៤៥ឆ្នាំនៃព្រះរាជពិធីបុណ្យព្រះមេរុ សម្ដេចព្រះសង្ឃរាជ ជួន ណាត (ជោតញ្ញាណោ) ខែមករា 30, 2016
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ខែមករា គ.ស.២០១៦ នេះ មានរយៈពេល៤៥ឆ្នាំគត់ ដែលនគរកម្ពុជាយើងបានប្រារព្ធព្រះរាជពិធីជាប្រវត្តិសាស្ត្រមួយគឺព្រះរាជពិធីបុណ្យព្រះមេរុ ថ្វាយព្រះភ្លើងព្រះបរមសពនៃសម្ដេចព្រះសង្ឃរាជ ជួន ណាត (ជោតញ្ញាណោ) ជាអម្ចាស់នៃពួងខេមរជន។ ព្រះរាជពិធីជាប្រវត្តិសាស្ត្រនេះបានប្រារព្ធធ្វើឡើងរយៈពេល៥ថ្ងៃ ដោយចូលពីថ្ងៃពុធ ១កើត ខែមាឃ រហូតដល់ថ្ងៃអាទិត្យ៥កើត ខែមាឃ ឆ្នាំច ទោស័ក ព.ស. ២៥១៤ ត្រូវនឹងថ្ងៃទី២៧ រហូតដល់ថ្ងៃទី៣១ ខែមករា គ.ស.១៩៧១។
ចាប់តាំងពីពេលដែលព្រះអង្គចូលព្រះទិវង្គតមក បណ្ដាពុទ្ធបរិស័ទទាំងអស់តែងតែស្ដាយអាឡោះអាល័យព្រះអង្គ និងរៀងរាល់ថ្ងៃទី២៥ នៃខែនីមួយៗ ពុទ្ធបរិស័ទទាំងអស់តែងនាំគ្នាមកជួបជុំកុះករប្រារព្ធពិធីថ្វាយព្រះរាជកុសល រំឭកដល់ថ្ងៃដែលព្រះអង្គទ្រង់យាងចូលព្រះទិវង្គត ដោយចម្រើនព្រះបរិត្ត ដាក់បាត្រ ឧទ្ទិសកុសល ថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធសម្ដេចពុំដែលលស់ខានឡើយ។
ព្រះបរមសពនៃព្រះអង្គត្រូវបានតម្កល់ទុកធ្វើបុណ្យរយៈពេលជាង១ឆ្នាំនៅឯវត្តឧណ្ណាលោម ព្រះរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៧១ នោះ ទើបចាត់ពិធីចេញព្រះមេរុ ដង្ហែព្រះបរមសពទ្រង់យ៉ាងសមព្រះកិត្តិយស តម្កល់លើព្រះមហាបញ្ចា៧ជាន់ ឯទីព្រះមេរុខាងមុខសារមន្ទីរជាតិ។
ព្រះបរមសពត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនាជាតិនៅទីព្រះមេរុរយៈពេល២យប់៣ថ្ងៃ រហូតមកដល់ថ្ងៃទី៣ គឺថ្ងៃសុក្រ ៣កើត ខែមាឃ ត្រូវនឹងថ្ងៃទី២៩ ខែមករា ទើបចាត់ព្រះរាជពិធីថ្វាយព្រះភ្លើងព្រះអង្គ នាប្រមាណម៉ោង៤រសៀល យ៉ាងស័ក្តិសមជាស្ដេចសង្ឃអ្នកប្រាជ្ញខ្មែរលើសអស់សង្ឃនានាទូទាំងព្រះនគរ។
នៅថ្ងៃបន្ទាប់ព្រះអង្គាត្រូវបានដង្ហែយកទៅបំផ្លែងនៅទន្លេចតុម្មុខ ហើយធ្វើអដ្ឋិព្រះអង្គបន្តនៅទីព្រះមេរុ។ ថ្ងៃទី៥ ដែលជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យព្រះមេរុ នោះ ព្រះបរមអដ្ឋិ ដែលបានបញ្ចុះក្នុងព្រះកោដ្ឋមាសនោះ ត្រូវបានធ្វើពិធីដង្ហែចេញពីទីព្រះមេរុ យកទៅបញ្ចុះឯព្រះមហាចេតិយនាវត្តឧណ្ណាលោម រួចធ្វើបុណ្យរហូតដល់ពេលរាត្រី ស្រេចបរិបូណ៌នៃព្រះរាជពិធីជាប្រវត្តិសាស្ត្រ។
ថ្វីដ្បិតតែចាប់តាំងពីថ្ងៃថ្វាយព្រះភ្លើងរហូតមកដល់ពេលនេះមានរយៈពេល៤៥ឆ្នាំទៅហើយក្ដី ព្រះកិត្តិនាម និងកិត្តិស័ព្ទ នៃសម្ដេចព្រះសង្ឃរាជ ជាអម្ចាស់ នៅតែដក់ជាប់នឹងស្មារតីកូនខ្មែរគ្រប់រូប ហើយនៅតទៅអនាគត៕៚
ពិធីដង្ហែព្រះបរមសពសម្ដេចព្រះសង្ឃរាជ ជួន ណាត ទៅទីព្រះមេរុ
ទីព្រះមេរុនៃសម្ដេចព្រះសង្ឃរាជ ជួន ណាត
ខួបទី ៤៥ឆ្នាំ ព្រះរាជពិធីបុណ្យព្រះមេរុ នៃ សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) ខែមករា 27, 2016
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ខួបទី ៤៥ឆ្នាំ ព្រះរាជពិធីបុណ្យព្រះមេរុ នៃ
សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ)
សម្តេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ
ថ្ងៃទី២៧ ដល់ ៣១ ខែមករា គ.ស.២០១៦