កសាងវត្តថ្មីជាប់ស្រះទឹកសម្ដេចព្រះសង្ឃរាជ ជួន ណាត រួចឯកភាពគ្នាយកព្រះនាមសម្ដេចសង្ឃដាក់ជាឈ្មោះវត្តតែម្ដង ខែសីហា 19, 2010
Posted by សុភ័ក្ត្រ in ព័ត៌មាន.2 comments
កំពង់ស្ពឺ៖ វត្តថ្មីមួយត្រូវបានអ្នកស្រុកឯកភាពជាមួយរដ្ឋអំណាចមូលដ្ឋានកសាងនៅជាប់ស្រះទឹករបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ហើយឯកភាពគ្នាយកព្រះនាមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ដាក់ជាឈ្មោះវត្តតែម្ដង។ វត្តដែលគេបាននាំគ្នាកសាងនេះ ស្ថិតនៅក្នុងឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
វត្តស្រះសម្ដេចព្រះសង្ឃរាជ ជួន ណាត
លោក ញូង ស៊ីម អតីតមេឃុំរការកោះ បច្ចុប្បន្នជាក្រុមប្រឹក្សាឃុំខាងលើបានឲ្យដឹងថា វត្តស្រះសម្ដេចព្រះសង្ឃរាជ ជួន ណាត ត្រូវបានអ្នកស្រុកនាំគ្នាកសាងឡើងនៅក្នុងអំឡុងដើមឆ្នាំ២០០០។ វត្តនេះកសាងជាប់នឹងស្រះទឹក ដែលកសាងឡើងដោយសម្ដេចព្រះសង្ឃរាជ ជួន ណាត សម្ដេចព្រះសង្ឃរាជគណៈមហានិកាយ តាំងពីឆ្នាំ១៩៥៩ មកម្ល៉េះ ដោយស្រះទឹកនេះ ស្ថិតនៅជាប់ផ្លូវជាតិលេខ២១ ដែលមានទំហំ ២៧០ម៉ែត្រគុណ២០០ម៉ែត្រ និងមានជម្រៅពី១,៥០ម៉ែត្រទី២,៥០ម៉ែត្រ នៅតាមកន្លែង។ ប្រភពដដែលបានឲ្យដឹងទៀតថា នៅក្បែរស្រះទឹក សម្ដេចព្រះសង្ឃរាជបានកសាងអគារមន្ទីរពេទ្យធ្វើអំពីបេតុងចំនួន២ខ្នង ដែលបច្ចុប្បន្នអាជ្ញាធរបានយកធ្វើជាសាលាឃុំរការកោះ មួយខ្នងទៀតប្រគល់ទៅឲ្យខាងពេទ្យយកធ្វើជាមណ្ឌុលសុខភាព ប៉ុន្តែដោយឃើញថា អាគារនោះមានសភាពទ្រុឌទ្រោម ខាងសុខាភិបាលក៏បានកសាងអគារមណ្ឌុលសុខភាពថ្មីមួយទៀតនៅក្បែរអាគារចាស់។ នៅទល់មុខសាលាឃុំនេះ ក៏មានអាស្រមធ្វើអំពីថ្មសម្រាប់ជាកន្លែងសំណាក់របស់ព្រះអង្គពេលនិមន្តមកពីភ្នំពេញមកកាន់ភូមិកំណើតរបស់ព្រះអង្គដែលនៅប្រមាណជា៣,៥គីឡូម៉ែត្រពីទីនេះ និងមានស្រះទឹកតូចមួយទៀតទំហំ១០០ម៉ែត្រគុណ១០០ម៉ែត្រ សម្រាប់ប្រើប្រាស់ក្នុងមន្ទីរពេទ្យ និងកន្លែងសំណាក់ តែស្រះទឹកនេះបច្ចុប្បន្នមានសភាពគោករាក់ណាស់ទៅហើយ។ លោក ញូង ស៊ីម បានឲ្យដឹងទៀតថា ស្រុកកំណើតរបស់សម្ដេច ជួន ណាត ស្ថិតនៅក្នុងភូមិកំរៀង ឃុំរការកោះ ស្រុកគងពិសី មូលហេតុដែលសម្ដេចមកកសាងស្រះទឹក មន្ទីរពេទ្យ និងអាស្រមស្នាក់នៅក្នុងតំបន់នោះ ដោយសារកន្លែងនេះជាផ្លូវបំបែកចូលទៅកាន់ស្រុកកំណើតរបស់សម្ដេច និងជាផ្លូវធំ ហើយជាទីប្រជុំជន ងាយស្រួលអ្នកស្រុកទៅមកក្នុងការពិនិត្យព្យាបាលជំងឺ និងបង្កភាពងាយស្រួលដល់ប្រជាពុទ្ធបរិស័ទនៅតំបន់នោះមកជួបប្រាស្រ័យទាក់ទងជាមួយសម្ដេច ពេលនិមន្តមកកាន់ភូមិកំណើតរបស់ព្រះអង្គ។ ដោយមានការនឹករឮកចំពោះគុណូបការគុណ និងថែរក្សានូវកេរដំណែលរបស់ព្រះអង្គឲ្យបានគង់វង់ ទើបអ្នកស្រុកនៅតំបន់នេះបាននាំគ្នាកសាងវត្តថ្មីមួយនេះឡើង ជាប់នឹងស្រះទឹកធំរបស់សម្ដេច ហើយបានយកព្រះនាមរបស់សម្ដេចដាក់ជាឈ្មោះវត្តនេះម្ដងទៅ។ នៅក្នុងឆ្នាំ២០០៣កន្លងទៅ លោក សូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងលោក កង ហ៊ាង អភិបាលខេត្តកំពង់ស្ពឺក៏បានបើកការដ្ឋានស្ដារស្រះនេះដែរ ប៉ុន្តែដោយសារស្រះមានទំហំធំពេក គឺស្ដារបានតែចំណែកណាមួយប៉ុណ្ណោះ។
ស្រះទឹកសម្ដេចព្រះសង្ឃរាជ ជួន ណាត (រូបថត៖ ពេជ្រ និល)
លោកតា ខៀវ ផន បច្ចុប្បន្នមានអាយុ៩១ឆ្នាំ រស់នៅភូមិកំរៀង ឃុំរការកោះ ស្រុកគងពិសី ដែលជាអ្នកស្រុកកំណើតជាមួយសម្ដេចដែរនោះ បាននិយាយថា បើតាមគាត់ដឹងសម្ដេចសង្ឃ ជួន ណាត គឺមានបងប្អូនបង្កើតតែ២នាក់ប៉ុណ្ណោះ គឺប្រុសទាំងពីរ ប្អូនប្រុសសម្ដេចឈ្មោះ ជួន នុត កាលពីសង្គមធ្វើការជាមន្ត្រីធំមួយដែរ នៅក្រសួងធម្មការ និងកិច្ចការសាសនា។ ដោយសារតែបងប្អូនរបស់សម្ដេចតិចយ៉ាងនេះបានជាបច្ចុប្បន្ននេះ គេសង្កេតឃើញក្រុមគ្រួសារសាច់ញាតិរបស់សម្ដេចនៅសល់តិចតួចបំផុត ដែលអ្នកស្រុកនៅទីនោះភាគច្រើនពុំអាចស្គាល់បាន ប៉ុន្តែតាមគាត់ដឹង គឺសព្វថ្ងៃមានតែចៅប្រុសបង្កើតរបស់សម្ដេចទេ ដែលរស់នៅសព្វថ្ងៃគឺជាកូនរបស់លោក ជួន នុត ឈ្មោះ ឈឹម សាម៉េត ដែលកំពុងធ្វើការនៅវិទ្យសហរដ្ឋអាមេរិកសព្វថ្ងៃនេះ។ ប្រភពដដែលបានឲ្យដឹងទៀតថា មូលហេតុដែលគេពុំសូវដឹងពីក្រុមគ្រួសារសម្ដេចនេះ ដោយសារពីសង្គមមក លោក ជួន នុត ប្អូនសម្ដេចរស់នៅទីក្រុងភ្នំពេញ មិនរស់នៅស្រុកកំណើត៕
ពេជ្រនិល
ស្រង់ចេញពីសារព័ត៌មានរស្មីកម្ពុជា
ឆ្នាំទី១៨ លេខ៥២៨០ ថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០១០