បទសម្ភាសអក្សរសាស្ត្ររបស់សម្ដេចព្រះសង្ឃរាជជួន ណាត (ភាគទី៤) ខែមេសា 29, 2010
Posted by សុភ័ក្ត្រ in បទសម្ភាស.2 comments
តពីភាគទីបី ចុចខាងក្រោមដើម្បីស្ដាប់ ភាគទីបួន
… ហ៏! រួចនៅ អ្នកណាទៀតនៅ នៅបន្តិចទៀតនៅនាងមួយនៀកកញ្ញា នៀក! ចប់ហើយ កញ្ញានេះ ខ្លីៗទេ។
… នេះកញ្ញាអីនៀក! នែក ដាក់ …ទូលព្រះបង្គំនាងខ្ញុំម្ចាស់ នាងកញ្ញាយល់ខុសទេ គេមិនដែលប្រើទេ … ឈ្មោះ អិន ហ៊ំ ជាសិស្សថ្នាក់ទី២ “ក” នៃវិទ្យាល័យព្រះស៊ីសុវត្ថិ….។ ឥឡូវអាត្មាថា ខ្ញុំម្ចាស់ទៅចុះ។ លុបទូលព្រះបង្គំនាងខ្ញុំចេញ – ទូលព្រះបង្គំជាខ្ញុំ នាងខ្ញុំម្ចាស់ នែក! គេមិនដែលនិយាយថា ទូលព្រះ បង្គំ ទេ នាងឯងកុំនិយាយនឹងព្រះអង្គម្ចាស់ នឹងស្ដេច និងអីថា ទូលបង្គំ – គេថាខ្ញុំម្ចាស់ អាត្មាប្រាប់ទៅចុះ! … ខ្ញុំម្ចាស់ឈ្មោះ អិន ហ៊ំ ជាសិស្សថ្នាក់ទី២ “ក” វិទ្យាល័យព្រះស៊ីសុវត្ថិ ខ្ញុំម្ចាស់មានសេចក្ដីឆ្ងល់អំពីពាក្យមួយម៉ាត់ដែលហៅថា ពិសេស ឬ វិសេស… ដែលក្រសួងឃោសនាការធ្លាប់តែផ្សាយតាមវិទ្យុជាញឹកញាប់ ពាក្យនេះតាមសេចក្ដីយល់របស់ខ្ញុំម្ចាស់ គួរទុកប្រើចំពោះពាក្យសម្ដីរបស់វីរៈបុរសអង្គណាមួយដែលជាកំពូលនៃរដ្ឋ… ឧទាហរណ៍ដូចជាព្រះរាជឱង្ការ នៃសម្ដេចព្រះប្រមុខរដ្ឋ ទើបសម មិនត្រូវយកមកប្រើជាសាធារណៈ ច្របូកច្របល់គ្នាឡើយ។ ដូចសព្វថ្ងៃនេះ ក្រសួងឃោសនាការតែងតែផ្សាយជាព័ត៌មានឮដំណឹង អ្ហេ៎! ឬដំណឹងពិសេស រោងភាពយន្តសូរិយា លេងរឿងឥណ្ឌា រឿងរស្មីចន្ទ្រា ទួលតាពូង។ (សំឡេងសើច) អើ! (មិនមែននាង) នាងសរសេរខុសទេ នាងកញ្ញាសរសេរខុសទេ គេមិនថា ទួលតាពូង ទេ មិនមែនតាឈ្មោះពូង គាត់ធ្វើទួលហ្នឹងឯណា មិនមែនទួលរបស់តាពូងទេ។ ទួលទំពូង ពីព្រោះពីដើម វាមានដើមទំពូងដុះនៅហ្នឹង – អាត្មានៅជាសាមណេរ លោកគ្រូប្រើឲ្យទៅរកសំបកទំពូងនៅហ្នឹង – ចាំច្បាស់ណាស់ ឥឡូវទៅជាតាពូងៗអស់។ ទូលទំពូង គឺដើមទំពូង វាដុះនៅហ្នឹងពីដើម ឯឥឡូវថា ទំពូង ទៅចុះ! … ទួលទំពូង លេងរឿងព្រះជិនវង្ស ឬវិថីជិតឃ្លាំងមានវត្ត សាលារៀន កាត់ដេរ។ល។ ជាដើម តើហេតុអ្វីបានជាក្រសួងឃោសនាការចេះតែផ្សាយព័ត៌មានឬដំណឹងពិសេស? បើនិយាយពីរឿងកុនល្ខោនឯណោះទៅវិញ? ខ្ញុំម្ចាស់ឮភ្លាមៗស្មានតែព្រះរាជឱង្ការនៃសម្ដេចសហជីវិន…. អាត្មា (មិនទាន់មើល) មិនមើលពាក្យនាងកញ្ញាឯងអស់ទេ តែខំខ្លាចគេ ពាក្យអីខ្ជាំងៗ អាត្មារំលងចោលពាក្យនេះ មានខ្លះបែបបញ្ជោកគម្រោគខ្លាំងណាស់ រួចទៅបន្ទោសលើឃោសនាការជាតិផង នែ៎កៗ! លោកឃោសនាការជាតិ នែក! នាងហ្នឹងបន្ទោសហើយ នែក! មើលថានេះទៀត … ហេតុនេះសូមសម្ដេចជាម្ចាស់ទ្រង់មេត្ដាយកពាក្យមួយម៉ាត់នេះទៅដាក់ក្នុងរបៀបវារៈប្រជុំអក្សរសាស្ត្រពិភាក្សាសម្រេចឲ្យខ្ញុំម្ចាស់ផង។
ពិសេស ហើយ វិសេស ហ្នឹង! កុំឆ្ងល់នាង អិន ហ៊ំ កុំឆ្ងល់ នាងកំពុងរៀងផង។ អាត្មាសូមពន្យល់ ពាក្យហ្នឹងតែមួយទេ តែមួយទេ! អាត្មានឹងពន្យល់។ ពិសេស និង វិសេស ហ្នឹង បើប្រែទៅថា មានច្រើនបែបច្រើនយ៉ាងណាស់ មកអំពីរូបស័ព្ទដើម មកអំពី វិ ហើយនឹង សេសៈ។ វិ ហ្នឹង គឺជាបព្វបទ បាលីគេហៅបព្វបទ ប្រែថា បទមកដាក់ខាងដើម ជាតួឧបសគ្គដែល ដែលបារាំងហៅថា préfixe អាត្មាមិនសូវចេះបារាំង បើមួយម៉ាត់ៗ préfixe គេដាក់មក វិ ហើយនឹង សេសៈ។ វិ ហ្នឹង ប្រែថា ផ្សេងៗ ប្រែថា ជាក់ស្ដែង ប្រែថា ណាស់ណាអីក៏បានដែរ។ វិ ហ្នឹង មានសេចក្ដីច្រើនណាស់ រួចកាលណា វិ ហ្នឹង វានៅនឹង សេសៈ, សេសៈ ប្រែថា សល់ ថាសំណល់ អីចេះទៅវិញតើ! ប៉ុន្តែដល់ វិ វាមកនៅពីលើជាមួយ សេសៈ ទៅជាប្រែថា ថ្លៃថ្លា, ថាខ្ពង់ខ្ពស់, ថាប្លែក អីចេះទៅវិញ សេសៈ ហ្នឹង វិសេសៈ ហ្នឹង ក៏ខ្មែរយកមកប្រើដើម្បីឲ្យបានទៅជាពិន័យ គេយក វ ជា ព ទៅជា ពិសេសៈ គេហៅថា ពិសេស [ពិ-សែស] មួយនៅជាវិសេស ពាក្យថា វិសេស គេនិយាយពីរបស់ទ្រព្យអី ឬស្រុកទេស ឬអ្វីដែលវាថ្លៃថ្លា វាខ្ពង់ខ្ពស់ (វា) មានតែមួយ ឬក៏វាសុទ្ធតែល្អ ហ្នឹងគេហៅថា វិសេស ពុំនោះសោតគម្ពីរដីការ សៀវភៅច្បាប់ណាដែលវាក្រៅផ្លូវការ បើខាងពុទ្ធសាសនា គឺក្រៅពីព្រះត្រ័យបិដក ក្រៅពីអដ្ឋកថា ពី commentaire របស់ព្រះត្រ័យបិដក គម្ពីរនោះឯងគេហៅ បក្ករណៈវិសេស គេហៅ បក្ករណៈវិសេសៈ បើនិយាយតែពាក្យខ្មែរប៉ុណ្ណោះ គេថា បក្ករណ៍ [បៈ-ក] កក្ករណៈនោះ គឺបក្ករណ៍វិសេស ជាគម្ពីរដែលតែងឡើងក្រោយ ដោយវោហាររបស់អ្នកតែងមិនអាងដល់គម្ពីរដីកាអី គ្រប់គ្រាន់ទេ គេយកវោហារ យកមតិយោបល់ ដែលហៅអត្តនោម័តនោះ គឺយោបល់របស់ខ្លួនគេយកមកតែង អាហ្នឹងគេហៅថាគម្ពី វិសេស ដែរ។ ប៉ុន្តែខ្មែរយកមកប្រើ គួរឲ្យឆ្ងល់ដែរ ពាក្យតែដដែល គ្រាន់តែយក វ ធ្វើជា ព ទៅជា ពិសេស បានសេចក្ដីខុសគ្នានឹងពាក្យថា វិសេស ។ ពាក្យនេះគេប្រើស្ទើរតែច្រើនណាស់ ដូចជាគេឆ្លើយព្រះកុរណាជាម្ចាស់ជីវិតថា ព្រះកូណាថ្លៃវិសេស, ព្រះកូណាថ្លៃវិសេស ហ្នឹងឆ្លើយថាហៅថាឈ្មោះអី ថានែក! ដួង ដួងអ្ហែងមកណេះ! ព្រះកូណាថ្លៃវិសេស! ព្រះកូណាវិសេស អីចេះក៏បាន។ ហ្នឹងគឺថាលើកហ្លួង លើកព្រះអង្គហ្នឹងថា ជាព្រះករុណា ហ្នឹងហៅព្រះកុរណាហ្នឹងថា ព្រះអង្គមានសេចក្ដីអាណិតគេ ដល់វាអស់ពីករុណាទៅជាព្រះកូណា ទៅ។ ថ្លៃវិសេស បានសេចក្ដីថា ព្រះអង្គហ្នឹងមានតម្លៃខ្ពង់ខ្ពស់ ក្រៃលែងជាងអ្នកដទៃ គេហៅថា ព្រះកូណាថ្លៃវិសេស ជាពាក្យសន្មតរាជសព្ទ ចុះបើមកជា ពិសេស វិញ ប្រែថាប្លែកដែរ គេបំប្លែងមក ដើម្បីឲ្យ ឲ្យមានសេចក្ដីថា ជាបច្ចេកទេស ថាជាដោយឡែក ថាជាអីចេះទៅវិញ។ រួចអាត្មាសូមទាញឧទាហរណ៍ដែលប្រើសព្វថ្ងៃនេះ ឧបមាថាឯកឧត្ដមហ្នឹង លោកមានរថយន្តលោកបី បី បីគ្រឿង រថយន្តមួយនោះ ស៊ីតូអែន នោះទិញមកដើម្បីឲ្យកូនចៅប្រើទៅផ្សារទៅផ្សោរ ឆក់កណ្ដៀតនាយអាយតាមអ្នកណាប្រើខ្លះអីចឹងទៅ អាហ្នឹងគេហៅថា រថយន្តសាមញ្ញ មានរថយន្តមួយនោះ លោកប្រើផ្ទាល់ខ្លួនលោក គឺថាលោកទៅណាលោកប្រើតាមធម្មតា ទៅធ្វើការ ទៅការិយាល័យ ទៅប៊ុយរ៉ូ លោក លកជិះអាហ្នឹងទៅ អានេះជារថយន្តផ្ទាល់ខ្លួនលោក! ន៏! មានរថយន្តមួយនោះ ថ្លៃថ្លាបន្តិចមិនសូវប្រើទេ គឺលោកសម្រាប់ប្រើចេញមុខចេញមាត់ គឺថាទៅកាន់ទីប្រជុំធំ ឬទៅគាល់ព្រះកូណា ទៅព្រះរាជវាំងអី លោកប្រើរថហ្នឹងគេហៅ រថយន្តពិសេស spécial អ្ហ៊ែៈ! ឯកឧត្ដម អើ! ត្រូវបារាំងគេថា spécial, spéciaux ហ្នឹងហើយ អាហ្នឹងគេហៅថា ពិសេស។ សេចក្ដីណាមួយដែលវិទ្យុក្ដី ផ្សាយដំណឹង ជាដំណឹងដោយឡែក បើនិយាយទៅ ប្រែថា ដោយឡែក ហើយសេចក្ដីហ្នឹងមិនមែនជាសាធារណៈទេ គឺវាមានដោយឡែក វាប្លែកមក គេថា ដំណឹងពិសេស រួចនាងឯងម៉េចទៅខឹង ទៅខឹងនឹងពិសេសហ្នឹង ពិសេសហ្នឹងមិនមែនសម្រាប់តែព្រះប្រមុខរដ្ឋទេ ប្រើបានជាសាធារណៈទៅទាំងអស់ យើងក៏ប្រើបាន របស់អីទៅវាប្លែក ដែលគេមិនសូវយកមកនិយាយ មកថា អាហ្នឹងវាពិសេស អីចេះណា។ ដូចល្មមស្ដាប់បានហើយ មើលអាត្មា ថាម៉េច… (មានកត់ទុក) នែក! អាពិសេសមួយទៀតអីចេះ អាហ្នឹងគេប្រើពិសេសដែរ គឺ មនុស្ស បើតាមបាលីនោះគេថា នែក! សារាណា សារណំ មញ្ញត្តិ មញ្ញត្តិ ជានាតី តិមនុស្សា…។
អាន និងស្ដាប់ភាគទី៥