jump to navigation

ឱវាទ ១៧បទ នៃសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត ខែ​ឧសភា 24, 2018

Posted by សុភ័ក្ត្រ in ពាក្យ​ប្រៀន​ប្រដៅ.
add a comment

photo_2018-09-04_15-18-44-2.rasmeinews-680x510

ឱវាទ ១៧ បទនៃសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត

១. ការមិនធ្វេសស្មារតីជាឧបាយមិនស្លាប់ ។

២. ការធ្វេសស្មារតីជាឧបាយស្លាប់ ។

៣. អ្នកដែលមិនធ្វេសស្មារតី មិនស្លាប់គំនិត ទោះបីស្លាប់បាត់ទៅហើយ ក៏ទុកដូចជានៅរស់ ។

៤. អ្នកដែលធ្វេសស្មារតី ស្លាប់គំនិត ទោះបីមានជីវិតរស់នៅឡើយ

ក៏ទុកដូចជាស្លាប់ស្រេចទៅហើយ ។

៥. រូបកាយតែងចាស់ជរា ឯកេរ្តិ៍ឈ្មោះល្អមិនចេះចាស់ជរាឡើយ, ទាំងធម៌សប្បុរស ក៏មិនចេះជរាដែរ ។

៦. ជិវិតរាល់រូបតិចតួចណាស់ ប៉ុន្តែយើងត្រូវប្រឹងរៀន ប្រឹងរក ប្រឹងគិត ប្រឹងប្រពឹត្តល្អ ហាក់ដូចជាយើងនឹងមានជីវិតរស់នៅរាប់ពាន់ឆ្នាំ ។

៧. ការសិក្សាជាអង្គការរបស់ជាតិ ។

៨. កិច្ចការដំបូង តែងតែមានទាស់ខុសខ្លះ លុះត្រាតែថ្នឹកស៊ប់ស៊ាំទើបមិនភ្លាត់ភ្លាំងខុសទៀត ។

៩. បានត្រូវមកពីស្គាល់ខុស បើមិនដូច្នោះទេ រកត្រូវពុំឃើញឡើយ ។

១០. ឃើញគេថ្កុំថ្កើង កុំចចើងតាមគេហួសមាឌខ្លួន ប៉ុន្តែមិនត្រូវបន្ធូរបន្ថយព្យាយាមឡើយ ។

១១. កើតមកជាកូនប្រុស ត្រូវតែខំប្រឹងបំពេញករណីយកិច្ចលុះត្រាតែបានសម្រេច ។

១២. ការអ្វីមិនទាន់សម្រេច កុំអាលប្រញាប់ពោលអួត ។

១៣. ត្រូវប្រដៅខ្លួនឲ្យបានហ្មត់ចត់សិន សឹមប្រដៅអ្នកដទៃ ។

១៤. ប្រទូស្តទៅរកអ្នកឥតទោស រមែងធ្លាក់ទោសមកលើខ្លួនវិញ ។

១៥. ប្រាំបួនទ័ល ដប់ទ័ល កុំឲ្យតែទ័លគំនិត ។

១៦. ការបំពានលើច្បាប់តែងសម្លាប់ប្រយោជន៍ខ្លួន ។

១៧. បំណាច់កើតមកជាមនុស្ស កុំធ្វើខ្លួនឲ្យជាអ្នកបំព្រៃលោក ។

សម្តេចព្រះមហាសុមេធាធិបតី ជួន ណាត សង្ឃនាយក

ថ្លែងក្នុងឱកាសពិធីបុណ្យស្រង់ទឹកទទួលសមណសក្តិ ជាសម្តេច

ពីថ្ងៃទី ១០ ឧសភា ១៩៥០

សច្ចំ វេ អមតា វាចា

ពាក្យសត្យហ្នឹងឯង ជាវាចាមិនស្លាប់

ខៃសេចក្តី : ពាក្យសត្យគឺពាក្យពោលពិត ៗ ជាពាក្យស័ក្តិសិទ្ធមិនចេះស្លាប់ រមែងរស់នៅជាច្រើនកប្ប ឥតប្រែក្រឡាប់សាបសូន្យឡើយ ។

សំ.ស.ខុ.ថេរ.

បណ្ណាធិការ, ចាប ពិន (សុវណ្ណជោតោ) ។ ដកស្រង់ចេញអំពីទស្សនាវដ្តី មិត្តសាលាបាលី ឆ្នាំទី ៣ មករា កុម្ភៈ មីនា លេខ ១ – ២ – ៣ ព.ស.២៤៩៥ គ.ស.១៩៥២ ។ Courtesy Tranthach Dung

ឱវាទ ១៧បទ នៃសម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត