jump to navigation

បុរាណ​ភាសិត ខែ​មីនា 5, 2011

Posted by សុភ័ក្ត្រ in កំណាព្យ.
trackback

បុរាណ​ភាសិត

និយាយ​អំពី​ក្រ​៥​យ៉ាង

ក្រ​កិច្ច, ក្រ​កល, ក្រ​ដឹង, ក្រ​យល់, ក្រ​វៃ​ច្នៃ​ទាស់

ក្រ​ទាំង​៥យ៉ាង​នេះ​មាន​អត្ថន័យ​ថា៖

១- ក្រ​កិច្ច គឺ​ការ​អ្វី​ៗ​ដែល​គេ​ត្រូវ​ធ្វើ​ហៅ​ថា​កិច្ច​ៗ​នេះ​ក្រ​ពុំ​មែន​ងាយ​ទេ;
២- ក្រ​កល គឺ​ឧបាយ​កម្ចាយ​ហេតុការណ៍​ណា​មួយ​ហៅ​ថា កល​ៗ​នេះ​ក៏​ក្រ;
៣- ក្រ​ដឹង គឺ​ការ​ដឹង​រឿង​ហេតុ​អ្វី​ៗ​ក៏​ក្រ ព្រោះ​ពុំ​ងាយ​បាន​ដឹង​ជា​ប្រាកដ​ទេ ច្រើន​តែ​ដឹង​លំ​ៗ​ស្រោល​ៗ;
៤- ក្រ​យល់ ការ​យល់​នេះ​ក៏​ក្រ ព្រោះ​ច្រើន​តែ​បាន​ដឹង​ ប៉ុន្តែ​ពុំ​យល់ ដូច​គេ​សួរ​ថា អ្នក​ឯង​បាន​ដឹង​រឿង​ហ្នឹង​ទេ? -ឆ្លើយ​ថា ដឹង, ចុះ​យល់​ទេ តើ​រឿង​ហ្នឹង​យ៉ាង​ម៉េច? -ខ្ញុំ​ពុំ​យល់​ទេ;
៥- ក្រ​វៃ​ច្នៃ​ទាស់ ការ​ទទឹង​ទាស់ ឲ្យ​គេ​ទាស់​គាំង​ភ្លាម ត្រូវ​តាម​ការ​ពិត ឬ​ត្រូវ​ត្រង់​តាម​ផ្លូវ​ច្បាប់ ញ៉ាំង​គេ​ឲ្យ​សួរ​សាប ឬ​តវ៉ា​ថា​ម៉េច​ទៅ​ទៀត​ពុំ​កើត ហៅ​ថា​វៃ​ច្នៃ​ទាស់​ៗ នេះ​ក៏​ក្រ​ណាស់​ ជាង​ក្រ​ទាំង​៤​ខាង​លើ​ទៅ​ទៀត។

ដោយ​ហេតុ​នេះ បាន​ជា​បុរាណ​ភាសិត​ថា ក្រ

ពាក្យ​កាព្យឲ្យ​ងាយ​ចាំ
បទ​កាកគតិ

ក្រ​កិច្ច ក្រ​កល ក្រ​ដឹង ក្រ​យល់ ក្រ​វៃ​ច្នៃ​ទាស់ ទាំង​ប្រាំ​នេះ​សុទ្ធ តែ​ក្រ​ទាំង​អស់ ប្រាជ្ញា​ស្រួច​ស្រស់​ ទើប​ក្រ​ឃ្លាត​បាន។ ខ្វះ​ការ​អប់​រំ រមែង​ច្រឡំ ខ្លះ​ៗ​ពុំ​ខាន បើ​លុះ​តែ​ខំ អប់​រំ​ឲ្យ​មាន ការ​ថ្នឹក​ទើប​បាន រួច​ផុត​ចាក​ក្រ។ កុំ​យល់​ថា​ងាយ ទោះ​ការ​សម្ពាយ សុទ្ធ​តែ​កម្រ លុះ​តែ​បាន​រៀន បាន​ស្ដាប់​ត​ៗ ទើប​បាន​ការ​ក្រ ក្លាយ​ជា​ងាយ​ខ្លះ។ ទោះ​កិច្ច​តូច​ទេ ខ្វះ​ការ​រិះ​រេ ធ្វើ​នៅ​តែង​ខ្វះ ទោះ​ធ្វើ​ទៅ​កើត ក៏​មិន​ស្អាត​ជ្រះ ព្រោះ​ពាក្យ​ថា​ខ្វះ ផ្ទុយ​នឹង​គ្រប់​គ្រាន់។

ចំណែក​ខាង​កល ឧបាយ​ក្រ​យល់ ក៏​ច្រើន​តែ​ភ័ន្ត ជួន​កាល​គំនិត វង្វេង​វង្វាន់ ជួន​កាល​ស្លោ​ស្លន់ យល់​ខុស​ទទេ។ បើ​ប្រើ​តាម​កល ដែល​គិត​ពុំ​យល់ ខ្វះ​ការ​រិះ​រេ ចេះ​តែ​ស្មាន​ៗ បំពាន​ធ្វេស​ទ្វេ ឬ​តាម​តែ​គេ នាំ​ខុស​ជា​ត្រូវ។

រី​ឯ​ការ​ដឹង បើ​គ្មាន​ដំណឹង ក៏​ឥត​មាន​ផ្លូវ- ណា​ប្រាប់​ឲ្យ​ដឹង មិង​មាំង​ស្រខូវ ការ​ខុស​ឬ​ត្រូវ ក៏​ឥត​បាន​ដឹង។ ការ​ដឹង​ក៏​ក្រ បើ​គ្មាន​តំណ ត​ជា​ដំណឹង ឥត​មាន​គំនិត ងងឹត​សូន្យឈឹង ហេតុ​នោះ​ការ​ដឹង ក៏​ឈ្មោះ​ថា​ក្រ។

ចំណែក​ខាង​យល់ ជា​ការ​អំពល់ មួយ​ដ៏​កម្រ បើ​គ្រាន់​តែ​ដឹង ដោយ​ឮ​ត​ៗ ប៉ុន្តែ​ខ្លួន​ស ប្រាប់​ថា​ពុំ​យល់ ដូច​គេ​សួរ​ថា តើ​អ្នក​រាល់​គ្នា យល់​ឬ​ពុំ​យល់ រឿង​ដែល​ខ្លួន​ដឹង ដំណឹង​សល់​វ៉ល់ ខ្លួន​ថា​ពុំ​យល់ ខ្ញុំ​គ្រាន់​តែ​ដឹង។ ហេតុ​នេះ​ការ​យល់ លុះ​តែ​អំពល់ ពិត​ពេញ​ទំហឹង បើ​ឥត​គំនិត រិះ​រេ​ជញ្ជឹង ក៏​គ្រាន់​តែ​ដឹង កម្រ​បាន​យល់។

រី​វៃ​ច្នៃ​ទាស់ ក្រ​ជាង​ទាំង​អស់ ព្រោះ​ច្រើន​លើស​កល់ នៅ​គាំង​ជ្រងោ ដោយ​គិត​មិន​ដល់ ក៏​នៅ​ស្រងល់ ដោះ​ស្រាយ​ពុំ​រួច, នៅ​ពេល​ជំនុំ ឬ​គេមក​ជុំ គេ​តាំង​ផ្ដើម​ផ្ដួច គេ​សួរ​បញ្ហា ណា​មួយ​ក្របួច ឯង​ឆ្លើយ​ពុំ​រួច នៅ​ធ្មឹង​តែ​ម្ដង។ បើ​មាន​ប្រាជ្ញា រហ័ស​ក្លៀវក្លា គំនិត​ហ្មត់​ហ្មង ឆ្លើយ​បាន​ភ្លាម​ភ្លែត ត្រដែត​កន្លង អ្នក​សួរ​ឥត​សង សួរ​សប​វិញ​ទៀត។ ហេតុ​នោះ​បាន​ថា ចាស់​លោក​ពោល​ជា ការ​ណ៍​នេះ​ចង្អៀត កម្រ​មាន​អ្នក ឈ្លាស​វៃ​ឆ្លាត​ឆ្លៀត គេ​សួរ​ថែម​ទៀត ពុំ​អាច​ឆ្លើយ​ឆ្លង។ បើ​រឿង​នោះ​ធំ អាច​នឹង​រលំ ខូច​ការ​តែ​ម្ដង ហេតុ​នោះ​បាន​ជា ព្រឹទ្ធាចារ្យ​ផង អ្នក​ចេះ​ហ្មត់​ហ្មង ពោល​ទុក​ថា​ក្រ។ ក្រ​វៃ​ច្នៃ​ទាស់ លើស​ក្រ​ទាំង​អស់ ហៅ​ពេញ​ថា​ក្រ លុះ​តែ​រៀន​គិត ឲ្យ​បាន​ល្អិត​ល្អ នោះ​ទើប​ក្ដី​​ក្រ នេះ​ឃ្លាត​ចេញ​ឆ្ងាយ៕៚

ថ្ងៃ​ពុធ ទី​២៤ កក្កដា ព.ស.​២៥១២ គ.ស.​១៩៦៨.

សម្ដេច​ព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ
ប.អ.ស. – អ.ម.រ.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: