ខេត្តប៉ៃលិន ៖ កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន មានប្រារពពិធីសម្ពោធឆ្លងរូបសំណាកសម្តេចព្រះសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្តេចព្រះសង្ឃរាជថ្នាក់លេខ១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ព្រះមេគណទាំង២គណៈ ព្រះសង្ឃមកពីវត្តអារាមនានានៅក្នុងខេត្ត លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងពុទ្ធបរិស័ទយ៉ាង ច្រើនកុះករ។
ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត បានមានប្រសាសន៍ថា ៖ ការសាងសង់រូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត នៅក្នុងសាលាវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិននេះ គឺដើម្បីជានិមិត្តរូប ទុកឲ្យយុវជនជំនាន់ក្រោយ បានស្គាល់បុព្វបុរស ដែលមានគុណបំណាច់ ចំពោះប្រទេសជាតិ និងជាការលើកកំពស់ វិស័យព្រះពុទ្ធសាសនា ។
ឯកឧត្តមបានបន្តថា៖ សម្តេចព្រះសុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) ព្រះអង្គ គឺជាអ្នកប្រាជ្ញ ខាងអក្សរសាស្ត្រខ្មែរ បានបង្កើតវចនានុក្រម អក្សរសាស្ត្រ ទុកសម្រាប់កូនចៅជំនាន់ក្រោយបាន រៀនសូត្រ ហើយព្រះអង្គ បាននិពន្ធបទភ្លេងជាតិផងដែរ ។
ការរួមគ្នាពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ សប្បុរសជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ក្នុងការសាសង់រូបសំណាក សម្តេចព្រះសង្ឃរាជ ជួន ណាត គឺជាការផ្ញើសារ ប្រាប់ដល់យុវជនជំនាន់ក្រោយ ឱ្យគោរពវិរៈបុរសខ្មែរ គឺសម្តេចព្រះសង្ឃរាជ ជួន ណាត ដែលជាអ្នកប្រាជ្ញអក្សរសាស្ត្រ ហើយព្រះអង្គបានបន្សល់ទុក នៅកេរ្តិ៍មរតកមានតម្លៃជាច្រើន សម្រាប់មនុស្សជំនាន់ក្រោយ រៀនសូត្រតាម និងគោរពប្រតិបត្តិ ។
តាមរបាយការរបស់គណៈកម្មការកសាងបានឱ្យដឹងថា ៖ រូបសំណាកសម្តេចព្រះសង្ឃរាជ ជួន ណាត ដែលសម្ពោធនាពេលនេះ គឺកសាងអំពីស្ពាន់ កម្ពស់១ម៉ែត្រ គ្រឹះបល្ល័ង្គ មានអង្កត់ផ្ចិត ៦.៥០ម៉ែត្រ កម្ពស់ ១.៧០ម៉ែត្រ និងសួនច្បារ មានដាំស្មៅ និងផ្កាម្ជុល ប្រើប្រាស់ថវិកាសរុបចំនួន ១១០០០ដុល្លារសហរដ្ឋអាមេរិក ៕ ដោយ មករា
មតិ»
No comments yet — be the first.