jump to navigation

រូបសំណាក​សម្តេច ជួន ណាត ក្លាយជា​និមិត្តរូប​អនុស្សាវរីយ៍​នៅតាម​សាលារៀន​ ខែកក្កដា 31, 2016

Posted by សុភ័ក្ត្រ in ព័ត៌មាន.
add a comment

សម្តេចព្រះសង្ឃរាជ ជួន ណាត គឺជាអ្នកប្រាជ្ញអក្សរសាស្ត្ររបស់កម្ពុជា ហើយចលនាសាងសង់រូបសំណាកព្រះសង្ឃនៅតាមសាលារៀន កំពុងមានការផុសផុលយ៉ាងខ្លាំង។ កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ អតីតសិស្សដែលរៀនវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី ជាយរាជធានីភ្នំពេញ បានរៀបចំពិធីតម្កល់រូបសំណាកសម្តេចសង្ឃ ជួន ណាត នៅបរិវេណសាលា។

ក្រោមការផ្ដួចផ្ដើមគំនិត និងរៀបចំអស់រយៈពេលពីរខែ អតីតសិស្សដែលធ្លាប់រៀននៅវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី បានរៀបចំពិធីដាក់តម្កល់រូបសំណាកសម្តេច ព្រះសង្ឃរាជ ជួន ណាត នៅក្នុងបរិវេណសាលារបស់ខ្លួនដើម្បីទុកជាទីសក្ការៈ និងជាអំណោយអនុស្សាវរីយ៍សម្រាប់សាលាដែលពួកគេធ្លាប់ឆ្លងកាត់ការរៀនសូត្រ។

លោក មូលី មុនីរក្ស តំណាងអតីតសិស្ស និងជាអ្នកផ្តួចផ្តើមកម្មវិធីរៃអង្គាស បានបញ្ជាក់ថា ផែនការរបស់អតីតសិស្សវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី ក្រៅពីការសាងសង់រូបសំណាក ពួកលោកចង់បង្កើតឲ្យមានការជួបជុំ ការអភិវឌ្ឍសាលា និងការជួយសិស្សជួបការលំបាក។ ម្យ៉ាងវិញទៅ ផែនការសម្រាប់អភិវឌ្ឍសាលា បានពិភាក្សាគ្នាលើគម្រោងមួយចំនួនដែលត្រូវធ្វើរួមមាន ការដាក់បង់អង្គុយ ការរៀបការ៉ូឡា និងការសាងសងរូបសំណាក់នៅក្នុងវិទ្យាល័យ។

លោកបានអះអាងថា នេះជាលើកទី១ នៃការចាប់ផ្ដើមកម្មវិធីបែបនេះ ទោះបីជាមិនបានផ្សព្វផ្សាយឲ្យបានទូលំទូលាយយ៉ាងណាក៏ដោយ ប៉ុន្តែកម្មពិធីថ្ងៃនេះ បានប្រារព្ធដោយជោគជ័យ ដែលការចូលរួមពីអតីតសិស្សជាច្រើន។

ចំណែកកញ្ញា ខៀវ ចន្តារ័ត្ន បានបង្ហាញពីអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ចំពោះការរៀបចំកម្មវិធីជួបជុំអតិតសិស្សបែបនេះ។ ទោះបីជាជាប់រវល់ការសិក្សាក៏ដោយ កញ្ញា ចិន្ដារ័ត្ន បានឆ្លៀតចូលរួមកម្មវិធីនេះផងដែរ។ ចន្តារ័ត្ន ដែលជានិស្សិតពេទ្យ បានរៀបរាប់ពីអនុស្សាវរីយដែលមាននៅក្នុងវិទ្យាល័យនេះថា៖ « នៅពេលមកវិទ្យាល័យឃើញថ្នាក់រៀន ពេលឃើញលោកគ្រូ អ្នកគ្រូ ពេលដែលឃើញមុខពួកគាត់ ខ្ញុំមានអារម្មណ៍សប្បាយចិត្តខ្លាំង»។

លោក ឆាយ សុងលី នាយកវិទ្យាល័យសម្តេច ហ៊ុន សែន ភ្នំពេញថ្មី បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ចំពោះអតីតសិស្សដែលបានងាកមកចូលរួមការសាងអភិវឌ្ឍសាលា ហើយបានបង្កើតកម្មវិធីជួបជុំបែបនេះ។ លោកបានលើកឡើងថា ស្នាមញញឹមរបស់គ្រូ សប្បាយចិត្តបំផុត នៅពេលដែលសិស្សដឹងគុណគ្រូ  និងមិនភ្លេចគ្រូ ដែលជាអ្នកផ្ដល់ចំណេះដឹង។ លោក ឆាយ សុងលី បានបញ្ជាក់ថា លោកមានការភ្ញាក់ផ្អើល នៅពេលដែលអតីតសិស្សទូរសព្ទមកចង់បង្កើតកម្មវិធីបែបនេះ ហើយរំភើបយ៉ាងខ្លាំង។

ក្រុមអតីតសិស្សតាំងចិត្តរៀបចំកម្មវិធីនាឆ្នាំក្រោយៗទៀត និងរៀបចំកម្មវិធីឲ្យកាន់តែធំ ដើម្បីឲ្យអតីតសិស្សគ្រប់ជំនាន់បានជួបជុំគ្នា។ តំណាងក្រុមអតីតសិស្ស បានបន្ថែមថា បើទោះបីសិស្សជំនាន់ក្រោយ រៀបចំកម្មវិធីបែបនេះក៏ដោយ លោកសប្បាយចិត្ត ហើយនិងចូលរួមជាមួយគ្នាដើម្បីអភិវឌ្ឍសាលា ដែលជាទីកន្លែងបណ្ដុះគំនិត និងនាំផ្លូវឲ្យមានភាពជោគជ័យ។
បន្ថែមលើសនេះ ក្រោយពីការជួបជុំនេះ អតីតសិស្សមានការញ៉ាំអាហារជុំគ្នា និងបានចូលរួមសំអាតទីធ្លាវិទ្យាល័យ ដើម្បីរំលឹកដល់អនុស្សាវរីយកាលនៅសិក្សា ដែលទទួលវិន័យរើសសំរាមជាដើម៕

ចម្លងទាំងស្រុងចេញពីគេហទំព័រថ្មីៗ៖ https://www.thmeythmey.com/?page=detail&ctype=article&id=42703&lg=kh