មិត្រមិនបោះបង់មិត្រ ខែវិច្ឆិកា 20, 2011
Posted by សុភ័ក្ត្រ in កំណាព្យ.add a comment
ឧស្សាវេ ព្យសនេ ចេវ ទុព្ភិក្ខេ សត្តុវិគ្គហេ
រាជទ្វារេ សុសានេ ច យោ តិដ្ឋតិ ស ពន្ធុវេ។
ក្នុងទី ឬកាល៦គឺ
១. ក្នុងទីលេងមហោស្រព (កណ្ដាលវាលដែលពួកមនុស្សអ្នកមើលច្រើនតែបែកខ្ញែកគ្នា គឺអ្នកខ្លះឈរត្រង់ណេះ អ្នកខ្លះអង្គុយត្រង់ណោះ)
២. ក្នុងកាលមានការវិនាស អន្តរាយទ្រព្យធនជាដើម
៣. ក្នុងកាលទុព្ភិក្ខកាល គឺគ្រាអំណត់អត់ឃ្លាន
៤. ក្នុងពេលដែលជាប់ចំណោមសត្រូវ
៥. នៅជិតរាជទ្វារ គឺជិតទ្វារព្រះរាជវាំង (ដែលគេតែងតែខ្លាច)
៦. ក្នុងទីស្មសាន គឺព្រៃខ្មោច (ដែលគេយកខ្មោចស្រស់ៗទៅផ្ដេកចោល គួរឲ្យខ្លាច)
ទាំង៦នេះបើអ្នកណាឈរ គឺមិនបោះបង់គ្នា ឬមិនរត់ចោលគ្នា អាចនៅកំដរគ្នា ឬហៅរកប្រមែប្រមូលគ្នីគ្នាឲ្យដឹងថាអ្នកណានៅ អ្នកណាបាត់ អ្នកនោះឯង លោកហៅថាផៅពង្ស គឺជាញាតិ ជាមិត្រស្និទ្ធ ជាទឡ្ហមិត្រ គួររាប់យកជាគ្នាតរៀងទៅ។
ពាក្យកាព្យ
បទព្រហ្មគីតិ
ក្នុងហេតុទាំងប្រាំមួយ គឺមួយទីលេងមហោស្រព្យ
ពីរពេលវិនាសទ្រព្យ បីបានភប់លើទុរ្ភិក្ស។
បួនមានសត្រូវព័ទ្ធ ប្រាំមាត់ទ្វារហ្លួងគួរភ្លឹក
ប្រាំមួយពេលយប់ព្រឹក ចូលនៅក្នុងព្រៃស្មសាន។
ជនណាស្មារតីរឹង ចិត្តនឹងធឹងចេះរាប់អាន
ជននោះឈ្មោះថា បាននាមប្រាកដជាផៅពង្ស។
ស៊ូប្ដូរផ្ដាច់ជាមួយ ក្នុងក្ដីព្រួយមិនបោះបង់
ជាមិត្រចិត្តស្មោះត្រង់ គួររាប់រកយកជាគ្នា។
ជនណាចេះរាប់អាន តែពេលមានក្ដីសុខជា
ពេលព្រួយបោះបង់គ្នាជន នោះជាអ្នកទ្រុស្តមិត្រ។
ប្រាជ្ញលោកឲ្យចៀសវាង ត្រូវឲ្យរាងលែងជិតស្និទ្ធ
កុំរាប់ឲ្យបានចិត្ត កុំស្បិតយកជាគ្នាឡើយ។
សង្គ្រោះអ្នកសូមទាន គ្រាន់នឹងបានបុណ្យជាត្រើយ
សង្គ្រោះជនចិត្តស្បើយ ឥតផលឡើយបានតែទោស៕
វត្តឧណ្ណាលោម ក្រុងភ្នំពេញ, ថ្ងៃចន្ទ្រ ទី២២ កក្កដា ២៥១២
១៩៦៨
សម្ដេចព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ
ប.អ.ស. – អ.ម.រ.