បុណ្យរំឭកឧបការគុណសម្ដេចព្រះសង្ឃរាជ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដក ខែមេសា 1, 2009
Posted by សុភ័ក្ត្រ in ព័ត៌មាន.1 comment so far
បុស្បុកតាំងលម្អដោយផ្កា និងព្រះឆាយាលក្ខណ៍រួមជាមួយរូបថតអ្នកដែលត្រូវរំឭកគុណ (រូបថត រាជក្រុង)
ខេត្តសៀមរាប៖ ពិធីបុណ្យរំឭកឧបការគុណដល់ព្រះសង្ឃរាជជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដក ដែលផ្ដួចផ្ដើមប្រារព្ធធ្វើឡើងរយៈពេល២ថ្ងៃកន្លងមកនៅក្នុងវត្តរាជបូព៌នាក្រុងសៀមរាប ត្រូវបានប្រារព្ធពិធីរាប់បាត្រវេរប្រគេនដល់ព្រះសង្ឃប្រមាណជិត២ពាន់អង្គ ជាកិច្ចឆ្លងបញ្ចប់ ក្រោមអធិបតីភាពសម្ដេចព្រះសុមេធាធិបតី នន្ទ ង៉ែត សម្ដេចព្រះសង្ឃនាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃអាទិត្យ ទី២២ មីនា កន្លងទៅនេះ ដោយមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងជិតទាំងឆ្ងាយ ទាំងក្នុងនិងក្រៅខេត្តរាប់ពាន់នាក់។
គួររំឭកថា ពិធីបុណ្យរំឭកឧបការគុណនេះ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះមហាវិមលធម្មសេរីសុវណ្ណោ ពិន សែម លោក មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ស៊ូ ភិរិន្ទ អភិបាលខេត្តសៀមរាប ផងដែរ។
យោងតាមប្រវត្តិឲ្យដឹងថា គម្ពីរព្រះត្រៃបិដក ជាក្បួនច្បាប់ដែលបានតម្កល់ទុកនូវព្រះពុទ្ធវចនៈនៃព្រះអរហន្ត សម្មាសម្ពុទ្ធបរមគ្រូទ្រង់និព្វានអស់ចំនួន៣ខែក្នុងការសង្គាយនានោះ ព្រះធម្មសង្គាហកាចារ្យបានក្រុងជាគម្ពីរព្រះត្រៃបិដក ដោយមាននិកាយ៥ គឺគម្ពីរទីឃនិកាយ១ សំយុត្តនិកាយ១ មជ្ឈិមនិកាយ១ អង្គុត្តរនិកាយ១ និងឧទ្ទកនិកាយ១។ បន្ទាប់ពីការសង្គាយនាព្រះត្រៃបិដក ព្រះអរហន្ត៥០០អង្គ បានចងក្រងនូវគម្ពីរអដ្ឋកថា សម្រាប់ពណ៌នាអត្ថាធិប្យាយនូវគម្ពីរព្រះត្រៃបិដកនោះ។ គម្ពីរព្រះត្រៃបិដក និងអដ្ឋកថាទាំងនោះ ត្រូវបានសង្គាយនាទី២ ក្នុងពុទ្ធសករាជ១០០ និងសង្គាយនាទី៣ ក្នុងពុទ្ធសករាជ២៣៤ ក្រោយមកព្រះមហិន្ទត្ថេរ បាននាំព្រះត្រៃបិដក និងអដ្ឋកថាទាំងនោះមកប្រតិស្ថានក្នុងកោះស្រីលង្កា។
យោងតាមសង្ឃថា ប្រវត្តិបញ្ជាក់ឲ្យដឹងដែរថា តាមគម្ពីរជិនមាលីបករណ៍ប្រវត្តិសាស្ត្រជនជាតិឡានណា ប្រទេសជៀងហ្មៃ (ឆៀងម៉ៃ) បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាយើង ក៏បានទទួលនួវគម្ពីរព្រះត្រៃបិដក និងអដ្ឋកថាទាំងនេះ តាមរយៈព្រះមហាថេរៈច្រើនព្រះអង្គ មានព្រះមហាញ្ញាណសិទ្ធិជាដើម ដែលនិមន្តទៅសិក្សាក្នុងប្រទេសស្រីលង្កានាសំណាក់វត្តកល្យាណី ក្នុងពុទ្ធសករាជ១៩៦៨ គ្រឹស្តសករាជ១៤២៥។
ព្រះមហាថេរៈទាំងនោះ ក៏បានអារាធានាព្រះត្រៃបិដកអដ្ឋកថា និងនិមន្តព្រះសង្ឃជនជាតិស្រីលង្កាជាច្រើនមកកាន់ប្រទេសកម្ពុជាយើង ពេលនោះហើយដែលប្រទេសកម្ពុជាយើងបានទទួលនូវគម្ពីរព្រះត្រៃបិដក និងអដ្ឋកថា ហើយបានចារទុកក្នុងសាស្ត្រាស្លឹករឹតបន្តការសិក្សារក្សាវង្សព្រះពុទ្ធសាសនាថេរវាទ ឲ្យគង់វង្សរហូតមកដល់ពុទ្ធសករាជ២៤៧៣ គ្រឹស្តសករាជ១៩២៩ ទើបមានព្រះរាជប្រកាសលេខ១០៦ ចុះថ្ងៃទី១៣កើត ខែមិគសិរ ឆ្នាំម្សាញ់ ឯកស័ក ពុទ្ធសករាជ២៤៧៣ ត្រូវនឹងថ្ងៃទី១៤ ខែធ្នួ គ្រឹស្តសករាជ១៩២៩ បានតែងតាំងបង្កើតឲ្យមានក្រុមជំនុំព្រះត្រៃបិដកសម្រាប់រៀបចំផ្ទៀងផ្ទាត់ភាសាបាលី និងបកប្រែមកជាភាសាខ្មែរ។
ក្រុមជំនុំដែលមានពីឆ្នាំ១៩២៩ មកទល់និងឆ្នាំ១៩៤០ មានព្រះសង្ឃជាអធិបតី១ អធិបតីរង២ ក្រុមជំនុំជាព្រះសង្ឃ២៣អង្គ និងជាឧបាសក១១នាក់ សរុបទាំងអស់មានចំនួន៣៧អង្គ/នាក់។
ក្រុមជំនុំដែលមានចាប់ពីឆ្នាំ១៩៤០ មានព្រះសង្ឃជាអធិបតី១ អធិបតីរង២ ក្រុមជំនុំជាព្រះសង្ឃ២៧អង្គ និងជាឧបាសក១៣នាក់ សរុបទាំងអស់មានចំនួន៤៣អង្គ/នាក់។
រីឯសមាជិកក្រុមជំនុំដែលបន្ថែមជាជំនួស សមាជិកទទួលអនិច្ចធម្ម មានចំនួន២០រូប។
តាមឯកសារបង្ហាញថា ក្រុមជំនុំព្រះត្រៃបិដកជំនាន់ទី៣ មានចំនួន១៣អង្គ/នាក់។ ក្រុមជំនុំព្រះត្រៃបិដក ទាំងនេះត្រូវបានផ្ដើមធ្វើឡើងចាប់តាំងពីឆ្នាំ១៩២៩ រហូតដល់ថ្ងៃទី១៤ កើត ខែចែត្រ ឆ្នាំវក សំរិទ្ធស័ក ពុទ្ធសករាជ២៥១២ ត្រូវនឹងថ្ងៃទី១ ខែមេសា គ្រឹស្តសករាជ១៩៦៩ ទើបធ្វើបុណ្យសម្ពោធឆ្លងគម្ពីរព្រះត្រៃបិដកចំនួន១ចប់គឺ១១០ភាគ ដោយចំណាយរយៈពេល៤០ឆ្នាំ។
ការផ្ដួចផ្ដើមប្រារព្ធពិធីបុណ្យរំឭកឧបការគុណដល់សម្ដេចព្រះសង្ឃរាជជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកនៃព្រះពុទ្ធសាសនានេះ គឺដើម្បីសម្ដែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅ និងខ្ពង់ខ្ពស់បំផុតចំពោះបុព្វបុរសនៃក្រុមជំនុំព្រះត្រៃបិដកទាំងអស់ ដែលមានសម្ដេចព្រះមហាសុមេធាធិបតីជោតញ្ញាណោ ជួន ណាត អតីតសម្ដេចព្រះសង្ឃរាជនៃគណៈមហានិកាយជាដើម។
ចម្លងចេញពីសារព័ត៌មានកោះសន្តិភាព