jump to navigation

បទ​សម្ភាស​អក្សរសាស្ត្រ​របស់​សម្ដេច​ព្រះសង្ឃរាជ​ជួន ណាត (ភាគ​ទី​៣) ខែកក្កដា 19, 2009

Posted by សុភ័ក្ត្រ in បទ​សម្ភាស.
trackback

ត​ពី​ភាគ​ទី​ពីរ ចុច​ខាង​ក្រោម​ដើម្បី​ស្ដាប់ ភាគ​ទី​បី

ទៅ​ចាក់​ពេទ្យ ខ្ញុំ​ទៅ​ចាក់​ថ្នាំ អស់​៥០០​រៀល​ហើយ មិន​ទាន់​ជា​សោះ! ចម្លើយ​នេះ​ច្បាស់​ណាស់ គឺ​ពូ​នោះ​ មិន​មែន​ឲ្យ​ពេទ្យ​មើល មិន​មែន​ឲ្យ​ពេទ្យ​ចាក់ មិន​មែន​យក​ថ្នាំ​មក​ចាក់​ ខ្លួន​គាត់​ទេ មិន​មែន​ចាក់​ខ្លួន​គាត់​​ទេ អ្នក​ដែល​ឆ្លើយ​របៀប​នេះ សឹង​តែ​គ្រប់​គ្នា…។

សឹង​តែ ហ្នឹង​ក៏​ប្រើ​ណាស់​ឥឡូវ។ សឹង​តែ គេ​ប្រើ​ដោយ​ឡែក​ទេ គេ​មិន​មែន​យក​មក​ប្រើ​អីចឹង​ទេ សូម​លោក​ផាន់​ជ្រាប អា​ហ្នឹង​គេ​ថា ស្ទើរ​តែ។ ស្ទើរ, ស្ទើរ​តែ។ ឥឡូវ​នេះ ស្អី​ក៏​សឹង ស្អី​ក៏​សឹង​ទាំង​អស់។ សឹង ហ្នឹង ពាក្យ​ហ្នឹង​ស្រុក​អាត្មា ស្រុក​ស្រែ គេ​មិន​និយាយ​ថា​សឹង​ហ្នឹង​ផង គេ​និយាយ​ថា ស៊ឹង​ៗ ហ៊ឺ! ពិបាក​ស៊ឹង​ងាប់​ហើយ​វ៉ី! គឺ​ស្ទើរ​ ពាក្យ​ហ្នឹង​គេ​ថា ស្ទើរ, រក​កល ឯ​សឹង​នោះ គេ​និយាយ​អ៊ីចេះ គេ​ថា យើង​សព្វ​ថ្ងៃ​កុំ​ទៅ​ប្រចាំ​គ្នា ថា​អ្នក​ណា​នឿយ​តិច អ្នក​ណា​នឿយ​ច្រើន​អី! មក​ធ្វើ​ការ​រួម​គ្នា​ហ្នឹង វា​ពិបាក​សឹង​តែ​ទាំង​អស់​គ្នា គឺ​ថា​សុទ្ធ​តែ អា​ហ្នឹង​បាន​និយាយ​ថា សឹង សុទ្ធ​សឹង​តែ។ គេ​សួរ​ថា ចុះ​អីវ៉ាន់​អី​មាន​នៅ​ក្នុង​បន្ទប់​ហ្នឹង​ខ្លះ​ ថា​ មាន​សុទ្ធ​សឹង​តែ​ការុង​ដាក់​អង្ករ​ៗ ការុង​ ហ្នឹង​ត្រូវ​និយាយ សឹង ពាក្យ​នេះ​គេ​និយាយ​រាយ​រង​តាម​ធម្មតា​ទេ បើ​និយាយ​ក្នុង​សំបុត្រ​ស្នាម យក​មក​ប្រើ​វា​ច្រឡំ​ ប្រើ​តែ ស្ទើរ​តែ ទើប​បាន​វា​ច្បាស់ ពិបាក​ស្ទើរ​ស្លាប់។ ស្ទើរ គឺ​ថា វា​មិន​ពេញ​ជា​គ្រប់​គ្រាន់​ទេ គឺ​វា​ស្ទាក់​ស្ទើរ​ទេ ហ្នឹង​ក៏​ស្រេច​នឹង​ប្រើ​ទៅ​ចុះ! អត់​អី​ទេ! ពាក្យ​អស់​នេះ​ក៏​មិន​ត្រូវ​គួរ​នឹង​សួរ​ទេ ទៅ​ចាក់​ពេទ្យ​ចាក់​អី​នេះ នឹង​អ្នក​និយាយ​ទេ បើ​អ៊ីចឹង​សុំ​អត្មា​ពន្យល់​មួយ​ឲ្យ​ជា​ហេតុ​ថា ទៅ​ណា​ហ្នឹង? ទេ​ទៅ​បាយ​សិន។ បាយ​ឯណា​ថ្ងៃ​ណេះ? ទៅ​ផ្សារ។ រួច​ទៅ​បាយ​យ៉ាង​ម៉េច? រួច​សួរ​គ្នា​ថា បាន​ហើយ​ឬ​នៅ? អា​ហ្នឹង​ជា​ពាក្យ​គេ​កាត់ គឺ​ថា​ទទួល​ទាន ឬ​បរិភោគ ឬ​ពិសា​បាយ​ហើយ​ឬ​នៅ? ប៉ុន្តែ​ដល់​គេ​និយាយ​ខ្លី​ទៅ គេ​ថា​ បាយ​ហើយ​ឬ​នៅ? រួច​វា​មិន​មែន​មាន​តែ​បាយ​អី ​សម្ល ម្ហូប នំ​ចំណី​អី​ក៏​វា​គ្រប់​ហ្នឹង រួច​និយាយ​ថា បាយ​មួយ​មុខ ដ្បិត​វា​ជា​មេ​របស់​ភោជន អា​ហ្នឹង​ស្រេច​គេ​ប្រើ​ទេ ទម្លាប់​ស្ដាប់​គ្នា​បាន​ទៅ​ ណា​ឯកឧត្ដម! បើ​បារាំង​ច្រើន​ណាស់​ដែរ​អា​ហ្នឹង!។ ឯកឧត្ដម​មាន​ប្រសាសន៍​បន្តិច​មើល បារាំង​ថា​ម៉េច​​អា​ហ្នឹង? (សំឡេង​តប៖ បាយ) ទេ! កុំ​និយាយ​បាយ​ទៅ​ចុះ ស្អី​ក៏​ដោយ​ដែល​គេ​កាត់​អ៊ីចឹង។ គេ​មិន​និយាយ​ឲ្យ​គ្រប់។ អស់​លោក​អ្នក​បារាំង​ ទេ ឲ្យ​ឃើញ​ថា​បារាំង​ក៏​គេ​មាន​ដែរ ជាតិ​ណា​ក៏​មាន​ភាសា​អ៊ីចឹង (សំឡេង​តប៖ au lit អូលី ទទួល​ទាន​ដំណេក au lit) ហ៎ា! au lit គេ​ថា ឯ​គ្រែ (គ្រែ) ហ្ន៎ក! ឯ​គ្រែ! ឃើញ​ទេ គេ​មិន​ថា​ដេក​ទេ មិន​ទទួល​ទាន​ដំណេក​ទេ គេ​ថា ឯ​គ្រែ បើ​ពុំ​នោះ​សោត​គេ​និយាយ​ថា ទៅ​រក​គ្រែ​ ហ្នឹង​គឺ​ថា​ដេក​ហើយ ទៅ​ដេក​ហើយ ស្រេច​នឹង​គេ​សន្មត​ប្រើ​ទេ​លោក! កុំ​លោក​ឆ្ងល់​ឡើយ ប៉ុន្តែ​អាត្មា​មិន​ដែល​និយាយ​អីនឹង​គេ​ទេ អាត្មា​បង្រៀន​កូន​ចៅ​ថា កុំ​ឲ្យ​និយាយ​អ៊ីចឹង កុំ​ឲ្យ​ទៅ​ចាក់​ពេទ្យ​អ៊ីចឹង។ វា​ទៅ​ជា​ខ្លួន​យក​ស្អី​ទៅ​ចាក់​ឲ្យ​ពេទ្យ​ទៅ​វិញ។ ទៅ​ចាក់​ពេទ្យ។ ចាក់​ពេទ្យ ចាក់​ថ្នាំ អា​ហ្នឹង​មិន​បាច់​សួរ​ទេ ទុក​ជា​ចប់​ប៉ុណ្ណឹង​ទៅ​ចុះ! សុំ​ឲ្យ​លោក អ៊ុង ផាន់ យល់​យ៉ាង​ខ្លី​ប៉ុណ្ណឹង​ទៅ​ចុះ! អាត្មា​ដោះ​ស្រាយ​ហ្នឹង​ល្មម​ជា​យល់​ហើយ ពី​ព្រោះ​វា​មិន​មែន​ជា​ការ​ក្រ​ទេ ប៉ុន្តែ​ថា ដែល​សួរ​ហ្នឹង មិន​បន្ទោស​ទេ។

ឥឡូវ​អាត្មា​សុំ​មើល​សំបុត្រ នែក! អ្នក​ឧបាសិកា​មួយ​នៀក! គួរ​ដោះស្រាយ​ឲ្យ​គាត់​ទៅ ព្រោះ​គាត់​​បែប​ដូច​ជា​​ចង់​ដឹង​ណាស់។ ឧបាសិកា​នេះ គាត់​សរសេរ​ដៃ​គាត់ នៀក! អក្សរ​ក្រមុច​ៗ ដូច​កន្ទុយ​កូន​ឆ្មា​អីចឹង ប៉ុន្តែ​គួរ​ស្ងើច​គាត់​ណាស់ សរសេរ​ត្រឹម​ត្រូវ​ផង នៅ​ត្បូង​ឃ្មុំ នៅ​ខាង​ស្រុក​ត្បូង​ឃ្មុំ នៅ​ផ្សារ​សួង។ ចាំ​អាត្មា​មើល​ទៅ​ម្ចាស់​ថា អឺ! គាត់​ដាក់​ថា ទួល​ព្រះ​បង្គំ​ជា​ខ្ញុំ​នាម នែក​ៗ! អាត្មា​មិន​ដែល​និយាយ​ទេ ពី​ព្រោះ​អា​នេះ វា​ប៉ះ​មក​លើ​ពាក្យ​អស់​អីចឹង ប៉ុន្តែ​សូម​ជម្រាប​អ្នក អ្នក​អី​គេ​ទេ ភ្លេច​ឈ្មោះ​ទៅ អ្នក​ឧបាសិកា យូលី។ គេ​មិន​ដែល​និយាយ​ «ទូល​ព្រះ​បង្គំ» ទេ អ្នក​និយាយ​នឹង​ហ្លួង និយាយ​នឹង​ស្ដេច​អី​ក៏​ដោយ​ គេ​ថា «ខ្ញុំ​ម្ចាស់» បើ​ស្រី​គេ​ថា «ខ្ញុំ​ម្ចាស់» ប៉ុន្តែ​គាត់​មិន​សូវ​យល់​រាជ​សព្ទ មិន​បន្ទោស​ទេ សុំ​ឲ្យ​ចាំ​ទៅ! ទាំង​អស់​លោក​អ្នក​ស្ដាប់។ ស្រី​គេ​មិន​ដែល​និយាយ «ទូល​ព្រះ​បង្គំ» ទេ។ ប្រុស​ទើប​បាន​គេ​និយាយ «ទូល​ព្រះ​បង្គំ», «ទូល​បង្គំ» បើ​ស្រី​គេ​ថា «ខ្ញុំ​ម្ចាស់»។ រួច​ខ្លះ​ទៅ​ដាក់ «ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ម្ចាស់» ទៅ​ទៀត វា​ជ្រៅ​ណាស់ ឧបាសិកា យូលី អាយុ​៥២​ឆ្នាំ ជាតិ​ខ្មែរ អឺ! នៅ​ខាង​លិច​ផ្សារ​សួង ស្រុក​ត្បូង​ឃ្មុំ ខេត្ត​កំពង់ចាម ខ្ញុំ​ម្ចាស់ អាត្មា​ថា​តាម​ចុះ! សូម​បង្អោន​កាយ​វាចា​ចិត្ត អឺ! អ្ហេ៎! មើល​មិន​ឃើញ អក្សរ​គាត់​ល្អិត​ៗ​… ទេ​គាត់​សួរ​ខ្លី​ទេ បាន​ជា​យក​មក​ដោះ​ស្រាយ​ឲ្យ​គាត់។ បង្អោន​កាយ​វាចា​ចិត្ត​គោរព​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​សម្ដេច​ជា​ទី​គោរព និង​សូម​ក្រាប​ទូល​អំពី​ភាសា​ខ្មែរ​យើង​ទាំង​អស់ ពុំ​ដឹង​ជា​ធំ ឬ ម៉េច​ចេះ? អឺ! វា​ត្រង់​សេចក្ដី ដែល​កូន​ក្មួយ​ហៅ​ឪពុក​ធំ និង​ម្ដាយ​ធំ ថា​ធំ​ៗ​ទាំង​អស់ ពុំ​ដឹង​ជា​ធំ​ស្រី ឬ​ធំ​ប្រុស​ខាង​ម្ដាយ ឬ​ខាង​ឪពុក​ទេ។ ចំណែក​ខាង​អ្នក​នៅ​ស្រុក​ស្រែ​ចម្ការ ច្រើន​តែ​ប្រើ​ពាក្យ ធំ ពុំ​សូវ​មាន​ពាក្យ​ថា អ៊ំ ទេ គាត់​ដាក់​ថា អុំ ដូច​អ្នក​នៅ​ទីក្រុង​ទេ។ ខ្ញុំ​ម្ចាស់​ឆ្ងល់​ណាស់​ត្រង់​ពាក្យ អុំ នេះ ហេតុ​ដូច​ម្ដេច​បាន​ជា​ចាស់​ទុំ ពុំ​យក​មក​ប្រើ​ឲ្យ​បាន​ច្រើន ដូច​ពាក្យ ធំ (នេះ​ឯង)​ នេះផង ត្រង់​ពាក្យ​នេះ មួយ​ណា​ប្រសើរ​ជាង​ណា? ហេតុ​ដូច​ម្ដេច​បាន​ជា មា ហៅ​ថា ពូ ទៅ​វិញ? ឪពុក​មា និង​មីង ហៅ​ថា​មីង​ៗៗ រួច​ពុំ​ដឹង​ជា​ប្អូន​ឪពុក ឬ​ប្អូន​ខាង​ម្ដាយ​ទេ? ចំណែក​ខាង​បង​ថ្លៃ​ប្រុស និង​បង​ថ្លៃ​ស្រី​ត្រូវ​ហៅ​ថា អ្នក ដូច​គ្នា ពុំ​ដឹង​ជា បង​ថ្លៃ​ហ្នឹង​ខាង​ណា​ទេ? ខាង​ប្ដី​ឬ​ខាង​ប្រពន្ធ វា​ពុំ​ដឹង។ ម្យ៉ាង​ទៀត​អស់​លោក​ខាង​ប្រុស​ៗ​ហៅ​ប្រពន្ធ ថា​ អូន ប្រពន្ធ? (សំឡេង​សើច) គាត់​ឆ្ងល់​អីចឹង ថា អូន រួច​(ប្រពន្ធ​ហៅ) ប្រពន្ធ​វិញ​ហៅ​​ប្ដី​វិញ​ថា បង នេះ​ជា​ពាក្យ​ល្អ​ហើយ តែ​ដូច​ជា​ច្រឡំ​ថា​បង​ប្អូន​បង្កើត (សើច…) ច្រឡំ​ថា​បង​ប្អូន ដែល​កើត​ចេញ​ពី​ពោះ​ម្ដាយ​តែ​មួយ។ ខ្ញុំ​ម្ចាស់​សរសេរ​សំបុត្រ​នេះ​ទាំង​សេចក្ដី​ល្ងង់​ខ្លៅ ពុំ​យល់​ពាក្យ​រាក់​ជ្រៅ​សោះ សេចក្ដី​ដូច​ក្រាប​បង្គំ​ទូល​ថ្វាយ​ខាង​លើ​នេះ សូម​សម្ដេច​ជា​ម្ចាស់​ទ្រង់​វែក​ញែក ពន្យល់​ខ្ញុំ​ម្ចាស់​ឲ្យ​អស់​សេចក្ដី​សង្ស័យ ឲ្យ​ទាន!។

យី! គាត់​សួរ​អីចេះ​ទេ​តើ! នែក! អ្នក​យូលី សួរ​ហ្នឹង​ក៏​គាត់​ឆ្ងល់​មែន​ហើយ ប៉ុន្តែ​អាត្មា​សុំ​ដោះស្រាយ​ទៅ​ចុះ! ត្រង់​ណេះ​គឺ​ស្រេច​តែ​គេ​សន្មត​ហៅ​ទេ ពី​ព្រោះ​ខ្មែរ​យើង​មិន​ដូច​ជាតិ​ដទៃ មិន​ដូច​បាលី​ទេ បាលី​គេ​តែ​ឮ​ឡើង គេ​ដឹង​ថា ខាង​ឪពុក ឬ​ខាង​ម្ដាយ​តែ​ម្ដង រួច​ភាសា​ដទៃ ដូច​ចិន ដូច​ជាតិ​ណា​ក៏​គេ​មាន​អីចឹង​ច្រើន តែ​ខ្មែរ​គឺ​ថា បើ​មីង មីង​ហ្នឹង​គេ​សួរ​ថា មីង មីង​ហ្នឹង ប្អូន ណែក​ឪ ឬ​ប្អូន​ម៉ែ? ថា​មីង​ខាង​ម្ដាយ មីង​ខាង​ឪពុក មា​ខាង​ម្ដាយ មា​ខាង​ឪពុក អា​ហ្នឹង​គេ​គេ​ដាក់​បន្ថែម។ អាត្មា​ស្មាន​ទៅ គឺ​បុរាណ​យើង ពី​ដើម​មិន​មែន​ជា​ល្ងង់​សព្វ​បើ​ប៉ុណ្ណឹង​ទេ ប៉ុន្តែ​លោក​មិន​ចង់​ឲ្យ​យើង​ពិបាក ក៏​គេ​ហៅ​អីចឹង​តែ​ម្ដង​ទៅ។ ឯ​ពាក្យ​ថា អ៊ំ ថា អុំ ថា អ៊ំ នេះ ពាក្យ​នេះ​ក៏​ទើប​នឹង​កើត ជា​សម័យ​ត​មក​ក្នុង​ក្រុង​ទេ អ្នក​ស្រុក​ក្រៅ​គេ​មិន​សូវ​ដែរ​ប្រើ ប៉ុន្តែបើ​​កាល​ណា​និយាយ​ថា ធំ ថា​អី ឪពុក​ធំ ម្ដាយ​ធំ បើ​អ្នក​ដែល​គេ​រើស​អើង​គេ​ថា! អឺ! សម្ដី​អ្នក​ស្រែ តាម​ការ​ពិត​ទៅ វា​មិន​អ្នក​ស្រែ អ្នក​ភ្នំពេញ​ឯណា​ទេ ពាក្យ អ៊ំ អុំ នោះ ខ្លះ​ហៅ អុំ ខ្លះ​ហៅ អ៊ំ គេ​ហៅ​ពាក្យ​ទំយើ ពាក្យ​លើក​ទំយើ​ថ្នម។

ឯ​ធំ គឺ​ធំ​ហើយ ប៉ុន្តែ​គេ​ហៅ​ធំ ហៅ អុំ ខ្លះ​ហៅ អុំ ខ្លះ អ៊ំ ទៅ ហ្នឹង​ពាក្យ​ទំយើ​ៗ​ហ្នឹង ដូច​គេ​និយាយ​មនុស្ស​ចាស់ និយាយ​ក្មេង​តូច​តាច​អីចឹង អាស្រ័យ​ បរិភោគ ស៊ី គេ​ថា​ ញ៉ាំ។ ញ៉ាំ ហ្នឹង​ជា​ពាក្យ​ទំយើ គេ​និយាយ​តែ​ក្មេង​តូច​ៗ​ទេ បើ​ចេះ​ស្ដី​ឡិកឡក់​បន្តិច​បន្តួច​ហ្នឹង ម៉ែ បង​ប្អូន នាង​ញ៉ាំ​ទៅ​កូន កូនញ៉ាំ​នោះ ញ៉ាំ​នេះ​ទៅ តែ​ដល់​ពេញ​ក្រមុំ​ហើយ លែង​ញ៉ាំ​ហើយ (សើច)។ រួច​បើ​ដេក គេ​ថា​គេង ហ្នឹង​គេ​ហៅ​ថា​ពាក្យ​ទំយើ ពាក្យ​ថ្នម កាល​វា​នៅ​តូច​ គេង​ទៅ​កូន គេង​ទៅ ហ្នឹង​គឺ​កាល​ដែល​នៅ​តូច ចុះ​បើ​ដល់​ធំ​ហើយ កំឡោះ​ហើយ ទេ​អញ​ទៅ​រក​គេង​សិន​ហើយ ដែល​គេ​ថា​ហ្នឹង អាត្មា​ស្មាន​ទៅ​ទេ ដែល​គេ​និយាយ​ថា​គេង គេង​គេ​ថា​ឲ្យ​គេ​មាន​អាយុ​វែង​ទេ​តើ! ពីព្រោះ​គេ​មិន​ចង់​ចាស់។ ញ៉ាំ​អី​អស់​ហ្នឹង គេ​ថា​ឲ្យ​គេ​នៅ​តែ​ក្មេង​អីចឹង នៅ​តែ​ក្មេង​អីចឹង នេះ​(ដល់)​បក​ស្រាយ​តាម​យល់​ទេ (សួរ) អើ! អញ្ជើញ​គេង​ទៅ អើ! ក្មេង​និយាយ​នឹង​ចាស់ ពាក្យ​ហ្នឹង​ក៏​ស្រេច​នឹង​គេ​ប្រើ​ទៅ​ចុះ! យើង​មិន​បន្ទោស​ទេ ប៉ុន្តែ​គេ​ហៅ​ថា​ថ្នម​វា​ហួស​ ថ្នម​វា​ហួស ដល់​តា​ក៏​ តា​ញ៉ាំ​បាយ​ហើយ​នៅ​តា?… តា​គាត់​មិន​ថា​អី​ដែរ គាត់​ចង់​រស់​យូរ​ដែរ (សើច) ថា! វា​ហៅ​ឯង​ដូច​កូន​ក្មេង​អីចឹង រួច​បើ​តា​ហ្នឹង​គាត់​មាន​គំនិត​ជ្រៅ គាត់​មិន​ខឹង​ទេ គាត់​ថា​ យ៊ើស!  វា​ឲ្យ​ឯង​ក្មេង វា​ឲ្យ​ឯង​អាយុ​វែង​តើ! ប៉ុន្តែ​បើ​និយាយ​តាម​ការ​ពិត​ក្នុង​សំបុត្រ​ស្នាម​គេ​មិន​ប្រើ​សោះ​ហើយ គេ​ហៅ​ពាក្យ​ទំយើ ពាក្យ​ម្ញ៉ែម្ញ៉ ពាក្យ​ហ្នឹង​គេ​ហៅ​ថា​ពាក្យ​ម្ញ៉ែម្ញ៉។ មិន​មែន​តែ​មួយ​ប៉ុណ្ណឹង​ទេ បើ បៅ ខ្លះ​ថា​ម៉ឹម ខ្លះ​ថា​អឹម ខ្លះ​ថា បឹម អី​ទៅ អា​ខ្លះ​ថា​អី​ទេ! ស្រេច​តែ​គេ​សន្មត​ទេ អ្នក​កុំ​ឆ្ងល់​អី! អ្នក​យូលី កុំ​ឆ្ងល់ អ្នក​ចង់​និយាយ​យ៉ាង​ម៉េច ក៏​និយាយ​ទៅ​ចុះ! ប៉ុន្តែ​យើង ធ្លាប់​ហៅ​ធំ​ៗ​ទៅ រួច​ត្រង់ ខាង​ម្ដាយ ខាង​ឪពុក ទៅ​ពុំ​រួច​ទេ បើ​បាលី​មាន «មាតុលៈ» មាតុលៈ គឺ​មា​ខាង​ម្ដាយ ឪពុក​ធំ​ខាង​ម្ដាយ​​អីចឹង​ដែរ បើ​​ឲ្យ​ច្បាស់ គេ​ថា មហា​មាតុលៈ គឺ​ឪពុក​ធំ​ហើយ​ហ្នឹង បើ​ថា មាតុលៈ ទទេ គេ​ថា មា រួច​ចុះ​បើ​ជា​ស្ត្រី​វិញ គឺ «មាតុឆា»។ មាតុឆា ម្ដាយ​មីង​ខាង​ម្ដាយ រួច​បើ​ជា​ខាង​ឪពុក​ថា​ «បិតុឆា», បិតុឆា គឺ​ម្ដាយ​មីង​ខាង​ឪពុក។ រួច មាតុលៈ មា​ខាង​ឪពុក មហា​មាតុលៈ គឺ​ឪពុក​ធំ​ខាង​ឪពុក អើ! ខាង​ម្ដាយ ខាង​ឪពុក បិតុលៈ បាន​ជា​បុរាណ​ហៅ​ថា «បិតុល» [បិ.ដុល] គេ​មិន​ថា បិតុលៈ ទេ ថា បិតុល​ ព្រះ​បិតុល គឺ​ពាក្យ​រាជ​សព្ទ គឺ​ថា ជា​ក្ស័ត្រិយ៍​ហ្នឹង លោក​ត្រូវ​ជា​ឪពុក​ធំ​ខាង​បិតា។

នែក! រួច​ឆ្ងល់​មួយ​ទៀត​ថា​ម៉េច​ហ្នឹង​ពាក្យ អ៊ំ នេះ អ្ហេ៎! អ្នក​គាត់​ឆ្ងល់​និង អ៊ំ ហ្នឹង​ទេ​តើ! ឥឡូវ​អាត្មា​ដោះស្រាយ​ប៉ុណ្ណឹង​ហើយ។ រួច​ត្រង់ មា ត្រង់ មីង នែក! អ្នក​សរសេរ​នេះ​ត្រូវ មាន​ខ្លះ សរសេរ មី ញ [មីង និង ញ] អាន​ មីញ មិន​ដឹង​ជា​និយាយ​យ៉ាង​ម៉េច មីញ ហ្នឹង អា​ហ្នឹង​ដល់​ត្រង់​ហ្នឹង អាត្មា​សុំ​ថា មួយ​ទៀត​អំពី​ពាក្យ មេ និង មី អ្នក​ស្រុក​ភ្នំពេញ​នេះ​និយាយ មី ច្រើន​ណាស់ មី​នេះ មី​នោះ មី​ឯង។ ម៉េច​ក៏​ទៅ​ជា មី ទៅ​វិញ? គឺ​មេបា អាត្មា​ដូច​ជា​មិន​ចេះ​និយាយ​តែ​ម្ដង តាំង​ពី​កើត ក្មេង​ចេះ​ស្ដី​មក​និយាយ​ថា មេ អីចឹង បើ​កូន​ចៅ​គេ​ហៅ​ថា ណែក! មេ​នេះ​មក​ណេះ គេ​មិន​ចេញ​ឈ្មោះ​ទេ ដល់​វា ស្និទ្ធ​ជិត​នោះ នេះ​មី។ អត់​ទេ មី ប៉ុន្តែ​មិន​ចាប់​ខុស​ចាប់​អី​ទេ ស្រេច​តែ​ប្រើ​ទៅ​ចុះ! រួច​បើ​គេ​ចង់​និយាយ​ថា កូន​ប្រុស​កូន​ស្រី ដូន​តា ដល់ ដូន​ ហ្នឹង​គឺ​ថា​ច្បាស់​លាស់​ជា ជា​ជី​ដូន​ហើយ ប៉ុន្តែ​មិន​ដឹង​ខាង​ឪពុក ឬ​ខាង​ម្ដាយ តា អីចឹង បុរាណ​គ្មាន​ពាក្យ យាយ ទេ មាន​តែ​ ដូន មាន​ឈ្មោះ​ស្រុក មាន​ឈ្មោះ​ស្រែ មាន​ឈ្មោះ​ភូមិ​អី​សព្វ​ថ្ងៃ​ដូច​ជា ដូន​ស្ដើង ព្រែក​តា​ទែន​អី ព្រែក​ដូន​ស្ដើង​អី​អស់​ហ្នឹង គឺ​ពី​ដើម​គ្មាន​ពាក្យ​ «យាយ» ​ទេ។ យាយ​ នេះ​ទើប​ហ្នឹង​កើត​ខាង​ក្រោយ​ទេ។ យាយ​ ហ្នឹង​វា​ដោយ​មក​ពី​ភាសា​ជិត​ខាង​យើង ដូច​លាវ​ ដូចថៃ​ជា​ដើម គេ​​និយាយ ប៉ុន្តែ​គេ​មិន​និយាយ​ច្រឡំ​ទេ គេ​ថា ពូយ៉ា​តាយ៉ាយ [ปู่ย่าตายาย]។ ពូ​យ៉ា​តា​យ៉ាយ គឺ​ជីដូន​ជី​តា​ខាង​ឪពុក​ខាង​ម្ដាយ​គេ​ហៅ​ខុស​គ្នា។ រួច​លាវ​ គេ​ថា ពូញ៉ា តា​ញ៉ាយ [ປູ່ຍ່າຕາຍາຍ] គេ​ហៅ​អីចឹង​ទៅ ដល់ យាយ ហ្នឹង វា​ជាប់​មក​ពី យ៉ាយ យ៉ាយ ហ្នឹង​យើង​ក៏​យក​មក​ប្រើ​ខ្លះ​ទៅ ឯ​ពិត​ជា​ពាក្យ​ខ្មែរ​បុរាណ គេ​មិន​ដែល​ហៅ យាយ​ ទេ គេ​ហៅ​ថា «ដូន»។ អញ្ជើញ​ទៅ​ណា​ដូន? បើ​គួរ​សម​ទៅ​ អញ្ជើញ​ទៅ​ណា​ជី​ដូន​អើយ! ក៏​ទាំង​ថ្ងៃ​អីចេះ។ «ជី​ដូន» ពាក្យ​ថា ជី​ដូន គឺ​យាយ​នោះ​គាត់​ចាស់​ហើយ គាត់​កាន់​សីល ស្លៀក​ស ធ្វើ​ដូច​ជា​យាយ​ជី​អីចឹង អា​ហ្នឹង​គេ​ហៅ​ថា ដូន​ជី។ «ជី» ហ្នឹង​ជា​ពាក្យ​គោរព​ល្អ​ណាស់ បើ​បួស​នេន សឹក​មក​​ហៅ​ថា ជី ឈ្មោះ​អី​ថា ជី​ទេព។ ឈ្មោះ​ទេព ហៅ​ជី​ទេព បើ​បួស​ភឹក សឹក​មក​ហៅ​ថា ណែក អ្នក​ទេព រួច​ដល់​ហៅ​ទើប​នឹង​សឹក​ថ្មី​ៗ​ហៅ​ថា «អន្ទិត»។ អន្ទិត មក​ពី​ពាក្យ​​ថា «បណ្ឌិត» ពី​ព្រោះ​គេ​ថា រៀន​សូត្រ​ចេះ​ដឹង​ជា​អ្នក​មាន​ការ​ជ្រៅ​ជ្រះ​ហើយ បាន​គេ​ហៅ​ថា បណ្ឌិត។ បណ្ឌិត ហ្នឹង​គ្មាន​បាន​ដល់​ថ្នាក់​ដុកទ័រ​ទេ បណ្ឌិត​ហ្នឹង។ គឺ​ថា ចេះ​តែ​ហៅ​ទៅ​។ អា ចង់​អា​គ្មាន​សរសេរ​អក្សរ​មិន​ត្រូវ ក៏​បណ្ឌិត​ដែរ។ បាន​ជា​ចាស់​ទុំ​ហៅ​ទៅ  បណ្ឌិត ក្លាយ​មក​ជា អន្ទិត។ នែក! អ្នក​អន្ទិត​មក​ពី​ណា​? ហ្នឹង ហ្នឹង គឺ​បួស​ភឹក​ ក៏​ដោយ បួស​នេន​ក៏​ដោយ បើ​ទើប​សឹក​ថ្មី​ៗ គេ​ហៅ អន្ទិត។ ចុះ​បើ​ហៅ​រួប​រួម ហៅ ជី ជីសមណៈ ជី​ព្រាហ្មណ៍ ដូន​ជី តា​ជី យាយ​ជី គឺ​ថា​អ្នក​កាន់​សីល អ្នក​ប្រព្រឹត្ត​ត្រឹម​ត្រូវ​ហ្នឹង​គេ​ហៅ​ថា ជី ទាំង​អស់ រួច​បាន​ជា​បណ្ឌិត។ នេន ហ្នឹង​គេ​ហៅ​ថា ជី ពី​ព្រោះ​ថា​វា​ក្មេង ប៉ុន្តែ​ទើប​សឹក​មក ទើប​សឹក​ពី​ផ្នួស វា​ត្រឹម​ត្រូវ វា​ត្រឹម​ត្រូវ​ជាង​ឯ​ទៀត បាន​ជា​ហៅ ជី ឥឡូវ​បាត់​ហើយ នៅ​តែ យាយ​ជី តា​ជី នៅ​មាន។ បាន​ជា​ពាក្យ​ថា​​ម៉េច ថា កុំ​ដើរ​កៀន​ស្កុន កុំ​កាច់.. ទេ​ខុស​ទេ! … សមណៈ​ជន​ជី កុំ​ឲ្យ​ក្ដី​ត្រូវ ពាក្យ​នែក! ព្រះ​រាជ​សម្ភារ ក្នុង​ព្រះ​រាជ​និពន្ធ ព្រះ​រាជ​សម្ភារ​ថា សមណៈ​ជន​ជី កុំ​ឲ្យ​ក្ដី​ត្រូវ កុំ​លង់​ដោយ​ខ្យល់ កុំ​ឱន​ពាក្យ​ពល កុំ​ខ្វល់​ដោយ​ស្រី កុំ​កាន់​ពិស​យង់ គប់​នៅ​ស្ត្រី…

សមណៈ​ជន​ជី កុំ​ឲ្យ​ក្ដី​ត្រូវ ត្រង់​ណេះ​បាន​សេចក្ដី​ថា យាយ​ជី តា​បស លោក​នេន លោក​ភឹក អ្នក​បួស​ទាំង​ប៉ុន្មាន​គេ​ហៅ​ថា សមណជន​ នោះ ​គឺ​កុំ​ទៅ​កើត​ក្ដី​នឹង​ពួក​ហ្នឹង កុំ​យក​ខ្លួន​ទៅ​ពាល់ កុំ​ឈ្លោះ​នឹង​ពួក​ហ្នឹង បាន​ជា​លោក​ថា សមណៈ​ជន​ជី កុំ​ឲ្យ​ក្ដី​ត្រូវ គឺ​ថា កុំ​ឲ្យ​វ​វឹក​នឹង​លោក បុរាណ​គេ​ថា​ភ្លើង បើ​អាណា​ចង់​ប្ដឹង​ពី​លោក​សង្ឃ​អី ឈ្លោះ​ប្រកែក​ពី​នេះ​ពី​នោះ គេ​ថា ​នាង​អើយ! កុំ​ពាល់​ភ្លើង​វើយ! ក្ដៅ​ណ៎ា! ហ្នឹង​គេ​និយាយ​ពី​បុណ្យ​បាប គេ​ថា​ចុះ​នរក​អ្ហ៎ាះ! កុំ​ទៅ​លេង​នឹង​ពួក​ចីពរ​ធំ​ៗ​ហ្នឹង។ ហ្នឹង​ពាក្យ​បុរាណ អស់​ហើយ​អ្នក? អាត្មា​ដោះស្រាយ​ឲ្យ​អ្នក​ប៉ុណ្ណឹង​ហើយ ល្មម​យល់​ហើយ។

អាន​ និង​ស្ដាប់ ភាគ​ទី​៤

មតិ»

1. បទ​សម្ភាស​អក្សរសាស្ត្រ​របស់​សម្ដេច​ព្រះសង្ឃរាជ​ជួន ណាត (ភាគ​ទី​២) « សម្ដេច​ព្រះសង្ឃរាជ ជ - ខែកក្កដា 19, 2009

[…] ​អាន​និង​ស្ដាប់ ភាគ​ទី​៣ […]

2. ថន​ មករា - ខែ​កុម្ភៈ 11, 2010

ខ្ញុំមានអារម្មណ៍រីករាយជាខ្លាំដោយបានចូលមកកាន់ គេហទំព័រនេះ។
សូមឲបងើ្កតបាននូវសេចក្កីសុខចំរើនតទៅអើយ!

3. AnupheapKonKhmer - ខែ​មេសា 30, 2010

i waiting to read from you to trnaslation have more! very good very very good good!
i think that you should to editer the book 1 booK for translate THE WODRD PERSONAL OF SOM DACH CHUN NATH for special book of cambodian next read and listen too..good !
please editer the book(copy the word of chun nath is the book) i waiting to read the book .ok
i wish you good luck.

4. Borith - ខែ​ឧសភា 1, 2010

ជំរាបសួរអ្នកទាំងអស់គ្នា!
ខ្ញុំឈ្មោះ ម៉ៅ បូរិទ្ធ ជាសិស្សទី១២ នៃវិទ្យាល័យទួលទំពូង ខ្ញុំមានភាពរីករាយ យ៉ាងខ្លាំងដែលបានអាន អត្ថបទនេះ ហើយ! ក៏ប៉ុន្តែខ្ញុំ មានរួចទៅហើយ! ជា ឯកសារសម្លេង មានសរុប ជាង ២៩ ឯកសារ ក្នុង ១ឯកសារ មានរយៈពេល ប្រហែលជា ៣០ ទៅ ៤៥ នាទី! បើបងប្អូនណាចង់បានខ្ញុំ រីករាយ នឹង ចែកចាយជួន Aja.Khmeng@Live.com

Vannak - ខែកក្កដា 8, 2010

ខ្ញុំ​ចង់​បាន បូរិត សូម​ចែក​ខ្ញុំ​ផង ។ ខ្ញុំ​ឈ្មោះ វណ្ណៈ សូម​ទាក់ទង​ខ្ញុំ​តាម៖ guidejohnny@yahoo.com or 089 700 301

5. បទ​សម្ភាស​អក្សរសាស្ត្រ​របស់​សម្ដេច​ព្រះសង្ឃរាជ​ជួន ណាត (ភាគ​ទី​៤) « សម្ដេច​ព្រះសង្ឃរាជ ជ - ខែធ្នូ 17, 2010

[…] ត​ពី​ភាគ​ទី​បី ចុច​ខាង​ក្រោម​ដើម្បី​ស្ដាប់ ភាគ​ទី​បួន […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: