សុទ្ធាសុទ្ធិ ខែមករា 21, 2012
Posted by សុភ័ក្ត្រ in កំណាព្យ.add a comment
អត្តនា វកតំ បាបំ អត្តនា សង្តិលិស្សតិ
អត្តនា អកតំ បាបំ អត្តនា វ វិសុជ្ឈតិ
សុទ្ធិ អសុទ្ធិ បច្ចត្តំ នាញ្ញោ អញ្ញំ វិសោធយេ។
បានដែលគេធ្វើហើយខ្លួនឯង នឹងសៅហ្មងខ្លួនឯង, បាបដែលគេមិនធ្វើហើយខ្លួនឯង រមែងបរិសុទ្ធខ្លួនឯង, បរិសុទ្ធ និងមិនបរិសុទ្ធ ប្រាកដជាក់ច្បាស់ឯងៗ ឯអ្នកដទៃទៀតមិនគប្បីសម្អាតអ្នកដទៃបានឡើយ។
ពាក្យកាព្យឲ្យងាយចាំ
បទកាកគតិ
រីបុណ្យនិងបាប រែងមានសភាព កើតពីការធ្វើ
គឺខ្លួនរាល់ខ្លួន សម្រេចអំពើ បើជនណាធ្វើ
ជននោះរងផល។
ផលសុខផលទុក្ខ រែងតែចេញមុខ តាមពេលត្រូវផ្ដល់
ចេញតាមលំអាន កុសលាកុសល ឥតអ្វីណាផ្ដល់
ក្រៅពីនោះទេ។
ស្អាតនិងមិនស្អាត ជាក់ច្បាស់ពេញខ្នាត នៃកម្មបុព្វេ
ឥតអ្នកដទៃ ក្រៅពីខ្លួនទេ ជនខ្លះធ្វេសទ្វេ
មិនជឿកម្មផល។
ទោះកម្មចេញមុខ ឲ្យសុខឲ្យទុក្ខ ក៏ដឹងមិនដល់
ពុំដឹងថាកម្ម ទេតើផ្ដល់ផល ពុំគួរឆ្ងែឆ្ងល់
ពុំយល់ច្នោះឡើយ។
ព្រះពុទ្ធទ្រង់ប្រាប់ គួរតាំងចិត្តស្ដាប់ កុំធ្វើតោះតើយ
ត្រូវប្រើការគិត ពិនិត្យរឿយៗ ចិត្តស្ងៀមព្រងើយ
ធ្វើម្ដេចនឹងយល់៕៚
វត្តឧណ្ណាលោម ក្រុងភ្នំពេញ, ថ្ងៃអង្គារ ទី២៣ កក្កដា ២៥១២
១៩៦៨
សម្ដេចព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ
ប.អ.ស. – អ.ម.រ.
មិត្រមិនបោះបង់មិត្រ ខែវិច្ឆិកា 20, 2011
Posted by សុភ័ក្ត្រ in កំណាព្យ.add a comment
ឧស្សាវេ ព្យសនេ ចេវ ទុព្ភិក្ខេ សត្តុវិគ្គហេ
រាជទ្វារេ សុសានេ ច យោ តិដ្ឋតិ ស ពន្ធុវេ។
ក្នុងទី ឬកាល៦គឺ
១. ក្នុងទីលេងមហោស្រព (កណ្ដាលវាលដែលពួកមនុស្សអ្នកមើលច្រើនតែបែកខ្ញែកគ្នា គឺអ្នកខ្លះឈរត្រង់ណេះ អ្នកខ្លះអង្គុយត្រង់ណោះ)
២. ក្នុងកាលមានការវិនាស អន្តរាយទ្រព្យធនជាដើម
៣. ក្នុងកាលទុព្ភិក្ខកាល គឺគ្រាអំណត់អត់ឃ្លាន
៤. ក្នុងពេលដែលជាប់ចំណោមសត្រូវ
៥. នៅជិតរាជទ្វារ គឺជិតទ្វារព្រះរាជវាំង (ដែលគេតែងតែខ្លាច)
៦. ក្នុងទីស្មសាន គឺព្រៃខ្មោច (ដែលគេយកខ្មោចស្រស់ៗទៅផ្ដេកចោល គួរឲ្យខ្លាច)
ទាំង៦នេះបើអ្នកណាឈរ គឺមិនបោះបង់គ្នា ឬមិនរត់ចោលគ្នា អាចនៅកំដរគ្នា ឬហៅរកប្រមែប្រមូលគ្នីគ្នាឲ្យដឹងថាអ្នកណានៅ អ្នកណាបាត់ អ្នកនោះឯង លោកហៅថាផៅពង្ស គឺជាញាតិ ជាមិត្រស្និទ្ធ ជាទឡ្ហមិត្រ គួររាប់យកជាគ្នាតរៀងទៅ។
ពាក្យកាព្យ
បទព្រហ្មគីតិ
ក្នុងហេតុទាំងប្រាំមួយ គឺមួយទីលេងមហោស្រព្យ
ពីរពេលវិនាសទ្រព្យ បីបានភប់លើទុរ្ភិក្ស។
បួនមានសត្រូវព័ទ្ធ ប្រាំមាត់ទ្វារហ្លួងគួរភ្លឹក
ប្រាំមួយពេលយប់ព្រឹក ចូលនៅក្នុងព្រៃស្មសាន។
ជនណាស្មារតីរឹង ចិត្តនឹងធឹងចេះរាប់អាន
ជននោះឈ្មោះថា បាននាមប្រាកដជាផៅពង្ស។
ស៊ូប្ដូរផ្ដាច់ជាមួយ ក្នុងក្ដីព្រួយមិនបោះបង់
ជាមិត្រចិត្តស្មោះត្រង់ គួររាប់រកយកជាគ្នា។
ជនណាចេះរាប់អាន តែពេលមានក្ដីសុខជា
ពេលព្រួយបោះបង់គ្នាជន នោះជាអ្នកទ្រុស្តមិត្រ។
ប្រាជ្ញលោកឲ្យចៀសវាង ត្រូវឲ្យរាងលែងជិតស្និទ្ធ
កុំរាប់ឲ្យបានចិត្ត កុំស្បិតយកជាគ្នាឡើយ។
សង្គ្រោះអ្នកសូមទាន គ្រាន់នឹងបានបុណ្យជាត្រើយ
សង្គ្រោះជនចិត្តស្បើយ ឥតផលឡើយបានតែទោស៕
វត្តឧណ្ណាលោម ក្រុងភ្នំពេញ, ថ្ងៃចន្ទ្រ ទី២២ កក្កដា ២៥១២
១៩៦៨
សម្ដេចព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ
ប.អ.ស. – អ.ម.រ.
នវសំខ្យា និង បញ្ចសំខ្យា ខែកក្កដា 4, 2011
Posted by សុភ័ក្ត្រ in កំណាព្យ.5 comments
នវសំខ្យា និង បញ្ចសំខ្យា
អ អា ឥ ឦ ឧ ឩ ឯ ឱ ញ ន អក្សរ១០តួនេះទុកថាជា «០» ហៅថា ។
០ ០ ០ ០ ០ ០ ០ ០ ០ ០
សុញ្ញសំខ្យា ឬសូន្យសំខ្យា
ក ខ គ ឃ ង ច ឆ ជ ឈ អក្សរ៩តួនេះ ជានវសំខ្យា។
១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩
ដ ឋ ឌ ឍ ណ ត ថ ទ ធ អក្សរ៩តួនេះ ជានវសំខ្យា។
១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩
ប ផ ព ភ ម អក្សរ៥តួនេះ ជាបញ្ចសំខ្យា។
១ ២ ៣ ៤ ៥
យ រ ល វ ឝ ឞ ស ហ ឡ អក្សរ៩តួនេះ ជានវសំខ្យា។
១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩
ត្រូវរាប់ថយក្រោយជាដរាប ដូចជា មាឃវស្សានិ (៥ ៤)
អស់វស្សាទាំងឡាយ៤៥, ពុទ្ធសកេ ខយាមរេ (២១៥២) ក្នុងពុទ្ធសករាជ២៥១២, គ្រឹស្តសកេ កិដ្ឋសកេ ទិតាធយេ (៨ ៦ ៩ ១) ក្នុងគ្រិស្តសករាជ១៩៦៨។
ព្រះគន្ថរចនាចារ្យបានចងបាលីទុកជាឧទាហរណ៍ខាងក្រោមនេះឲ្យអ្នកបាលីចេះតៗគ្នាមកថា៖
អនញ្ញាកង្ខី ២១.០០០ គឺព្រះវិន័យមាន២១០០០ព្រះធម្មក្ខន្ធ
០០ ០ ១២
នូនានការី ២១.០០០ គឺព្រះសូត្រមាន២១០០០ព្រះធម្មក្ខន្ធ
០០ ០ ១២
នូនានរវេ ៤២.០០០ គឺព្រះអភិធម្មមាន៤២០០០ព្រះធម្មក្ខន្ធ
០០ ០២៤
នូនានវាហា ៨៤.០០០ (រួមជាបិដកទាំង៣មាន៨៤០០០ព្រះធម្មក្ខន្ធ
០០ ០ ៤ ៨
គឺ ព្រះធម៌វិន័យ មាន៨៤០០០ព្រះធម្មក្ខន្ធ)។
លោកតែងជាគាថាបឋ្យាវត្តថា៖
អនញ្ញានវរី ភូមិ ផែនដីមានកម្រាស់២៤០.០០០យោជន៍
០ ០ ០ ០ ៤ ២
អនញ្ញវាទិ វូទធិ ទឹកសមុទ្រ (ត្រង់ដែលជ្រៅណាស់) មានជម្រៅ
០ ០ ០ ៤ ៨
៨៤.០០០យោជន៍ (វូទធិ កាត់បទសន្ធិជា វ+ឧទធិ “សមុទ្រ”, គឺ វ អាគមដែលចុះថែមមកសម្រួលគាថាជា ជ-គណៈ);
អនញ្ញាទុតិយោ មេរុ ភ្នំមេរុ គឺភ្នំព្រះសុមេរុ៍ មានមកម្ពស់ ១៦៨០០០
០ ០ ០ ៨ ៦ ១
យោជន៍, តស្យាកម្បិត្ថ តេជសា ក៏កក្រើករំពើក ដោយតេជះនៃព្រះសម្មាសម្ពុទ្ធអង្គនោះ (ក្នុងកាលដែលមានមហស្ចារ្យម្ដងៗ)។
ពាក្យថាយោជន៍ក្នុងទីនេះសំដៅយកខ្នាត៧ហត្ថដោយគណនា ឬវាស់ពីក្រោមឡើងលើ ឬក៏ពីលើចុះក្រោមគឺ៧ហត្ថ ហៅថា មួយយោជន៍ ដូចបាលីដែលធ្លាប់តែមានក្នុងរឿងខ្លះថា យោជនសត្តុព្វេធោ មហានិគ្រោធុក្ខោ ដើមជ្រៃធំមានកម្ពស់៧យោជន៍ គឺមានកម្ពស់៤៩ហត្ថ (ហត្ថមជ្ឈិមបុរស គឺហត្ថខ្នាត)។
មិនពិបាកយល់ប៉ុន្មានទេ ខ្ញុំនិយាយត្រឹមតែប៉ុណ្ណេះ អស់លោកអ្នករៀនបាលី ឬសំស្ក្រឹតដែលពុំទាន់បានចេះសំខ្យាបែបនេះ ក៏ល្មមសិក្សាឲ្យចេះដឹងបានហើយ។
វត្តឧណ្ណាលោម ក្រុងភ្នំពេញ, ថ្ងៃអាទិត្យ ទី២១ កក្កដា ២៥១២
១៩៦៨
សម្ដេចព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ
ប.អ.ស. – អ.ម.រ.
ការសេពគប់ ខែមេសា 8, 2011
Posted by សុភ័ក្ត្រ in កំណាព្យ, ចម្រៀង.1 comment so far
ស្រង់ចេញពី ហ្វេសប៊ុក
បុរាណភាសិត ខែមីនា 5, 2011
Posted by សុភ័ក្ត្រ in កំណាព្យ.2 comments
បុរាណភាសិត
និយាយអំពីក្រ៥យ៉ាង
ក្រកិច្ច, ក្រកល, ក្រដឹង, ក្រយល់, ក្រវៃច្នៃទាស់
ក្រទាំង៥យ៉ាងនេះមានអត្ថន័យថា៖
១- ក្រកិច្ច គឺការអ្វីៗដែលគេត្រូវធ្វើហៅថាកិច្ចៗនេះក្រពុំមែនងាយទេ;
២- ក្រកល គឺឧបាយកម្ចាយហេតុការណ៍ណាមួយហៅថា កលៗនេះក៏ក្រ;
៣- ក្រដឹង គឺការដឹងរឿងហេតុអ្វីៗក៏ក្រ ព្រោះពុំងាយបានដឹងជាប្រាកដទេ ច្រើនតែដឹងលំៗស្រោលៗ;
៤- ក្រយល់ ការយល់នេះក៏ក្រ ព្រោះច្រើនតែបានដឹង ប៉ុន្តែពុំយល់ ដូចគេសួរថា អ្នកឯងបានដឹងរឿងហ្នឹងទេ? -ឆ្លើយថា ដឹង, ចុះយល់ទេ តើរឿងហ្នឹងយ៉ាងម៉េច? -ខ្ញុំពុំយល់ទេ;
៥- ក្រវៃច្នៃទាស់ ការទទឹងទាស់ ឲ្យគេទាស់គាំងភ្លាម ត្រូវតាមការពិត ឬត្រូវត្រង់តាមផ្លូវច្បាប់ ញ៉ាំងគេឲ្យសួរសាប ឬតវ៉ាថាម៉េចទៅទៀតពុំកើត ហៅថាវៃច្នៃទាស់ៗ នេះក៏ក្រណាស់ ជាងក្រទាំង៤ខាងលើទៅទៀត។
ដោយហេតុនេះ បានជាបុរាណភាសិតថា ក្រ។
ពាក្យកាព្យឲ្យងាយចាំ
បទកាកគតិ
ក្រកិច្ច ក្រកល ក្រដឹង ក្រយល់ ក្រវៃច្នៃទាស់ ទាំងប្រាំនេះសុទ្ធ តែក្រទាំងអស់ ប្រាជ្ញាស្រួចស្រស់ ទើបក្រឃ្លាតបាន។ ខ្វះការអប់រំ រមែងច្រឡំ ខ្លះៗពុំខាន បើលុះតែខំ អប់រំឲ្យមាន ការថ្នឹកទើបបាន រួចផុតចាកក្រ។ កុំយល់ថាងាយ ទោះការសម្ពាយ សុទ្ធតែកម្រ លុះតែបានរៀន បានស្ដាប់តៗ ទើបបានការក្រ ក្លាយជាងាយខ្លះ។ ទោះកិច្ចតូចទេ ខ្វះការរិះរេ ធ្វើនៅតែងខ្វះ ទោះធ្វើទៅកើត ក៏មិនស្អាតជ្រះ ព្រោះពាក្យថាខ្វះ ផ្ទុយនឹងគ្រប់គ្រាន់។
ចំណែកខាងកល ឧបាយក្រយល់ ក៏ច្រើនតែភ័ន្ត ជួនកាលគំនិត វង្វេងវង្វាន់ ជួនកាលស្លោស្លន់ យល់ខុសទទេ។ បើប្រើតាមកល ដែលគិតពុំយល់ ខ្វះការរិះរេ ចេះតែស្មានៗ បំពានធ្វេសទ្វេ ឬតាមតែគេ នាំខុសជាត្រូវ។
រីឯការដឹង បើគ្មានដំណឹង ក៏ឥតមានផ្លូវ- ណាប្រាប់ឲ្យដឹង មិងមាំងស្រខូវ ការខុសឬត្រូវ ក៏ឥតបានដឹង។ ការដឹងក៏ក្រ បើគ្មានតំណ តជាដំណឹង ឥតមានគំនិត ងងឹតសូន្យឈឹង ហេតុនោះការដឹង ក៏ឈ្មោះថាក្រ។
ចំណែកខាងយល់ ជាការអំពល់ មួយដ៏កម្រ បើគ្រាន់តែដឹង ដោយឮតៗ ប៉ុន្តែខ្លួនស ប្រាប់ថាពុំយល់ ដូចគេសួរថា តើអ្នករាល់គ្នា យល់ឬពុំយល់ រឿងដែលខ្លួនដឹង ដំណឹងសល់វ៉ល់ ខ្លួនថាពុំយល់ ខ្ញុំគ្រាន់តែដឹង។ ហេតុនេះការយល់ លុះតែអំពល់ ពិតពេញទំហឹង បើឥតគំនិត រិះរេជញ្ជឹង ក៏គ្រាន់តែដឹង កម្របានយល់។
រីវៃច្នៃទាស់ ក្រជាងទាំងអស់ ព្រោះច្រើនលើសកល់ នៅគាំងជ្រងោ ដោយគិតមិនដល់ ក៏នៅស្រងល់ ដោះស្រាយពុំរួច, នៅពេលជំនុំ ឬគេមកជុំ គេតាំងផ្ដើមផ្ដួច គេសួរបញ្ហា ណាមួយក្របួច ឯងឆ្លើយពុំរួច នៅធ្មឹងតែម្ដង។ បើមានប្រាជ្ញា រហ័សក្លៀវក្លា គំនិតហ្មត់ហ្មង ឆ្លើយបានភ្លាមភ្លែត ត្រដែតកន្លង អ្នកសួរឥតសង សួរសបវិញទៀត។ ហេតុនោះបានថា ចាស់លោកពោលជា ការណ៍នេះចង្អៀត កម្រមានអ្នក ឈ្លាសវៃឆ្លាតឆ្លៀត គេសួរថែមទៀត ពុំអាចឆ្លើយឆ្លង។ បើរឿងនោះធំ អាចនឹងរលំ ខូចការតែម្ដង ហេតុនោះបានជា ព្រឹទ្ធាចារ្យផង អ្នកចេះហ្មត់ហ្មង ពោលទុកថាក្រ។ ក្រវៃច្នៃទាស់ លើសក្រទាំងអស់ ហៅពេញថាក្រ លុះតែរៀនគិត ឲ្យបានល្អិតល្អ នោះទើបក្ដីក្រ នេះឃ្លាតចេញឆ្ងាយ៕៚
ថ្ងៃពុធ ទី២៤ កក្កដា ព.ស.២៥១២ គ.ស.១៩៦៨.
សម្ដេចព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ
ប.អ.ស. – អ.ម.រ.