jump to navigation

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ប្រកាស​ច្បាស់លាស់ អក្ខរាវិរុទ្ធ​-​អក្សរសាស្ដ្រ​ជាតិ យក​តាម​វចនានុក្រម “ជួន ណាត” ខែ​មីនា 22, 2010

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback

រាជធានី​ភ្នំពេញ​៖ សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ទី​១៩ មីនា ក្នុង​ឱកាសអញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​ស​ន្និបាត​បូក​សរុប​លទ្ធផល​ការងារ​អប់រំ​យុវជន និង​កីឡា​ឆ្នាំ​សិក្សា​២០០៨-២០០៩ និង​លើកទិស​ដៅ​ឆ្នាំ​សិក្សា​ឆ្នាំ​២០០៩-២០១០ នៅវិទ្យាស្ថាន​ជាតិ​អប់រំ ឱ្យ​បន្ដ​ជំរុញ​ការ​ប្រឡងប្រជែង​លើ​កិច្ចការ​ស្រាវជ្រាវ និង​កិច្ចការតែង​និពន្ធ​លើ​គ្រប់មុខ​វិជ្ជា។ ជាមួយ​នេះត្រូវ​ពិនិត្យ​ផ្ទៀងផ្ទាត់​ឱ្យ​បាន​ហ្មត់ចត់​លើ​អត្ថបទ​សិក្សា​ស្រាវជ្រាវ កាសែត ទស្សនាវដ្ដី គេហទំព័រ ស្លាក​សញ្ញានានា​នៅ​តាម​ទី​សា​ធារណៈ ឱ្យ​រក្សា​បាន​នូវ​ទម្រង់ និង​ក្បួនខ្នាត​អក្សរសាស្ដ្រ និង​ភាសាជាតិ​ខ្មែរ​ដូច​បាន​រៀបចំ​នៅក្នុង​វចនានុក្រម​ខ្មែ​របស់​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ សម្ដេច​តេ​ជោនាយក​រដ្ឋមន្ដ្រី​បានឱ្យ​គណៈកម្មាធិការ​ជាតិភាសា​ខ្មែរ​ផ្ដោត​ការ​យកចិត្ដទុកដាក់​ទៅ​លើភារកិច្ច​កំណត់​ឯកភាព​នៃ​ភាសា​ខ្មែរ​ក្នុង​ការអាន ការ​បង្កើត​ពាក្យការ​ឱ្យ​និយម​ន័យ ក៏​ដូចជា​ការ​សរសេរ​អក្ខរាវិរុទ្ធដែល​បច្ចុប្បន្ន​នេះមាន​មួយ​ចំនួន​មិន​ទាន់​មានការ​ឯកភាព​គ្នានៅឡើយ។ សម្ដេច​តេ​ជា​នាយក​រដ្ឋមន្ដ្រី​មានប្រសាសន៍​ថា បើ​ប្រៀបធៀប​ទៅ​នឹង​២០​ឆ្នាំមុន គឺ​មានការ​ស្រួល​បន្ដិច។ ឥឡូវនេះ ក្រុមសម្ដេច​ ជួន ណាត កំពុង​មានកម្លាំង​ខ្លាំងលើសលប់​ហើយ។ ក្រុម​ទំនាញសូរ​របស់លោក​ កេង វ៉ាន់​សាក់ បាន​ធាក់​ថយ​ហើយ​…​។ ពិបាក​ណាស់ មហា​ពិបាក ខុស​គ្នា​រឿង​អក្សរ កាលសម័យ​ដើម​ទាស់​គ្នា​ពី​រឿង​អក្សរ​នេះ​។ ម្ខាង​គឺ​ខាង​សម្ដេចព្រះសង្ឃរាជ ជួន ណាត ឯ​ម្ខាង​ទៀត គឺ​ក្រុម​ទំនាញសូរ​របស់​លោក កេង វ៉ា​ន់​សាក់។ក្រោយ​ឆ្នាំ​១៩៧៩ នៅ​ពេល​បើក​កិច្ចប្រជុំសភា​ម្ដង​ៗ​មានការ​ជជែក​យ៉ា​ង​ខ្លាំង​អំពីរឿង​ភាសា​នេះ ក្រុម​ទំនាញសូរ​មួយ​ក្រុមទៅ ឯខាង​ក្រុម​ម្ខាង​ទៀត ក៏​ទិតៀន​ទៅ ឧទាហរណ៍ៈ ដូច​ពាក្យ​ “សំណើ” ​=​គេ​សរសេរ “សំណើ”។ ប៉ុន្ដែ​ទំនាញសូរ​របស់​លោកតា កេង វ៉ា​ន់​សាក់ ពាក្យ​ “ណើ” ​នោះ​សរសេរ​នឹង “​ន​”​ ទេ (​សំនើ​)​។

ទោះជា​យ៉ាងនេះ​ក្ដី សម្ដេចតេ​ជោ​នាយក​រដ្ឋមន្ដ្រី​បញ្ជាក់​ថា កាល​ណោះ ខ្ញុំ​ម៉ឺងម៉ាត់​ណាស់ តាំងពី​ឆ្នាំ​១៩៨៥ ពេល​ខ្ញុំធ្វើ​នាយក​រដ្ឋមន្ដ្រី ខ្ញុំ​កំណត់​ច្បាស់​ថា អ្នក​ណាធ្វើ​លិខិត​ ឬ​បញ្ជូន​របាយការណ៍​អ្វី​ៗ… សរសេរ តាម​ទំនាញសូរ ខ្ញុំ​អត់​ចុះហត្ថលេខា ត្រូវ​យកទៅ​កែ​ដែល​កាល​ជំនាន់​នោះ​មិនមែន​ជំនាន់ កុំព្យូទ័រ​ឯណា ជំនាន់​អង្គុលីលេខ​យក​ទៅ​វាយកែ​វិញ​ទៅ។ បើ​ប្រៀបធៀប​នឹង​ជាង​២០​ឆ្នាំ​មុន​ការ​លំបាក​មានការ​ថយ​ចុះ​ហើយ។ ឥឡូវ​ល្អហើយ​អត្ថបទ​ច្បាប់​មួយ ឬ​អនុក្រឹត្យ​មួយមាន​ស​ន្ទា​នុ​ក្រម​ភ្ជាប់​ទៅ​ជាមួយដើម្បី​បកស្រាយ។ ទាក់ទិន​នឹង​បញ្ហា​នេះ សម្ដេចតេ​ជោ​នាយក​រដ្ឋមន្ដ្រី​បញ្ជាក់​ថា ព្រោះ​មានភាសា​ខ្លះ​យើង​អត់​ទាន់​មាន​ផង។ នេះ​គឺជាចំណុច​មួយ​ដែល​ត្រូវ​បន្ដ​យក​ចិត្ដ​ទុក​ដាក់ យើង​ត្រូវ​យល់​ហើយ​ឯកភាព​គ្នា​ក្នុង​ការ​ប្រើប្រាស់។ សម្ដេច​បាន​លើក​មក​បញ្ជាក់​ខ្លះ​ៗ​ថា គ្រាន់តែ​ភាសា​ខ្មែរ​មួយ​ក៏​មាន​របៀប​សរសេរ​ខុស​គ្នា​ដែរ។

ឥឡូវ​យើង​បាន​ឯកភាព​គ្នា​ត្រឹមត្រូវ​ហើយ​តាម​វចនានុក្រម​របស់​សម្ដេចព្រះសង្ឃរាជ ជួន ណាត។ លោក​ អ៊ឹម សិទ្ធី រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ថា អង្គ​សន្និបាត​បាន​ពិនិត្យ​ផ្ដល់​យោបល់​លើ​របាយការណ៍​បូកសរុប និង​ទិស​ដៅ​ការងារព្រមទាំង​បាន​ពិភាក្សា​លើ​ប្រធានបទ​សំខាន់​ៗ​ចំនួន​៨ នឹងបាន​ឯកភាព​លើ​របាយការណ៍​បូក​សរុប​វាយ​តម្លៃ និង​ទិស​ដៅ។ ការ​ពិភាក្សា​លើ​ប្រធានបទ​នីមួយ​ៗ​បាន​វាយតម្លៃ​ពី​ការ​រីក​ចម្រើន​កំណត់​បញ្ហា​ប្រឈម​ដែល​ត្រូវ​ដោះស្រាយ និង​លើក​វិធានការ និង​អនុសាសន៍​ជា​អាទិភាព​សម្រាប់​អនុវត្ដ​នា​ពេល​ខាង​មុខ​មានៈ

  1. ​ការ​ចូល​រៀន និង​អត្រា​បញ្ចប់​ការសិក្សាដើម្បី​សម្រេចការ​អប់រំ​សម្រាប់​ទាំងអស់គ្នាៈ បង្កើន​ការ​ចូល​រៀន​កុមារ​អាយុ​៣-៥​ឆ្នាំ នៅ​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា ជា​ពិសេស​កុមារ​អាយុ​៥​ឆ្នាំ​, បង្កើន​ការ​ចុះ​ឈ្មោះ​ចូល​រៀន កុមារ​អាយុ​៦​ឆ្នាំ នៅ​ថ្នាក់​ទី​១ និង​ធានានិរន្ដរភាព​ការ​សិក្សា​នៅ​បឋម​សិក្សា​, បង្កើនអត្រា​បញ្ចប់​ការ​សិក្សា​នៅ​បឋម​សិក្សា​។
  2. ​ការ​គ្រប់គ្រង និង​ការ​ធ្វើ​ស​និទាន​កម្ម បុគ្គលិក​អប់រំតម្រូវការ​និង​ការ​ផ្គត់​ផ្គង់​​គ្រូ​បង្រៀនៈ កែ​លំអ​គុណភាព​គ្រប់គ្រង និងធ្វើ​ស​និទាន​កម្មបុគ្គលិក​អប់រំ។ ដោះ​ស្រាយ​តម្រូវ​ការ​គ្រូបង្រៀន និង​ពង្រឹងគុណភាព​វិជ្ជា ជីវៈ​គ្រូបង្រៀន។
  3. ​ការ​អនុវត្ដន៍​កម្មវិធី​សម​មូល និង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​សិក្សា​សហគមន៍ៈ ធានា​សមធម៌​នៃ​​ការ​ចូល​រៀន​តាម​កម្មវិធី​សមមូល​, ធានា​និរន្ដរភាព​នៃ​ដំណើរការ​ម​ជ្ឈមណ្ឌល​សិក្សា​សហគមន៍។
  4. ​ការ​ចូល​រៀន​នៅ​ឧត្ដម​សិក្សាៈ ធានាសមធម៌​នៃ​ការ​ចូល​រៀន​នៅ​ឧត្ដម​សិក្សា​, ធានា​គុណភាព និង​ប្រសិទ្ធភាព​នៃ​ការ​បណ្ដុះបណ្ដាល​នៅ​ឧត្ដម​សិក្សា។
  5. ​ការងារ​យុវជន និង​ការងារ​អប់រំ​កាយ និង​កីឡាៈ អភិវឌ្ឍន៍​គោលនយោបាយ​ជាតិ​យុវជន​កម្ពុជា​, ជំរុញ​ចលនា​ប្រឡងប្រណាំង៣​ល្អ (​កូន​ល្អ សិស្ស​ល្អ មិត្ដ​ល្អ​), ពង្រឹង​ក្រុមប្រឹក្សា​យុវជន​-​កុមារ និង​សមាគមនិស្សិត​, អភិវឌ្ឍន៍​មជ្ឈមណ្ឌល​យុវជន​ជាតិ និង​មជ្ឈមណ្ឌល​យុវជន​រាជធានី​-​ខេត្ដ​, អភិវឌ្ឍន៍គោលនយោបាយ​ជាតិ​កីឡា​, ពង្រឹង​គុណភាព និង​ប្រសិទ្ធភាព​សកម្មភាព​អប់រំ​កាយ និងកីឡា។
  6. ​អនុវត្ដ​កម្មវិធី​សិក្សា​ថ្មី និង​ផ្គត់ផ្គង់សៀវភៅ​សិក្សា​គោលៈ អនុវត្ដ​កម្មវិធី​សិក្សាថ្មី​នៅ​មធ្យមសិក្សា​ទុតិយភូមិ​ដោយ​ផ្សារភ្ជាប់​ទៅ​នឹង​ការ​តម្រង់​ទិស​វិជ្ជាជីវៈ​, ពង្រឹង​គុណភាព​​អប់រំ​នៅ​មធ្យមសិក្សា​ទុតិយភូមិ​, ផ្គត់ផ្គង់​សៀវភៅ​សិក្សា​គោល​ទៅ​ដល់​សាលារៀន​ឱ្យទាន់​ពេលវេលា និង​គ្រប់គ្រាន់។
  7. ​ការ​កសាង​សមត្ថភាព​មន្ដ្រី​គ្រប់គ្រងអប់រំៈ អនុវត្ដ​វិមជ្ឈការ​ការងារ​ស្ថិតិ និង​ផែនការ​អប់រំ​, ពង្រឹងសមត្ថភាព​មន្ដ្រី​គ្រប់គ្រងសម្រាប់​ឆ្លើយ​តប​ទៅ​នឹង​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ។
  8. ​ការងារ​កំណែទម្រង់ការ​គ្រប់គ្រងហិរញវត្ថុ​សាធារណៈ​ក្នុង​វិស័យ​អប់រំៈ  ពង្រឹង​គណនេយ្យ​ភាព​​ហិរញ្ញវត្ថុ​សាធារណៈ​, អនុវត្ដ​យន្ដការ​គ្រប់គ្រង​ហិរញវត្ថុ​តាម​ប្រព័ន្ធព័ត៌មានវិទ្យា​, ពង្រឹង​ភាព​ជឿ​ទុកចិត្ដ​លើថវិកា។

ទាំង​អស់នេះ គឺជា​របាយការណ៍​សង្ខេបស្ដី​ពី​លទ្ធផល​សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួងអប់រំ​យុវជន និង​កីឡា។ លោក​រដ្ឋមន្ដ្រីក្រសួង​អប់រំយុវជន និង​កីឡា បញ្ជាក់​ថា លទ្ធផល​វិជ្ជមាន​ដែល​ក្រសួង​សម្រេច​បាន​នេះ គឺ​អាស្រ័យ​ដោយ​មគ្គុទេសក៍​ភាព​ដ៏​ឆ្នើម​នៃសម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាដែល​ផ្ដល់​ឱកាស​ឱ្យ​ក្រសួង​បាន​ទទួល​កិច្ច​សហ​ប្រតិបត្ដិការ​​ល្អ​ពី​សំណាក់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធជា​ពិសេស​កិច្ច​គាំទ្រ​ដ៏​មានប្រសិទ្ធភាព​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រម​ទាំង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ និង​ដៃគូ​អភិវឌ្ឍន៍​ជាតិ និង​អន្ដរជាតិ។

ដោយ៖ កោះឯករាជ្យ
ថ្ងៃ​ច័ន្ទ ទី​២២ ខែ​មីនា ឆ្នាំ២០១០
ស្រង់​ចេញ​ពី​គេហទំព័រ​សារព័ត៌មាន កោះ​សន្តិភាព
http://kohsantepheapdaily.com.kh/article/20100321-03002.html

___________________________________________________
អាន​ផង​ដែរ
១. គណៈ​កម្មាធិ​ការ​ជាតិ​ភាសា​ខ្មែរ​សម្រេច​យក​វចនានុ​ក្រម​សម្តេច​ព្រះ​សង្ឃ​រាជ ជួន​ ណាត​ ជា​គោល

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: