jump to navigation

អបាយមុខ ខែធ្នូ 16, 2010

Posted by សុភ័ក្ត្រ in កំណាព្យ.
add a comment

អបាយមុខ

ពាក្យ​ថា អបាយមុខ នេះ​ជា​ភាសា​សំស្ក្រឹត និង​បាលី, បើ​រើ​សើ​ឲ្យ​ឃើញ​រូប​សព្ទ​មាន​៣​ផ្នែក គឺ​​ អប (អៈប៉ៈ) “ប្រាស, ទាស, ចេញ, ឃ្លាត​ចេញ”, អាយ (អាយ៉ៈ) “សេចក្ដី​ចម្រើន”, មុខ (មុខៈ) “ប្រមុខ, ប្រធាន, ប្រភព” រួម​គ្នា​ភ្ជាប់​ជា អបាយមុខ ប្រែ​ថា “ហេតុ​ជា​ប្រមុខ​នៃ​ការ​ប្រាស​ចាក ​សេចក្ដី​ចម្រើន គឺ​ហេតុ​ជា​ប្រធាន​នៃ​សេចក្ដី​វិនាស”។ ព្រះ​ពុទ្ធ​សាសនា​បាន​ប្រាប់​ថា អបាយ​​មុខ​, ដោយ​សង្ខេប,​អបាយ​មុខ​មាន​៤​យ៉ាង​គឺ៖

១. ឥត្ថីធុត្ត ការ​លេង​ស្រី;
២. សុរាធុត្ត ការ​លេង​ស្រា;
៣. អក្ខធុត្ត ការ​លេង​ល្បែង​ភ្នាល់ ឬ​ល្បែង​ស៊ី​សង;
៤. បាប​មិត្ត មាន​ជន​ប្រព្រឹត្ត​អាក្រក់​ជា​មិត្រ។

ទាំង​៤​យ៉ាង​នេះ ជា​ប្រមុខ​នៃ​ការ​ហិនហោច ឬ​សេចក្ដិ​វិនាស។ បណ្ដា​អបាយ​មុខ​ទាំង​៤ យ៉ាង​​នេះ, បុគ្គល​ណា​ញៀន​ជាប់​ទោះ​ត្រង់​អបាយ​មុខ​ណា​ក៏​ដោយ, បុគ្គល​នោះ​រមែង​តែង​ដល់​នូវ​ការ​​ហិន​ហោច ឬ​វិនាស​ទ្រព្យ​ធន បើ​មិន​ច្រើន​ក៏​តិច ពុំ​ដែល​ខាន​ឡើយ។

ពាក្យ​កាព្យ​បញ្ជាក់​ឲ្យ​ងាយ​ចាំ

ពាក្យ​៧

អបាយ​មុខ​ជង្រុក​ហិន                       សង្កិន​ឲ្យ​ក្ដៅ​ដួង​ហឫទ័យ
ច្រើន​នាំ​អ្នក​លេង​ឲ្យ​សន្ធៃ                យប់​ថ្ងៃ​ដេក​ព្រួយ​នឹក​ស្ដាយ​ក្រោយ។
កំពុង​ប្រព្រឹត្ត​ងងឹត​ឈឹង                    លុះ​ដល់​រំពឹង​ឃើញ​ញឹក​ញយ
ទើប​បាន​យល់​ច្បាស់​ថា​ខ្លួន​ធ្លោយ ជួន​ក៏​បណ្ដោយ​ដេញ​ជើង​ទៀត។
ដេញ​ជើង​ត្រា​តែ​ឃើញ​លិច​លង់     រឹត​តែ​ល្ងង់​ទ្រូង​ចង្អៀត
អ្នក​ខ្លះ​ម្ល៉ឹង​ហើយ​នៅ​តែ​ឆ្លៀត           អង្រៀត​នឹង​ស្លាប់​ទើប​ថយ​ក្រោយ។
ទំរាំ​ភ្ញាក់​ខ្លួន​ជួន​អស់​ទ្រព្យ                 ជួន​កាល​ធ្លាក់​ជាប់​ដល់​រូប​ខ្សោយ
កើត​រោគ​ឈឺ​ចាប់​ស្លាប់​បណ្ដោយ    គួរ​ឲ្យ​ព្រឺ​ខ្លាច​អបាយ​មុខ។
ហេតុ​នោះ​យុវជន​យុវតី                     នាង​អ្នក​ប្រុស​ស្រី​គួរ​ខ្លាច​ទុក
ឲ្យ​ហើយ​ពី​ក្មេង​ទាន់​មាន​សុខ​          ត្រូវ​ខំ​សម្រុក​ប្រឹង​រៀន​សូត្រ។
នាង​អ្នក​ចូរ​រៀន​កុំ​ធុញ​ទ្រាន់             ទាន់​វ័យ​នៅ​ក្មេង​ត្រូវ​ខំ​ស្រូត
ស្រូត​រៀន​ឲ្យ​ទាល់​តែ​រហូត                បាន​ដល់​កោះ​ត្រើយ​សឹម​សម្រាក។
វិទ្យា​ជា​ទ្រព្យ​ដ៏​ចម្បង                         កន្លង​លើស​លែង​ឥត​ទ្រព្យ​សាក
ជា​ទ្រព្យ​ស្រាល​ផង​មិន​លំបាក        វេច​ជា​បង្វេច​ស្ពាយ​ពុន​រែក។
ទៅ​មក​យក​ជាប់​ទៅ​ជាមួយ              វិទ្យា​អាច​ជួយ​ឃើញ​ទាន់​ភ្នែក
ចង់​បាន​អ្វី​ៗ​វិទ្យា​ស្រែក                      ហៅ​ទ្រព្យ​ប្លែក​ៗ​ឲ្យ​មូល​មក​៕៚

វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ, ថ្ងៃ​ចន្ទ្រ ទី​២២ កក្កដា ​២៥១២
១៩៦៨

សម្ដេច​ព្រះសង្ឃរាជ ជ.ណ. ជោតញ្ញាណោ
ប.អ.ស. – អ.ម.រ.

X
X                           X

ស្រង់​ពី​​សៀវភៅ​ស្នា​ព្រះហស្ត​ក្រោយ​បង្អស់​នៃ​សម្ដេច​ព្រះមហាសុមេធាធិបតី ជួន ណាត