jump to navigation

បទ​សម្ភាស​អក្សរសាស្ត្រ​របស់​សម្ដេច​ព្រះសង្ឃរាជ​ជួន ណាត (ភាគ​ទី​៥) ខែវិច្ឆិកា 17, 2010

Posted by សុភ័ក្ត្រ in បទ​សម្ភាស.
6 comments

ត​ពី​ភាគ​ទី​បួន ចុច​ខាង​ក្រោម​ដើម្បី​ស្ដាប់ ភាគ​ទី​ប្រាំ

… បាន​ជា​ហៅ​ថា​មនុស្ស​ហ្នឹង! ប្រែ​ថា សត្ត។ សត្ត​វិតេសោ ឬ វិតេស្សសត្តោ ពី​ព្រោះ​យក​បទ​ដទៃហ្នឹង​​មក​ផ្សំ​ទៅ​ប្រែ​​ថា​ម៉េច​មនុស្ស​ហ្នឹង។ មនុស្ស​មក​អំពី ម៉ាន់ ម និង ន យើង​អាន ម៉ាន់ ឬ​ មន ក៏​ថា​ទៅ​ចុះ គេ​ប្រែ​ថា ដឹង។ ហើយ​ផ្សំ​​នឹង ឧសៈ ឧស suffixeឧសបច្ច័យ។ ម៉ាន់ និង ឧស ទៅ​ជា មនុស្ស (manus) សរសេរ​អក្សរ​​នែ​រ៉ូម៉ាំង រ៉ូម៉ាំង​​ទៅ​ឃើញ​ហើយ មើល៍​ៗ មើល លោក ឡូត​មក​សរសេរ​បន្តិច​មើល៍ អើ! សរសេរ​ទៅ សរសេរ ម [M-A-N] Man ​បើ​យើង​អាន​តាម​បាលី​គេ​ថា មនៈ​ៗៗ ប៉ុន្តែ​ថា មនៈ​ៗ ហ្នឹង​កុំ​ថា​ គេ​ថា អាន​ថា​ ម៉ាន់​។ ម៉ាន់ ហើយ​នឹង​ឧស​ៗ​ពីរ ទេ​! មិន​មែន​អី​ចឹង​ទេ! plus ទេ! ជើង​ក្អែក អើ! អីចឹង ឧស ស​ពីរ S ពីរ អើ! មន និង ឧស ចុះ​ឧស​នោះ មក​ពី​អី? ឧស ​ហ្នឹង suffixe បច្ច័យ​ សម្រាប់​ចុះ​មក ឲ្យ​ទៅ​ជា​នាម​សព្ទ ពី​ព្រោះ ម៉ាន់​ហ្នឹង​ប្រែ​ថា  ដឹង ដល់​បំបែក verbe ទៅ​ជា នតិ គេ​ដឹង មនន្តិ គេ​ទាំង​ឡាយ​ដឹង មនសិ ឯង​ដឹង មនាមិ អញ​ដឹង ខ្ញុំ​ដឹង មនាម យើង​ទាំង​ឡាយ​ដឹង វា​អីចឹង​ទៅ​វិញ។ អា​ហ្នឹង​បំបែក verb វា​ដូច​ជា៖ Je suis, Tu es អីចឹង ​ដូច​ជា​បារាំង​អីចឹង។ ចុះ​ឥឡូវ​បើ​ឲ្យ​​មក​ជា​នាម ពាក្យ​នេះ​ផ្សំ​ឧសបច្ច័យ​ទៅ​ជា​យ៉ាង​ម៉េច? ទៅ​ជា​មនុស្ស ប្រែ​ថា អ្នក​ដឹង​នូវ​ការ​ខុស​​និង​ត្រូវ ដឹង​នូវ​ហេតុ ​ខុស​និង​ត្រូវ។ ចុះ​បើ​យើង​យក​ពាក្យ​ហ្នឹង​មក​និយាយ​ថា​អី អ្នក​ដឹង​ខុស​ត្រូវ ថា សត្តវិសេស។ គេ​ហៅ​ សត្តវិសេស ពីព្រោះ​វា​សត្វ​ទាំង​អស់​គ្នា​ៗ គោ​ក៏​សត្វ ក្របី​ក៏​សត្វ មនុស្ស​យើង​ហ្នឹង​ក៏​សត្វ ព្រហ្ម ទេវតា​អី​ក៏​សត្វ ពីព្រោះ​សត្ត​ហ្នឹង​​វា​ប្រែ​ថា អ្នក​ជាប់​ជំពាក់​ដោយ​អារម្មណ៍ ដោយ​នែក​ៗ​! គំនិត គេ​ហៅ​សត្ត​ហ្នឹង​ប្រែ​ថា មនុស្ស​ដែល​នៅ​ជំពាក់​ទាក់​ទិន​នឹង​ការ​ខុស​ការ​ត្រូវ ការ​អាក្រក់ ការ​ល្អ​សព្វ​គ្រប់​ហ្នឹង​គេ​ហៅ សត្វ។ រួច​ចុះ​មនុស្ស​ហ្នឹង អី​ថា​សត្វ​ដែរ ប៉ុន្តែ​ហ្នឹង សត្ត សត្ត​វិសេស​ យ៉ាង​ម៉េច ហៅ​សត្ត​វិសេស ថា​សត្វ​ដែល​ទីទៃ​​ពី​គោ ក្របី ហ្នឹង​យើង​និយាយ​ឲ្យ​ជ្រៅ​ទៅ គេ​និយាយ​អីចឹង​ថា​សត្តវិសេស ជា​​អ្នក​ដឹង​ខុស​ត្រូវ អាហ្នឹង​ហៅ មនុស្ស។ ហើយ​ចុះ​បើ​ស្រី​ទៅ​ជា មនុស្សី ប៉ុន្តែ​យើង​មិន​ដែល​ប្រើ​មនុស្សី​​ទេ ប៉ុន្តែ​បាលី​គេ​មាន មនុស្សោ សត្តវិសេស ប្រុស គឺ​ថា​មនុស្ស ប្រុស។ មនុស្សី មនុស្ស​ស្រី ប៉ិន​ឥឡូវ​បើ​យើង​យក​អាហ្នឹង ​មក​ប្រើ​ថា នែក! ឃើញ​មាន​មនុស្សី​ម្នាក់​ដើរ​ទៅ​ជើង​ទៅ ហ្នឹង​វា​មិន​ដែល​ចេះ​សោះ​ ថា​មនុស្ស​ស្រី មនុស្ស​ប្រុស ប៉ុន្តែ​ត្រូវ​​ជ្រាប​ថា មនុស្ស​ហ្នឹង​មក​ពី​ប្រែ​ថា អ្នក​ដឹង​ខុស​ត្រូវ មួយ​ទៀត មាន​ន័យ​មួយ​ទៀត​ក្រៅ​ពី​ព្រះ​ពុទ្ធ​សាសនា មក​ពី មនុ ហើយ​នឹង អបច្ចៈ។ អបច្ចៈ ប្រែ​ថា កូ​នចៅ ថា​ពូជ​ពង្ស មនុ គឺ​ព្រះ​ចៅ​មនុ ដែល​ជា​ស្ដេច​កើត​ដំបូង​បំផុត​គេ​ហៅ​បឋម​ក្សត្រ នោះ ដែល​កើត​ឡើង​មាន​ទឹក មាន​ដី នៅ​ឯ​ឥណ្ឌា​ឯណោះ​ទេ មិន​មែន​នៅ​ស្រុក​ខ្មែរ​យើង​ទេ​ ប្រទេស​កម្ពុជា​កាល​ណោះ​នៅ​ជា​សមុទ្រ​ទេ។ រួច​ស្ដេច​ហ្នឹង​ហើយ​ដែល​ដំបូង​បំផុត​គេ​ហៅ ក្សត្រិយៈ ហៅ​តាម​សំស្ក្រឹត​ថា​ក្សត្រិយៈ ហៅ​តាម​បាលី ខត្តិយៈ ប្រែ​មក​ថា​ម៉េច? ថា​ម្ចាស់​ស្រែ មេ​ស្រែ ពី​ព្រោះ​ដើម​ដំបូង​មាន​ប្រយោជន៍​អី គ្រាន់​​តែ​ត្រួត​ត្រា​លើ​ស្រែ​ចម្ការ​អីចឹង​មក វា​យូរ​មក វា​គ្រាន់​តែ​ត្រួត​ត្រា​លើ​ស្រែ​ចម្ការ​។ គេ​ធ្វើ​រាល់​គ្នា​អីចឹង មួយ​ឆ្នាំ​ៗ​គេ​ជូន​គេ​ថ្វាយ​ស្រូវ​អង្ករ អី​មក​ទៅ លោក​ចេះ​តែ​ទទួល​សោយ​សេចក្ដី​សុខ​ទៅ ព្រះ​ចៅ​ដែល​ដំបូង​បំផុត​ហ្នឹង​ទ្រង់​ព្រះ​នាម​​ព្រះ​​បាទ មនុ មាន​ក្មួយ​មួយ ឈ្មោះ មនោសារៈ។ មនោសារៈ នេះ​ជា​គ្រូ​ច្បាប់។ ឯក​ឧត្ដម​មាន​ជ្រាប​ទេ! ច្បាប់​​បុរាណគេ​នមស្ការ​គោរព​មនោសារៈ​ហ្នឹង។ មនោសារៈ​ហ្នឹង​គឺ​ជា​ក្មួយ​របស់​ព្រះ​ចៅ​មនុ បាន​ជា​ពួក​យើង​ដែល​កើត​ត​ៗ​​មក​ហៅ​ មនុស្ស ម៉េច​ក៏​ហៅ​មនុស្ស? ថា​ជា​ពូជ​ពង្ស​របស់​ព្រះ​ចៅ​មនុ អា​នេះ​​បែប​មួយ​។ បើ​និយាយ​ក្រៅ​ពី​របៀប​​ព្រះ​ពុទ្ធ​សាសនា តាម​ពង្សាវតារ​លោក នែក! នេះ​អាត្មា​ធៀប​ដោយ​ឡែក​ផ្សេង​ទេ។ និយាយ​ពី​វិសេស​ហ្នឹង​ទេ គេ​ហៅ​ថា​សត្តវិសេស​នោះ​ ជា​ពិសេស ដោយ​ពិសេស ឧបមា​ថា គេនិយាយ​អីចឹង ទៅ​ក្នុង​ជំនុំ​ចំណោម ដូច​សម្ដេច​អី​វ៉ាន់ លោក​ស្ដេច​ទៅ​ខេត្ត​ក្រៅ ខេត្ត​អីចឹង​ទៅ មាន​លោក​ចៅ​ហ្វាយ​ខេត្ត មាន​លោក​បាឡាត់​ខេត្ត បាឡាត់​ស្រុក ភួឈួយ​អី ឬ​​មេឃុំ​អី​ជា​ដើម រួច​គេ​សង់​សាលា សង់​សាលា​រៀន​អីចឹង​ទៅ ព្រះ​អង្គ​លោក​​ទៅ​សម្ពោធ​ប្រទាន​កាត់​ខ្សែ​បូ​អីចឹង​ទៅ​ប៉ុន្តែ​ក្នុង​បណ្ដា​មនុស្ស​ទាំង​អស់​ដែល​មក​ជួប​ជុំ​ហ្នឹង តើ​ដែល​ធ្វើ​ការ​ហ្នឹង​ អ្នក​ណា​ៗ​ដែល​ចេញ​ប្រាក់​កាស​ច្រើន​ជាង​គេ​​អ្នក​ណា​ដែល​ អើ! ​យក​ចិត្ត​ទុក​ដាក់​ជាង​គេ​ហ្នឹង គេ​និយាយ​ថា ដូច​សម្ដេច​លោក​ថា សម្ដេច​ឪ​មាន​ព្រះ​ទ័យ រីករាយ​​ត្រេក​អរ​ណាស់ និង​អស់​កូន​ចៅ ដែល​បាន​កសាង​សាលា​រៀន​ធំ​ដុំ​នេះ ល្អ​ស្អាត ថ្កុំ​ថ្កើង​នេះ សុំ​អរគុណ​ទាំង​អស់​គ្នា​ដែល​​បាន​ជួយ​ពូត​ដៃ​គ្នា​ធ្វើ​នេះ ជា​ពិសេស​អរគុណ​ចំពោះ​លោក​ចៅហ្វាយ​ខេត្ត គឺ​លោក​ចៅហ្វាយ​ខេត្ត​នោះ គេ​ធំ​ជាង​គេ​ផ្ដើម​ការ​ហ្នឹង ហ្នឹង​ជា​ពិសេស។ រួច​នាង​កញ្ញា ប្រកាន់​ថា សម្រាប់​តែ​សម្ដេច​ព្រះ​ប្រមុខ​រដ្ឋ សម្រាប់​សម្ដេច​ក៏​បាន​យើង​ក៏​ប្រើ​បាន ដូច​ជា​យើង​ទៅ​ឯណា​ៗ​បុណ្យ​ទាន​អី ឬ​យើង​ទៅ​ជា​ភ្ញៀវ​ពន្លឺ​គេ​អី យើង​និយាយ​ថា ខ្ញុំ​សុំ​អរគុណ​បង​​ប្អូន​ទាំង​អស់​គ្នា ជា​ពិសេស​គឺ មីង​ម៉ៅ មីង​ម៉ៅ​គាត់​ចាត់​ការ​ហ្នឹង គឺ​ថា​គាត់​នឿយ​ហត់​ជាង​គេ​ណាស់ នែក​! ហ្នឹង​ក៏​​យើង​និយាយ​បាន គឺ​ថា​ដោយ​ឡែក គឺ​ថា specialiste ប្រហែល​ជា​ស្ដាប់​បាន​ហើយ​នាង​កញ្ញា។ ប៉ុណ្ណឹង​ហើយ​អាត្មា​សុំ​ដោះ​ស្រាយ​ប៉ុណ្ណឹង​ហើយ នាង​កុំ​ឆ្ងល់ កុំ​ឆ្ងល់​ពិសេស​ហើយ​វិសេស​នោះ។ អ្ហេ៎! នាង​នេះ​និយាយ​នេះ​អាត្មា​មិន​​មើល​ទេ​ ថា​តែ​ឮ​វិទ្យុ​ថា ដំណឹង​ពិសេស អី​ថា​មិន​សូវ​ចង់​ស្ដាប់​ទេ ខឹង​ណាស់ ម៉េច​ក៏​ប្រញ៉ាប់​អីចឹង កុំ​ខឹង​កុំ​អី ខំ​រៀន​​ទៅ។ យី​! ឯង​ចង់​ចំអន់​នាង​ហ្នឹង​បន្តិច​ ហ្អេ! មើល៍​ទៅ​ក្រញើត​ក្រញ៉ាំង​ថប់​តែ​ដល់​មាន​ផ្ទះ​សម្បែង​ទៅ ថប់​ឈ្លោះ​នឹង​ប្ដី​​ទេ​អញ… ដូច​ជា​បែប​មុត​មាំ​ណាស់។ សុំ​ទោស​ចុះ! នាង​ឯង​កុំ​ខឹង​នឹង​អាត្មា ដោះ​ស្រាយ​រួច​ហើយ និយាយ​ឲ្យ​សើច​ទេ​អស់​​ប៉ុណ្ណឹង​ហើយ។

អូ! អាត្មា​ឮ​សូរ​វិទ្យុ សុំ​ទោស​ដល់​អ្នក​អាន​វិទ្យុ​ពី​ថ្ងៃ​ទី​១៤ ខែ​កក្កដា នេះ នៅ​ម៉ោង​២១​កន្លះ អាន​មិន​ដឹង​ជា ​ត្រង់​រឿង​អី​​ទេ ឮ វញ្ចនៈ ប្រវញ្ចនា ប៉ុន្តែ​គេ​បដិសេធ​ ន ដាក់​ឲ្យ​ទៅ​ គេ​ថា ប្រវ័ញ្ច ការ​ប្រវ័ញ្ច រួច​ទៅ​អាន​ឮ​ថា [វ៉ាញ់ ចាក់ នា]។​វញ្ចនា ចុះ​ម៉េច​លោក​អ្នក​អាន ម៉េច​ក៏​មិន​គិត ក៏​ចេះ​តែ​រអិល​មាត់ មិន​ពិបាក​សោះ​អក្សរ ច នៅ​ពី​លើ ន រួច​ពាក្យ​​តែ​មួយ​ម៉ាត់ បើ ច​ ដាក់​ជើង ន គេ​អាន​ថា ច្ន – ច្នា ចុះ​ម៉េច​ទៅ​ជា [វាញ់ ចាក់ នា] ទៅ​វិញ ក៏​មិន​ថា [វាញ់ ចាក់ ណា]។ វ័ញ្ចនា ប្រវ័ញ្ចនា។ ដូច​មិថុនា អីចឹង [មិ ថុ ណា] អាត្មា​ឮ​ន៏! ការ​សម្រេច នែក​! លោក​បាត់ដំបង លោក​សៀមរាប​ណោះ! សម្ដី​សំដៅ​សម្ដេច​សព្វ​ព្រះ​រាជ​ហឫទ័យ​ណាស់ ប៉ុន្តែ​ទាស់​អាន​ខែ [មិ ថុ នា] អ្ហែ៎! លោក​ហ្នឹង​ដូច​ជា​គ្មាន​ស្ដាប់​​គេ​សោះ គេ​អាន [មិ ថុ ន៉ា] មិថុនា​ហ្នឹង មិន​បាច់​នរណា​បង្គាប់ គេ​ថា មិថុ។ ថុ ហើយ​នឹង ន វា​ភ្ជាប់​គ្នា ថ ដាក់​ជើង ន​ ថ្ន – ថ្នា គេ​ថា ថ្នង គេ​ថា ថ្នាំង ហ៊ឺ! គេ​ថា ថ្នាំ គេ​មិន​ថា​ធ្នង ឯណា ចុះ​ម៉េច​ទៅ​ជា មិថុនា ទៅ​វិញ។ តិច​លោក​​ថា​ចុះ​​បើ​ន នា មិន​ឲ្យ​គេ​ថា នា យ៉ាង​ម៉េច? រួច​ចុះ​​មាន​តែ ព្រះ​ពុទ្ធ​សាស្ន៊ា ទៀត​ហើយ នែក​! អា​នេះ ន ដែរ។ ពុទ្ធសាស្ន៊ា,​ ក្រសួង​ឃោស្ន៊ាការ, … អ្ហ៎ក! វាសនា ហ្នឹង​ក៏​វា ន អីចឹង​ដែរ មាន​ថា​វាសនា​ទៅ អក្សរ​ខ្មែរ​ហ្នឹង​​វា​មាន​គោល​របស់​គេ ពាក្យ​​តូច​ពាក្យ​ធំ សំឡេង​វា​ខុស​គ្នា​ដែរ…