ខួបទី៤៩ឆ្នាំ សោយទិវង្គតនៃសម្ដេចព្រះសង្ឃរាជ ជួន ណាត ខែកញ្ញា 25, 2018
Posted by សុភ័ក្ត្រ in មិនមានប្រភេទ.add a comment
ខួបទី៤៩ឆ្នាំ សោយទិវង្គតនៃ
សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ)
សម្ដេចព្រះសង្ឃរាជថ្នាក់ទី១ នៃគណៈមហានិកាយ
នៃព្រះរាជអាណាចក្រកម្ពុជា
២៥ កញ្ញា ព.ស.២៥១៣ -២៥ កញ្ញា ២៥៦២
រូបសំណាកសម្តេចព្រះសង្ឃរាជជួនណាតសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការ ខែកញ្ញា 3, 2018
Posted by សុភ័ក្ត្រ in ព័ត៌មាន.add a comment
ដោយ-បញ្ញាសាស្ត្រ/ភ្នំពេញ-រូបសំណាកសម្តេចព្រះសង្ឃរាជជួនណាតដែលបានកសាងឡើងដោយក្រុមអតីតសិស្សវិទ្យាល័យ ទូលទំពូង ជំនាន់ទី១ ឆ្នាំសិក្សា១៩៨២ត្រូវបានរៀបចំពិធីអភិសេកដើម្បីទុកគោរពបូជា រំឭកគុណបិតា អក្សរសាស្ត្រខ្មែរ នៅក្នុងបរិវេណវិទ្យាល័យទូលទំពូង។
រូបសំណាកសម្តេចព្រះសង្ឃរាជជួនណាតបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយកាលពីរសៀលថ្ងៃច័ន្ទ ទី៣ កញ្ញា ២០១៨ ដោយមានការចូលរួមពីលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ក្រោមអធិបតីភាព លោក អ៊ាង សុផល្លែត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាអនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន។
លោកសិង ស៊ីថុន នាយកវិទ្យាល័យទូលទំពូង បានសម្តែងការអរគុណ ចំពោះម្ចាស់ជំនួយ ជាអតីតសិស្សវិទ្យាល័យទួលទំពូងដែលបាននឹកអាល័យនឹកគិតជួយសាលាមិនទុកចោលទៅដល់ទីណាកន្លែងណានៅតែនឹកឃើញ។ ដូច្នេះ រូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត ខាងលើធ្វើពីស្ព័ន នឹងក្លាយជាតំណាងភាពចេះដឹង គោរពស្រឡាញ់របស់សិស្សជំនាន់ក្រោយអោយធ្វើគំរូតាមផងដែរ។
ថ្លែងក្នុងពិធី លោក អ៊ាង សុផល្លែត បានមានប្រសាសន៍ ថា ការកសាងរូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត នេះឡើង ក្នុងវិទ្យាល័យទួលទំពូង គឺលោកបានកៀងគរប្រមូលថវិកាពីសិស្សរួមជំនាន់ ក្នុងនិងក្រៅប្រទេសដើម្បីរំលឹកដឹងគុណលោកគ្រូ-អ្នកគ្រូកាលបង្រៀនកន្លងទៅព្រមទាំងលោកគ្រូអ្នកគ្រូបច្ចុប្បន្នផងដែរ។
លោកបានមានប្រសាសន៍ថាកម្មវិធីនេះបានប្រារពន្ធឡើងដោយសិស្សបាក់ឌុបជំនាន់ទី១ដោយប្រមូលបានបច្ច័យចំនួន១ម៉ឺនដុល្លារកសាងរូបសំណាកនេះឡើងក្នុងន័យទុកជាការតម្កល់ជានិមិត្តរូបក្នុងការគោរពនូវចំណេះដឹង សីលធម៌ព្រមទាំងគុណតម្លៃ។
លោកបន្តថាដោយធ្លាប់រៀនសូត្រក្នុងវិទ្យាល័យនេះតាំងពីឆ្នាំ១៩៨២មកទើបឃ្លាតឆ្ងាយបែបណាក៏នៅតែដក់ជាប់នូវភាពកម្សត់កម្រអនុស្សាវរីយ៍ជាច្រើនពេលសិក្សា។កន្លងមកលោកបានបង្កើតមូនិធិសម្រាប់សិស្សពូកែ សិស្សល្អ១០ឆ្នាំកន្លងមកហើយ ក៏បានបញ្ចប់ទៅនិងមានផែនការរៀបចំឡើងវិញទៅថ្ងៃក្រោយទៀត។
ពីមុនៗ ធ្លាប់ជួយកសាងប៉ុន្តែនេះ ជាសមិទ្ធិផល ដែលធំជាងគេ ព្រោះយល់ថា សម្តេចសង្ឃជួនណាត ពិសេសណាស់សម្រាប់ក្មេងជំនាន់ក្រោយចងចាំព្យាយាមធ្វើគំរូ តាមគាត់ទាំងសីលធម៌ អក្សរសាស្ត្រទាំងការបណ្តុះបណ្តាលវប្បធម៌ខ្មែរ ។ ឆ្លៀតក្នុងឱកាសនោះ លោកក៏បានឧបត្ថម្ភចំនួន ៤.០០០ពាន់ដុល្លារ ដើម្បីទិញកៅអីតុ ដាក់ក្នុងបណ្ណាល័យនៃវិទ្យាល័យទូលទំពូង៕S/
