ក្រវេចក្រវៀន វត្ត​នេះ​បាន​ស្អាតស្អំ​សព្វ​ថ្ងៃ ក៏​ដោយ​សារ​សម្ដេច​លោក​ទើប​ជួយ​កសាង​បន្ថែម​កុដិ​សាលា​ព្រះវិហារ​ប៉ុណ្ណោះ​ទេ។ ទិដ្ឋភាព​ស្រុក​ភូមិ​នេះ​នាំ​ឲ្យ​យើង​ឃើញ​ច្បាស់​ថា ការ​រៀន​សូត្រ​របស់​សម្ដេច ពិត​ជា​ផុស​ចេញ​ពី​សង្គម​ខ្មែរ​ដ៏​បរិសុទ្ធ គឺ​ខ្មែរ​គ្មាន​លាយ​វប្បធម៌​បរទេស​ណា​ទេ ហើយ​ចំពោះ​វិជ្ជា​ទាំង​អស់​សោត ក៏​សុទ្ធ​តែ​កើត​ឡើង​ពី​ការ​ប្រមូល​សន្សំ​ចេះ​ចាំ​ទុក ពី​គ្រប់​ទិស​ទី មជ្ឈដ្ឋាន​អ្នក​ស្រែ​ចម្ការ​ខ្មែរ​សុទ្ធសាធ។ លុះ​លោក​មាន​វ័យ​ចម្រើន​ឡើង​ហើយ ទើប​លោក​និមន្ត​មក​សិក្សា​នៅ​ទីក្រុង បាន​ភប់​ប្រសព្វ​នឹង​អរិយធម៌​អ្នក​ក្រុង ស្គាល់​ឥទ្ធិពល​អារិធម៌​បរទេស​ខ្លះ ដែល​មក​លប​លួច​ច្របល់​ចូល​ក្នុង​អារិយធម៌​ខ្មែរ ក្នុង​មជ្ឈដ្ឋាន​អ្នក​ក្រុង​ទាំង​នេះ។ បើ​ទោះ​បី​ជា​លោក បាន​ជួប​ប្រទះ​ដឹង​អរិយធម៌​ក្លាយ​ទាំង​នេះ​ក្ដី សម្ដេច​ ជួន ណាត ព្រះ​អង្គ​ទ្រង់​ក៏​មិន​ក្រេប​ទុក​ជា​ទម្លាប់​ផ្ទាល់​ព្រះអង្គ​ដែរ ទ្រង់​គ្រាន់​តែ​ចេះ ហើយ​ចំណាំ​ទុក​ថា នេះ​ជា​អរិយធម៌​គេ​មួយ​ដែរ តែ​ខ្មែរ​យើង​នៅ​ឯ​នេះ​ទេ​មិន​មែន​ដូច​គេ​ទេ។

ការ​សិក្សា​របស់​លោក​កាន់​តែ​ដេញ​ជ្រៅ​ទៅ​ៗ ត្រូវ​ចេះ​ត្រូវ​ស្គាល់​អក្សរ ភាសា អរិយធម៌​បរទេស​ផ្សេង​ៗ រហូត​ដល់​ត្រូវ​ទៅ​បន្ត​វិជ្ជា​ឯ​បរទេស​ទៀត ប៉ុន្តែ​ចំណេះ​ថ្មី​ៗ​ទាំង​ប៉ុន្មាន​គ្រាន់​តែ​បង្កើត​ឲ្យ​លោក​មាន​ការ​យល់​ទូលាយ​ខ្សែ​នេត្រា​វែង​ឆ្ងាយ ធ្វើ​ការ​ផ្គូ​ផ្ទឹម​គ្នា​បាន​គ្រប់​ទិស​តែ​ប៉ុណ្ណោះ ឯ​មូល​ដ្ឋាន​ដើម​របស់​ខ្មែរ​នៅ​តែ​ជាប់​ក្នុង​សន្ដាន​ព្រះទ័យ​ដែល​ឥត​ល្អៀង​ឥត​រង្គើ​ឡើយ។

អ្នក​ផង​ទទួល​ស្គាល់​លោក ឬ​ខ្មែរ​ទាំង​អស់​ទទួល​គោរព​លោក​មិន​មែន​គោរព ព្រោះ​លោក​ចេះ​អរិយធម៌​បរទេស​ខ្ពង់ខ្ពស់ ហា​ពន្យល់​ឡើង​សូត្រ​ទ្រឹស្ដី សូត្រ​សុភាសិត សូត្រ​គម្រោង​ផែនការ​តាម​បរទេស​ណា​មួយ​ឡើយ គឺ​លោក​សូត្រ​តែ​សុភាសិត​ខ្មែរ ទំនៀម​ខ្មែរ​សុទ្ធ​ៗ ហើយ​ជា​ទំនៀម ឬ​ចំណេះ​ខ្មែរ​ដែល​កប់​ជ្រៅ​ណាស់​មក​ហើយ ហើយ​ខ្មែរ​ធម្មតា​យល់​មិន​ដល់។ បើ​មាន​ជន​បរទេស​ណា​ម្នាក់ ឬ​យុវជន​ណា​មួយ​ចូល​សាក​សួរ​លោក​ពី​រឿង​ខ្មែរ ទោះ​ជា​រឿង​អ្វី​ក៏​ដោយ ​ឲ្យ​តែ​ក្នុង​អរិយធម៌​ខ្មែរ លោក​មិន​ដែល​ថា​មិន​ចេះ មិន​ដឹង​ឡើយ។ មិន​តែ​ប៉ុណ្ណោះ លោក​ណែនាំ​ពន្យែ​ពន្យល់​ទាល់​តែ​អ្នក​នោះ​ឯង​ស្ដាប់​បាន ចូល​ចិត្ត​ស៊ប់​អស់​សន្ទិះ​សង្ស័យ​ថែម​ទៀត។

ដូច្នេះ ការ​ចេះ​ដឹង​ធ្លុះធ្លាយ​ទាំង​អស់​នេះ កើត​ពី​ក្បួន​ណា? កើត​ពី​សាស្ត្រាចារ្យ? គ្មាន​ទេ​! គឺ​កើត​ពី​ការ​ស្រាវជ្រាវ​ផ្ទាល់​ព្រះអង្គ។ បើ​ទ្រង់​ឃើញ​អ្វី​ប្លែក ហើយ​ឆ្ងល់ ក៏​ដេញ​សួរ​សាក​រក​ហេតុ​ផល​យក​មក​ពិចារណា​ភ្លាម តាំង​ពី​អក្សរ ភាសា ទំនៀមទម្លាប់ សិល្បៈ​។ល។ នេះ​បើ​យើង​មិន​និយាយ​ពី​រឿង​ធម៌​វិន័យ ដែល​លោក​ចាំ​ខ្ទេចខ្ទី ចាំ​រហូត​ទាំង​លេខ​ទំព័រ លេខ​បន្ទាត់ ទាល់​តែ​ទី​ប្រជុំ​ឆដ្ឋ​សង្គាយនា​នៅ​រង្គូន​តាំង​លោក​ជា​មហា​បណ្ឌិត​នោះ​ផង​ឡើយ។ បើ​និយាយ​ឲ្យ​ខ្លី​ថា៖ សម្ដេច​ព្រះសង្ឃរាជ ជួន ណាត មួយ​ជីវិត​លោក​បូជា​ជីវិត​ទាំង​ស្រុង​ក្នុង​អរិយធម៌​ខ្មែរ គឺ​ថា​លោក​មិន​ឲ្យ​ពេល​វេលា​របស់​លោក​នាទី​ណា​មួយ​កន្លង​ទៅ​ដោយ​មិន​គិត​ពី​អរិយធម៌​ខ្មែរ​នោះ​ទេ។ ដូច្នេះ រួម​សេចក្ដី​ទៅ គឺ​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ព្រះជន្ម​លោក​៨៦​ឆ្នាំ ពិត​ជា​៨៦ ដែល​ឋិត​នៅ​ក្នុង​ការ​កសាង ការ​គិត​ពី​អរិយធម៌​ខ្មែរ​ទាំង​ស្រុង។ ការ​ដែល​លោក​បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត មហា​បណ្ឌិត ពី​ប្រទេស​ភូមា ប្រទេស​លង្កា និង​ពី​សកល​វិទ្យាល័យ​ភ្នំពេញ​ក្ដី សុទ្ធ​តែ​ពុំ​មែន​លោក​ដាក់​ខ្លួន​សរសេរ​វិញ្ញាសារ​ប្រឡង​ដូច​ជន​ធម្មតា​ឡើយ គឺ​ពិត​ជា​មេ​ប្រយោគ​ទាំង​នោះ​ទ្រាំ​មិន​បាន ព្រោះ​ឃើញ​សកម្មភាព​ថ្វី​ព្រះហស្ត​នោះ​ឆ្អិន​ឆ្អៅ ជាក់លាក់​រក​អ្នក​ផ្ទឹម​គ្មាន​ពីរ បែប​ខ្មែរ​សុទ្ធ​នោះ គេ​ក៏​នាំ​គ្នា​តែង​តាំង​ឡើង​ពេញ​សមត្ថភាព មិន​មែន​ជា​ការ​បញ្ចើចបញ្ចើ​គ្រាន់​​ជា​នាទី​កិត្តិយស​នោះ​ឡើយ។

ហេតុ​នេះ​យើង​ត្រូវ​តែ​នាំ​គ្នា​ចាំ​ឲ្យ​ច្បាស់​ថា៖ សម្ដេច​ ជួន ណាត ជា​អ្នក​ប្រាជ្ញ​កើត​ចេញ​ពី​សង្គម​ខ្មែរ​សុទ្ធ គឺ​ពុំ​មែន​ពោល​តែ​ពី​រឿង​វង្ស​ត្រកូល​ទេ គឺ​និយាយ​ពី​សង្គម​ចំណេះ​វិជ្ជា​របស់​លោក​នោះ​ឯង។ ការ​បាត់បង់​លោក​ទៅ ក៏​ជា​ការ​សោក​ស្ដាយ​មួយ​ក្រៃលែង​ណាស់ តែ​មិន​ដឹង​ធ្វើ​ម្ដេច​ឲ្យ​កម្ពុជា​សម្បូណ៌​ដោយ​អ្នក​ប្រាជ្ញ រឿង​ខ្មែរ​សុទ្ធ​ៗ​ដូច្នេះ​ត​ទៅ​ទៀត​បាន៕

ចម្លង​មក​ពី​ទស្សនាវដ្ដី “កម្ពុជា​ថ្មី​” (ឆ្នាំ​ទី​១ លេខ​១ ចុះ​ថ្ងៃ​ទី​១៣-១៩ មិថុនា គ.ស.​១៩៧១)

មតិ»

1. កូនខ្មែរ-បារាំង - ខែ​កុម្ភៈ 9, 2009

មែន ព្រះអង្គពិតជាអ្នកប្រាជ្ញតែមួយគត់របស់ខ្មែរមែន ហើយដែលព្រះអង្គមានចំណេះវិជ្ជាដ៏​ជ្រៅជ្រះខាងអក្សរសាស្រ្ត វប្បធម៌ អារ្យធម៌​ នឹងប្រវត្តិសាស្ត្រខ្មែរ ហើយដែលរកគ្មានពីរ។

2. Cambodia economy - ខែ​កុម្ភៈ 12, 2009

គ្មាននរណា​ម្នាក់​អាច​បំភ្លេច​បាន​ទេ​ចំពោះ​ព្រះនោះ​។ ស្នាដៃ​របស់​ព្រះ​អង្គ​ត្រូវ​បាន​កូន​ខ្មែរ​ជំនាន់​នេះ​ ក៏​ដូចជា​ជំនាន់​ក្រោយ​ គឺ​នៅ​តែត្រូវការ​សម្រាប់​ការ​សិក្សា។

3. ចំរើន - ខែ​កុម្ភៈ 20, 2009

ក្នុងនាមជាកូនខ្មែរ និងជាពុទ្ធសានិកជន ខ្ញុំតែងតែគោរពស្រឡាញ់ព្រះអង្គណាស់

4. រិនសារ៉ូ - ខែមិថុនា 25, 2009

វីរយភាព​របស់​សម្តេច​បាន​ទទួល​មក​ពី​ព្រះពុទ្ធ​សាសនា។​អ្នក​ដឹង​ទេ​ថា​​​ព្រះ​ពុទ្ធ​ជា​បរម​គ្រូ​ទ្រង់​ត្រាស់​ថា​​​​​រូបំ​​ជីរតិមច្ចានំ​នាម​រូបំ​នជីរតិ​​​រាល់​រូប​មនុស្ស​ប្រុស​ស្រី​តែង​តែ​ចាស់​គ្រាំ​គ្រា​និង​ស្លាប់​ជា​ធម្មតា​តែ​នាម​និង​គោត្ត​របស់​សត្វ​ទាំង​ឡាយ​រមែង​មិន​ចាស់​គ្រាំ​គ្រា​តាម​រូប​កាយ​ឡើយ។​វី​រិយេន​ទុក្ខ​មច្ចេតិ​​ការ​ព្យាយាម​តស៊ូ​គឺ​ផ្លូវ​មិន​ស្លាប់។

5. ជិន​ សំអាត - ខែវិច្ឆិកា 28, 2012

ព្រះអង្គជាវិរអ្នកប្រាច្ញខ្មែរដ៏ត្រឹមត្រូវដែលកុលបុត្តខ្មែរមិនអាចបំផ្លេច។ បុន្តែកយរឲ្យសោកស្តាយផងដែរ ដែលខ្មែរមិនដែលធ្វើបុណ្យរំលឹកគុណព្រះអ្គង្គក្នុងមួយឆ្នាំឲ្យបានម្តងឡើយ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: