jump to navigation

សូស្តី ពិភពលោក! ខែវិច្ឆិកា 1, 2007

Posted by សុភ័ក្ត្រ in អំពី​គេហទំព័រ.
20 comments

ប្រិយមិត្រ​ជា​ទី​មេត្រី!

សម្ដេច​ព្រះ​សង្ឃ​រាជ ជួន​ ណាត ទ្រង់​គឺ​ជា​មគ្គុទេសក៍​ភាសា និង​ជា​អ្នក​ដឹក​នាំ​យ៉ាង​អស្ចារ្យ​ ទាំង​ផ្លូវ​ធម្ម និង​ផ្លូវ​លោក ចំពោះ​ខេមរ​ជន មិន​ថា​ក្នុង​សម័យ​ទ្រង់​មាន​ព្រះជន្ម​នៅ​ឡើយ ឬ​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ។ នេះ​ហើយ​សម​ដូច​ជា​ពាក្យ​គេ​ថា ខ្លួន​ស្លាប់​ទៅ​ កេរ្តិ៍​ឈ្មោះ​រស់​នៅ រស់​មិន​ស្លាប់។

ស្នា​ព្រះហត្ថ​រាប់​មិន​អស់ ដែល​ទ្រង់​បាន​បន្សល់​ទុក​សម្រាប់​ខ្មែរ នៅ​រស់​រវើក។ ទាំង​ខ្ញុំ​ ទាំង​ខ្មែរ​ដ៏​ទៃ​ទៀត គ្រប់ៗ​គ្នា​បាន​ចង​ចាំ និង​គោរព​ព្រះ​អង្គ​យ៉ាង​ក្រៃលែង រក​អ្វី​មក​ផ្ទឹម​ពុំ​បាន។

ខ្ញុំ​ធ្លាប់​បាន​ធ្វើ​វេបសៃត៍​មួយ​អំពី​ព្រះ​អង្គ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន តែ​អកុសល កុំព្យូទ័រ​ខ្ញុំ​ក៏​បាន​ខូច​ទៅ​ទើប​មិន​បាន​ហស្ត៍។

នៅ​ទី​នេះ​ខ្ញុំ​នឹង​ខិត​ខំ​ស្វះ​ស្វែង​រក​អត្ថបទ​ និង​ស្នាដៃ​នានា​ទាក់ទង​នឹង​ព្រះអង្គ ដើម្បី​ទុក​ជា​ឯកសារ​ទៅ​ថ្ងៃ​មុខ។ ជា​ពិសេស​ខ្ញុំ​នឹង​ចម្លង​បទ​សម្ភាស​នាទី​អក្សរសាស្ត្រ​ខ្មែរ របស់​ព្រះអង្គ ដែល​ទ្រង់​បាន​ធ្វើ​នៅ​ក្នុង​វិទ្យុ​ជាតិ កាល​ពី​ទសវត្សរ៍​៦០។

ប្រសិន​បើ​លោក​អ្នក​មាន​អត្ថបទ​ណា​ទាក់ទង​នឹង​ព្រះ​អង្គ រួច​ចង់​ដាក់​នៅ​ទៅ​នេះ ដើម្បី​ចែក​រំលែក​ដល់​មិត្រៗ ដ៏ទៃ​ទៀត​នោះ សូម​ផ្ញើ​មក​ខ្ញុំ​បាទ។ ខ្ញុំ​បាទ​រីករាយ នឹង​ដាក់​ផ្សាយ ដើម្បី​ជា​គតិ និង​ការសិក្សា​រៀន​សូត្រ​ពី​ព្រះអង្គ។

ទំព័រ​នេះ ខ្ញុំ​ធ្វើ​ឡើង​ឧទ្ទិស​ទាំង​ស្រុង​ចំពោះ​សម្ដេច​ព្រះសង្ឃរាជ។ សូម​ឲ្យ​ទ្រង់​ស្ថិត​នៅ​ក្នុង​ដួង​ចិត្ត​កូន​ខ្មែរ​គ្រប់​រូប និង​ជួយ​ថែរក្សា ឲ្យ​ពរ​ជ័យ​ដល់​កម្ពុជរដ្ឋ បាន​អភិវឌ្ឍន៍ សន្តិភាព និង​រីក​ចម្រើន សម​ជា​ឯករាជ​ប្រទេស៕

សុភ័ក្ត្រ
០៤ វិច្ឆិកា ពស២៥៥១ គស២០០៧

Advertisements