jump to navigation

បុណ្យ​រំឭក​ឧបការគុណ​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត និង​ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក ខែ​មេសា 1, 2009

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback


បុស្បុក​តាំង​លម្អ​ដោយ​ផ្កា និង​ព្រះឆាយាលក្ខណ៍​រួម​ជាមួយ​រូបថត​អ្នក​ដែល​ត្រូវ​រំឭក​គុណ (រូបថត រាជក្រុង)

ខេត្ត​សៀមរាប៖ ពិធី​បុណ្យ​រំឭក​ឧបការគុណ​ដល់​ព្រះ​សង្ឃរាជ​ជោតញ្ញាណោ ជួន ណាត និង​ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក ដែល​ផ្ដួច​ផ្ដើម​ប្រារព្ធ​ធ្វើ​ឡើង​រយៈ​ពេល​២​ថ្ងៃ​កន្លង​មក​នៅ​ក្នុង​វត្ត​រាជបូព៌​នា​ក្រុង​សៀមរាប ត្រូវ​បាន​ប្រារព្ធ​ពិធី​រាប់​បាត្រ​វេរ​ប្រគេន​ដល់​ព្រះ​សង្ឃ​ប្រមាណ​ជិត​២​ពាន់​អង្គ ជា​កិច្ច​ឆ្លង​បញ្ចប់ ក្រោម​អធិបតីភាព​សម្ដេច​ព្រះ​សុមេធាធិបតី នន្ទ ង៉ែត សម្ដេច​ព្រះ​សង្ឃនាយក​គណៈមហានិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២២ មីនា កន្លង​ទៅ​នេះ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ជា​ពុទ្ធ​បរិស័ទ​គ្រប់​មជ្ឈដ្ឋាន​ទាំង​ជិត​ទាំង​ឆ្ងាយ ទាំង​ក្នុង​និង​ក្រៅ​ខេត្ត​រាប់​ពាន់​នាក់។

គួរ​រំឭក​ថា ពិធី​បុណ្យ​រំឭក​ឧបការគុណ​នេះ ក៏​មាន​ការ​និមន្ត និង​អញ្ជើញ​ចូល​រួម​ពី​សំណាក់​ព្រះ​មហា​វិមល​ធម្ម​សេរី​សុវណ្ណោ ពិន សែម លោក មិន​ ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា លោក ស៊ូ ភិរិន្ទ អភិបាល​ខេត្ត​សៀមរាប ផង​ដែរ។

យោង​តាម​ប្រវត្តិ​ឲ្យ​ដឹង​ថា គម្ពីរ​ព្រះ​ត្រៃបិដក ជា​ក្បួន​ច្បាប់​ដែល​បាន​តម្កល់​ទុក​នូវ​ព្រះ​ពុទ្ធ​វចនៈ​នៃ​ព្រះ​អរហន្ត សម្មា​សម្ពុទ្ធ​បរម​គ្រូ​ទ្រង់​និព្វាន​អស់​ចំនួន​៣​ខែ​ក្នុង​ការ​សង្គាយនា​នោះ ព្រះ​ធម្ម​សង្គាហកាចារ្យ​បាន​ក្រុង​ជា​គម្ពីរ​ព្រះ​ត្រៃបិដក ដោយ​មាន​និកាយ​៥ គឺ​គម្ពីរ​ទីឃ​និកាយ​១ សំយុត្ត​និកាយ​១ មជ្ឈិម​និកាយ​១ អង្គុត្តរ​និកាយ​១ និង​ឧទ្ទកនិកាយ​១។ បន្ទាប់​ពី​ការ​សង្គាយនា​ព្រះ​ត្រៃបិដក​ ព្រះ​អរហន្ត​៥០០​អង្គ បាន​ចង​ក្រង​នូវ​គម្ពីរ​អដ្ឋកថា សម្រាប់​ពណ៌នា​អត្ថាធិប្យាយ​នូវ​គម្ពីរ​ព្រះ​ត្រៃបិដក​នោះ។ គម្ពីរ​ព្រះ​ត្រៃបិដក និង​អដ្ឋកថា​ទាំង​នោះ ត្រូវ​បាន​សង្គាយនា​ទី​២ ក្នុង​ពុទ្ធ​សករាជ​១០០ និង​សង្គាយនា​ទី​៣ ក្នុង​ពុទ្ធ​សករាជ​២៣៤ ក្រោយ​មក​ព្រះ​មហិន្ទត្ថេរ បាន​នាំ​ព្រះ​ត្រៃបិដក និង​អដ្ឋកថា​ទាំង​នោះ​មក​ប្រតិស្ថាន​ក្នុង​កោះ​ស្រីលង្កា។

យោង​តាម​សង្ឃថា ប្រវត្តិ​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា តាម​គម្ពីរ​ជិនមាលីបករណ៍​ប្រវត្តិសាស្ត្រ​ជនជាតិ​ឡានណា ប្រទេស​ជៀងហ្មៃ (ឆៀងម៉ៃ) បាន​បញ្ជាក់​ថា ព្រះរាជាណាចក្រ​កម្ពុជា​យើង ក៏​បាន​ទទួល​នួវ​គម្ពីរ​ព្រះ​ត្រៃបិដក និង​អដ្ឋកថា​ទាំង​នេះ តាម​រយៈ​ព្រះ​មហាថេរៈ​ច្រើន​ព្រះ​អង្គ មាន​ព្រះ​មហាញ្ញាណ​សិទ្ធិ​ជា​ដើម ដែល​និមន្ត​ទៅ​សិក្សា​ក្នុង​ប្រទេស​ស្រីលង្កា​នា​សំណាក់​វត្ត​កល្យាណី ក្នុង​ពុទ្ធ​សករាជ​១៩៦៨ គ្រឹស្ត​សករាជ​១៤២៥។

ព្រះ​មហាថេរៈ​ទាំង​នោះ ក៏​បាន​អារាធានា​ព្រះ​ត្រៃបិដក​អដ្ឋកថា និង​និមន្ត​ព្រះ​សង្ឃ​ជនជាតិ​ស្រីលង្កា​ជា​ច្រើន​មក​កាន់​ប្រទេស​កម្ពុជា​យើង ពេល​នោះ​ហើយ​ដែល​ប្រទេស​កម្ពុជា​យើង​បាន​ទទួល​នូវ​គម្ពីរ​ព្រះ​ត្រៃបិដក និង​អដ្ឋកថា ហើយ​បាន​ចារ​ទុក​ក្នុង​សាស្ត្រាស្លឹករឹត​បន្ត​ការ​សិក្សា​រក្សា​វង្ស​ព្រះ​ពុទ្ធ​សាសនា​ថេរវាទ ឲ្យ​គង់វង្ស​រហូត​មក​ដល់​ពុទ្ធ​សករាជ​២៤៧៣ គ្រឹស្ត​សករាជ​១៩២៩ ទើប​មាន​ព្រះ​រាជ​ប្រកាស​លេខ​១០៦ ចុះ​ថ្ងៃ​ទី​១៣​កើត ខែ​មិគសិរ ឆ្នាំ​ម្សាញ់ ឯក​ស័ក ពុទ្ធ​សករាជ​២៤៧៣ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែ​ធ្នួ គ្រឹស្ត​សករាជ​១៩២៩ បាន​តែង​តាំង​បង្កើត​ឲ្យ​មាន​ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក​សម្រាប់​រៀប​ចំ​ផ្ទៀង​ផ្ទាត់​ភាសា​បាលី និង​បក​ប្រែ​មក​ជា​ភាសា​ខ្មែរ។

ក្រុម​ជំនុំ​ដែល​មាន​ពី​ឆ្នាំ​១៩២៩ មក​ទល់​និង​ឆ្នាំ​១៩៤០ មាន​ព្រះ​សង្ឃ​ជា​អធិបតី​១ អធិបតី​រង​២ ក្រុម​ជំនុំ​ជា​ព្រះ​សង្ឃ​២៣​អង្គ និង​ជា​ឧបាសក​១១​នាក់ សរុប​ទាំង​អស់​មាន​ចំនួន​៣៧​អង្គ/នាក់។

ក្រុម​ជំនុំ​ដែល​មាន​ចាប់​ពី​ឆ្នាំ​១៩៤០ មាន​ព្រះ​សង្ឃ​ជា​អធិបតី​១ អធិបតី​រង​២ ក្រុម​ជំនុំ​ជា​ព្រះ​សង្ឃ​២៧​អង្គ និង​ជា​ឧបាសក​១៣​នាក់ សរុប​ទាំង​អស់​មាន​ចំនួន​៤៣​អង្គ/នាក់។

រី​ឯ​សមាជិក​ក្រុម​ជំនុំ​ដែល​បន្ថែម​ជា​ជំនួស សមាជិក​ទទួល​អនិច្ចធម្ម មាន​ចំនួន​២០​រូប។

តាម​ឯកសារ​បង្ហាញ​ថា ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក​ជំនាន់​ទី​៣ មាន​ចំនួន​១៣​អង្គ/នាក់។ ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក ទាំង​នេះ​ត្រូវ​បាន​ផ្ដើម​ធ្វើ​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​១៩២៩ រហូត​ដល់​ថ្ងៃ​ទី​១៤​ កើត ខែ​ចែត្រ ឆ្នាំ​វក សំរិទ្ធស័ក ពុទ្ធ​សករាជ​២៥១២ ត្រូវ​នឹង​ថ្ងៃ​ទី​១ ខែ​មេសា គ្រឹស្ត​សករាជ​១៩៦៩ ទើប​ធ្វើ​បុណ្យ​សម្ពោធ​ឆ្លង​គម្ពីរ​ព្រះ​ត្រៃ​បិដក​ចំនួន​១​ចប់​គឺ​១១០​ភាគ ដោយ​ចំណាយ​រយៈ​ពេល​៤០​ឆ្នាំ។

ការ​ផ្ដួច​ផ្ដើម​ប្រារព្ធ​ពិធី​បុណ្យ​រំឭក​ឧបការគុណ​ដល់​សម្ដេច​ព្រះ​សង្ឃរាជ​ជោតញ្ញាណោ ជួន ណាត និង​ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក​នៃ​ព្រះ​ពុទ្ធ​សាសនា​នេះ គឺ​ដើម្បី​សម្ដែង​នូវ​កតញ្ញូតាធម៌​ដ៏​ជ្រាលជ្រៅ និង​ខ្ពង់ខ្ពស់​បំផុត​ចំពោះ​បុព្វ​បុរស​នៃ​ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក​ទាំង​អស់ ដែល​មាន​សម្ដេច​ព្រះ​មហាសុមេធាធិបតី​ជោតញ្ញាណោ ជួន ណាត អតីត​សម្ដេច​ព្រះ​សង្ឃរាជ​នៃ​គណៈមហានិកាយ​ជា​ដើម។

ចម្លង​ចេញ​ពី​សារព័ត៌មាន​កោះ​សន្តិភាព

Advertisements

មតិ»

1. Khmer New Year - ខែ​មេសា 8, 2009

I have to learn it sentence by sentence otherwise will easily forget.


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: