jump to navigation

កសាង​វត្ត​ថ្មី​ជាប់​ស្រះ​ទឹក​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត រួច​ឯកភាព​គ្នា​យក​ព្រះ​នាម​សម្ដេច​សង្ឃ​ដាក់​ជា​ឈ្មោះ​វត្ត​តែ​ម្ដង ខែសីហា 19, 2010

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback

កំពង់​ស្ពឺ៖ វត្ត​ថ្មី​មួយ​ត្រូវ​បាន​អ្នក​ស្រុក​ឯកភាព​ជាមួយ​រដ្ឋ​អំណាច​មូលដ្ឋាន​កសាង​នៅ​ជាប់​ស្រះ​ទឹក​របស់​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត ហើយ​ឯកភាព​គ្នា​យក​ព្រះ​នាម​របស់​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត ដាក់​ជា​ឈ្មោះ​វត្ត​តែ​ម្ដង។ វត្ត​ដែល​គេ​បាន​នាំ​គ្នា​កសាង​នេះ ស្ថិត​នៅ​ក្នុង​ឃុំ​រការ​កោះ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ។


វត្ត​ស្រះ​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត

លោក ញូង ស៊ីម អតីត​មេឃុំ​រការ​កោះ បច្ចុប្បន្ន​ជា​ក្រុម​ប្រឹក្សា​ឃុំ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា វត្ត​ស្រះ​សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត ត្រូវ​បាន​អ្នក​ស្រុក​នាំ​គ្នា​កសាង​ឡើង​នៅ​ក្នុង​អំឡុង​ដើម​ឆ្នាំ​២០០០។ វត្ត​នេះ​កសាង​ជាប់​នឹង​ស្រះ​ទឹក ដែល​កសាង​ឡើង​ដោយ​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត សម្ដេច​ព្រះ​សង្ឃ​រាជ​គណៈ​មហា​និកាយ តាំង​ពី​ឆ្នាំ​១៩៥៩ មក​ម្ល៉េះ ដោយ​ស្រះ​ទឹក​នេះ ស្ថិត​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​២១ ដែល​មាន​ទំហំ ២៧០​ម៉ែត្រ​គុណ​២០០​ម៉ែត្រ និង​មាន​ជម្រៅ​ពី​១,៥០​ម៉ែត្រ​ទី​២,៥០​ម៉ែត្រ នៅ​តាម​កន្លែង។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្បែរ​ស្រះ​ទឹក សម្ដេច​ព្រះ​សង្ឃ​រាជ​បាន​កសាង​អគារ​មន្ទីរ​ពេទ្យ​ធ្វើ​អំពី​បេតុង​ចំនួន​២​ខ្នង ដែល​បច្ចុប្បន្ន​អាជ្ញាធរ​បាន​យក​ធ្វើ​ជា​សាលា​ឃុំ​រការ​កោះ​ មួយ​ខ្នង​ទៀត​ប្រគល់​ទៅ​ឲ្យ​ខាង​ពេទ្យ​យក​ធ្វើ​ជា​មណ្ឌុល​សុខភាព ប៉ុន្តែ​ដោយ​ឃើញ​ថា​ អាគារ​នោះ​មាន​សភាព​ទ្រុឌ​ទ្រោម ខាង​សុខាភិបាល​ក៏​​បាន​កសាង​អគារ​មណ្ឌុល​សុខភាព​ថ្មី​មួយ​ទៀត​នៅ​ក្បែរ​អាគារ​ចាស់។ នៅ​ទល់​មុខ​សាលា​ឃុំ​នេះ ក៏​មាន​អាស្រម​ធ្វើ​អំពី​ថ្ម​សម្រាប់​ជា​កន្លែង​សំណាក់​របស់​ព្រះ​អង្គ​ពេល​និមន្ត​មក​ពី​ភ្នំពេញ​មក​កាន់​ភូមិ​កំណើត​របស់​ព្រះ​អង្គ​​ដែល​នៅ​ប្រមាណ​ជា​៣,៥​គីឡូម៉ែត្រ​ពី​ទី​នេះ និង​មាន​ស្រះ​ទឹក​តូច​មួយ​ទៀត​ទំហំ​១០០​​ម៉ែត្រ​គុណ​១០០​ម៉ែត្រ សម្រាប់​ប្រើ​ប្រាស់​ក្នុង​មន្ទីរ​ពេទ្យ និង​កន្លែង​សំណាក់ តែ​ស្រះ​ទឹក​នេះ​​បច្ចុប្បន្ន​មាន​សភាព​គោក​រាក់​ណាស់​ទៅ​ហើយ។ លោក ញូង ស៊ីម បាន​ឲ្យ​ដឹង​ទៀត​ថា ស្រុក​កំណើត​របស់​សម្ដេច ជួន ណាត ស្ថិត​នៅ​ក្នុង​ភូមិ​កំរៀង ឃុំ​រការ​កោះ ស្រុក​គង​ពិសី មូល​ហេតុ​ដែល​សម្ដេច​មក​កសាង​ស្រះ​ទឹក មន្ទីរ​ពេទ្យ និង​អាស្រម​ស្នាក់​នៅ​ក្នុង​តំបន់​នោះ ដោយ​សារ​កន្លែង​នេះ​ជា​ផ្លូវ​បំបែក​ចូល​ទៅ​កាន់​ស្រុក​កំណើត​របស់​សម្ដេច និង​ជា​ផ្លូវ​ធំ ហើយ​ជា​ទី​ប្រជុំ​ជន ងាយ​ស្រួល​អ្នក​ស្រុក​ទៅ​មក​ក្នុង​ការ​ពិនិត្យ​ព្យាបាល​ជំងឺ និង​បង្ក​ភាព​ងាយ​ស្រួល​ដល់​ប្រជា​ពុទ្ធ​បរិស័ទ​នៅ​តំបន់​នោះ​មក​ជួប​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​សម្ដេច ពេល​និមន្ត​មក​កាន់​ភូមិ​កំណើត​របស់​ព្រះ​អង្គ។ ដោយ​មាន​ការ​នឹក​រឮក​ចំពោះ​គុណូបការគុណ និង​ថែ​រក្សា​នូវ​កេរ​ដំណែល​របស់​ព្រះ​អង្គ​ឲ្យ​បាន​គង់វង់ ទើប​អ្នក​ស្រុក​នៅ​តំបន់​នេះ​បាន​នាំ​គ្នា​កសាង​វត្ត​ថ្មី​មួយ​នេះ​ឡើង ជាប់​នឹង​ស្រះ​ទឹក​ធំ​របស់​សម្ដេច ហើយ​បាន​យក​ព្រះ​នាម​របស់​សម្ដេច​ដាក់​ជា​ឈ្មោះ​វត្ត​នេះ​ម្ដង​ទៅ។ នៅ​ក្នុង​ឆ្នាំ​២០០៣​កន្លង​ទៅ លោក សូរ ឃុន រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​លោក កង ហ៊ាង អភិបាល​ខេត្ត​កំពង់ស្ពឺ​ក៏​បាន​បើក​ការដ្ឋាន​ស្ដារ​ស្រះ​នេះ​ដែរ ប៉ុន្តែ​ដោយ​សារ​ស្រះ​មាន​ទំហំ​ធំ​ពេក គឺ​ស្ដារ​បាន​តែ​​ចំណែក​ណា​មួយ​ប៉ុណ្ណោះ។


ស្រះ​ទឹក​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត (រូបថត៖ ពេជ្រ និល)

លោក​តា​ ខៀវ ផន បច្ចុប្បន្ន​មាន​អាយុ​៩១​ឆ្នាំ រស់​នៅ​ភូមិ​កំរៀង ឃុំ​រការ​កោះ ស្រុក​គងពិសី ដែល​ជា​អ្នក​ស្រុក​កំណើត​ជាមួយ​សម្ដេច​ដែរ​នោះ បាន​និយាយ​ថា បើ​តាម​គាត់​ដឹង​សម្ដេច​​សង្ឃ ជួន ណាត គឺ​មាន​បង​ប្អូន​បង្កើត​តែ​២​នាក់​​ប៉ុណ្ណោះ គឺ​ប្រុស​ទាំង​ពីរ ប្អូន​ប្រុស​សម្ដេច​ឈ្មោះ ជួន នុត កាល​ពី​សង្គម​ធ្វើ​ការ​ជា​មន្ត្រី​ធំ​មួយ​ដែរ នៅ​ក្រសួង​ធម្មការ និង​កិច្ចការ​សាសនា។ ដោយ​សារ​តែ​បង​ប្អូន​របស់​សម្ដេច​តិច​យ៉ាង​នេះ​បាន​ជា​បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​ក្រុម​គ្រួសារ​សាច់​ញាតិ​របស់​សម្ដេច​នៅ​សល់​តិច​តួច​បំផុត ដែល​អ្នក​ស្រុក​នៅ​ទី​នោះ​ភាគ​ច្រើន​ពុំ​អាច​ស្គាល់​បាន ប៉ុន្តែ​តាម​គាត់​ដឹង គឺ​សព្វ​ថ្ងៃ​មាន​តែ​ចៅ​ប្រុស​បង្កើត​របស់​សម្ដេច​ទេ ដែល​រស់​នៅ​សព្វ​ថ្ងៃ​គឺ​ជា​កូន​របស់​លោក ជួន នុត ឈ្មោះ ឈឹម សាម៉េត ដែល​កំពុង​ធ្វើ​ការ​នៅ​វិទ្យ​សហរដ្ឋ​អាមេរិក​សព្វ​ថ្ងៃ​នេះ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​គេ​ពុំ​សូវ​ដឹង​ពី​ក្រុម​គ្រួសារ​សម្ដេច​នេះ ដោយ​សារ​ពី​សង្គម​មក​ លោក ជួន នុត ប្អូន​សម្ដេច​រស់​នៅ​ទីក្រុង​ភ្នំពេញ មិន​រស់​នៅ​ស្រុក​កំណើត៕

ពេជ្រ​និល

ស្រង់​ចេញ​ពី​សារព័ត៌មាន​រស្មី​កម្ពុជា
ឆ្នាំ​ទី​១៨ លេខ​៥២៨០ ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​សីហា ឆ្នាំ​២០១០

មតិ»

1. Sarath - ខែកញ្ញា 23, 2010

៉ើខ្ញុំបាទរីករាយណាស់ពេលបានអានពត៌មាននេះ ប៉ុន្តែវាគួឲ្យសោកស្តាយដែល
ជនអប្បមង្គលមួយចំនួនបាននឹងកំពុងបំផ្លាញសីលធម៌ជាតិយ៉ាងគឃ្លើន ភ្លេចគិតជាតិសាស្រន៏ ងងិតងងល់់ដោយមនោគមន៏ចចកយួន និងអស់លោក ខ្មែរអត់ក្បាលមួយចំនួនសព្វថ្ងៃនេះ។ សូមចូលរួមត្រេកអរចពោះបងប្អូនរូមជាតិ ដែលមានមនសិកា ស្នេហាទឹកដី សីលធម៌ វប្បធម៌ និងអារិយធម៌ជាតិទាំអស់។ សូមឲ្យបងប្អូនទាំងអស់ជួបប្រទះនឹងជោគជយ័គ្រប់ភារកិច្ច។

2. Pheap vireak - ខែធ្នូ 11, 2011

ខ្ញុំមានសេចក្តីពេញចិត្តណាស់ចំពោះកិច្ចខិតខំចុះផ្សាយរបស់បង ដើម្បីជា​ប្រយោជន៍ដល់កុលបុត្រកុលធីតាខ្មែរតរៀងទៅ។ ខ្ញុំមាន​ចម្ងល់​ចំពោះ​ពាក្យ បណ្តឹង ៖ បណ្តឹងនេះ នៅក្នុងវចនានុក្រមខ្មែរ​សម្តេចសង្ឃ គ.ស. ១៩៦៧ ទំព័រទី ៥៤២ ផ្សាយថា ន. ពាក្យប្តឹង, សេចក្តីដែលប្តឹង: មាន​បណ្តឹង​អំពី…គឺមានឬសំបុត្រប្តឹងអំពី..។ តើពាក្យប្តឹង និងពាក្យបណ្តឹង ពាក្យមួយណាត្រឹមត្រូវ ដោយសារខ្ញុំឃើញក្នុងភាសាច្បាប់ខ្លះសរសេរដោយយឡើែកពីគ្នា


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: