ពុទ្ធបរិស័ទប្រារព្ធពិធីបុណ្យរំឭកព្រះឧបការគុណសម្ដេចសង្ឃរាជ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរនៅសៀមរាប ខែមីនា 17, 2012
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
សៀមរាបៈ កាលពីព្រឹកមិញ នៅតាមដងវិថីមួយចំនួននៅក្រុងសៀមរាប មានពិធីដង្ហែក្បួនទិវាបុណ្យរំឭក ព្រះឧបការគុណ សម្ដេចសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរ និងដង្ហែព្រះរតនត្រ័យ ដែលមានអ្នកចូលរួមជាង៥ពាន់អង្គ/នាក់។ ពិធីបានប្រារព្ធធ្វើនៅស្ថានីយវិទ្យុសំឡេងព្រះពុទ្ធសាសនា កម្ពុជរដ្ឋ FM 106.25MHz ដែលស្ថិតនៅក្នុងបរិវេណវត្ដព្រះរាជបូណ៌ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ពិធីដ៏ធំតាមបែបព្រះពុទ្ធសាសនានេះក្រោមអធិបតីភាព ព្រះមហាវិមលធម្ម ពិន សែម សីរីសុវណ្ណោ ព្រះរាជាគណ:ថ្នាក់ទោ និងជាឧត្តមទីប្រឹក្សា គណ:សង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណខេត្ត និងមន្ត្រីសង្ឃពុទ្ធបរិស័ទ អាជ្ញាធរមូលដ្ឋាន មន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងនិងក្រៅ ខេត្តសៀមរាប ដើម្បីចូលរួមបំពេញនូវបុណ្យកុសលក្នុងទិវាបុណ្យរំឭកព្រះឧបការគុណ សម្ដេចសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងក្រុមជំនុំព្រះត្រៃបិដកខ្មែរដោយក្ដីសោមនស្សរីករាយ។
ពិធីនេះបានដង្ហែរពីវត្តរាជបូណ៌ ទៅផ្លូវតាមផ្សារចាស់ ផ្សារកណ្ដាល រួចកាត់តាមស្ពានថ្មថ្មី ត្រឡប់មកវត្តវិញ ដើម្បីប្រគេនភត្ដាហារ ចំពោះព្រះសង្ឃ និងបន្ដកម្មវិធីដែល មានរយ:ពេល២ថ្ងៃ គឺមានពិធីថ្វាយគ្រឿង សក្ការបូជាចំពោះព្រះបរមសារីរិកធាតុ នមស្ការ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងព្រះធម៌ទេសនា។ នៅព្រឹកថ្ងៃអាទិត្យ បន្ទាប់ គឺថ្ងៃ១១រោជ ខែផល្គុន ព.ស.២៥៥៥ ត្រូវនឹងថ្ងៃទី១៨ មីនា ឆ្នាំ២០១២ មានប្រគេនយាគូចំពោះព្រះសង្ឃ សម្ដែងធម៌ទេសនា ដាក់បាត្រព្រះសង្ឃ ចំនួន២៥៥ព្រះអង្គ រួចប្រគេនភត្ដាហារចំពោះព្រះសង្ឃជាកិច្ចបង្ហើយបុណ្យ។
ក្នុងពិធីដង្ហែតាមដងវិថី និងទីប្រជុំជនមួយចំនួន ក្នុងក្រុងសៀមរាបនេះ មន្ត្រីសង្ឃ ពុទ្ធបរិស័ទ និងអ្នកចូលរួមទាំងអស់មានកាន់ និងដង្ហែព្រះពុទ្ធរូប ព្រះឆាយាល័ក្ខណ៍ សម្ដេចសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និងព្រះមហាសង្ឃខ្មែរ ដែលជាក្រុមជំនុំព្រះត្រៃបិដកខ្មែរ ច្រើនព្រះអង្គទៀត និងដង្ហែព្រះរតនត្រ័យ ព្រមទាំងមានកាន់ផ្កា ធូប ទាន ទទួលនូវអំណរផលបុណ្យ ដោយក្ដីសោមនស្សរីករាយបំផុត៕
ស្រង់ចេញពីគេហទំព័រ ដើមអម្ពិល