jump to navigation

គណៈ​កម្មាធិ​ការ​ជាតិ​ភាសា​ខ្មែរ​សម្រេច​យក​វចនានុ​ក្រម​សម្តេច​ព្រះ​សង្ឃ​រាជ ជួន​ ណាត​ ជា​គោល ខែកញ្ញា 17, 2010

Posted by សុភ័ក្ត្រ in ព័ត៌មាន.
trackback

ដោយ ៖ កោះឯករាជ្យ
ថ្ងៃ សុក្រ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០១០

រាជធានី​ភ្នំពេញ ៖ ឆ្ពោះ​ទៅ​រក​ការ​ឯក​ភាព​ក្នុង​ការ​ប្រើ​ប្រាស់​​អក្សរ​សាស្ត្រ​ខ្មែរ ​សំខាន់​ក្នុង​ការ​ប្រើ​ពាក្យ​ សរសេរ​ពាក្យ​​ អាន​ពាក្យ​ គណៈ​កម្មាធិ​ការ​ជាតិ​ភាសា​ខ្មែរ​បាន​ឯក​ភាព​យក​វចនានុ​ក្រម ​សម្តេច​ព្រះ​សង្ឃ​រាជ ជួន ណាត បោះ​ពុម្ព​ដោយ​ពុទ្ធ​សាសន​បណ្ឌិត្យ​​គ្រា​ទី​៥ ជា​គោល។ ប៉ុន្តែ​ភារ​កិច្ច​សំខាន់​បន្ត​ទៀត​របស់​គណៈ​កម្មាធិ​ការ​ជាតិ​ភាសា​​ខ្មែរ​ ត្រូវ​លៃ​យ៉ាង​ណា​ឱ្យ​ការ​អនុ​វត្ត​ធ្លាក់​ដល់​ថ្នាក់​មូល​ដ្ឋាន។ ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​របស់​គណៈ​កម្មាធិ​ការ​ជាតិ​ភាសា​ខ្មែរ​បាន​បញ្ជាក់​ថា ភាសា​ខ្មែរ​បាន​រីក​ចម្រើន​យ៉ាង​​ខ្លាំង​ និង​ជា​បន្ត​បន្ទាប់ ​ចាប់​ពី​ពេល​ដែល​វចនានុ​ក្រម​ខ្មែរ​ត្រូវ​បាន​​បោះ​ពុម្ព​ផ្សាយ​ជា​លើក​​ដំបូង​នៅ​ឆ្នាំ​១៩៣៨ បន្ទាប់​ពី​ក្រុម​ជំនុំ​មួយ​ដែល​កើត​នៅ​ឆ្នាំ​១៩១៥ បាន​ខិត​ខំ​តាក់​តែង​តៗ​គ្នា​ជា​ច្រើន​ជំនាន់​តាំង​ពី​សម្តេច​ព្រះ​សង្ឃ​រាជ ជួន ណាត នៅ​ជា​ព្រះ​សង្ឃ​ធម្ម​តា និង​មាន​មុខ​ងារ​ជា​ស្មៀន​រហូត​ដល់​ព្រះ​អង្គ​មាន​មុខ​ងារ​ជា​ព្រះ​ប្រធាន។

ក្រោយ​ពេល​ដែល​បង្កើត​គណៈ​កម្មាធិ​ការ​ជាតិ​ខេមរ​យាន​កម្ម​នៅ​ឆ្នាំ​១៩៦៧ (១៩៦៧-១៩៦៩) គណៈ​កម្មាធិ​ការ​នេះ ត្រូវ​យក​​បច្ចេក​ទេស​ស័ព្ទ​ទៅ​សុំ​ការ​ឯក​ភាព​ពី​សម្តេច​ព្រះ​សង្ឃ​រាជ ជួន ណាត ជា​មុន​សិន​មុន​នឹង​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​ការ​បង្រៀន។ ប៉ុន្តែ​នៅ​ដំណាក់​​កាល​​ទី​២ នៃ​ខេមរ​យាន​កម្ម​ គឺ​ក្រោយ​ពេល​សម្តេច​ព្រះ​សង្ឃ​រាជ​សោយ​ទិវង្គត​ អក្សរ​សាស្ត្រ​ខ្មែរ​​ត្រូវ​បាន​គេ​កែ​សម្រួល​នៅ​ពេល​ដែល​ព្យាង្គ​រាយ​ដែល​គ្មាន​ក្នុង​វចនា​នុ​ក្រម​ត្រូវ​បាន​គេ​ប្រើ​​ជំនួស​ព្យាង្គ​តម្រួត​ជា​ទូទៅ ហើយ​អក្ខ​រា​វិរុទ្ធ​ និង​ឃ្លា​ឃ្លោង​ចាប់​មាន​ការ​ប្រែ​ប្រួល​គួរ​ឱ្យ​កត់​សម្គាល់​ និង​ធ្វើ​ឱ្យ​ការ​ប្រើ​ប្រាស់​អក្សរ​សាស្ត្រ​ខ្មែរ​មិន​មាន​ការ​ឯក​ភាព​រវាង​អ្នក​ជំនាន់​មុន​ និង​​អ្នក​ជំនាន់​ក្រោយ​ក្នុង​ដំណាក់​កាល​ទី​២ នៃ​ខេមរ​យាន​កម្ម និង​រហូត​​មក​ដល់​សព្វ​ថ្ងៃ។

លោក​ព្រុំ ម៉ល់​ អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មាធិ​ការ​ជាតិ​ភាសា​ខ្មែរ (គ.ជ.ភ.ខ) មាន​ប្រសាសន៍​ថា ដោយ​​មិន​មាន​ការ​ឯក​ភាព​ក្នុង​ការ​ប្រើ​ប្រាស់​អក្សរ​សាស្ត្រ​ខ្មែរ​នោះ​ហើយ ទើប​ចាំ​បាច់​ត្រូវ​បង្កើត​ឡើង​នូវ​គណៈ​កម្មាធិ​ការ​​ជាតិ​ភាសា​ខ្មែរ​ឡើង​ ហើយ​គណៈ​កម្មាធិ​ការ​នេះ​ទទួល​បាន​ការ​គាំទ្រ​ផង​ដែរ ពី​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ លោក​បញ្ជាក់​​ឡើង​វិញ​ថា គ.ជ.ភ.ខ បាន​ឯក​​ភាព​រួច​ហើយ​ថា នឹង​យក​វចនានុ​ក្រម​សម្តេច​ព្រះ​សង្ឃ​រាជ ជួន ណាត ធ្វើ​ជា​គោល​ក្នុងការ​ប្រើ​ប្រាស់​អក្សរ​សាស្ត្រ​ខ្មែរ​ដែល​សព្វ​ថ្ងៃ​នេះ​ខ្មែរ​ណា​ក៏​​​ដឹង​ដែរ​ថា ភាសា​ខ្មែរ​យើង​ខ្វះ​​ការ​ឯក​ភាព​ទាំង​ក្នុង​ការ​សរសេរ​ពាក្យ​ ទាំង​ក្នុង​ការ​អាន​ពាក្យ​ ទាំង​ក្នុង​ការ​បង្កើត​ និង​ការ​ប្រើ​ពាក្យ និង​ទាំង​ក្នុង​ការ​ខ្ចី​ពាក្យ​ពី​ភាសា​បរទេស។ ដូច្នេះ​ការ​បង្កើត​ គ.ជ.ភ.ខ នេះ​ឡើង គឺ​ដើម្បី​ស្វែង​រក​ឯក​ភាព​ជូន​ភាសា​ខ្មែរ​ក្នុង​ការ​សរសេរ​ពាក្យ​ ក្នុង​ការ​អាន​ពាក្យ ក្នុង​ការ​បង្កើត​ និង​ការ​ប្រើ​ពាក្យ​ និង​ក្នុង​ការ​ខ្ចី​ពាក្យ​ពី​ភាសា​បរទេស។ លោក​គិត​ថា ការ​ងារ​​របស់​ គ.ជ.ភ.ខ នឹង​អនុ​វត្ត​ដោយ​រលូន​ បើ​ទោះ​បី​ជា​មាន​​ការ​​ប្រឈម​ខ្លះ​ក៏​ដោយ និង​មិន​មាន​ភាព​ចម្រូង​ចម្រាស​អំពី​ការ​ប្រើ​ប្រាស់​អក្សរ​សាស្ត្រ​ខ្មែរ​នោះ​ឡើយ។

ពាក់​ព័ន្ធ​នឹង​ការ​ស្វែង​រក​ការ​ឯក​ភាព​អំពី​ការ​ប្រើ​ប្រាស់​អក្សរ​សាស្ត្រ​ខ្មែរ​នោះ គ.ជ.ភ.ខ ក៏​បាន​ធ្វើ​ការ​និទ្ទស្សន៍ និង​សន្និ​ដ្ឋាន​ដែរ​ថា វា​គឺ​ជា​ការ​កែ​ប្រែ​ទម្លាប់​មនុស្ស​ ហើយ​ក៏​លំបាក​ផង​ដែរ។ ដូច្នេះ ​អ្នក​ដែល​ធ្លាប់​សរសេរ​ ឬ​ប្រើ​ពាក្យ​តាម​ខេមរ​យាន​កម្ម​ដំណាក់​កាល​ទី ២ តែង​តែ​មាន​អារម្មណ៍​មិន​ល្អ ឬ​លំបាក​បន្តិច​នៅ​ពេល​ដែល​ឃើញ​អ្នក​ផ្សេង​ទៀត​បាន​សរសេរ ឬ​ប្រើ​ពាក្យ​បែប​នោះ​ទៅ​វិញ។ ប៉ុន្តែ​ខ្មែរ​យើង​ធ្លាប់​សរសេរ​ពាក្យ ឬ​ប្រើ​ពាក្យ​មួយ​ចំនួន​មិន​ដូច​គ្នា​ ដែល​ជា​ហេតុ​នាំ​ឱ្យ​ភាសា​ខ្មែរ​យើង​ខ្វះ​ឯក​ភាព។ ​អ៊ីចឹង​​ដើម្បី​ឱ្យ​ភាសា​នេះ​មាន​ឯក​ភាព​ឡើង​វិញ​ ដូច​អរិយភាសា​ក្នុង​លោក គឺ​មាន​តែ​ការ​ខំ​អត់​ធ្មត់​សង្កត់​ចិត្ត​​កែ​ទម្លាប់​ណា​ដែល​មិន​ស្រប​​នឹង​សេច​ក្តី​សម្រេច​​របស់ គ.ជ.ភ.ខ ដែល​មាន​តំណាង​ពី​គ្រប់​​មជ្ឈ​ដ្នាន​សំខាន់ៗ​ ហើយ​ដែល​បាន​ធ្វើ​ការ​ដោយ​ផ្អែក​លើ​បញ្ញាញាណ និង​ប្រកាន់​យក​ស្មារតី​សម្រុះ​សម្រួល​ជាតិ ជៀស​វាង​ពាក្យ​សម្ដី​ណា​ដែល​អាច​ប៉ះ​ពាល់​សតិ​អារម្មណ៍​អ្នក​ដទៃ៕

ស្រង់​ចេញ​ពី​គេហទំព័រ​សារព័ត៌មាន កោះ​សន្តិភាព
http://kohsantepheapdaily.com.kh/article/20100917-005213.html

___________________________________________________
អាន​ផង​ដែរ
១. សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ប្រកាស​ច្បាស់លាស់ អក្ខរាវិរុទ្ធ​-​អក្សរសាស្ដ្រ​ជាតិ យក​តាម​វចនានុក្រម “ជួន ណាត”

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: