រូបភាពនៃសម្ដេចព្រះសង្ឃរាជ នាឱកាសបុណ្យពាក់កណ្ដាលពុទ្ធសាសនា ខែធ្នូ 13, 2011
Posted by សុភ័ក្ត្រ in រូបភាព.add a comment
ខាងក្រោមនេះ ជារូបថតពិធីបុណ្យ ពុទ្ធសតវត្សរ៍ ២៥០០ ឬ បុណ្យពាក់កណ្តាលសាសនា នៅទីក្រុងភ្នំពេញ ពីថ្ងៃទី ១២-១៨ ខែឧសភា ឆ្នាំ១៩៥៧។
ព្រះបរមសារីរិកធាតុនៃព្រះសត្យមុនីគោតម ក្នុងកញ្ចានុកោដ្ឋនេះ ជាព្រះរាជទ្រព្យសម្តេចព្រះឧបយុវរាជ នរោត្តម សីហនុ ដែលជាតង្វាយនៃពុទ្ធសាសនិកអ្នកលង្កាទ្វីប។ គ្រានោះទ្រង់ប្រគេនផ្ទាល់ព្រះហស្ថសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត សង្ឃនាយកគណៈមហានិកាយ លើព្រះទីន័ងទេវាវិនិច្ឆ័យ ដើម្បីតម្កល់លើយានបុស្បុក ដង្ហែទៅកាន់សត្យមុនីចេតីយ៍។ (រូបថតថ្ងៃទី ១២ ខែឧសភា ឆ្នាំ១៩៥៧)
សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត សង្ឃនាយកគណៈមហានិកាយ បានតម្កល់ព្រះបរមសារីរិកធាតុលើព្រះរាជរថបុស្បុក ហើយក្បួនហែជាមហោឡារិក ក៏ចេញពីមុខព្រះបរមរាជវាំង កាត់តាមវិថីនានាក្នុងរាជធានី រហូតដល់ព្រះសត្យមុនីចេតីយ៍ ដែលមានរោងពិធីសុទ្ធតែជាអាគារឆើតៗ សណ្ឋានដូចព្រះវិហារល្អៗ គួរអោយកើតសទ្ធា និងសេចក្តីជ្រះថ្លា រំភើបក្នុងហឫទ័យនៃទស្សនិកជន។ (រូបថតថ្ងៃទី ១២ ខែឧសភា ឆ្នាំ១៩៥៧)
នៅថ្ងៃបង្ហើយនៃព្រះរាជពិធីបុណ្យ, ឯកឧត្តមមហាមន្រ្តី ញ៉ឹក នូ បានរំកិលលើកព្រះកាញ្ចានុកោដ្ឋព្រះបរមសារីរិកធាតុពីបុស្បុកវិចិត្រ ប្រគេនមកសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ។ សម្តេចទទួលទ្រចុះបាន ១កាំជណ្តើរ បានថ្វាយព្រះកាញ្ចានុកោដ្ឋនោះមក ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សុរាម្រឹត ។ ព្រះភូមិន្ទទ្រង់ទ្រស្ទួយចុះមក យាងដល់ព្រះសត្យមុនីចេតីយ៍ ទើបព្រះនរបតីប្រគល់ទៅសម្តេចព្រះឧបយុវរាជ ព្រះនរោត្តម សីហនុ ។ សម្តេចព្រះឧបយុវរាជ ទ្រង់ទ្រឡើងតាមព្រះអឌ្ឍច័ណ្ឌ(ជណ្តើរ) ដ៏ខ្ពស់ ទៅតម្កល់ជាស្ថាពរព្ធដ៏ព្រះថែនក្នុងកំពូលនៃព្រះសត្យមុនីចេតីយ៍។ (រូបថតថ្ងៃទី ១៨ ខែឧសភា ឆ្នាំ១៩៥៧)
ស្រង់ចេញពីគេហទំព័រ ស្រុកស្រែ