jump to navigation

ព្រះ​ពុទ្ធោវាទ ខែមករា 21, 2010

Posted by សុភ័ក្ត្រ in កំណាព្យ.
add a comment

ព្រះ​ពុទ្ធោវាទ

ប្រាប់​អំពី​ជន​ដែល​គួរ​សេព​គប់ និង​ដែល​មិន​គួរ​សេព​គប់

ន កជេ បាបកេ មិត្តេ                ន កជេ បុរសាធមេ
កជេថ មិត្តេ កល្យាណេ            កជេថ បុរិសុត្តមេ។

បុគ្គល​មិន​គួរ​សេព​គប់​បាប​មិត្រ​ឡើយ, បុគ្គល​មិន​គួរ​សេព​គប់​បុរស​អធម (១) គឺ​បុរស​លាមក (ឬ​ស្ត្រី​លាមកា) ឡើយ; បុគ្គល​គួរ​សេព​គប់​កល្យាណ​មិត្រ, គួរ​សេព​គប់​បុរស​ឧត្ដម (ឬ​ស្ត្រី​ឧត្ដមា)។

ពាក្យ​កាព្យ​ឲ្យ​ងាយ​ចាំ
ពាក្យ​៧

បុគ្គល​ពុំ​គួរ​សេព​គប់​មិត្រ                  ចិត្ត​បាប​ទុច្ចរិត​អាក្រក់​ក្រៃ
បុរស​អធម (១) ឥត​តម្លៃ                  លាមក​ចង្រៃ​កុំ​សេព​គប់។
គួរ​សេព​គប់​តែ​មិត្រ​កល្យាណ            មាន​ចិត្ត​ក្សេមក្សាន្ត​ឥត​ឧប​ទ្រព
បុរស​ឧត្ដម​សម​ទាំង​គ្រប់                  គួរ​តែ​សេព​គប់​កុំ​បោះ​បង់។
គប់​ពាល​ពាល​នាំ​ទៅ​រក​ខុស             គប់​ប្រាជ្ញ​ជា​ប្រុស​កាន់​ពេញ​អង្គ
ឬ​ស្រី​ដែល​មាន​ចិត្ត​ផ្ចិត​ផ្ចង់                ស្លូត​ត្រង់​នាំ​ត្រង់​មក​រក​ត្រូវ។
រី​ការ​សេព​គប់​នេះ​តែ​ង​ឆ្លង                 ទោះ​ឥត​បំណង​ឲ្យ​ខុស​ផ្លូវ
ក៏​តែង​ដិត​ដោយ​តាម​គ្នា​ទៅ               ពុំ​នៅ​តាម​ធម្មតា​ឡើយ។
មនុស្ស​ខ្ចក​ឃ្វាល​សេះ​ឥត​ខ្ចក​សោះ      សេះ​បោះ​ជំហាន​តាម​រឿយ​ៗ
ដោយ​វា​ហាត់​តាម​ពុំ​កន្តើយ                ពុំ​យូរ​លង់​ឡើយ​សេះ​ខ្ចក​ដែរ។
ព្រោះ​វា​ហាត់​ធ្វើ​តាម​គង្វាល               ដាល​រាល​ឲ្យ​ចិត្ត​វា​ងាក​បែរ
វា​ដើរ​ប៉ាល់​ពើក​ប៉ាក់​ពើក​ដែរ              ព្រោះ​តែ​យល់​ថា​គេ​បង្ហាត់។
ទោះ​បី​ជាតិ​ឈើ​ជាតិ​លតា                 វា​សេព​គប់​គ្នា​ត្រា​តែ​ភាត់
ឆ្លង​តាម​គ្នា​វា​មិន​បាច់​ហាត់                 រែង​បាត់​ភាព​ដើម​ខ្លះ​ពុំ​ខាន។
ជាតិ​ល្វីង​លាយ​គ្នា​នឹង​ជាតិ​ផ្អែម           ធ្វើ​ជា​បង្អែម​ប្រើ​ការ​បាន
ព្រោះ​ការ​សេព​គប់​អាច​រុញ​ច្រាន         ភាព​ដើម​ប៉ុន្មាន​ឲ្យ​ប្រែ​ក្លាយ៕៚

វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ, ថ្ងៃ​អង្គារ ទី​២៣ កក្កដា ២៥១២
១៩៦៨

សម្ដេច​ព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ
ប.អ.ស. – អ.ម.រ.

ស្រង់​ពី​​សៀវភៅ​ស្នា​ព្រះហស្ត​ក្រោយ​បង្អស់​នៃ​សម្ដេច​ព្រះមហាសុមេធាធិបតី ជួន ណាត

___________________________________________________
១ អាន​ថា អៈធំ ដូច និយម, មធ្យម ដែរ កុំ​ថា អៈធ័ម។