jump to navigation

ព្រះ​រាជ​ពិធី​សមណុត្តមាភិសេក ថ្វាយ​សម្ដេច​ព្រះ​សង្ឃរាជ ថ្នាក់​ទិ​១ ជួន ណាត (ជោតញ្ញាណោ) គណៈ​មហា​និកាយ ខែតុលា 17, 2010

Posted by សុភ័ក្ត្រ in ព័ត៌មាន.
2 comments

ព្រះ​រាជាភិសេក ឬ​សមណុត្តមាភិសេក

យោង​តាម​ព្រះ​រាជ​ប្រពៃណី នៃ​ព្រះ​បរមរាជវាំង កាល​បើ​បាន​រៀប​ចំ​ឲ្យ​ព្រះ​អង្គ​ម្ចាស់ ក្សត្រ​ណា​មួយ​ជា​ព្រះ​រាជា​ក្ដី ដោយ​ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍​អង្គ​ណា​មួយ ជា​សម្ដេច​ព្រះ​រាជ​អឃ៌​អគ្គ​មហេសី​ក្ដី ឲ្យ​ជា​សម្ដេច​ព្រះ​រាជ​ទេពី​ក្ដី ឬ​តែង​តាំង​ព្រះ​សង្ឃ​អង្គ​ណា​មួយ​ឲ្យ​មាន​ព្រះ​រាជ​ឋានន្តរ​ស័ក្ដិ ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​ក្ដី ត្រូវ​រៀប​ចំ​ធ្វើ​ពិធី​រាជា​ភិសេក អភិសេក។ បើ​ព្រះ​សង្ឃ ហៅ​ថា សមណុត្តមាភិសេក តាម​ពិធី​ព្រាហ្មណ៍៖

  • ឲ្យ​គង់​ប្រថាប់​លើ​ព្រះ​សុវណ្ណកោច្ឆ​ពិសេស មុខ​ព្រះ​មហា​ស្វេតច្ឆត្រ
  • ថ្វាយ​ទឹក​ក្លស់​ទឹក​ស័ង្ខ ស្រោច​ទឹក​មង្គល ដោយ​ព្រាហ្មណ៍
  • ថ្វាយ​ព្រះ​សុវណ្ណប័ដ ដោយ​បញ្ជាក់​ឋានៈ និង​បុព្វ​សិទ្ធិ
  • ព្រះ​រាជ​គណៈ ឋានានុក្រម ស្វាធ្យាយជយន្តោ

សមណុត្តមាភិសេក
សម្ដេច​ព្រះ​សង្ឃរាជ ថ្នាក់​ទី​១ ជួន ណាត
(ជោតញ្ញាណោ) គណៈ​មហា​និកាយ

ការ​ធ្វើ​សមណុត្តមាភិសេក ថ្វាយ​សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១ ជួន ណាត (ជោតញ្ញាណោ) គណៈ​មហា​និកាយ មាន​ពីរ​កន្លែង៖

កន្លែង​ទី​១ – នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង

សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​ប្រមុខ​រដ្ឋ បាន​ស្ដេច​និមន្ត៖
          ១. សម្ដេច​ព្រះ​សង្ឃ​រាជ ថ្នាក់​ទី​១ ជួន ណាត (ជោតញ្ញាណោ)
          ២. សម្ដេច​ព្រះ​សង្ឃរាជ ថ្នាក់​ទី​២ ភុល ទេស (ឥន្ទញ្ញាណោ)

នៅ​លើ​ព្រះ​ទី​នាំង ទេវាវនិច្ឆ័យ នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង ដើម្បី​ធ្វើ​សមណុត្តមាភិសេក​ជា​ផ្លូវ​ការរ​តាម​ព្រះ​រាជ​ពិធី ដូច​ខាង​ក្រោម​នេះ។

បើ​បាន​ធ្វើ​សមណុត្តមាភិសេក​រួច​ហើយ សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​ប្រមុខ​រដ្ឋ​នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា បាន​ថ្វាយ​សុវណ្ណប័ដ​ដល់​ព្រះ​សង្ឃរាជ​ទាំង​ពីរ​ព្រះ​អង្គ។

ឯ​សុវណ្ណប័ដ សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១ ជួន ណាត (ជោតញ្ញាណោ) សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​ប្រមុខ​រដ្ឋ​បាន​ចារ​ថ្វាយ​ជា​សម្ដេច​ព្រះ​សង្ឃ​រាជ ថ្នាក់​ទី​១ ជួន ណាត មាន​ព្រះ​រាជ​បុព្វ​សិទ្ធិ ៥​យ៉ាង៖

  1. ប្រើ​រាជ​ស័ព្ទ
  2. ប្រើ​ផ្លិត​ព្រះ​រាជ​សង្ហា
  3. ប្រើ​ទង់​ព្រះ​រាជ​សង្ហា
  4. ប្រើ​សុវណ្ណកោច្ឆៈ ព្រះ​រាជ​សង្ហា
  5. ប្រើ​រង​ព្រះ​សិរ ព្រះ​រាជ​សង្ហា

(ព្រះ​រាជ​បុព្វសិទ្ធិ​នេះ បាន​ពី​លោក ម៉ី យ៉ាំ)

កាល​បើ​ព្រះ​រាជា ទ្រង់​ប្រោស​ព្រះ​រាជ​ទាន​សិទ្ធិ​បែប​នេះ ពុទ្ធ​បរិស័ទ ទោះ​ព្រះ​សង្ឃ​ក្ដី គ្រហស្ថ​ក្ដី ដែល​បាន​ចូល​ទៅ​ប្រាស្រ័យ​ទាក់​ទង​កិច្ចការ​អ្វី ត្រូវ​ប្រើ​ពាក្យ​រាជ​ស័ព្ទ។ បើ​មិន​បាន​ប្រើ​ពាក្យ​រាជ​ស័ព្ទ​ទេ ត្រូវ​មាន​កំហុស​នៅ​ក្នុង​សង្គម​ជាតិ​ខ្មែរ។ យោង​ព្រះ​រាជ​ក្រឹត្យ​លេខ​២៣ រ.វ. ចុះ​ថ្ងៃ​ព្រហស្បតិ៍ ១២​កើត ខែ​មិគសិរ ឆ្នាំ​ថោះ បញ្ច​ស័ក ព.ស.​២៤០៦ ត្រូវ​នឹង​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​១៩៦៣។

ពេល​សម្ដេច​ព្រះ​សង្ឃ​រាជ ទាំង​ពីរ​ព្រះ​អង្គ ទ្រង់​យាង​ចុះ​មក​ដល់​មុខ​ព្រះ​ទី​នាំង​ទេវា​វិនិច្ឆ័យ សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​ប្រ​មុខ​រដ្ឋ​នៃ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា បាន​ថ្វាយ​ព្រះ​ទីនាំង​រថយន្ត​ថ្មី​សន្លាង​ដល់​សម្ដេច​ព្រះ​សង្ឃ​រាជ​ទាំង​ពីរ​ព្រះ​អង្គ​ក្នុង​មួយ​ព្រះ​អង្គ​មាន​ព្រះ​ទី​នាំង​រថយន្ត​មួយ។

កន្លែង​ទី​២ – នៅ​វត្ត​ឧណ្ណាលោម

នៅ​ពេល​ធ្វើ​សមណុត្តមាភិសេក ថ្វាយ​សម្ដេច​ព្រះ​សង្ឃរាជ​ថ្នាក់​ទី​១​នោះ នៅ​ក្រោម​អធិបតីភាព ឯកឧត្ដម ទ្រិញ វ៉ាញ ព្រះ​សង្ឃ និង​ពុទ្ធ​បរិស័ទ មាន​សេចក្ដី​ត្រក​អរ​សាទរ​ណាស់ ហើយ​បញ្ជា​ឲ្យ​គេ​ធ្វើ​បល្ល័ង្ក ដែល​មាន​ស្វេតច្ឆត្រ​៧​រួត​តម្កល់​ទុក​នៅ​ព្រះ​វិហារ។ ដោយ​គេ​យល់​ថា សមណុត្តមាភិសេក​បួន​ប្រាំ​រាជ្យ​ស្ដេច​ទើប​មាន​ម្ដង។ ដូច​នេះ​យើង​ត្រូវ​រៀប​ចំ​ឲ្យ​បាន​ត្រូវ​តាម​ព្រះ​រាជ​ប្រពៃ​ណី​ផង។

  • ដើម្បី​ថ្វាយ​ព្រះ​រាជ​កិត្តិយស​ដល់​សម្ដេច​ព្រះ​សង្ឃ​រាជ​ផង
  • ដើម្បី​បង្ហាញ​ព្រះ​រាជ​ប្រពៃណី​ដល់​ពុទ្ធ​បរិស័ទ​ផង
  • ដើម្បី​រំឮក​ពី​ព្រះ​រាជ​ប្រពៃណី​ខ្មែរ​ផង

ពេល​សម្ដេច​ព្រះ​សង្ឃ​រាជ​យាង​ចេញ​ពី​ព្រះ​បរម​រាជ​វាំង តាម​ព្រះ​ទីនាំង​រថយន្ត​ដែល​មាន​ព្រះ​សង្ឃ ឯក​ឧត្ដម លោក​ជំទាវ និង​ពុទ្ធ​បរិស័ទ តាម​ហែហម​មក​ដល់​ខ្លោង​ទ្វារ​នៅ​មុខ​ព្រះ​វិហារ សម្ដេច​យាង​ចុះ​ពី​ទីនាំង​រថយន្ត។ នៅ​ពេល​នោះ​ដែរ​ព្រះ​សង្ឃ ឯក​ឧត្ដម លោក​ជំទាវ និង​ពុទ្ធ​បរិស័ទ ជា​ច្រើន​ផ្សេង​ទៀត​បាន​រង់​ចាំ​ទទួល​សម្ដេច​ព្រះ​សង្ឃ​រាជ​យ៉ាង​មាន​របៀប​រៀប​រយ​នៅ​មុខ​ព្រះ​វិហារ។

សម្ដេច​ព្រះ​សង្ឃ​រាជ​ទ្រង់​យាង​លើ​កម្រាល​ព្រះ​រាជ​កិត្តិយស​ដែល​គេ​បាន​ក្រាល​ថ្វាយ​ពី​មាត់​ខ្លោង​ទ្វារ​មក​ដល់​ព្រះ​វិហារ និង​មាន​ពុទ្ធ​បរិស័ទ ឈរ​គាល់​ត្រៀប​ត្រា​​នៅ​តាម​សង​ខាង​ផ្លូវ។ សម្ដេច​ព្រះ​សង្ឃរាជ​ស្ដេច​យាង​មក​ដល់​ព្រះ​បល្ល័ង្ក​ព្រះ​អង្គ​ទ្រង់​ឡើង​ប្រថាប់​នៅ​លើ​ព្រះ​បល្ល័ង្ក​នៅ​ក្រោម​ស្វេតច្ឆត្រ​៧​រួត ដើម្បី​ឲ្យ​គេ​ធ្វើ​ព្រះ​រាជ​ពិធី​ផ្សេង​ៗ​ផង។

ឧបាសក​ឧបាសិកា​ និង​ព្រះ​សង្ឃ​បាន​អង្គុយ និង​គង់​នៅ​លើ​កម្រាល​ត្រៀប​ត្រា, ឧបាសក ឧបាសិកា បាន​នមស្ការ​ព្រះ​រតនត្រ័យ ព្រះ​សង្ឃ​បាន​ថ្វាយ​ធម៌ ជយន្តោ ប្រសិទ្ធិ​ពរ​ជ័យ​ថ្វាយ​សម្ដេច​ព្រះ​សង្ឃ​រាជ។

បញ្ជាក់៖

សមណុត្តមាភិសេក ដែល​ព្រះ​បាទ​ហរិរក្សរាមា​ឥស្សរាធិបតី ព្រះ អង្គ ដួង បាន​ធ្វើ​ថ្វាយ​សម្ដេច​ព្រះ​មហា​សង្ឃរាជ និល ទៀង នៅ​ពេល​ដែល​សម្ដេច​ព្រះ​មហា​សង្ឃរាជ និល ទៀង បាន​ឡើង​ជា​សម្ដេច​ព្រះ​ហា​សង្ឃ​រាជ​ពេញ​ទី នៅ​ក្រុង​ឧត្ដុង្គ​មាន​ជ័យ ព.ស.​២៤០២ គ.ស.​១៨៥៨ រហូត​ដល់​ព.ស.​២៥០៧ គ.ស.​១៩៦៣ រយៈ​ពេល​១០៥​ឆ្នាំ​ទើប​មាន​ម្ដង​ទៀត។

បើ​គិត​ពី​ពេល​នោះ​មក​កន្លង​បាន​៧​រាជ្យ​ស្ដេច៖

  1. ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្សរាមា​ឥស្សរាធិបតី ព្រះ អង្គ ដួង
  2. ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម ព្រះចៅ​ក្រុង​កម្ពុជា​ធិបតី
  3. ព្រះ​បាទ​សម្ដេច​ព្រះ សិរីសុវត្ថិ ព្រះចៅ​ក្រុង​កម្ពុជា​ធិបតី
  4. ព្រះ​បាទ​សម្ដេច​ព្រះ សិរីសុវត្ថិ មុនីវង្ស ព្រះចៅ​ក្រុង​កម្ពុជា​ធិបតី
  5. ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ វរ្ម័ន ព្រះចៅ​ក្រុង​កម្ពុជា​ធិបតី
  6. ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត ព្រះចៅ​ក្រុង​កម្ពុជា​ធិបតី
  7. សម្ដេច​ព្រះ​មហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ នារីរតន៍ សិរីវឌ្ឍនា

អស់​រយៈ​ពេល​៧​រាជ្យ​ស្ដេច​ទើប​មាន​ធ្វើ​សមណុត្តមាភិសេក​ម្ដង​ទៀត។ បើ​គិត​ពី​រយៈ​ពេល​ដែល​ត្រូវ​​ធ្វើ​ម្ដង​ៗ​យូរ​អង្វែង​ណាស់។

__________________________________________________________
ដក​ស្រង់​ចេញ​ពី​សៀវភៅ​ព្រះ​រាជ​ប្រពៃណី​ព្រះ​មហាក្ស័ត្រិយ៍ និង​សម្ដេច​ព្រះ​សង្ឃ​រាជ ព.ស.​២៥៤៧ គ.ស.​២០០៣៕